មានភិក្ខុមួយអង្គគង់នៅវត្ត មានកូនសិស្សតែម្នាក់ឈ្មោះអាផ្លូញ។
អាផ្លូញខិលណាស់ គ្រូល្ងង់ណាស់ ឆោតច្រើន
គ្មានឧបាសកណារាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេនឬនិមន្ដឆាន់ផ្ទះដល់ម្ដងឡើយ
លោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយ។
ថ្ងៃមួយលោក នោះពិចារណាថា "សព្វថ្ងៃនេះគ្មានឧបាសក
ឧបាសិកាគេប្រគេនវត្ថុអ្វីឆាន់សោះ
ហើយដូច្នេះគួរអញទិញវត្ថុផ្សេងៗយកមកទុកឆាន់កុំឲ្យលំបាក"។ គិតដូច្នោះហើយក៏ប្រាប់កូនសិស្សថា
"អាផ្លូញឯងចាប់ដំរីមក
ហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងៗយកមកទុកឆាន់"។
កូនសិស្សទៅចាប់ដំរីបានមក គ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារ។
លុះទៅដល់គ្រូប្រាប់សិស្សថា "ឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូច"។
អាផ្លូញជាសិស្សក៏ទិញអំបិលមួយច្រកការុងស្រេច។ គ្រូឃើញសួរថា
"ហេតុដូចម្ដេចក៏ឯងទិញតែអំបិស មិនទិញត្រីឆ្អើរ ត្រីងៀតផង?"។ កូនសិស្សទូថា "អមបិលទុកបានយូរ មិនចេះខូច
បានជាខ្ញុំព្រះករុណាទិញ"។ គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម ។
គ្រូឡើងបរដំរីមកវិញ សិស្សរែកអំបិលដើរពីក្រោយ
ដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្ស ឮសូរដងរែកដូចជាស្រួលក៏សួរថា
"អាផ្លូញ! អញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណា?"។ សិស្សទូលថា "ព្រះករុណា! ស្រួលណាស់ហើយស្រាសផង"។
លោកគ្រូប្រាប់សិស្សថា "ឯងជិះដំរីវិញអញរែកអំបិលដើរក្រោយ"។
លោកគ្រូថាហើយ ចុះពីលើដំរីមក សិស្សក៏ឡើងជិះដំរីទៅ។ លោកគ្រូប្រាប់ថា
"ឯងបរដំរីទៅចាំអញម្លប់ឈើមុខ"។
សិស្សបរដំរីទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូ បររហូតដល់វត្ត។
លោកគ្រូរែកអំបិលដើរតាមក្រោយ ដោយអំបិលនោះធ្ងន់ណាស់
លោកគ្រូរែកឈប់ៗ បែរមើលទៅសិស្សមិនឃើញក៏គិតថា
"ចាំក្រោយសឹមនាំសឹមនាំសិស្សមកយក"
ហើយយកអំបិលទៅលាក់ក្នុងព្រៃ មុននឹងលាក់លោកគិតថា
"ទីនេះបើសិនជាមានគេមករកជម្រកឃើញ គេនឹងយកអំបិលនេះអស់មិនខាន
គួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួង
គឺមានតែក្នុងទឹកទើបគេមើលមិនឃើញ"
ហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅ។
លុះដល់សួរសិស្សថា "ហេតុដូចម្ដេចក៏ឯងមិនចាំអញ?"។ សិស្សទូលថា "ខ្ញុំព្រះករុណាបរដំរីមកប្រុងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះ
អង្វរដូចម្ដេចក៏វាមិនព្រម វាប្រឹងដើរដល់វត្តទើបឈប់"។
សិស្សសួរគ្រូថា "លោកគ្រូទូកអំបិលឯណា?"។
គ្រូប្រាប់ថាអញលាក់ទុកនៅទីឯណោះ អញកាច់ដើមឈូកដោតជាសម្គាល់"។
ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញ លុះដល់ប្រាប់សិស្សថា
"អញលាក់ទុកក្នុងត្រពាំងនេះ"។ សិស្សលាន់មាត់ថា "ម៉ែអើយ!
