មុខរបរជាងទងជួបការលំបាកដោយសារបញ្ហាទំនិញឡើងថ្លៃ
ប្រជាពលរដ្ឋអ្នកប្រកបមុខរបរជាងទងផ្នែកចម្លាក់គ្រឿងស្ពាន់នៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា
បានប្រាប់ឲ្យដឹងនៅពេលថ្មីៗនេះថា ដោយសារវត្ថុធាតុដើម និងសម្ភារៈផ្សេងៗទៀតសម្រាប់ការងារជាងទងបានឡើងថ្លៃខ្លាំងយ៉ាងគំហុកនៅក្នុងឆ្នាំនេះ
ជាហេតុធ្វើឲ្យអ្នកមានការងារជាងទងភាគច្រើនបង្ខំចិត្ដបោះបង់មុខរបរនេះចោលជាបណ្តើរៗ
ពីព្រោះផលិតផលដែលគេផលិតបានគឺលក់បានប្រាក់ចំណេញតិចតួចពេកដែលមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅបានឡើយ។
ដោយសារមូលហេតុនេះទើបនៅក្នុងភូមិកោះចិន ឃុំកោះចិន
ស្រុកពញាឮ ខេត្តកណ្ដាល
ដែលជាភូមិមួយកាលពីប៉ុន្មានឆ្នាំមុនគេធ្លាប់តែឮសូរសំឡេងដំឆ្លាក់របស់ជាងទងជាប់មិនដាច់
ដូចជាឆ្លាក់ផ្តិល ជើងពាន តូចធំ និងវត្ថុផ្សេងៗទៀតជាច្រើនមុខនោះ
ក៏ស្រាប់តែមកដល់ពេលនេះនៅក្នុងភូមិកោះចិន ហាក់មានសភាពស្ងាត់ជ្រងំមិនសូវឃើញមានសកម្មភាពដំឆ្លាក់ប៉ុន្មានដែរទេ។
បុរសជាងទងមួយរូបឈ្មោះ ពិន វុឌ្ឍី
ដែលកំពុងអង្គុយដុសខាត់កងដៃធ្វើពីស្ពាន់នៅខាងក្រោមផ្ទះរបស់គាត់នៅភូមិកោះចិន
បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដែលបានចុះផ្ទាល់ដល់ទីនោះថា
អ្នកធ្វើជាងទងផ្នែកឆ្លាក់គ្រឿងស្ពាន់នៅក្នុងភូមិនេះ
គឺនៅសល់ប្រមាណតែ៤ទៅ៥គ្រួសារប៉ុណ្ណោះដោយរួមទាំងគ្រួសាររបស់គាត់ផង
ក្រៅពីនេះគេបានទម្លាក់ការងារជាងទងនោះចោលពីព្រោះតែបានកម្រៃមិនអាចចិញ្ចឹមគ្រួសារបាននោះ
។
បុរសជាងទងរូបនោះបានបន្តថា
សម្រាប់គ្រួសារជាងទងរបស់គាត់ក៏កំពុងតែប្រឈមមុខនឹងការបាត់បង់មុខរបរនេះដែរនៅពេលខាងមុខ
ពីព្រោះវត្ថុធាតុដើមរួមមានទង់ដែងនិងស្ពាន់ជាដើមនោះគឺកំពុងតែបន្តការឡើងថ្លៃខ្ពស់ឥតឈប់ឈរ។
លោក ពិន វុឌ្ឍី បានឲ្យដឹងថា៖ «តម្លៃមុនមួយគីឡូក្រាមវា១៥ដុល្លារអ៊ីចឹង។ ឥឡូវឡើងមួយគីឡូ៣០
ហើយយើងធ្វើបានតាម តម្លៃមុន យើងអត់ចំណេញ
គ្រាន់តែទប់ទល់សេដ្ឋកិច្ចគ្រួសារបាន»។
ស្ត្រីអ្នកជាងទងមួយរូបទៀតបានបញ្ជាក់ប្រាប់ពីបញ្ហានេះដែរថា
ការឡើងថ្លៃវត្ថុធាតុដើមបានធ្វើឲ្យប៉ះពាល់ដល់មុខរបររបស់គាត់ខ្លាំងណាស់ ៖ «រាល់ឆ្នាំមុនៗមកគ្រាន់បានចំណេញខ្លះ
ដល់ពេលឥឡូវហ្នឹងទើបឡើង អត់សូវបានទេ សឹងថាអត់តែម្ដង»។
ក្រៅពីការត្អូញត្អែរប្រាប់របស់ជាងទងនៅភូមិកោះចិន ឃុំកោះចិន
ស្រុកពញាឮ ខេត្តកណ្ដាល អំពីការឡើងថ្លៃទំនិញនិងវត្ថុធាតុដើម មានស្ពាន់
ទង់ដែង
សម្រាប់ផលិតជាគ្រឿងប្រើប្រាស់ផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីចិញ្ចឹមជីវិតនោះ
គេក៏ឃើញមានបញ្ហានេះកើតឡើងដូចគ្នាដែរចំពោះជាងទងមួយចំនួននៅឯភូមិត្រពាំងឈូក
ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។
នៅក្នុងចំណោមជាងទងនៅតំបន់នោះបុរសមួយរូបឈ្មោះ ម៉ិល មេត
បានប្រាប់ឲ្យដឹងថាការផលិតគ្រឿងស្ពាន់របស់គាត់សព្វថ្ងៃនេះ
មានដូចជាផ្តិល មានជើងទម្រ ជើងពានជាដើម គឺលក់មិនបានចំណេញច្រើនទេ
ដែលខុសពីកាលពីប៉ុន្មានឆ្នាំមុនគឺមានការងាយស្រួល
ដោយគ្រាន់តែចំណាយដើមទុនតិចតួចក្នុងផ្តិលមួយប្រមាណតែ៤ម៉ឺនរៀលប៉ុណ្ណោះ
គឺគាត់អាចទទួលបានប្រាក់ចំណេញមកវិញជាងពាក់កណ្ដាល
ដែលជួយផ្គត់ផ្គង់ជីវភាពគ្រួសារគាត់បានធូរធារ។
បុរសដដែលនោះបានបន្តថា មកដល់ពេលនេះគាត់បានដំឡើងថ្លៃផ្តិលដល់ទៅជិត២០ម៉ឺនរៀលហើយក៏នៅតែទប់មិនឈ្នះនឹងការឡើងថ្លៃទំនិញនិងវត្ថុធាតុដើមស្ពាន់ដែរ៖ «អីវ៉ាន់ឡើងពេក ឡើងហួសពីការស្មាន»។
បញ្ជាក់ប្រាប់ពីបញ្ហានេះដែរប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា
លោក ច័ន្ទ សុផល បានមានប្រសាសន៍ថាបញ្ហាទំនិញឡើងថ្លៃ
សព្វថ្ងៃគឺពិតជាធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទតូចតាចដែលមានប្រាក់ចំណូលទាប។
លោកបានបន្តថាចំពោះប្រជាពលរដ្ឋដូចជាជាងទងឆ្លាក់គ្រឿងស្ពាន់នោះជាដើម
លោកមិនដឹងថាតើគេអាចរកចំណូលបានប៉ុន្មានសម្រាប់សេដ្ឋកិច្ចគ្រួសារគេនោះទេ
ប៉ុន្តែបើតាមការយល់ឃើញរបស់លោក
គឺថាសម្រាប់វត្ថុនេះគឺពិតជាពិបាកក្នុងការលក់ដូរ ពីព្រោះមិនមែនជាវត្ថុត្រូវការចាំបាច់ដូចជាម្ហូបអាហារប្រចាំថ្ងៃនោះឡើយ
ដូច្នេះបើមានការឡើងថ្លៃវត្ថុធាតុដើមគឺអ្នកជាងទងនឹងមានស្ថានភាពរស់នៅលំបាកដែលចាំបាច់ត្រូវទាមទារឲ្យមានការជួយពីរាជរដ្ឋាភិបាល
ឬមួយអ្នកភូមិខ្លួនឯងធ្វើការផ្លាស់ប្តូរមុខរបរទើបអាចដោះស្រាយបញ្ហាបានខ្លះ។
ទាក់ទងនឹងការលើកឡើងខាងលើនេះអគ្គលេខាធិការគណៈកម្មការជាតិជំរុញចលនាភូមិមួយ
ផលិតផលមួយ លោក ស៊ុន គន្ធ
បានមានប្រសាសន៍ថាកន្លងមករាជរដ្ឋាភិបាលបានជួយដោះស្រាយដល់ការប្រកបមុខរបរតូចតាចរបស់ប្រជាពលរដ្ឋតាមជនបទដោយមានបង្កើតកម្មវិធី
ភូមិមួយ ផលិតផលមួយ
ដើម្បីជួយឲ្យអ្នកភូមិទាំងនោះដែលផលិតបាននូវផលិតផលរបស់ខ្លួនអាចមានទីផ្សារលក់បានថ្លៃសម្រាប់ផ្គត់ផ្គង់ជីវភាព។
