បន្ថែមពីលើការយល់ដឹងពី
«ប្រាសាទអង្គរវត្ត » ត្រឹមតែជា
«អច្ឆរិយវត្ថុ»នោះ
សូមបង្ហាញជូនប្រិយមិត្តអ្នកអាន តាមរយៈការអត្ថាធិប្បាយលំអិត
ក្បោះក្បាយពីស្ថាបត្យកម្មប្រាសាទបុរាណនេះ ដោយយោងតាមឯកសារ «ការយល់ដឹងពីប្រទេសកម្ពុជា» នាឆ្នាំ១៩៨៨ ។
ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង
។ ទង់ជាតិនៅក្នុងរបបមុនៗ
ក៏ដូចទង់ជាតិនៃរបបយើងបច្ចុប្បន្នសុទ្ធតែមានរូបប្រាសាទអង្គរវត្តទាំងអស់
។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ
ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។
ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា
អង្គរទើបគេស្គាល់ ។ ដូច្នេះការឈ្វេងយល់ដឹងពីប្រាសាទអង្គរវត្ត
គឺជាការចាំបាច់ណាស់សម្រាប់យើងជាម្ចាស់ទឹកដីអង្គរនេះ ។ តាំងពីរបប
មុនៗមករហូតដល់បច្ចុប្បន្ននេះ សៀវភៅឯកសារ
អត្ថបទជាភាសាបរទេសជាច្រើនបានសរសេរអំពីប្រាសាទអង្គរវត្តនេះ
តែផ្ទុយទៅវិញយើងកម្រឃើញនូវឯកសារឬសៀវភៅសរសេរពីប្រាសាទនេះជាភាសាជាតិយើងណាស់
។
ក្នុងន័យនេះហើយដែលយើងនឹងលើកឡើងនៅខាងក្រោមអំពីលក្ខណៈខ្លះនៃស្ថាបត្យកម្មដ៏អស្ចារ្យនេះ
។
«អង្គរ» គឺជាពាក្យដែលគេសំដៅហៅឈ្មោះ
អតីតរាជធានីខ្មែរយើង ដែលចាប់កសាងឡើងដំបូងដោយព្រះបាទយសោវរ្ម័ន
(គ្រឹស្តសករាជ ៨៨៩-៩០០) ។ ទីក្រុងអង្គរ (ឬយសោធរបុរ)
ដែលកសាងឡើងជំនាន់នោះ គឺមានកំពែងដីព័ទ្ធជុំវិញ
(សព្វថ្ងៃនៅសល់ស្នាមខ្លះនៅទិសខាងត្បូង និងខាងលិច)
ហើយដែលមានភ្នំបាខែង (កម្ពស់ប្រហែល៦០ម៉ែត្រ) នៅចំកណ្តាល
(ក្នុងសិលាចារឹកហៅថា ភ្នំកណ្តាល) សម្រាប់តម្កល់លិង្គយសោធរេស្វរ
(គ្រឹស្តសករាជ៨៩៣) ។ អង្គរនេះជាពាក្យក្លាយមកពីពាក្យសំស្ក្រឹត
ដែលមានន័យថា ៖ អង្គរ = ស្តេច + នគរ = ទីក្រុង (ក្រោយមកពាក្យនគរនេះ
យើងប្រើស្មើនឹងពាក្យប្រទេស) គឺទីក្រុងដែលស្តេចគង់នៅ (រាជធានី) ។
ស្តេចសោយរាជ្យ ក្រោយៗមកបានសង់ប្រាសាទ ឬព្រះបរមរាជវាំង នៅម្តុំ ជិតៗនេះ
ហើយគេហៅម្តុំនេះថា ជាតំបន់អង្គរ ។ ប៉ុន្តែបើគេនិយាយថា សម័យអង្គរវិញ
គឺគេមិនរាប់តាំងពីរជ្ជកាលព្រះបាទយសោវរ្ម័នមកទេ
តែគេចាប់រាប់តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ្រឹស្តសករាជ
៨០២-៨៥០) មកវិញទេ។ រីឯចុងបញ្ចប់នៃសម័យអង្គរ មានប្រវត្តិវិទូខ្លះ
គេកំណត់យកត្រឹមរជ្ជកាលព្រះបាទជ័យវម៌ាទិបរមេស្វរ (១៣២៧-?) ព្រោះជាស្តេចចុងក្រោយដែលនៅកាន់ព្រហ្មញ្ញសាសនា
ហើយនៅមានកសាងប្រាសាទ ឬសិលាចារឹក ។ ប្រវត្តិវិទូខ្លះទៀត
កំណត់យកចុងបញ្ចប់នៃសម័យអង្គរនេះនៅរជ្ជកាលព្រះបាទបរមរាជាពញាយា៉ត
(១៣៩៣-១៤៦៣) ពិសេសគឺគេកំណត់យកគ្រឹស្តសករាជ១៤៣១
ដែលជាឆ្នាំដែលស្តេចអង្គនេះសម្រេចចាកចោលរាជធានីអង្គរ
ទៅតាំងរាជធានីនៅទួលបាសាន រួចទៅតាំងនៅក្រុងភ្នំពេញវិញ ។
ដូច្នេះការកំណត់សម័យអង្គរនេះ
គេបានឯកភាពគ្នាយកកាលបរិច្ឆេទខាងដើមដូចគ្នា តែខាងចុងសម័យនេះខ្លះយកពាក់កណ្តាលសតវត្សទី១៤
ខ្លះឱ្យយកដល់គ្រឹស្តសករាជ១៤៣១ (សតវត្សទី១៥) ។
ចំពោះប្រាសាទនៅតំបន់អង្គរនេះ ប្រាសាទដែលល្បីល្បាញជាងគេ
