កាលពីព្រេងនាយ មានចាបស្រុកនិងចាបព្រៃ
ដើររកស៊ីដោយពួកជារាល់ថ្ងៃ។ ខាងចាបស្រុកមានមេបាប្រដៅថា “បើរកស៊ីកុំជជែកឈ្លោះគ្នា
ឲ្យឮមាត់គឹកកងឡើយ ឲ្យប្រយ័ត្នខ្លួន បើព្រានវាវាយលប់ត្រូវឲ្យបបួលគ្នាខំហើរទូលលប់ឲ្យរបើក
ដើម្បីនឹងឲ្យរួចរស់ជីវិត”។ ពួកចាបស្រុក ក៏ធ្វើតាមដំបូន្មានមេបាប្រដៅ តែងដើររកស៊ី
មិនសូវហ៊ានមាត់ឲ្យឮជាគឹកកងទេ ជួនកាលបើព្រានវាយលប់ត្រូវ ក៏បបួលគ្នាខំហើរទូលលប់ព្រាន
បានរួចជីវិតតែរៀងៗមក។ មានកាលថ្ងៃមួយ ពួកចាបព្រៃនិងចាបស្រុកហើរចេញទៅរកស៊ី ជួបប្រទះហ្វូងគ្នា
នៅដើមត្រែង១គុម្ព។ ពួកចាបព្រៃទំនៅខាងក្រោម ពួកចាបស្រុកទំនៅខាងលើ
ក៏បាក់មែកត្រែងពីលើមកត្រូវក្បាលចាបព្រៃៗ និយាយប្រកាន់ទៅចាបស្រុកថា “ហេតុអីក៏កាច់មែកត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើង?”។
ចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថា “យើងមិនបានកាត់មែកត្រែងឲ្យបាក់ត្រូវអ្នកឯងទេ
គឺមែកត្រែងវាបាក់ឯងធ្លាក់មកទេតើ”។ ពួកចាបព្រៃជាពួកឥតកាន់ដំបូន្មាន
មិនពិចារណាឲ្យឃើញខុសត្រូវ ក៏បបួលគ្នាបង្កហេតុ បង្កើតជាជម្លោះនឹងពួកចាបស្រុក
ឮមាត់ជាគឹកកងរំពងឡើង។ ពួកព្រានឮមាត់ចាបនៅគុម្ពត្រែងនោះច្រើន
ក៏យកលប់ទៅវាយត្រូវទាំងអស់គ្នា។ ចាបទាំងពីរពួកនេះ បានត្រូវលប់ហើយ
ក៏នៅតែជាប់ឈ្លោះគ្នាទៀត។ ចាបស្រុកពោលទៅចាបព្រៃថា “បើពួកឯងគ្រាន់បើ
ហេតុម្ដេចក៏មិនបម្រះឲ្យរួចពីលប់ទៅ”។ ចាបព្រៃក៏ពោលមករកចាបស្រុកវិញថា “បើពួកឯងគ្រាន់បើ
ហេតុម្ដេចក៏មិនបម្រះឲ្យរួចពីលប់នេះទៅ” បានតែពាក្យបញ្ជូនគ្នាទៅវិញទៅមក មិនគិតបម្រះឲ្យរួចជីវិតសោះ។ កំពុងតែឈ្លោះគ្នា ស្រាប់តែព្រានក្រសោបឡើង ចាប់បានចាបទាំងអស់ក៏ពិឃាតក្ស័យអស់។
នេះហើយចាបស្រុក ជាពួកចាបល្អ តែខកខ្លួនមករកស៊ីជួបចូលនឹងហ្វូងចាបព្រៃ
ជាពួកចាបប្រព្រឹត្តអាក្រក់ ក៏មានរឿងឈ្លោះគ្នាទាល់តែព្រានវាយលប់ត្រូវស្លាប់ទាំងអស់គ្នា៕
ចោទគេដោយស្មាន
ត្រឡប់បានក្ដីទុក្ខ។
* ប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment