កាលមួយនោះ
មានបុរសម្នាក់ឈ្មោះកំបិ វាក្រហើយបញ្ញាខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង
គ្មានអ្នកណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។
ល្ងាចមួយមានស្រីក្មេងម្នាក់
បានចូលមកដល់មាត់ទ្វារផ្ទះវា ហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានរឺទេ។
តាំងពីដើមមក កំបិ មិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះ វារីករាយនឹងអោយនាងចូលក្នុងផ្ទះវាណាស់។
យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា “លោកហាក់ដូចជារស់នៅម្នាក់ឯង
ខ្ញុំក៏មានតែម្នាក់ឯងដែរ តើលោកចង់បានខ្ញុំជាភរិយារឺទេ?”។
អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ធ្វើអោយវាពិបាកចិត្ដណាស់ដែរ
ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ ទាល់តែមិនអោយនាងបាត់មុខពីវា
សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗ
ស្បែកជើងនោះមានបន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិនដឹងខ្លួនផង
ព្រោះបុរសជាប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។
នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរ ជួនកាលអាវនេះមានប្រវែងរហូតដល់ដប់រឺម្ភៃចំអាម
ព្រោះបុរសនេះសំលឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបានប្រុងប្រយ័ត្នមើលការងាររបស់វាទេ។
គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។
រួចមកវាក៏ទៅធ្វើការឯចំការ
មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ “ប្រពន្ធសំលាញ់អើយ!
អូននៅទីនេះរឺ? ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ
ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា “គាត់នឹង មិនចង់ធ្វើការទេ!”
ដូចនេះនាងទៅទីក្រុងអោយសិល្បករម្នាក់គូររូបនាង។ នាងយករូបមកផ្ទះវិញ
ហើយប្រាប់ កំបិថា “បង! នេះនែរូបខ្ញុំ។
សូមយករូបនេះទៅព្យួរនឹងដើមមននៅជិតបងទៅ បងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការ
បងមិនបាត់មុខខ្ញុំយូរទេ” កំបិធ្វើតាមនាងប្រាប់ មួយស្របក់ម្ដងៗ
វាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធវាប៉ុន្ដែមិនយូរប៉ុន្មានវាក៏រត់មកផ្ទះជាញយៗទៀត។
ថ្ងៃមួយមានខ្យល់បក់មួយវឹបកួចយករូបនោះ ហើយបំប៉ើងទៅលើមេឃ កំបីតាមចាប់រូបនោះដែរ ប៉ុន្ដែមិនយូរប៉ុន្មាន រូបក៏រសាត់បាត់ពីភ្នែកវាទៅ។ កំបិយំស្បែបៗ រត់ទៅផ្ទះប្រាប់ប្រពន្ធ នាងបានលួងលោមថា “បងសំលាញ់!
កុំព្រួយ ខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកអោយបង”។
ក្នុងរយៈពេលនោះ រូបគំនូរទីមួយប៉ើងតាមខ្យល់
ហើយទីបំផុតក៏ធ្លាក់ប៉េលប៉ោលចុះដល់សួនក្នុងវិមានមួយ។ លុះឃើញរូបគំនូរ
ម្ចាស់វិមានចាប់ចិត្ដស្នេហាលើរូបស្រីក្នុងគំនូរនោះលោកគិតយ៉ាងនេះ “បើរូបគំនូរដូចនេះ មុខជាមានមនុស្សពិតមិនខាន”។ រួចលោកក៏បញ្ជាបំរើអាយដើររកស្រីនោះដល់ឃើញអោយចាប់យកនាងមកជូនលោកកុំបង្អង់។
បំរើដើរពីភូមិមួយទៅភូមិមួយ
ដោយកាន់រូបគំនូរទៅផង គេសួររកតើមានអ្នកស្គាល់ស្រីនោះរឺទេ។ ទីបំផុត គេទៅដល់ភូមិដែល កំបិរស់នៅ បំរើសួរអ្នកភូមិដោយបង្ហាញរូបគំនូរផង “តើអ្នកស្គាល់រូបនេះរីទេ”
ដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះឆ្លើយភ្លាម “អូ! នេះជាប្រពន្ធ កំបិ ទេតើ!” ប្រាកដមែន
លុះបំរើទៅដល់ខ្ទម កំបិ ក៏ឃើញស្រីម្នាក់រូបស្អាត។ មុខដូចរូបក្នុងគំនូរបេះបិទ “យើងមកចាប់នាងយកទៅជូនចៅវហ្វាយយើងហើយ” ពួកគេនិយាយហើយប៉ុនប៉ងនាំនាងចេញទៅ។ កំបិអង្វរ “សូមមេត្ដាកុំចាប់យកនាងទៅ” តែឥតអំពើឡើយ
វាស្រែកទ្រហោយយំយ៉ាងខ្លាំងទាល់តែទឹកភ្នែកក្លាយជាថ្លុកមួយបន្ដាយមួយជំហាន។
ប្រពន្ធនិយាយ
“បងកំបិ កុំស្រែកយ៉ាងនេះ យើងមិនអាចអ្វីគេកើតទេក្នុងពេលនេះ
តែសូមស្ដាប់ខ្ញុំអោយមែនទែន។ យកដើមស្រល់សំរាប់តុបតែងក្លោងទ្វារទៅជាមួយផង
ពេលនោះយើងនឹងបានជួបគ្នា ហើយកិច្ចការយើងនឹងបានសំរេច” នាងមិនទាន់ទាំងបាននិយាយអ្វីច្រើនទៀតផង
គេក៏ចាប់យកនាងចេញតំរង់ទៅវិមាន។ រាល់ៗថ្ងៃ
កំបិនឹកមមៃថាតើដល់ពេលត្រូវទៅរកប្រពន្ធវាហើយរឺនៅ?។
ទីបំផុតមានគេនិយាយប្រាប់វាថា ឥលូវដល់ពេលបុណ្យចូលឆ្នាំថ្មីហើយ។
វាចេញដំនើរតំរង់ទៅវិមានដោយបាននាំយកមែកស្រល់មួយបាច់ធំទៅផង។ បន្តិចទៀតវានឹងបានជួបមុខប្រពន្ធសំលាញ់ចិត្ដវិញហើយ!
លុះទៅដល់មាត់ទ្វារវិមាន កំបិ ស្រែកពពាយនាយថា “ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!” ប្រពន្ធបានលឺសំលេងប្ដី ក៏ញញឹមពីក្នុងវិមានមក។
នេះជាលើកដំបូងហើយដែលនាងបានសើចតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមាន។ ម្ចាស់វិមានសប្បាយណាស់
ដោយបានឃើញនាងរីករាយយ៉ាងនេះ។ លោកបញ្ជាបំរើទៅហៅអ្នកលក់ដើមស្រល់ចូលមក។
លុះឃើញកំបិមកដល់នាងប្រពន្ធរិតតែរីករាយជាងមុនទៅទៀតនាងសំលឹងមើលវាយ៉ាងពព្រាយ
ទាល់តែម្ចាស់វិមានគិតក្នុងចិត្ដថា “បើអ្នកលក់ដើមស្រល់ធ្វើអោយនាងរីករាយយ៉ាងនេះ
អញគួរតែធ្វើជាអ្នកលក់ដើមស្រល់វិញម្ដង”។
ម្ចាស់វិមានក៏បញ្ជាកំបិអោយប្ដូរសំលៀកបំពាក់ជាមួយខ្លួន
លុះស្លៀកពាក់ខោអាវកញ្ចស់ដូចជាអ្នកលក់ដើមស្រល់ហើយ ម្ចាស់វិមានដើរចុះ
ដើរឡើងក្នុងសួនដោយស្រែកពពាយនាយថា “ដើមស្រល់! ដើមស្រល់!
ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!”។
ធ្វើយ៉ាងនេះនាំអាយប្រពន្ធកំបិ កាន់តែសប្បាយចិត្ដឡើង។ នាងទះដៃដ៏ស្រួចរបស់នាង
ហើយសើចក្អាកក្អាយអស់ពីដួងចិត្ដ។ ម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើច
ហើយក៏តាំងរាំរែកជុំវិញសូនដោយពុនដើមស្រល់ពីក្រោយខ្នងផង។ “ដើមស្រល់!
ដើមស្រល់ល្អៗ!” គេពពាយនាយហើយ ពពាយនាយទៀត។ គេរាំរែកវិលជុំវិញសួន
ហើយចេញផុតពីមាត់ទ្វារវិមាន ដោយមិនទាំងដឹងខ្លួនផង។
លុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាម
ប្រពន្ធកំបិប្រាប់បំរើអោយបិទទ្វារវិមានមួយរំពេច។
មួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេ។
គេក៏ដើរទៅកាន់ទ្វារវិមាន តែងឿងឆ្លល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើកអោយអញចូល!
អោយអញចូល! គេស្រែកហៅ តែគ្មាននរណាឆ្លើយតបវិញសោះ។ នៅក្នុងវិមាន កំបិ
និងប្រពន្ធដ៏ឈ្លាសវៃរបស់គេ មានរបស់ទ្រព្យគ្រប់បែបយ៉ាងដូចចិត្ដប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្ដ
និងរីករាយពីពេលនោះមក៕