គឺប្រាសាទអង្គរវត្ត(ពាក្យសាមញ្ញគេហៅថា អង្គរតូច)
និងអង្គរធំ(ក្នុងបរិវេណនៃអង្គរធំនេះ នៅមានប្រាសាទជាច្រើនទៀត) ។
តែនៅក្នុងអត្ថបទនេះ យើងលើកតែប្រាសាទអង្គរវត្តមកបង្ហាញជូនប៉ុណ្ណោះ ។
ហេតុអ្វីបានជាមានពាក្យ«វត្ត»នៅពីក្រោយពាក្យ«អង្គរទៀត»
? តាមឯកសារប្រវត្តិសាស្ត្របានបញ្ជាក់ថា
ក្រោយការបោះបង់រាជធានីអង្គរនេះមក ព្រះរាជាសោយរាជ្យ ក្រោយៗមកទៀត
បានកសាងវត្តអារាមនៅក្នុងបរិវេណប្រាសាទនេះ(នៅសតវត្សទី១៦
មានវត្តពីរបានកសាងឡើងនៅក្នុងបរិវេណប្រាសាទនេះ) ។
នៅសតវត្សទី១៧និង១៨ ស្តេច មន្ត្រី ប្រជាជនបានកសាងព្រះពុទ្ធបដិមាពីឈើ
ពីថ្ម យកទៅតម្កល់នៅប្រាសាទនេះ រហូតទាល់តែមានឈ្មោះត្រង់កន្លែងតម្កល់ព្រះពុទ្ធបដិមាក្នុងប្រាសាទនេះថា
«ព្រះពាន់» ទៀតផង ។
ហេតុដូច្នេះហើយបានជាមានពាក្យ «វត្ត» មកភ្ជាប់ពាក្យ «អង្គរ» ពីខាងក្រោយទៅជា
«អង្គរវត្ត» រហូតមកដល់សព្វថ្ងៃ
។
ប្រាសាទអង្គរវត្តមានទីតាំងនៅភាគខាងត្បូងនៃតំបន់អង្គរ ។
ប្រាសាទនេះបានត្រូវសាងឡើងនៅក្នុងអំឡុងពាក់កណ្តាលទី១
នៃគ្រឹស្តសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)
នៅលើផ្ទៃដីជិត២០០ហិកតា (គិតទាំងគូទឹកព័ទ្ធជុំវិញប្រាសាទនេះផង) ។
ជនជាតិអឺរ៉ុបដែលបានមកឃើញប្រាសាទនេះមុនគេ
គឺពួកព័រទុយហ្គាល់ ។
ពួកនេះថែមទាំងបានកត់ត្រាទុកក្នុងវាសិកប្រវត្តិពីព្រឹត្តិការណ៍
ដែលទាក់ទងដល់ប្រាសាទនេះទៀតផង ។ ដូចជាឌីយើហ្គោ ដូ គូតូ
គាត់បានកត់ត្រាទុកពីការរកឃើញប្រាសាទនេះ និងប្រាសាទនៅតំបន់អង្គរនាឆ្នាំ១៥៥០ឬ១៥៥១
ដោយព្រះបាទអង្គច័ន្ទទី១ (១៥១៦-១៥៦៦)
នៅពេលដែលព្រះអង្គធ្វើដំណើរកម្សាន្តបរបាញ់សត្វនៅក្នុងព្រៃ ។
លោកហ្សូអាវ ដូស សង់តូស
បានកត់ត្រាទុកពីការធ្វើផ្លូវទៅកាន់អង្គរដោយបញ្ជារបស់ព្រះបាទសត្ថារទី១
(១៥៧៦-១៥៩៤) ហើយស្តេចអង្គនេះបានមកគង់នៅអង្គរនេះមួយរយៈពេល ។
ក្រោយមកពួកផ្សាយសាសនាជាតិព័រទុយហ្គាល់
និងអេស្បា៉ញជាច្រើនទៀតបានធ្វើដំណើរមកកាន់អង្គរនេះ
ហើយបានកត់ត្រាទុកដោយពិពណ៌នាអំពីទីក្រុងអង្គរ
និងប្រាសាទអង្គរវត្តនេះទៀតផង ។
នៅដើមសតវត្សទី១៨ ជនជាតិជប៉ុនម្នាក់បានមកដល់កម្ពុជា
ហើយបានគូរប្លង់ប្រាសាទអង្គរវត្តនៅគ្រឹស្តសករាជ១៧១៥ ។
ក្រោយមកសង្ឃកាតូលិកបារាំងឈ្មោះ សឺ វ្រឺស
ដែលបានមកដល់កម្ពុជាទស្សនាប្រាសាទអង្គរវត្តនេះបានសរសេរអត្ថបទមួយនាឆ្នាំ១៧៦៨
ដោយលើកអំពីភាពរុងរឿង ល្បីល្បាញនៃប្រាសាទអង្គរវត្ត ។
ប៉ុន្តែនៅអឺរ៉ុបគេនៅតែពុំសូវស្គាល់អង្គរទេ
ទោះបីជាមានការកត់ត្រារបស់អ្នកផ្សាយសាសនាជាច្រើន
និងជាបន្តបន្ទាប់យា៉ងនេះក្តី
ព្រោះការកត់ត្រាទាំងនោះពុំបានផ្សព្វផ្សាយទូលាយទេ ហើយស្ថិតនៅតែក្នុងទីតម្កល់ឯកសារប៉ុណ្ណោះ
។ ទាល់តែមកដល់ឆ្នាំ១៨៥៨ លោកប៊ូយ៉ឺវ៉ូ បានចេញផ្សាយនូវបទពិពណ៌នាពីអង្គរ
តែគាត់គ្រាន់តែឱ្យគេដឹងពីអត្ថិភាពនៃរាជធានីដែលគេបោះបង់ចោលប៉ុណ្ណោះ
ដោយគាត់មិនបានលើកពីសោភ័ណភាពនៃប្រាសាទទាំងឡាយនៅអង្គរនេះឡើយ ។
នៅអឺរ៉ុបក៏ដូចជាសាកលលោកទាំងមូល គេចាប់ស្គាល់ជាទូទៅ
និងច្បាស់លាស់អំពីប្រាសាទអង្គរវត្តនេះពីឆ្នាំ១៨៦៣មក