វារលាយអស់ហើយ!"។ អាផ្លូញក៏ចុះទៅ
យកអំបិលលើកការុងទាំងពីរឡើងរលាយអស់គ្មានសល់
ចំណងដែលចងមាត់ការុងដាច់អស់ ឃើញឯត្រីកញ្ចុះមួយនៅក្នុងការុងនោះ។
សិស្សទូលលោកគ្រូថា "មានត្រីកញ្ចុះមួយនៅក្នុងការុង
វាស៊ីអំបិលអស់ទៅហើយ"។ យកត្រីនិងការុងប្រគេនគ្រូមើល។
លោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំផ្លៀងមុតដៃនឹងធ្មង់ត្រីជាប់។
ពិសត្រីចាប់ពើតឈឺខ្លាំងពេក លោកគ្រូថា
"ឯងចាប់ត្រីដកធ្មង់វាឆាប់ត្បិតអញឈឺណាស់"។
សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួច។ លុះដករួចឈាមហូរជាខ្លាំង
ពិសត្រីរឹតតែឈឺខ្លាំងឡើង លោកគញរូនាំកូនសិស្សទៅវត្តវិញយកទាំងការុង
និងត្រីកញ្ចុះទៅផង ដល់ទៅវត្តប្រាប់សិស្សថា "អាផ្លូញ
ឯងដាំបាយមួយឆ្នាំង អាំងត្រីកញ្ចុះនោះឲ្យឆ្អិនជាឆាប់អញនឹងឆាន់"។
លុះពិសអន់ចាប់ពើតលោកគ្រូក៏សម្ងំសឹងលក់ទៅ។
ឯអាផ្លូញ ក៏ដាំបាយអាំងត្រីឆ្អិន
ហើយបរិភោគអស់ទុកតែបាយមួយពំនូទនិងឆ្អឹងត្រីក្នុងចានគ្រប តែវាគ្របមិនឲ្យជិត
។ លោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថា "ឯងយកបាយនិងត្រីមកឆាន់"
អាផ្លូញក៏ធ្វើជាកិរិយាដូចជាទៅយកបាយប្រគេនលោកគ្រូរួចមកវិញ ទូលថា
"បាយនិងត្រីរុយស៊ីអស់ហើយ នៅសល់តែមួយពំនូត និងឆ្អឹងត្រី"
លោកគ្រូជឿឥតសង្ស័យដោយឆោតល្ងង់ក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថា
"ឯងយករំពាត់វាយរុយកុំឲ្យវានៅលើកុដិ"
អាផ្លូញជាសិស្សក៏វាយរុយមិនឈប់"។ គ្រានោះមានរុយទុំច្រមុះគ្រូ
វាយទៅៗមិនត្រូវរុយ ត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយ។
សិស្សភ័យណាស់រត់ទៅដល់ផ្ទះ និយាយប្រាប់ឳពុកម្ដាយតាមរឿង។
ឳពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញ កូនប្រកែកមិនព្រមមក។
លោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយ។
ថ្ងៃមួយ លោកគ្រូ
តាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមក។
អាផ្លូញជាសិស្សបានដឹងថាគ្រូតាំងពិធីសូត្រមន្តដូច្នោះ ក៏មកវត្តវិញ
ដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែ។
លុះដល់វត្តវិញដើរលបៗចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្ត
ក៏សួរលោគ្រូថា "លោកគ្រូធ្វើអ្វី?"។
គ្រូកុហកថា "អញសូត្រមន្តអាគមបំបាំងខ្លួន ព្រោះអញទើបរៀនពីគេ"។
ហើយលោកគ្រូគិតថា "ស្នេហ៍អញពូកែមែនបានជាសិស្សអញវាមក"។
លុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេច ទូលថា
"ចង្ហាន់ឆ្អិនហើយ"។ លោកគ្រូថា
"បើដូច្នេះឯងលើកយកឲ្យអញឆាន់"។ អាផ្លូញក៏លើកមកប្រគេន
ធ្វើជាមើលមិនឃើញ ដាក់ថាសទៅលើក្បាលលោកគ្រូៗស្រែកថា "អាផ្លូញ!
