រឿង សុភា​ទន្សាយ


         ដំណាលពីរឿងទន្សាយ កាលដែលរត់ពីអណ្ដូងទៅនោះ ទៅឈប់ជិតភូមិមួយ មានយាយចាស់ម្នាក់ទូលចេកទៅលក់ ទន្សាយនោះឃើញគិតថា ឥឡូវអញអស់កម្លាំងម៉េ្លះ ធ្វើម្ដេចនឹងបានចេកនោះស៊ី មានតែធ្វើជាស្លាប់គិតហើយលូនទៅដេកនៅផ្លូវ។ ឯយាយចាស់នោះទូលចេកដើរមកដល់ ឃើញទន្សាយគិតស្មានថាជាស្លាប់មែន ហើយលាន់មាត់ថា អះអញមកលក់ចេកថ្ងៃនេះ ហៅពេញជាមានលាភសុន្ទរពន់ពេកណាស់ អញនឹងយកអាទន្សាយនេះ ទៅស្លស៊ីបានម្ដងហើយក៏លើកទន្សាយនោះដាក់ក្នុងល្អីដើរទៅ។ ឯទន្សាយកាលបើយាយចាស់ដាក់ទៅលើល្អីចេកហើយក៏បកស៊ីៗ។ លុះយាយចាស់នោះដល់ទៅផ្ទះគេៗហៅទិញចេក គាត់ដាក់កញ្ជើចេកពីលើក្បាលមក ទន្សាយវាលោតបោលទៅ មើលទៅ ទៅចេកនៅសល់តែសំបក។ យាយចាស់នោះថា ម៉ែអាទន្សាយនេះវារស់ទេតើ អញស្មានថា វាងាប់។ ចេកនោះ ក៏អស់ខានលក់ ទន្សាយនោះក៏វាបោលរួចទៅ។
         ឯទន្សាយ កាលបោលពីភូមិនោះចូលទៅក្នុងព្រៃ ចុះទៅក្នុងត្រពាំងមួយប្រុងនឹងផឹកទឹក។ កាលនោះ មានខ្យងក្នុងត្រពាំងនោះវាឃាត់ថា អាទន្សាយឯងម្ដេចក៏មកផឹកទឹក អញ។ ទន្សាយឆ្លើយថា ថ្វី! បើអញផឹកទឹកផង ទឹកម៉ែឪអាណា?”។ ខ្យងថា អើទឹកផង អញ!។ ទន្សាយឆ្លើយថា បើច្នោះឯងបោលភ្នាល់នឹងអញ អញបោលលើគោក ឯងហែលក្នុងទឹក បើឯងហែលលឿនជាងអញ ៗ ខានផឹកទឹកត្រពាំងនេះ បើអញបោលលឿនជាងឯង អញផឹកទឹកត្រពាំងនេះ។ ខ្យងក៏ព្រមភ្នាល់ ទើបខ្យងវាគិតគ្នាវាថា យើងបណ្ដាក់គ្នា ឲ្យជុំវិញមាត់ត្រពាំងនេះ បើទន្សាយវាស្រែកហៅ កុំឲ្យអ្នកឯក្រោយឆ្លើយឡើយ ឲ្យអ្នកណាដែលនៅឯមុខនោះឆ្លើយឡើង។ គិតគ្នារួចស្រេចហើយស្រែកប្រាប់ទៅទន្សាយថា ទន្សាយពោលទៅចុះ!។ ទន្សាយបោលទៅៗ ស្រែកហៅទៅខ្យងៗឯមុខឆ្លើយថា កូ៎ក!។ ទន្សាយថា ម៉ែ! អានេះហែលលឿនទៅឆ្ងាយណាស់។ ទន្សាយបោលទៅទៀត ហើយហៅទៀត ខ្យងមុខនោះឆ្លើយឡើងទៀត បោលពុំចេះទាន់ឡើយ។ ទន្សាយទទួលចាញ់ប្រាជ្ញាខ្យង ពុំហ៊ានផឹកទឹកត្រពាំងបឹងបួឯណា៎ឡើយ ផឹកតែទឹកសន្សើមតាំងពីនោះមក។ 