គឺបន្ទាប់ពីធម្មជាតិវិទូបារាំងឈ្មោះហង់រី មូហូ
បានរកឃើញប្រាសាទនេះនៅថ្ងៃទី២២ មករា ១៨៦១
ហើយគាត់បានចុះផ្សាយពីប្រាសាទនេះក្នុងទស្សនាវដ្តី តួ ឌុយ ម៉ុង
នាឆ្នាំ១៨៦៣មក ។ ការសិក្សាពីប្រាសាទអង្គរវត្តក៏ចាប់ផ្តើមពីពេលនោះមក ។
នៅឆ្នាំ១៨៩៨ បារាំងបានបង្កើតក្រុមបេសកកម្មអចិន្ត្រៃយ៍មួយនៅឥណ្ឌូចិន
ដែលក្រោយមកបានក្លាយទៅជាវិជ្ជាស្ថានស្រាវជ្រាវពីចុងបូព៌៌ារបស់បារាំង
ហើយបានសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីអតីតរាជាណាចក្រ
និងអតីតរាជធានីខ្មែរនេះ។
នៅឆ្នាំ១៩០៨ គឺមួយឆ្នាំក្រោយដែលសៀមប្រគល់ខេត្តបាត់ដំបង
និងសៀមរាបមកខ្មែរវិញនោះ ក្រសួងអភិរក្សអង្គរក៏បានបង្កើតឡើង
ហើយការចាប់ផ្តើមរៀបចំជួសជុលសម្អាតប្រាសាទអង្គរវត្តឡើងវិញក៏ចាប់ដំណើរការ
និងថែរក្សាតាំងពីនោះរហូតមក ។ ចាប់ពីឆ្នាំ១៩៧០ ដល់១៩៧៩
ការថែរក្សាប្រាសាទអង្គរនេះក៏ត្រូវកាត់ផ្តាច់ដោយសារសង្គ្រាម
និងរបបប្រល័យពូជសាសន៍ ។ បច្ចុប្បន្នដោយមានជំនួយរបស់ប្រទេសឥណ្ឌាជាមិត្ត
ការរៀបចំជួសជុលប្រាសាទនេះឡើងវិញក៏បានដំណើរការរហូតដល់សព្វថ្ងៃនេះ ។
លក្ខណៈខ្លះនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត បានសាងឡើងពីខាងលិច បច្ចុប្បន្នស្ទឹងសៀមរាប
ហើយសាងនៅលើដីខ្សាច់ដែលមានស្រទាប់កម្រាស់ពី៤ទៅ៥ម៉ែត្រ។
នៅពីខាងក្រោមស្រទាប់ខ្សាច់នេះ គេសង្កេតឃើញមានស្រទាប់ដីឥដ្ឋ
ចាប់ពីស្រទាប់ដីឥដ្ឋទៅគឺជាស្រទាប់ដីលីម៉ូនីត ។
បើធ្វើដំណើរពីវាលអាកាសយានសៀមរាបនៅទិសខាងកើត
តាមផ្លូវក្រាលកៅស៊ូ ទេសចរដែលមិនធ្លាប់ស្គាល់ទីក្រុងអង្គរ
នឹងមានការភ្ញាក់ប្លែកក្នុងចិត្ត
ដោយឃើញមានកំពូលស្រួចចំនួន៣លេចធ្លោចេញផុតពីដើមឈើ ធំៗទាំងឡាយ។
បន្ទាប់ពីបានធ្វើដំណើរអស់ចម្ងាយជាង៥គីឡូម៉ែត្រពីចំណតអាកាសយាន
គេនឹងទៅដល់ទីវាលស្ថិតនៅពីមុខប្រាសាទអង្គរវត្ត ។ ដើម្បីនឹងមើលប្រាសាទ
ទេសចរត្រូវឡើងជណ្តើរធំមួយអំពីថ្ម សំដៅទៅទិសខាងកើតដដែល ។
នៅចុងខាងលើជណ្តើរនេះ មានទីលានតូចមួយអំពីថ្ម
ហើយដែលមានរូបតោជាច្រើនងាកក្បាលចូលក្នុងរកអ្នកដំណើរ ។
នៅសងខាងទីលាននេះ នៅផ្នែកខាងក្រោមស្ថិតនៅលើផ្ទៃដីរាបស្មើ
គេឃើញមានខឿនអំពីថ្មភក់កម្ពស់ប្រហែល ០,៧០ម៉ែត្រ និងមានទទឹងប្រហែល ០,៥០ម៉ែត្រ
លាតសន្ធឹងយ៉ាងវែងទៅទិសខាងជើង និងខាងត្បូង
កើតបានជាមួយក្របព័ទ្ធជុំវិញគូទឹក
ដែលស្ថិតនៅជាបរិវេណខាងក្រៅនៃផ្ទៃប្រាសាទអង្គរវត្ត ។
គូទឹកនេះមានទទឹងប្រវែង២២០ម៉ែត្រ ហើយមានបរិវេណខាងក្រៅប្រវែង៥.៦០០ម៉ែត្រ
គឺមានទំហំប្រវែង ១.៣០០ម៉ែត្រ គុណ១.៤០០ម៉ែត្រ ។
បន្ទាប់ពីទីលាននេះ ទេសចរត្រូវដើរឆ្លងតាមផ្លូវមួយអំពីថ្ម
ដែលសាងឡើងកាត់ទទឹងគូទឹក ។ ផ្លូវនេះមានទទឹងប្រវែង១២ម៉ែត្រ
ហើយអមសងខាងដោយបង្កាន់ដៃអំពីថ្ម ដែលធ្វើពីតួនាគយ៉ាងវែងទ្រដោយសសរ ។
ផ្លូវនេះមានប្រវែងស្មើគ្នានឹងទទឹងគូទឹក ។ លុះដើរផុតផ្លូវនេះហើយ
គេត្រូវចុះជណ្តើរ រួចដើរកាត់ផ្ទៃដីរាបស្មើមួយមានទទឹងប្រវែង៣០ម៉ែត្រ
មុននឹងទៅដល់គោបុរៈយា៉ងធំមួយមានសណ្ឋានជារោងថែវ ។ រោងវែងនេះមានបណ្តោយប្រវែង២៣៥ម៉ែត្រ
ហើយមានទទឹងដែលជាច្រកខាងក្នុងប្រវែង២,២០ម៉ែត្រ ប្រកបដោយទ្វារចេញចូល៥កន្លែង
នៅត្រង់់ផ្នែកកណ្តាលមានផ្ទៃដីខ្ពស់ពីដីរាបស្មើ
ហើយមានជណ្តើរសម្រាប់ឡើងចុះនៅត្រង់ទ្វារ នីមួយៗ ។
ជណ្តើរទាំងនេះមានកាំចំនួន៤ ឬ៥ ។ ទ្វារពីរកន្លែងទៀតស្ថិតនៅត្រង់ចុងទាំងសងខាងនៃរោងថែវ
ហើយមានផ្ទៃខាងក្រោមរាបស្មើនឹងផែនដី។ នៅពីខាងលើទ្វារកណ្តាលទាំង៣
គេឃើញមានកំពូល៣ខ្ពស់ឡើងលើ ផ្នែកខាងលើបំផុតមានលំនាំបែបស្រួច
ដូចជាផ្កាឈូកក្រពុំដែលគេកាច់ត្របកចំពាក់កណ្តាលពត់ឱ្យមានរាងងស្របគ្នា
។ កំពូលដែលស្ថិតនៅចំពីលើទ្វារមួយនៅកណ្តាលគេមានសភាពធំ
ហើយខ្ពស់ជាងកំពូលពីរសងខាងជាច្រើន។ តភ្ជាប់ពីរោងថែវនេះ ទៅទិសខាងជើង
និងត្បូង គេឃើញមានកំពែងពីថ្មបាយក្រៀម កម្ពស់ប្រហែល៣ម៉ែត្រ
ស្ថិតនៅព័ទ្ធជុំវិញជាបរិវេណផ្ទៃដីធំនៃប្រាសាទ
ដែលមានរាងបួនជ្រុងទ្រវែង ទទឹងប្រវែង៨០០ម៉ែត្រ
និងបណ្តោយប្រវែង១០២៥ម៉ែត្រ ។ គេបានធ្វើគោបុរៈ៣កន្លែងទៀត
នៅតាមកំពែងនេះគឺនៅចំពាក់កណ្តាលជ្រុង នីមួយៗ នៃទិសខាងកើតខាងជើង
និងខាងត្បូង ។
គោបុរៈទាំងនេះធ្វើពីថ្មភក់ទាំងអស់
ហើយមានកំពូលខ្ពស់បន្តិច
តែមិនមែនខ្ពស់ជាតួប្រាសាទដូចគោបុរៈធំនៅទិសខាងលិចទេ ។
ពេលចេញពីគោបុរៈនៅទិសខាងលិចដោយចុះជណ្តើរ
៤ទៅ៥កាំតាមទ្វារស្ថិតនៅកណ្តាលគេមក
ទេសចរត្រូវដើរតាមផ្លូវមួយក្រាលថ្ម សំដៅទៅទិសខាងកើតដែលពេលនេះគេអាចមើលឃើញកំពូលប្រាសាទ
ខ្ពស់ៗ ចំនួនម្តងនេះ៥ពុំមែន៣ ដូចកាលឃើញពីដំបូងនោះទេ ។
ផ្លូវនេះមានបង្កាន់ដៃរចនាជាតួខ្លួននាគ ទ្រដោយសសរ
ហើយស្ថិតខ្ពស់ពីផ្ទៃរាបស្មើ ប្រវែង១ម៉ែត្រ
និងមានបណ្តោយប្រវែង៣៥០ម៉ែត្រ ឯទទឹងមានប្រវែង៩,៤០ម៉ែត្រ
តែចន្លោះដែលអាចដើរបានមានប្រវែង៨ម៉ែត្រប៉ុណ្ណោះ ។
នៅតាមបណ្តោយផ្លូវនេះ
គេឃើញមានជណ្តើរសម្រាប់ចុះទៅផ្ទៃដីរាបស្មើខាងក្រោម ។
ជណ្តើរនៅទទឹងគ្នាពីរនៅខាងឆ្វេង និងខាងស្តាំផ្លូវ ទាំងអស់មាន៦កន្លែង។
ជណ្តើរ នីមួយៗសុទ្ធតែមានរូបនាគក្បាលប្រាំពីរនៅអមសងខាងផ្លូវចុះចំនួន
ពីរៗ ។ ពេលដើរបានចម្ងាយប្រវែងពាក់កណ្តាលផ្លូវនេះ
គេឃើញមានប្រាង្គប្រាសាទពីរបែរមុខឈមរកគ្នាតាមបណ្តោយទ្រូងថ្នល់ ស្ថិតនៅ
ម្ខាងមួយៗដាច់តែឯង នៅខាងឆ្វេង និងខាងស្តាំផ្លូវ ។ គេនិយមសម្គាល់ប្រាសាទតូចទាំងពីរនេះថាជាបណ្ណាល័យ
។
ដើរបានបន្តិចទៅទៀត
គេឃើញមានស្រះតូចៗពីរនៅអមសងខាងផ្លូវ
ស្រះខាងត្បូងរីងគោកអស់ច្រើនទៅហើយ ឯស្រះខាងជើងនៅមានទឹកនៅឡើយ
ហើយគេអាចឃើញកាំជណ្តើរដែលចុះទៅកាន់ផ្ទៃទឹក ។
លុះដើរផុតផ្លូវក្រាលថ្មប្រវែង៣៤០ម៉ែត្រនេះទៅ
ទេសចរនឹងទៅដល់ទីលានដីដែលជាទម្រតួប្រាសាទអង្គរវត្ត ។
ទីលាននេះមានផ្ទៃដីស្មើគ្នានឹងផ្លូវក្រាលថ្ម គឺបានសេចក្តីថា
ផ្ទៃដីជាទម្រប្រាសាទអង្គរវត្តមានកម្ពស់លើសពីផ្ទៃដីរាបស្មើធម្មតាប្រវែងមួយម៉ែត្រ
។ គេសង្កេតឃើញមានរូបខ្លួននាគទ្រដោយសសរជាបង្កាន់ដៃព័ទ្ធជុំវិញបរិវេណទីនោះដែលមានរាងបួនជ្រុងទ្រវែង
ប្រវែងបណ្តោយ៣៥០ម៉ែត្រ និងប្រវែងទទឹង២៣០ម៉ែត្រ ។
ដើម្បីចុះមកកាន់ផ្ទៃដីរាបស្មើធម្មតាវិញ គេឃើញមានជណ្តើរទាំងអស់ចំនួន១១
គឺពីទិសខាងលិច បីៗនៅទិសខាងកើត ខាងជើង និងខាងត្បូង ។
ពេលមកដល់ចុងបំផុតនៃផ្លូវក្រាលថ្ម
ហើយដើម្បីនឹងចូលទៅកាន់តួប្រាសាទ
គេត្រូវឡើងជណ្តើរធំមួយដែលនាំទៅកាន់ទីលានមួយធំខ្ពស់អំពីថ្ម
ហើយដែលបែកជាពីរថ្នាក់កើតបានជាសណ្ឋានទ្រង់ទ្រាយកាកបាទមួយធំ ។
គេនិយមហៅទីលាននេះថា ព្រះលានកិត្តិយស ព្រោះជាវេទិកាមួយសម្រាប់ព្រះមហាក្សត្រគង់ប្រថាប់មើលក្បួនហែ
ឬមើលរបាំ ផ្សេងៗ ។ គួរបញ្ជាក់ថា
នៅពេលដែលគេជាន់កាំទីពីរនៃជណ្តើរឡើងទៅកាន់ព្រះលានកិត្តិយសនេះ
ផ្ទៃខាងលើទីលានមានកម្ពស់ហួសក្បាលមនុស្សធម្មតា ហើយគេពុំអាចមើលកំពូលប្រាង្គប្រាសាទអង្គរវត្តឃើញទេ
ព្រោះបាំងនឹងផ្ទៃខាងលើព្រះលាន ។
ជាន់ទី១ ៖ កាលបើដើរឆ្លងចុះពីទីលាននេះទៅ
គេត្រូវឡើងជណ្តើរចូលទៅកាន់ជាន់ទី១ នៃតួប្រាសាទអង្គរវត្ត
ដែលមានរាងបួនជ្រុងទ្រវែង ហើយមានទទឹងប្រវែង១៨៧ម៉ែត្រនិងបណ្តោយខាងលិច ខាងកើតប្រវែង២១៥ម៉ែត្រ។
ក្រៅពីជណ្តើរកណ្តាលស្ថិតនៅចំមុខ «ព្រះលានកិត្តិយស»
គេសង្កេតឃើញជណ្តើរ ផ្សេងៗទៀតចំនួន១៥
ហើយស្ថិតនៅគ្រប់ជ្រុងទាំង៤នៃជាន់ទី១នេះ
គឺពីខាងលិចមានជណ្តើរទាំងអស់៥ ពីខាងកើតមាន៥នៅជ្រុងខាងជើង
ខាងត្បូងមានជណ្តើរ បីៗ ។ ជណ្តើរទាំងនេះ នាំទេសចរទៅកាន់ប្រាង្គ
មួយៗដែលស្ថិតនៅតាមរបៀងជាន់ទី១
គឺគេឃើញមានប្រាង្គមួយគ្រប់មុមនៃជ្រុងទាំង៤ នៅជ្រុងខាងលិច និងខាងកើត
មានប្រាង្គ បីៗ ស្ថិតនៅត្រង់ផ្នែកកណ្តាល ហើយនៅជ្រុងខាងត្បូង
និងខាងជើងមានប្រាង្គ មួយៗ រួមទាំងអស់នៅជាន់ទី១នេះ
មានប្រាង្គចំនួន១២។
ប្រាង្គទាំងនេះតភ្ជាប់គ្នាទាំងអស់ដោយរោងថែវមានដំបូលត្រួតពីលើគ្នាជាពីរថ្នាក់
ហើយនៅចំពីលើប្រាង្គ នីមួយៗ គេធ្វើដំបូលរបៀបគ្នា ប្លែកត្រង់ដំបូលរោងថែវ
ដែលគេធ្វើឱ្យត្រួតគ្នាជា៣ថ្នាក់តែប៉ុណ្ណោះ ។
នៅចុងជណ្តើរ
នីមួយៗដែលនាំទៅកាន់ប្រាង្គទាំង១២មានទ្វារចូលនៅក្នុងប្រាង្គ
ហើយនៅពីលើទ្វារទាំងនេះ គេឃើញមានហោជាងមានលំនាំដូចជារាងត្រីកោណសមបាត ។
ពេលឡើងទៅកាន់ជាន់ទី១នេះតាមជណ្តើរដែលស្ថិតនៅកណ្តាលគេនៃជ្រុងខាងលិច
ទេសចរត្រូវដើរទៅខាងត្បូង តាមច្រករោងថែវដែលមានទទឹងប្រវែង២,៤៥ម៉ែត្រ ។ រោងថែវនេះស្ថិតនៅលើខឿនកម្ពស់៣,៩៥ម៉ែត្រពីផ្ទៃដីទម្រតួប្រាសាទ
ហើយមានជញ្ជាំងតែម្ខាងនៅផ្នែកខាងក្នុងដែលបែរទៅរកភាគកណ្តាលនៃតួប្រាសាទ
ឯផ្នែកខាងក្រៅនៃរោងថែវ គេមិនធ្វើជញ្ជាំងទេ
គេឃើញមានតែសសរបួនជ្រុងទ្រវែងជាច្រើនតម្រៀបគ្នាជាពីរជួរសម្រាប់ទ្រដំបូលប៉ុណ្ណោះ។
នៅលើជញ្ជាំងខាងក្នុងរោងថែវ គេឃើញមានក្បាច់ចម្លាក់ជាផ្ទាំងរឿង
ផ្សេងៗជាច្រើន គឺនៅជញ្ជាំងខាងលិចភាគខាងត្បូង
មានចម្លាក់និយាយពីចម្បាំងរវាងពួកបណ្ឌវនិងកៅរវៈក្នុងរឿងមហាភារតៈ
មានប្រវែងទាំងអស់៤៩ម៉ែត្រ ហើយចែកជាបួនសង្កាត់ ។
នៅជញ្ជាំងខាងត្បូងភាគខាងលិច
ជាផ្ទាំងរឿងទាក់ទងទៅនឹងប្រវត្តិសាស្ត្រក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី២
មានប្រវែងទាំងអស់៩០ម៉ែត្រ ។ នៅជញ្ជាំងខាងត្បូងភាគខាងកើត
មានចម្លាក់រឿងនិយាយពីស្ថាននរក និងស្ថានសួគ៌ប្រវែង៦៦ម៉ែត្រ ។