ហេតុម្ដេចក៏យកថាសមកដាក់លើក្បាលអញ?"។ សិស្សទូថា "ខ្ញុំព្រះករុណាមើលមិនឃើញ"។
លោកគ្រូងាកចេញ អាផ្លូញក៏ដាក់លើក្បាលគ្រូទៀត។ លោកគ្រូថា
"អាឯងដាក់ថាសលើក្បាលអញទៀតហើយ"។ សិស្សថា "ខ្ញុំព្រះករុណាសូមទោសព្រោះមើលមិនឃើញ"។
លោកគ្រូជឿថាខ្លួនរៀនស្នេហ៍ៗពូកែប្រាកដ ឥឡូវកុហកវាថា
តាំងពិធីមន្តអាគមបំបាំងខ្លួនវិញ ក៏ទៅជាពូកែគេមើលមិនឃើញប្រាកដមែន
គួរទន្ទេញឲ្យចាំកុំឲ្យភ្លេច។
អាផ្លូញលុះប្រគេនចង្ហាន់គ្រូៗ ឆាន់រួចហើយ
វាលើកមកបរិភោគខ្លួនវា។
ថ្ងៃក្រោយ មានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះ។
អាផ្លូញទូលថា "បើលោកគ្រូនិមន្តទៅឆាន់ផ្ទះគេ
កុំស្លៀកស្បង់ឲ្យចាស់ខូចឥតអំពើឃ្លុំតែចីពរបានហើយ គេមើលមិនឃើញទេ
ត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់ អ្នកណានឹងមើលឃើញ
គ្រូក៏ជឿតាមពាក្យសិស្ស។
លុះព្រឹកឡើង លោកគ្រូប្រាប់សិស្សថា
"ឯងតាមអញទៅឆាន់ឯផ្ទះឧបាសក"
រួចលោកឃ្លុំតែចីពរមិនស្លៀកស្បង់ដោយគិតថា "ឃ្លុំតែចីពរបានហើយ
ព្រោះមន្តអាគមអញពូកែណាស់ នរណានឹងមើលកេរ្តិ៍ខ្មាស់ឃើញ"
រួចនាំកូនសិស្សទៅ។
លុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយ គេលើកចង្ហាន់មក
ដើម្បីប្រគេនលោកឆាន់ ដោយលោកមិនបានស្លៀកស្បង់
អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លេចកេរ្តិ៍កណ្ដាលវាល។
ឧបាសកឃើញដូច្នោះគេក៏នាំគ្នាសើចហ៊ោលាន់។
លោកគ្រូពុំទាន់ឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់
ក៏ចុះពីលើផ្ទះត្រឡប់ទៅវត្តវិញ ជេរបន្ទោសសិស្សថា
"អាឯងមិនឲ្យអញស្លៀកស្បង់ ឥឡូវខ្មាស់គេណាស់" អាផ្លូញទូលថា
"លោកគ្រូកុំខ្ញាល់និងខ្ញុំព្រះករុណា រឿងនេះប្រហែលជាខុសត្រណមទេឬ?"។ លោកគ្រូសួរថា "ឯងឃើញអញខុសត្រណមដូចម្ដេច?"។ អាផ្លូញសួរថា "លោកគ្រូនិមន្តទៅឆាន់ទៅតាមផ្លូវណា?"។ លោកគ្រូប្រាប់ថា "អញកាលទៅចេញផ្លូវកើត"។ សិស្សថា
"ឪ! ច្បាស់ជាលោកគ្រូខុសត្រណមហើយ"។
ថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថា
"បើរៀនមន្តអាគមទាំងពួងត្រូវឲ្យតមស៊ីផ្លែស្ពឺ
សូម្បីតែមុជក្រោមដើមស្ពឺក៏មិនបាន វាសាបមន្តអាគម
ឥឡូវលោកគ្រូមុជក្រោមដើមស្ពឺបានជាខុសត្រណម សាបអាគមអស់
ហេតុនេះបានជាគេឃើញកេរ្តិ៍ខ្មាស់លោកគ្រូ"។
លោកគ្រូបានស្ដាប់ដូច្នោះហើយ ក៏ថា "ឪ! អាផ្លូញអញភ្លេចតមបានជាយ៉ាងហ្នឹង
ឯងថានោះពិតប្រាកដហើយ"។ លោកគ្រូនោះដោយឆោតល្ងង់ក៏ជឿជាក់ឥតសង្ស័យ។
តាំងពីនោះមកអាផ្លូញជាសិស្សនៅបម្រើគ្រូដោយសុខសប្បាយ៕
No comments:
Post a Comment