លោកបានបន្តទៀតថាភូមិមួយផលិតផលមួយនោះរួមមានផលិតផលកសិកម្មផ្នែកតម្បាញសូត្រ សិប្បកម្មដូចជាគ្រឿងចម្លាក់ប្រាក់ស្ពាន់។ល។
ហើយរាជរដ្ឋាភិបាលបានជួយជាជំហានដំបូងគឺឲ្យគេដាក់លក់ក្នុងស្រុកមានដូចជាលក់នៅទីផ្សាររាត្រីជាដើម។
លោក ស៊ុន គន្ធ បានមានប្រសាសន៍ថា៖ «ជាច្រើនដងយើងបានផ្សព្វផ្សាយអំពីការផលិតផលិតផលយើងឲ្យបានគុណភាពល្អ
ហើយមានកម្រិតខ្ពស់ដើម្បីលក់ទៅបានថ្លៃ ហើយបានគេទិញច្រើន។
ដូចជាថ្មនៅពោធិ៍សាត់ ធ្វើសិប្បកម្ម ចម្លាក់ប្រាក់
បានណែនាំរបៀបម៉េចៗ។ គេបានសង់ស្តង់មួយ គំរូមួយសម្រាប់នាំភ្ញៀវមកទិញ ។
នៅផ្សាររាត្រីក៏យើងបានណែនាំដែរ
ដាក់ស្តង់មួយដែលសុំឲ្យក្រុមហ៊ុនទារតម្លៃមួយថ្ងៃតែ ៣ ឬ
៥ដុល្លារប៉ុណ្ណោះ សមាជិកភូមិវប្បធម៌មួយ។ ហ្នឹងយើងជំរុញហើយ»។
អគ្គលេខាធិការគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ
បានបញ្ជាក់ទៀតដែរថាមកដល់ពេលនេះកម្មវិធីភូមិមួយផលិតផលនិងបន្តធ្វើទៅមុខទៀត
ហើយទាក់ទងនឹងជាងទងគ្រឿងចម្លាក់ប្រាក់ស្ពាន់នោះ
គឺមន្រ្តីរាជរដ្ឋាភិបាលដែលមានការងារផ្នែកនេះនិងចុះសិក្សាស្រាវជ្រាវបន្ថែមទៀតនៅមូលដ្ឋានណាដែលមិនទាន់បានធ្វើ។
រីឯចំពោះបញ្ហាការឡើងថ្លៃវត្ថុធាតុដើមនោះ លោកបានបញ្ជាក់ថាមិនជាចោទប៉ុន្មានទេកក្ដាសំខាន់
គឺអ្នកផលិតត្រូវខិតខំផលិតរបស់របរនោះឲ្យមានគុណភាពល្អហើយបានច្រើន
ពីព្រោះបើមានគុណភាពល្អនោះគេអាចលក់បានថ្លៃទៅតាមនោះដែរ។
ប្រជាពលរដ្ឋអ្នកប្រកបមុខរបរជាងទងផ្នែកចម្លាក់គ្រឿងស្ពាន់និងប្រាក់
នៅក្នុងខេត្តកណ្ដាលនិងខេត្តតាកែវ
បានបញ្ជាក់ប្រាប់ដែរថាផលិតផលរបស់គេជាទូទៅភាគច្រើនគេបានធ្វើការសម្រិតសម្រាំងស្នាដៃដែរ
ប៉ុន្តែអ្នកទិញច្រើនតែចង់បានតម្លៃថោក
ឯវត្ថុធាតុដើមដែលគេទិញមកឡើងថ្លៃជាបន្តបន្ទាប់ឥតឈប់។
ប្រជាពលរដ្ឋទាំងនោះបានបន្ថែមថា គេចង់ឲ្យរាជរដ្ឋាភិបាលជួយធ្វើយ៉ាងណាជួយឲ្យទំនិញទីផ្សារចុះថ្លៃ
មានដូចជាគ្រឿស្ពាន់ ប្រាក់ ឬក៏ឧស ប្រេងសាំងជាដើម
បើមិនដូច្នោះពួកគាត់ជឿជាក់ថា
មុខរបរជាងទងចម្លាក់ស្ពាន់នៅក្នុងខេត្តទាំងពីរនេះប្រាកដជាឈានទៅរកការបាត់បង់នៅពេលដ៏ខ្លីខាងមុខ
ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គេ ពីព្រោះតែការផលិតមិនបានប្រាក់ចំណេញ៕
ប្រភព៖ RFA
សូមពន្យល់ពាក្យដែលមានគូសបន្ទាត់ពីក្រោម។
No comments:
Post a Comment