នៅជញ្ជាំងខាងកើតភាគខាងត្បូង
មានក្បាច់រឿងនិយាយពីការកូរសមុទ្រទឹកដោះមានប្រវែងជិត៥០ម៉ែត្រ ។
ជញ្ជាំងខាងកើតភាគខាងជើង មានផ្ទាំងរឿងនិយាយពីជ័យជម្នះរបស់ព្រះវិស្ណុលើពួកអសុរៈ
និងមានចំណារថ្មយា៉ងធំដែលចារនៅគ្រឹស្តសករាជ១៧០១
ដោយបណ្ឌិតជ្យៃនន្ន។ នៅជញ្ជាំងខាងជើងភាគខាងកើត
ជាផ្ទាំងរឿងនិយាយពីជ័យជម្នះរបស់ព្រះគ្រឹស្នៈ លើអសុរៈឈ្មោះ ពានៈ ។
នៅជញ្ជាំងខាងជើងភាគខាងលិច ជាក្បាច់រឿងនិយាយពីចម្បាំងរវាងពួកអសុរៈ
និងពួកទេវៈ ។
នៅជញ្ជាំងខាងលិចភាគខាងជើងមានក្បាច់រឿងនិយាយពីចម្បាំងក្នុងរឿងរាមាយណៈ
។ នៅនឹងជញ្ជាំងពីខាងក្នុងនៃប្រាង្គពីរស្ថិតនៅមុមជ្រុង ត្រង់ទិសនិរតី
និងពាយព្យ គេសង្កេតឃើញមានចម្លាក់ជាផ្ទាំងរឿងដែរ
ហើយមានចំនួនច្រើនផ្ទាំងពីខាងលើរហូតមកដល់ខាងក្រោម ។
មុននឹងបញ្ចប់ការអធិប្បាយពីជាន់ទី១នេះ យើងគួរបញ្ជាក់ថា
នៅត្រង់ប្រាង្គមួយស្ថិតនៅកណ្តាលគេនៃប្រាង្គទាំងបីនៃជ្រុងរោងថែវនៅទិសខាងកើត
គេពុំឃើញមានជណ្តើរសម្រាប់ឡើងទៅកាន់ថែវ ដូចប្រាង្គដទៃទៀត
គេឃើញមានជណ្តើរ មានតែទ្វារប៉ុណ្ណោះ ដែលជាហេតុនាំឱ្យគេស្មានបានថា
ជាទីកន្លែងដែលគេសម្រាប់ឡើងជិះលើខ្នងដំរីកាលពីសម័យដើម ។
ព្រះពាន់ ៖ កាលបើដើរមើលចម្លាក់រឿងតាមជញ្ជាំងជុំវិញរោងថែវជាន់ទី១
ដោយដើរប្រទក្សិណបត់ឆ្វេងរហូតរួចហើយ
ទេសចរនឹងបានទៅដល់កន្លែងដើមត្រង់ទីពាក់កណ្តាលជ្រុងថែវជាន់ទី១នៅទិសខាងលិច
។ ដើម្បីនឹងចូលទៅកាន់ជាន់ទី២ គេត្រូវដើរឆ្លងរោងថែវមួយបែបទៀត
ស្ថិតនៅចន្លោះជាន់ទី១ និងទី២ ។ រោងថែវនេះមាន៣ជួរតភ្ជាប់រោងជាន់ទី១
ទៅរោងថែវជាន់ទី២
ហើយមានរោងថែវមួយជួរទៀតកាត់ទទឹងរោងថែវទាំង៣ជួរនេះចំពាក់កណ្តាល
ប្រទាក់គ្នាខ្វាត់ខ្វែងកើតបានជាក្រឡាឈើត្រង់ ។
កន្លែងដែលរោងថែវប្រទាក់គ្នានេះមានឈ្មោះថា «ព្រះពាន់»
។ នៅចន្លោះទាំងបួនដែលកើតមានពីការប្រទាក់នៃរោងថែវ
គេឃើញមានស្រះ តូចៗបួន តែគ្មានដក់ទឹកទេ ។ គេស្គាល់បានថាជាស្រះ
ដោយសារការនិយាយតៗគ្នាមកតែប៉ុណ្ណោះ ហើយចំពោះការនេះ
អ្នកប្រាជ្ញជាច្រើនខាងវិជ្ជាបូព៌៌ាប្រទេស ក៏ពុំបានស្របយោបល់ថាជាស្រះដែរ
ព្រោះគេមិនដែលឃើញមានស្រះនៅក្នុងតួប្រាសាទខ្មែរទេ ។ រោងថែវទាំង៣ជួរ
និងរោងថែវកាត់ទទឹងមួយទៀតនេះ មានប្រវែង នីមួយៗ៣,៤៥ម៉ែត្រ
។ រោងថែវពីរកណ្តាលដែលកាត់កែងគ្នាមានទទឹងប្រវែង៣,១៤ម៉ែត្រ
ឯសរោងថែវ ដែលភ្ជាប់ជាន់ទី១ទៅជាន់ទី២មានប្រវែងទទឹង២៩០ម៉ែត្រ ។
ជាន់ទី២ ៖ ដើម្បីឡើងកាន់ជាន់ទី២
គេត្រូវឡើងជណ្តើរកណ្តាលនៃថែវទាក់គ្នាដែលបានពោលរួចមកហើយ ។
ជណ្តើរនេះមានកាំចំនួនពី១៧ទៅ១៨ ។
ក្រៅពីជណ្តើរនេះមានជណ្តើរផ្សេងទៀតចំនួនទាំងអស់១៤ គឺជណ្តើរ៥ពីខាងលិច
ហើយនឹងជណ្តើរ បីៗនៅជ្រុងខាងកើត ខាងត្បូង និងខាងជើង ។ គួរបញ្ជាក់ថា
ជាន់ទី២នេះមានរាងបួនជ្រុងទ្រវែង ខាងកើត
ប្រវែងទទឹងជើង-ត្បូងមាន១០០ម៉ែត្រ និងបណ្តោយលិច-កើតប្រវែង១១៥ម៉ែត្រ ។
ដូចជានៅជាន់ទី១ដែរ ជណ្តើរទាំង១៤ខាងលើនាំទេសចរទៅកាន់ប្រាង្គចំនួន១០
ដែលស្ថិតនៅជាន់ទី២នេះ។ ប្រាង្គទាំងនេះតភ្ជាប់គ្នាដោយរោងថែវ
ដែលគ្របពីលើដោយដំបូលតែមួយជាន់ ។