         ឯទន្សាយបោលពីនោះទៅទៀត គិតនឹងឆ្លងត្រើយម្ខាង ពុំដឹងគិតធ្វើដូចម្ដេចនឹងឆ្លងទៅបាន។ កាលនោះ មានក្រពើមួយហែលចុះហែលឡើង។ ទន្សាយឃើញហើយគិតថា អញធ្វើដូចម្ដេច នឹងបានអាក្រពើនេះចម្លងអញទៅដាក់ត្រើយនាយ?” គិតហើយធ្វើជាសួរថា បងក្រពើ! បងឯងកើតអ្វីបានជាគគ្រាតអស់ទាំងខ្លួន?”។ ក្រពើនោះប្រាប់ទៅវិញថា គេហៅកើតស្រែង។ ទន្សាយថា បងឯងចម្លងអញឲ្យតែដល់ត្រើយនាយចុះ អញនឹងមើលស្រែងបងឯងឲ្យជា។ ឯក្រពើឮគេថានឹងមើលស្រែងឲ្យជាដូច្នោះ ក៏អរណាស់ឡើងមកបង្កើលខ្លួនលើគោក ហើយថា អញចម្លងអ្នកឯងទៅ អ្នកឯងមើលស្រែងអញឲ្យជាចុះ។ ទន្សាយថា អើ! កុំភ័យ។ ទន្សាយវាខ្ពើមខ្លួនក្រពើ វាកាច់ស្លឹកឈើទ្រាប់អង្គុយ។ ក្រពើសួរថា ចាំទ្រាប់ស្លឹកឈើធ្វើអ្វី?”។ ទន្សាយថា បងឯងមានគុណនឹងខ្ញុំក្រែងវាបាបខ្ញុំ។ ហើយទន្សាយឡើងជិះលើក្បាលក្រពើនោះ។ ឯក្រពើជឿស្មោះ ចំពោះថាជាត្រង់ពិតមែន ខំហែលចម្លងបានដល់ទៅត្រើយនាយ។ ទន្សាយចុះពីលើក្បាលក្រពើ បោលឡើងទៅលើគោក ហើយស្រែកថា ស្រែងអាឯង កើតតាំងពីជីដូនជីតាអាឯងមកអាណាមើលជា។ ក្រពើខឹងណាស់ គិតថា អាទន្សាយនេះ វាបញ្ឆោតអញដល់ខ្នាតហើយ ពុំដឹងធ្វើដូចម្ដេចនឹងខាំវាបានគិតហើយធ្វើដូចគល់អណ្ដែតទឹករសាត់ចុះឡើង។ ទន្សាយនោះ វាបោលទៅបោលមក ឃើញឯក្របីមួយងាប់នៅមាត់ត្រពាំង ត្មាតវារូងពោះក្របីនោះ ទន្សាយវាក៏ទៅចូលលេង ដល់ត្រូវថ្ងៃក្ដៅគូទក្របីនោះវាខ្ជឹបជិត ទន្សាយចេញវិញពុំរួច វិលវល់នៅក្នុងពោះក្របីនោះ ទាល់តែល្ងាច។ លុះល្ងាច មានមនុស្សមកដងទឹក ទន្សាយថា ឱអស់អ្នកស្រុកអាណិតដងទឹកមកស្រោចគូទក្របីនេះឲ្យទានផង មេត្តាប្រោសយកតែបុណ្យទៅចុះ លោកបានបុណ្យច្រើនណាស់។ អ្នកដងទឹកគេឮច្រើនដង ក៏ដងទឹកទៅស្រោចគូទក្របីនោះក៏រីកឡើង។ ទន្សាយវាចេញមកខាងក្រៅ រួចហើយវាបោលទៅវាស្រែកថា គ្មានបានគុណប្រយោជន៍អ្វីទេ អញបញ្ឆោតឲ្យតែរួចខ្លួនអញទេ។ ទន្សាយវាបោលទៅទៀត ឃើញក្រពើបណ្ដែតខ្លួន ក៏មន្ទិលក្នុងចិត្តថា នេះជាក្រពើ ឬមួយជាគល់ទេអេះ?”។ ទន្សាយគិតដូច្នោះហើយ ទើបស្រែកទៅថា បើជាក្រពើទេ ឲ្យអណ្ដែតបណ្ដោយទឹក បើជាគល់ឲ្យអណ្ដែតច្រាស់ទឹកឡើងទៅវិញ។ ឯក្រពើ ឮគេថាដូច្នោះហើយ គិតថា អញថាធ្វើជាគល់ ឥឡូវគេថា បើគល់ឲ្យអណ្ដែតច្រាសទឹក បើដូច្នេះអញធ្វើជាអណ្ដែតច្រាសទឹកទៅវិញចុះគិតហើយក៏ហែលច្រាសទឹកទៅវិញ។ ទន្សាយឃើញហើយថា យី!មើលន៎! អាក្រពើ អាឯងមកបញ្ឆោត អញ កុំអាបញ្ឆោតមិនបានទេ។ ក្រពើឮហើយគិតថា អញចាញ់ប្រាជ្ញាទន្សាយទៀតហើយទើបគិតទៀតថា បើដូច្នេះ អញឡើងលើគោក ធ្វើជាងាប់វិញទើបស្រួលគិតដូច្នោះហើយ ក៏ឡើងទៅដេកលើគោក ហាមាត់ដូចជាងាប់។ ឯទន្សាយ ដើរទៅដើរមក ឃើញក្រពើដេកដូច្នោះ គិតថា អានេះងាប់ហើយតើ។ រួចដើរចូលទៅមាត់ក្រពើនោះ ហើយក៏អង្អែលចង្កូមលេងថា អើចង្កូមធំនេះ ធ្វើដងកាំបិតស្នៀតអញ ចង្កូមតូចនោះធ្វើដងកាំបិតស្លា ឲ្យប្រពន្ធ អញវាកាត់គាត។ កុំពុងតែរៀបរាប់ ក្រពើត្របាក់ឃ្លុប។ ទន្សាយបោលប្លូចចូលទៅក្នុងពោះ ហើយស្រែកថា ឱ! ជាណាស់ហើយនេះ អញកំពុងតែចង់ស៊ីពោះវៀនបត់ចន្ទាសផង ឥឡូវបានមកដល់ក្នុងពោះហើយ អញស្រាវពោះវៀនបត់ចន្ទាសអាឯងស៊ីឲ្យអស់ថាហើយក៏ផ្ទាត់ក្រចកឮប្រែះៗ។ ឯក្រពើឮហើយភ័យណាស់ អង្វរថា បងទន្សាយ អាណិតចេញទៅចុះ! ខ្ញុំមិនហ៊ានខាំបងឯងទេ។ ទន្សាយថា អើ! បើអាឯងអង្វរអញៗ អាណិតអញលែងអាឯង។ ក្រពើហាមាត់ឡើងហើយ ទន្សាយនោះបោលចេញទៅ។
         ទន្សាយបោលទៅៗ ឃើញអង្គត់ឈើមួយនៅមាត់ត្រពាំង ឡើងទៅអង្គុយលើដង្គត់ឈើនោះ។ ដល់ថ្ងៃក្ដៅឡើង ជ័រឈើរលាយជាប់ឯគូទទន្សាយនៅដង្គត់ឈើទៅ។ ជូនមានកូនដំរីមួយមកផឹកទឹកត្រពាំងនោះ។ ទន្សាយឃើញហើយថា យើឯង! ម្ដេចក៏មកផឹកទឹកអញ? ទេវតាលោកឲ្យអញចាំនៅនេះ។ កូនដំរីភ័យណាស់ក៏បោលទៅប្រាប់មេ មេឮកូនប្រាប់ដូច្នោះ ខឹងណាស់មករកទន្សាយសួរថា អាទន្សាយ ឯងម្ដេចក៏មិនឲ្យកូនអញ ផឹកទឹក?”។ ទន្សាយថា អើអញមិនឲ្យផឹក ត្បិតទេពតាលោកឲ្យអញចាំ។ មេដំរីនោះខឹងណាស់បួងកន្ត្រាក់ឯទន្សាយនោះចោលទៅ។ ទន្សាយអរណាស់ ត្បិតបានរួចខ្លួន ពីជ័រឈើនោះ បោលពីនោះទៅចូលក្នុងចម្ការតាចាស់ម្នាក់។ ឯតាចាស់នោះ គាត់ដាំត្រសក់ពេញតែចម្ការ។ ទន្សាយនោះ លួចត្រសក់គាត់ស៊ីតែសព្វថ្ងៃ។ តាចាស់ខឹងណាស់ គិតធ្វើអន្ទាក់ដាក់។ ដល់យប់មួយនោះ ទន្សាយទៅស៊ី ត្រូវអន្ទាក់តាចាស់។ ទន្សាយភ័យណាស់ ក្រែងតាចាស់មកទាន់។ ពេលនោះ មានគីង្គក់មួយលោតចុះលោតឡើង។ ទន្សាយឃើញហើយអរណាស់ ក៏ធ្វើជាសួរថា អើបងគីង្គក់!បងឯងកើតអ្វី?។ គីង្គក់ប្រាប់ទៅវិញថា ខ្ញុំកើតស្រែង។ ទន្សាយនិយាយថា ឱអ្នកបង! បងឯងដោះអន្ទាក់ឲ្យខ្ញុំៗនឹងធានាមើលស្រែង បងឯងឲ្យជា កុំឲ្យបងឯងព្រួយចិត្ត។ គីង្គក់ឮទន្សាយថា មើលស្រែងឲ្យជាក៏អរណាស់ ខំដោះអន្ទាក់ឲ្យទាល់តែរួច។ ឯទន្សាយបានរួចពីអន្ទាក់ហើយ ក៏និយាយថា ស្រែងពីជីដូនជីតាអាមកអាណាមើលជា។ គីង្គក់ខឹងណាស់ ខំលោតដេញតាមទន្សាយក៏មិនបានទាន់ឡើយ។
         ពីនេះនឹងនិយាយពីតាចាស់ គាត់ភ្ញាក់ឡើងពីព្រឹក រៀបវេចស្លាម្លូរួចហើយ ក៏ដើរជាប្រញាប់ ទៅរកមើលចម្ការត្រសក់គាត់ ហើយចូលទៅមើលឃើញស្នាមដែលត្រូវទន្សាយរួចទៅនោះ។ តាចាស់ស្ដាយណាស់ គក់ទ្រូងគក់ស្មាថា អញខានស្លសាច់ទន្សាយសោះ។ គាត់ក៏រៀបដាក់ជាថ្មី ដល់យប់ឯក្រោយទៀត ទន្សាយនឹកភ្នកចង់ស៊ីត្រសក់ ក៏បោលចូលទៅក្នុងចម្ការ ភ្លេចនឹកអំពីអន្ទាក់ ដោយសារឃ្លានចង់ស៊ីត្រសក់ ទៅជាន់លើអន្ទាក់ជាប់ឯជើង ទន្សាយភ័យណាស់ មិនដឹងគិតធ្វើដូចម្ដេច នឹងបានរួចពីអន្ទាក់។ ឯសត្វគីង្គក់ ឃើញទន្សាយជាប់អន្ទាក់ក៏អរណាស់ លោតឡើងទះដៃផ្ដន្ទាថា ឯងធ្លាប់តែបញ្ឆោតអញ ឥឡូវនេះមកជាប់អន្ទាក់ក្រញោនធ្វើមុខភ្លឹះៗ ដូចជាមុខខ្មោច នរណានឹងជួយឯងទៀត។ ឯទន្សាយ ឮគីង្គក់ផ្ទាន់ផ្ទាន់ផ្ចាញ់ផ្ទល់ នឹកខឹងក្នុងចិត្តណាស់ ប៉ុន្តែជាសត្វមានប្រាជ្ញា ធ្វើជាមិនខឹង និយាយលួងលោមគីង្គក់ថា ពីមុនខ្ញុំបញ្ឆោតបងឯង ពីព្រោះខ្ញុំទាល់ចំណេះ មិនចេះថ្នាំមើលស្រែងបងឯង ម្ដងនេះ ខ្ញុំនិយាយប្រាកដប្រជាមែនទែន ត្បិតខ្ញុំឃើញកូនក្រមុំគេល្អណាស់មុខកំប្លង់ៗ ថ្ពាល់បំផូរដូចផ្កាកុលាប ខ្ញុំនឹងទៅដណ្ដឹងឲ្យបងឯងៗ កុំព្រួយចិត្ត ត្បិតខ្ញុំបាននិយាយម្ដងរួចហើយ គេថានឹងឲ្យជាប្រពន្ធបងឯង។ បងឯងជួយដោះខ្ញុំឲ្យរួចចេញពីអន្ទាក់ម្ដងនេះ ខ្ញុំទៅដណ្ដឹងឲ្យកុំព្រួយចិត្ត។ គីង្គក់ ហេតុតែជាសត្វឆ្កួតនឹងស្រី បានឮទន្សាយនិយាយពីកូនក្រមុំគេដូច្នោះ អរណាស់អត់មិនបាន ញញឹមញញែមកន្លេះកន្លោញចង់បានកូនក្រមុំគេ ហើយនិយាយថា បងទន្សាយឯងនិយាយឲ្យមែនទែន កុំបញ្ឆោតខ្ញុំដូចពីមុនទៀត។ ទន្សាយឆ្លើយថា ទេ! បញ្ឆោតអីច្រើនដងម្ល៉េះ ពីមុនវាទាល់ចំណេះខ្ញុំទេ បានជាខ្ញុំកុហក ម្ដងនេះងាយទេ ត្បិតនៅស្រុកអង្គរមានកូនក្រមុំច្រើនណាស់ ទោះបីខ្ញុំមិនទៅ បងឯងទៅដណ្ដឹងខ្លួនឯងក៏គេឲ្យដែរ ត្បិតឥឡូវក្រមុំថោកណាស់ ក្រមុំដប់មួយស្លឹង (បានជាមានពាក្យគេច្រៀងជាប់ដល់សព្វថ្ងៃថា ក្រមុំដប់មួយស្លឹងដោយសារឃើញគីង្គក់ហែលទឹកទៅយកប្រពន្ធស្រុកអង្គរ)។ គីង្គក់ ក៏ដោះអន្ទាក់ឲ្យទន្សាយទៀត។ ទន្សាយបានរួចពីអន្ទាក់ហើយ ក៏ស្ទុះលោតផ្លោត បោលទៅ ហើយថា គីង្គក់ឯង ស្រែងគគ្រាតណាស់ នរណាគេនឹងឲ្យកូនក្រមុំគេ អញបញ្ឆោតឯងទេ”។ ឯគីង្គក់ឮទន្សាយថាដូច្នោះ ខឹងណាស់ ចង់តែបោកខ្លួនឲ្យស្លាប់នឹងភ្លឺស្រែ ប៉ុន្តែ មកគិតមានៈក្នុងចិត្តចង់បានកូនក្រមុំស្រុកអង្គរហើយក៏ទៅសួរ ជួបបឹងសត្វកំពូលអាចម៍ៗសួរថា បងគីង្គក់ទៅណា?”។ គីង្គក់ប្រាប់ថា ខ្ញុំទៅរកប្រពន្ធស្រុកអង្គរ។ សត្វកំពូលអាចម៍ថា បងឯងទៅដល់ឬ? ថ្មើរនេះទៅហើយ!។ គីង្គក់នោះ ហេតុតែចង់បានប្រពន្ធពេក ក៏ប្រាប់ទៅកំពូលអាចម៍ថា ខ្ញុំទៅហើយ ខ្ញុំត្រឡប់មកស៊ីបាយព្រឹកវិញ។ គីង្គក់ឃើញកំពូលអាចម៍ធ្វើងូងៗ ក៏សួរថា បងឯងធ្វើអ្វី?”។ កំពូលអាចម៍ប្រាប់ថា ខ្ញុំក្រឡឹងដុំរទេះ។ គីង្គក់សួរថា ឯងធ្វើដុំរទេះអ្វីខ្លីដល់ម្ល៉េះ?”។ កំពូលអាចម៍ឆ្លើយថា មិនខ្លីទេ ខ្ញុំគិតនឹងកាត់ឲ្យបានជាពីរកំណាត់ផង ឲ្យគ្រប់មួយសម្រាប់តែម្ដង។ (បានជាកំពូលអាចម៍ថាដូច្នេះនេះ ឲ្យទាន់ប្រាជ្ញាដែលគីង្គក់និយាយជំហរថា ត្រឡប់មកស៊ីបាយព្រឹកវិញ”)។ គីង្គក់ ក៏ហែលទឹកពីស្រុកទន្លេធំ គិតទៅយកប្រពន្ធពីស្រុកអង្គរ បើជួបនឹងសត្វឯណាគេសួរ សុទ្ធតែប្រាប់គេថា ទៅយកប្រពន្ធឯស្រុកអង្គរលុះជួបនឹងត្រីទីពោ វាក៏ត្របាក់ស៊ីលេបទៅ។ តអំពីនេះ នឹងនិយាយអំពីទន្សាយ កាលរួចពីអន្ទាក់តាចាស់នោះហើយ ក៏បោលទៅពូននឹងគុម្ពរពាក់មួយ។ ពេលនោះ មានខ្លាមួយ មកឃើញទន្សាយពួននៅគុម្ពរពាក់នោះ វាក៏លបមកចង់ខាំទន្សាយស៊ី។ ឯទន្សាយ ដឹងថាខ្លាលបចង់ខាំស៊ីខ្លួនហើយ ធ្វើជាគ្រហែមថា អ៊ែម! អញស៊ីដំរីប្រាំមិនស្កាំផ្ទៃ ស៊ីត្រប់ខារប៉ុនមេដៃ ស្អាបំពង់កទល់ល្ងាច ធ្វើម្ដេចបានថ្លើមខ្លាមកស៊ី សោះវាស្អាបំពង់ក។ ខ្លាឮទន្សាយថាដូច្នោះ ក៏គិតខ្លាចមិនហ៊ានខាំ ហើយទៅរកបបួលស្វា លុះទៅជួបនឹងស្វាហើយ និយាយប្រាប់ស្វាថា អាដែងសត្វអីតូចមួយ វាថាស៊ីដំរីប្រាំមិនស្កាំផ្ទៃ ស៊ីគ្រប់ខារប៉ុនមេដៃស្អា-កទល់ល្ងាច ធ្វើម្ដេចនឹងបានថ្លើមខ្លាស៊ី កុំឲ្យស្អាក ខ្ញុំឮដូច្នោះហើយ ខ្ញុំភ័យខ្លាចណាស់។ ស្វាឮខ្លានិយាយប្រាប់ដូច្នោះហើយ ក៏សួរទៅវិញថា សត្វនោះប៉ុនណា រូបវាដូចម្ដេច?”។ ខ្លាប្រាប់ទៅស្វាថា សត្វនោះតូចប៉ុនកដៃខ្ញុំ ហើយមានស្លឹកត្រចៀកវែង កន្ទុយខ្លី។ ស្វាឆ្លើយថា ឱ!នេះ គេហៅសត្វទន្សាយ អានេះវាជំហរណាស់ បងឯងកុំខ្លាចវា។ ឯខ្លាឮស្វាថាដូច្នោះហើយថា ទេ! បងស្វា ខ្ញុំឃើញកម្ទេចភ្លុកដែលវាស៊ីដំរីសល់នៅនោះ មានពាសពេញប្របខ្លួនវា។ ឯស្វាថា ទេ មិនមែនទេ! បងខ្លាឯងទៅនឹងខ្ញុំៗ ជូនបងឯងទៅមើលឲ្យច្បាស់មែនទែន។ ខ្លាប្រកែកថា ទេខ្ញុំខ្លាចវាណាស់ វាថាចង់ស៊ីថ្លើមខ្ញុំ បើបងឯងជូនខ្ញុំទៅ បើវាដេញខាំខ្ញុំ ហើយបងឯងរត់ឡើងដើមឈើបាត់ទៅ វានឹងខាំខ្ញុំយកទៅស៊ីឥតអំពើ។ ស្វាថា ឱ! បងឯងឆោតអីដល់ម្ល៉េះ! បើបងឯងមិនជឿខ្ញុំ បងឯងយកវល្លិមកចងចង្កេះខ្ញុំ ភ្ជាប់នឹងបងឯង ឲ្យជាប់ទាំងពីរនាក់ហើយសឹមទៅ។ ខ្លាឮស្វាថាដូច្នោះ ក៏បោចវល្លិមកចងចង្កេះទាំងពីរនាក់ជាប់ ហើយបបួលគ្នាដើរទៅ។ ឯទន្សាយកាលដែលខ្លាទៅវិញ ក៏ទៅអង្គុយលើដំបូក ១ប្របទីនោះ។ លុះទន្សាយក្រឡេកមើលទៅឃើញខ្លានិងស្វាចងចង្កេះជាប់គ្នា ហើយដើរចូលមកដូច្នោះ ក៏អើតឡើងគ្រហែមថា អ៊ែមៗ! អាស្វាក្រញាំ ជំពាក់បំណុលអញ២-៣ឆ្នាំ យកឯអាខ្លាកញ្ចាស់សំគមមកឲ្យអញ។ ខ្លាឮទន្សាយថា ស្វាយកខ្លួនមកផាត់បំណុលឲ្យវាដូច្នោះ ក៏ភ័យណាស់ ស្ទុះបោលដូចគេកន្ទ្រាក់ស្វាដួលផ្កាប់ផ្ងារហាមាត់ នឹងស្ដីក៏មិនរួច ខ្លាប្រឹងតែបោលដូចជាគេបោកស្វាទៅលើដង្គត់ឈើស្លាប់មាត់ស្ញេញ ហើយខ្លាបោលទៅឆ្ងាយ បែរមើលមកក្រោយឃើញមាត់ស្វាស្ញេញដូច្នោះ គិតស្មានថាជាស្វាសើច ក៏ខំប្រឹងកន្ទ្រាក់ ទាញផ្ដាច់ខ្សែចំណងចេញពីរចង្កេះ ហើយបោលតែម្នាក់ឯងទៅ។ ឯទន្សាយ លុះដល់ព្រលប់យប់ងងឹត គិតចង់ស៊ីស្រូវសំណាបល្បាស់ខ្ចី ហើយទៅជិតស្រុកគេ ឃើញសំណាបលាស់ខៀវខ្ចី ក៏ស្ទុះលោតចូលទៅស៊ីស្រូវសំណាបឆ្អែត ហើយចូលទៅពួនក្នុងព្រៃវិញ។ ព្រឹកឡើងម្ចាស់សំណាបមកមើល ឃើញស្នាមទន្សាយស៊ីសំណាបខូចអស់។ លុះយប់ ទន្សាយចេញមករកស៊ីសំណាបទៀត ក៏ត្រូវអន្ទាក់ដែលដាក់នោះ។ ទន្សាយជាប់អន្ទាក់ហើយ ភ័យណាស់ មិនដឹងគិតទៅអង្វរអ្នកឯណាឲ្យមកជួយដោះ ហើយគិតធ្វើពុតជាងាប់រឹងស្ដូក។ លុះព្រឹកឡើងម្ចាស់អន្ទាក់ ភ្ញាក់ពីព្រលឹម ក្រោកជាប្រញាប់ រៀបខ្លួនប្រាណដើរទៅមើលអន្ទាក់ ឃើញទន្សាយ ជាប់អន្ទាក់ងាប់រឹងស្ដូក។ ម្ចាស់អន្ទាក់អរណាស់ ចូលទៅដោះទន្សាយនោះ ហើយរៀបដាក់អន្ទាក់នោះទៅវិញ។ ទន្សាយដឹងថាគេដាក់ខ្លួននៅដីហើយ ក៏ស្ទុះចូលទៅព្រៃបាត់ទៅ។ ម្ចាស់អន្ទាក់ មើលទៅឃើញទន្សាយបោលចូលទៅក្នុងព្រៃ ទើបភ្ញាក់ខ្លួន ហើយក្រោកឡើងគក់ទ្រូងថា ឱអាចោរទន្សាយពុតខូច រស់ទេតើ! អញស្មានថាវាងាប់ ឥឡូវវាបោលទៅក្នុងព្រៃព្រងើយ អើ! អត់ឲ្យម្ដង ថ្ងៃក្រោយគង់តែវាភ្លេចត្រចៀក មកត្រូវអន្ទាក់អញទៀតមិនខានទេ។ លុះពីរបីថ្ងៃក្រោយមកទន្សាយនឹកចង់ ស៊ីស្រូវសំណាបទៀត ហើយបោលចូលទៅក្នុងស្រែ ភ្លេចគិតពីអន្ទាក់នោះ អាល័យតែនឹកចង់ស៊ីសំណាប ក៏ទៅជាប់អន្ទាក់នោះទៀត។ ទន្សាយលុះជាប់អន្ទាក់ហើយ ភិតភ័យណាស់ មិនដឹងបើនឹងគិតធ្វើម្ដេចឲ្យរួច ទាល់ប្រាជ្ញធ្វើមុខស្រមេះ។ លុះព្រឹកឡើង ម្ចាស់អន្ទាក់ មកឃើញទន្សាយជាប់អន្ទាក់ អរណាស់ស្ទុះម្នីម្នា ចូលទៅដោះទន្សាយចេញពីអន្ទាក់ ហើយថា ឯងធ្លាប់តែមានពុតធ្វើជាងាប់ ម្ដងនេះ ឯងធ្វើម្ដេចក៏អញមិនលែងអាឯងទៀតដែរ, អញទុកឯងគ្រាន់តែនឹងមើលមុខ ត្បិតឯងមានពុតចេះធ្វើងាប់ហើយយកទន្សាយទៅផ្ទះ។ លុះដល់ផ្ទះហើយ ក៏យកអង្រុតក្រុងទន្សាយជាប់។ ជួនជាព្រឹកនោះ អ្នកនោះបានត្រីរស់មួយផង យកមកប្រោះទុកក្នុងថ្លាងដាក់ប្របគ្នានឹងទន្សាយ ហើយនឹកភ្នកឡើងថា លោកសង្ឃនៅវត្ត នេះចាប់យាមពូកែ ទាយឆុតណាស់, បើដូច្នោះ អញនឹងទៅល្បងឲ្យលោកចាប់យាមមើល ជាឆុតមែនឬដូចម្ដេច?” ហើយអ្នកនោះផ្ដាំប្រពន្ធថា ឯងមើលទន្សាយនិងត្រីផង ក្រែងវារួចហើយដើរចូលទៅក្នុងវត្ត ឡើងទៅលើកុដិ ក្រាបថ្វាយបង្គំលោក ពិតពុទ្ធដីកាថា ខ្ញុំព្រះករុណា ឮល្បីថាលោកគ្រូចេះចាប់យាមឆុតណាស់។ ឯលោកមានពុទ្ធដីកាថា ចេះមែន ប៉ុន្តែឆុត មិនឆុតមិនហ៊ានអួតទេ។ អ្នកនោះឆ្លើយឡើងថា សូមមេត្តាប្រោសទាយឲ្យខ្ញុំករុណាបន្តិច ក្នុងវេលាព្រឹកនេះឯង តើខ្ញុំព្រះករុណានឹងមានលាភអ្វីទទួលបាន?”។ លោកនោះឆ្លើយឡើងថា ទេ! អាចក្ដីមិនហ៊ានទាយទេ!។ អ្នកនោះថា សូមមេត្តាប្រោស ទាយឲ្យទានបន្តិច, ខ្ញុំករុណាចង់ដឹងថានឹងបានអ្វីទទួលទានក្នុងវេលាព្រឹកនេះ។ លោកសង្គ្រាជឆ្លើយឡើងថា ទេ! ក្រែងញោមអន់ចិត្ត។ អ្នកនោះគិតក្នុងចិត្តថា បើលោកនេះទាយត្រូវ អញឲ្យសាច់ទន្សាយនិងត្រីរ៉ស់ឆាន់, បើលោកទាយមិនត្រូវទេ អញមិនឲ្យឆាន់សោះ, អញស៊ីតែពីរនាក់នឹងប្រពន្ធអញ នឹកតែក្នុងចិត្តហើយពិតពុទ្ធដីកាលោកថា ទេ! ខ្ញុំករុណាមិនអន់ចិត្តទេ។ លោកក៏យកតម្រាមកមើល ហើយទាយថា ញោមគ្មានលាភអ្វីទេ!