ប្រាង្គបួនដែលស្ថិតនៅចំមុមជ្រុងទាំង៤ មានកំពូលជាត្របកផ្កាឈូកក្រពុំ
តែសព្វថ្ងៃនេះចុងកំពូលទាំងបួននេះបាក់កំបុតអស់ខ្លះទៅហើយ ។
ចំណែកឯប្រាង្គ៦ដទៃទៀត គេគ្មានធ្វើកំពូលស្រួចពីលើទេ
មានតែដំបូលដែលមើលទៅហាក់ដូចជាត្រួតពីលើគ្នាជាពីរជាន់តែប៉ុណ្ណោះ ។
រោងថែវនៅជាន់ទី២នេះមានទទឹងប្រវែង២,៤៥ម៉ែត្រ
ដូចរោងថែវនៅជាន់ទី១ដែរ ។ ម្តងនេះផ្នែកខាងក្រៅរោងថែវ
ដែលបែរមុខមកខាងក្រៅជាជញ្ជាំងបិទជិត
ឯផ្នែកមួយទៀតដែលបែរមុខឈមរកទីធ្លានៃជាន់ទី២នេះ
គេធ្វើជាបង្អួចមានចម្រឹងជាជើងទៀនមានរាងមូលទ្រវែងដាក់នៅជិតគ្នា ។
នៅជ្រុងខាងជើងនៃរោងថែវជាន់ទី២នេះ នៅខាងលិចប្រាង្គនៅតាមជ្រុង គេឃើញមានបន្ទប់តូចមួយដែលគេហៅសព្វថ្ងៃថា
«ប្រាសាទគក់ទ្រូង» ព្រោះពេលណាគេគក់ដើមទ្រូងនៅកន្លែងនោះទៅ
គេនឹងឮសំឡេងខ្ទ័រឡើងកើតមកពីការគក់ទ្រូងនេះ ។
គួរធ្វើការកត់សម្គាល់ថា
ចំពោះជាន់ទី២នេះជ្រុងខាងលិចមានចម្ងាយប្រមាណ៦០ម៉ែត្រពីជ្រុងខាងនៃជាន់ទី១
ឯជ្រុង
ផ្សេងៗនៃទិសទាំង៣ទៀតមានចម្ងាយពីជ្រុងជាន់ទី១ប្រវែង៣៥ម៉ែត្រដែរ ។
ជាន់ទី២នេះមានកម្ពស់លើសពីលានជាន់ទី១ប្រវែងប្រមាណ៧ម៉ែត្រ ។
លុះចេញពីទ្វារកណ្តាលរោងថែវជាន់ទី២
នៅលើទីលានជាន់ទី២នេះ និងនៅខាងជើង
និងខាងត្បូងផ្លូវដើរទៅកាន់ជណ្តើរធំកណ្តាលពីខាងលិចសម្រាប់ឡើងទៅកាន់ជាន់ទី៣
គេឃើញមានប្រាសាទ តូចៗពីរដែលសព្វថ្ងៃនេះបាក់បែកអស់ហើយ ។
ផ្លូវដើរទៅកាន់ជណ្តើរសម្រាប់ឡើងទៅជាន់ទី៣នេះ ជាស្ពានថ្មមួយមានជើង
ហើយមានផ្ទៃខ្ពស់ពីផ្ទៃទីធ្លានៃជាន់ទី២ ។
ជាន់ទី៣ ៖ ជាន់ទី៣មានរាងជាបួនជ្រុងស្មើប្រវែង
១ជ្រុងៗមាន៦០ម៉ែត្រ ។
គេឃើញមានជណ្តើរសម្រាប់ឡើងទៅកាន់ជាន់បំផុតនេះចំនួន១២ គឺមានជណ្តើរ
បីៗនៅតាមជ្រុង នីមួយៗ។ ជណ្តើរទាំងនោះមានសភាព ចោតៗណាស់ ហើយមានជម្រេលដល់ទៅ៧០អង្សា
លើកលែងតែជណ្តើរនៅកណ្តាលនៃជ្រុងខាងលិច ដែលមានសភាពពុំសូវចោតខ្លាំង
ព្រោះមានជម្រេលត្រឹម៥០អង្សា ។ ក្រោយនេះមានកាំទាំងអស់ចំនួន៣៥
ឯជណ្តើរ១១ផ្សេងទៀត មានកាំចំនួនតែ៣២ទៅ៣៣ប៉ុណ្ណោះ ។
ជណ្តើរទាំង១២នេះនាំអ្នកទស្សនាឱ្យទៅដល់ប្រាង្គចំនួន៥
ស្ថិតនៅលើខឿនដែលមានកម្ពស់១៣ម៉ែត្រ ពីទីលាននៃជាន់ទី២ ។
ប្រាង្គចំនួនបួន ស្ថិតនៅត្រង់មុមកែងនៃជ្រុងទាំង៤
ហើយតភ្ជាប់គ្នាពីមួយដោយរោងថែវ មានដំបូលមួយជាន់ ។
ប្រាង្គទាំងនេះមានកំពូលស្រួច រៀវស្តួចទៅលើ ហាក់ដូចជាផ្កាឈូកក្រពុំទើបលេចចេញពីទង
ហើយដែលគេកាច់បត់ស្រទាប់ ជាថ្នាក់ៗ ។ កំពូល
នីមួយៗមាន៥ថ្នាក់បន្តបន្តើតលើគ្នា
ហើយបើគេគិតរួមទាំងបីជាន់នៃផ្នែកខាងលើបំផុតផង កំពូល
មួយៗត្រូវមាន៨ថ្នាក់ តែបើតាមទស្សនៈសាសនាគេរាប់តែ៧ជាន់ទេ ។
កំពូលមួយទៀតជាកំពូលធំ ហើយខ្ពស់ជាងគេ
មានរាងរៅលំនាំដូចជាកំពូលទាំងបួនខាងលើនេះដែរ គឺគ្រាន់តែធំជាងប៉ុណ្ណោះ
ជាកំពូលទី៥
ដែលស្ថិតនៅលើប្រាង្គមួយនៅចំណុចស៊ីម៉េទ្រីនៃប្រាង្គទាំង៤ទៀត ។
កំពូលកណ្តាលនេះមានកម្ពស់ពីខឿនជាន់ទី៣ប្រវែង៤២ម៉ែត្រ
ហើយមានកម្ពស់ពីផ្ទៃរាបស្មើធម្មតាប្រវែង៦៥ម៉ែត្រ។
ប្រាង្គនៅកណ្តាលគេនេះ