។ អ្នកនោះលាលោកត្រឡប់មកផ្ទះវិញ ហើយនឹកថា លោកនេះចាប់យាមមិនឆុតទេ អញគិតស្មានក្រែងលោកទាយត្រូវ នឹងប្រគេនសម្លលោកឆាន់, ឥឡូវនេះ លោកទាយមិនត្រូវ ដូច្នេះអញស៊ីតែពីរនាក់នឹងប្រពន្ធអញគិតដូច្នេះហើយ ដើរមកដល់ផ្ទះ បង្គាប់ប្រពន្ធឲ្យដណ្ដាំបាយ។ 

    ឯទន្សាយនឹងត្រីរស់គិតគ្នាថា បងត្រីឯងធ្វើជាងាប់ផ្ងារពោះ បើគេមកចាប់ បងឯងទៅកាប់ស្លស៊ី ហើយគេដាក់បងឯងនៅប្របទឹក បងឯងលោតចុះហែលបន្តិចទៅ រួចធ្វើជាផ្ងារពោះទៀត ឲ្យគេយកអង្រុត ដែលគេគ្របខ្ញុំទៅរុតចាប់បងឯង បងឯងឃើញគេយកអង្រុតទៅ សឹមបងឯងស្ទុះហែលឲ្យបាត់ទៅ។ ឯជនទាំងពីរនាក់ប្ដីប្រពន្ធ លុះប្រពន្ធដណ្ដាំបាយឆ្អិនហើយ ប្ដីយកត្រីទៅស្រកានៅប្របមាត់ត្រពាំងនៅមុខផ្ទះ។ ត្រីធ្វើជាងាប់ផ្ងារពោះរឹងស្ដូកមិនកម្រើកខ្លួនសោះ។ បុរសនោះគិតស្មានថាជាងាប់ ចាប់យកត្រីទៅដាក់ប្របមាត់ទឹក ត្រីក៏ស្ទុះប្លោតលោតចុះទៅក្នុងទឹក ធ្វើតាមពាក្យទន្សាយផ្ដាំសព្វគ្រប់។ ឯបុរសនោះ លុះឃើញត្រីលោតចូលទៅក្នុងទឹកហែលផែលៗដូច្នោះ ក៏លោតទៅចាប់។ ត្រីស្ទុះទៅទៀត ហើយធ្វើជាផ្ងារពោះ ផែលៗ ដូច្នេះពីរបីដង អ្នកនោះចាប់មិនបាន ស្រែកហៅប្រពន្ធឲ្យយកអង្រុតទៅជាប្រញាប់។ ប្រពន្ធ មិនបានជាគិតដល់ទន្សាយ ក៏ស្ទុះកញ្ឆក់យកអង្រុតទៅឲ្យប្ដីរុតត្រីក្នុងត្រពាំង ទាំងពីរនាក់ប្ដីនឹងប្រពន្ធទទឹកសំពត់អាវអស់។ ត្រីឃើញអង្រុតក៏ស្ទុះហែលទៅក្នុងទឹកជ្រៅបាត់ទៅ។ បុរសប្ដីប្រពន្ធ ខឹងណាស់ ខំរុតរកត្រីពុំឃើញសោះ រងាណាស់ទ្រាំមិនបាន ពីព្រោះត្រូវរដូវខ្យល់ពីឯជើង ហើយព្រឹកព្រហាមផង ញ័រទាំងដៃជើងរណ្ដំទាំងធ្មេញ។ ទាំងពីរនាក់ប្ដីប្រពន្ធ រត់ឡើងមកអាំងភ្លើងជើងក្រាន ដែលដណ្ដាំបាយនោះ អង្គុយច្រហោងទាំងពីរនាក់ទល់មុខគ្នា ក៏នឹកឃើញទំនាយដែលលោកសង្គ្រាជចាប់យាមថា គ្មានលាភអ្វីទេត្រូវតាមលោកចាប់យាមឲ្យនោះមែន។ អ្នកនោះ ក៏ជឿលោកគ្រូនោះថា ចាប់យាម ឆុតពូកែ មែន


ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច។

* ប្រជុំរឿងព្រេងខ្មែរ



No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...