តភ្ជាប់ទៅប្រាង្គបួនដទៃទៀតដោយរោងថែវដែលកាត់កែងគ្នានឹងរោងថែវនៃប្រាង្គនៅមុមទាំងបួន
។ រោងថែវដែលចេញពីប្រាង្គកណ្តាលនេះមានទទឹងប្រវែង២,៤០ម៉ែត្រ
មានដំបូលពីរថ្នាក់ ហើយផ្នែកទាំងសងខាងគ្មានជញ្ជាំងទេ
មានតែសសរបួនជ្រុងទ្រវែងប៉ុណ្ណោះ ។
ចំណែកឯរោងថែវនៃជ្រុងទាំងបួនរបស់ជាន់ទី៣នេះ
មានផ្នែកដែលបែរមុខចេញទៅខាងក្រៅជាជញ្ជាំងប្រកបដោយបង្អួចដែលមានជើងទៀន
មូលៗជាចម្រឹងដាក់ជិតប្រកិតគ្នា
ឯផ្នែកម្ខាងទៀតដែលឈមមុខចូលក្នុងទៅរកទីធ្លាជាន់ទី៣ ពុំមានជញ្ជាំងទេ
មានសសររាងបួនជ្រុងទ្រវែងទ្រដំបូលផ្នែកខាងក្នុង
ដែលមានសំយាបជាពីរថ្នាក់ ។ រោងថែវនេះមានទទឹងប្រវែងតែ២ម៉ែត្រទេ ។
រោងថែវតាមជ្រុងទាំងបួន និងថែវចេញពីប្រាង្គកណ្តាលបានកាត់កែងគ្នា
ហើយបង្កើតបានជាអាងទឹកតូចៗចំនួន៤ តែចំពោះរឿងនេះលោកហង់រី មា៉សាល់
បានពោលសន្និដ្ឋានពុំមែនជាអាងទឹកទេ
ព្រោះមានជណ្តើរសម្រាប់ចុះទៅដល់ទីនោះ ហើយគេអាចដើរកាត់បានជាធម្មតា ។
កាលបើទស្សនាប្រាសាទ
គេអាចចុះតាមជណ្តើរកណ្តាលនៃជ្រុងខាងត្បូង ដែលក្នុងសម័យបច្ចុប្បន្ននេះ
គេបានធ្វើជណ្តើរមួយថ្មីទៀតអំពីស៊ីម៉ង់ត៍
ហើយស្ថិតនៅជាមួយគ្នានឹងជណ្តើរពីបុរាណ ។
ក្រោយមកជណ្តើរថ្មីនេះមានបង្កាន់ដៃអំពីដែក
ហើយអាចសម្រួលការឡើងចុះចំពោះអ្នកខ្លះ
ដែលមានស្មារតីទន់ខ្សោយដែលតែងតែភ័យព្រួយនឹងការវិលមុខខ្លាចធ្លាក់មកដី
។
តទៅទៀតនេះ គឺជាតារាងរៀបរាប់សង្ខេបអំពីចំនួន
និងលេខដែលមាននៅក្នុងការអធិប្បាយខាងលើ ដើម្បីជាជំនួយដល់ការស្រួលចាំ ។
អំពីទំហំ ៖
-ខឿនព័ទ្ធជុំវិញគូទឹកខាងក្រៅ ៖ ១៣០ម៉ែត្រគុណ១៥០០ម៉ែត្រ
(គ្រប់ឯកសារ) ។
-កំពែងព័ទ្ធជុំវិញបរិវេណផ្ទៃដីប្រាសាទ ៖
-លោកហង់រី ប៉ារម៉ង់ជេ ៖ ៨០០ម៉ែត្រគុណ១០២៥ម៉ែត្រ ។
-លោកហង់រី ម៉ាសាល់ ៖ ៨១៥ម៉ែត្រគុណ១គីឡូម៉ែត្របន្តិច ។
-លោកតាប៉ាង ខាត់ ៖ ៨១៥ម៉ែត្រគុណ១០០០ម៉ែត្រ ។
-លោកម៉ារ បូ ៖ ៨០០ម៉ែត្រគុណ១០៦៥ម៉ែត្រ ។
ទីលានដីទម្រ
តួប្រាសាទ ៖
-លោកប៊ែរណា គ្រោលីយេ ៖ ២៣០ម៉ែត្រគុណ៣៥០ម៉ែត្រ ។
ជាន់ទី១ ៖
-លោកហង់រី ប៉ារម៉ង់ជេ ៖ ១៨៧ម៉ែត្រគុណ២១៥ម៉ែត្រ ។
-លោកហង់រី ម៉ាសាល់ ៖ ១៨០ម៉ែត្រគុណ២០០ម៉ែត្រ ។
-លោកម៉ារបូ ៖ ១៨៧ម៉ែត្រគុណ២១៥ម៉ែត្រ ។
-លោកបៀសែត ៖ ១៨០ម៉ែត្រគុណ…។
-លោកប៊ែរណា គ្រោលីយេ ៖ ១៨៧ម៉ែត្រគុណ២១៥ម៉ែត្រ ។
ជាន់ទី២ ៖
-លោកហង់រី ប៉ារម៉ង់ជេ ៖ ១០០ម៉ែត្រគុណ១១៥ម៉ែត្រ ។
-លោកហង់រី ម៉ាសាល់ ៖ ១០០ម៉ែត្រគុណ១១៥ម៉ែត្រ ។
-លោកម៉ារបូ ៖ ១០០ម៉ែត្រគុណ១១៥ម៉ែត្រ ។
ជាន់ទី៣ ៖
-៦០ម៉ែត្រគុណ៦០ម៉ែត្រ (គ្រប់ឯកសារ)។
អំពីប្រវែង
ទទឹងគូទឹកខាងក្រៅ ៖
-លោកប៉ាម៉ង់ជេ ៖ ១៩០ម៉ែត្រ ។
-លោកម៉ាសាល់ ៖ ២០០ម៉ែត្រ ។
-លោកតាប៉ាង ខាត់ ៖ ២០០ម៉ែត្រ ។
-លោកម៉ារ បូ ៖ ២២០ម៉ែត្រ ។
ទីលានដីពីមាត់គូទឹកខាងក្នុងមកកំពែងថ្មបាយក្រៀមពីទិសខាងលិច
៖
-លោកម៉ារបូ ៖ ៣០ម៉ែត្រ ។
បណ្តោយគោបុរៈធំខាងលិច
៖
-លោកគ្រោលីយ៉េ ៖ ២៣៥ម៉ែត្រ ។
-លោកម៉ារបូ ៖ ២៣៥ម៉ែត្រ ។
បណ្តោយផ្លូវក្រាលថ្ម ៖
-លោកម៉ាសាល់ ៖ ៣៥០ម៉ែត្រ ។
-លោកម៉ារបូ ៖ ៣៥០ម៉ែត្រ ។
-ទទឹងទីធ្លាចន្លោះ
ដកស្រង់ពីកោះសន្តិភាព
No comments:
Post a Comment