ច្បាប់

 


ច្បាប់

ស្តីពី

អន្តោប្រវេសន៍

 

ជំពូកទី ១

បទបញ្ញត្តិទូទៅ

 

មាត្រា ១.-ច្បាប់នេះមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូប ដែលមកស្នាក់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

 

មាត្រា ២.-ត្រូវចាត់ទុកជាជនបរទេស ជនណាដែលគ្មានសញ្ជាតិជាខ្មែរ ដោយគ្មានរើសអើងទោះបីជននោះមានសញ្ជាតិ ជំនឿ សាសនា​ ឫមានដើមកំណើតណាមួយក៏ដោយ។

 

មាត្រា ៣.-ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។

 

មាត្រា ៤.-អនុលោមតាមល័ក្ខខ័ណ្ឌនៃប្រវេសន៍ និងការស្នាក់អាស្រ័យនៅប្រទេសកម្ពុជា ជនបរទេសត្រូវចែកជាបីប្រភេទគឺ៖

·       ១. ជនបរទេសមិនមែនអន្តោប្រវេសន្ត

·       ២. ជនបរទេសអន្តោប្រវេសន្ត

·       ៣. ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន។

 

មាត្រា ៥.-ការគ្រប់គ្រងជនបរទេសជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ក្រសួងនេះត្រូវមានស្ថាប័នមួយដើម្បីទទួលខុសត្រូវកិច្ចការអន្តោប្រវេសន៍។

 

មាត្រា ៦.-ក្រសួងមហាផ្ទៃត្រូវកំណត់អំពីបែបបទនៃការចុះបញ្ជី ការផ្ដល់ ការត្រួតពិនិត្យប័ណ្ណស្នាក់នៅ ទិដ្ឋាការចូល លិខិតបើកផ្លូវ និងលិខិតឆ្លងដែន ឫឯកសារដែលមានតម្លៃស្មើគ្នាសំរាប់ជនបរទេស។

 

ជំពូកទី ២

ជនបរទេសមិនមែនអន្តោប្រវេសន្ត

 

មាត្រា ៧.-ជនបរទេសមិនមែនអន្តោប្រវេសន្តគឺ៖

·       ១. ភ្នាក់ងារដែលបំរើការនៅស្ថានទូតបរទេស ឫស្ថានកុងស៊ុលបរទេស ឫស្ថានតំណាងបេសកកម្មបរទេស អ្នកជំនាញការអន្តរជាតិ និងជនផ្សេងៗទៀតដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមការស្មើសុំ ឫតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយរាប់ទាំងក្រុមគ្រួសារ និងបុគ្គលិករបស់គេក្នុងរយៈពេលដែលគេស្នាក់អាស្រ័យនៅ។

·       ២. ទាហាន មន្រ្តី អ្នករដ្ឋការ និយោជិត និងភ្នាក់ងារបរទេស និស្សិត ព្រមទាំងគ្រួសារដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

·       ៣. អ្នកធ្វើដំណើរឆ្លងកាត់ ជាអ្នករង់ចាំមធ្យោបាយធ្វើដំណើរមុនពេលចេញដំណើរឆ្ពោះទៅកាន់ទីដៅចុងក្រោយរបស់ខ្លួន។ ក្នុងករណីនេះ ការស្នាក់អាស្រ័យនៅមិនត្រូវលើសពីមួយសប្ដាហ៍ លើកលែងតែក្នុងករណីប្រធានសក្តិ។

·       ៤. អ្នកទេសចរដែលមានសំបុត្រត្រឡប់ទៅវិញ ហើយរយៈពេលស្នាក់អាស្រ័យត្រូវកំណត់ដោយអនុក្រឹត្យ។

·       ៥. អ្នកតំណាងពាណិជ្ជកម្ម ធនាគារ អ្នកប្រកបមុខរបរផ្សេងៗទៀត ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើតទំនាក់ទំនងអំពីកិច្ចការខាងលើ។ ក្នុងករណីនេះ ការស្នាក់អាស្រ័យមិនអាចលើសពី៣ខែ។ ក្នុងករណីមានហេតុផលចាំបាច់ ការស្នាក់អាស្រ័យនៅនេះ អាចបន្តទៀតបានរយៈពេល៣ខែជាអតិបរមា តាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

·       ៦. ជនបរទេសរស់នៅតាមព្រំប្រទល់ជាប់នឹងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការអនុញ្ញាតឲ្យឆ្លងកាត់ព្រំប្រទល់ច្រើនដង ឫមួយដងមួយកាល។ ល័ក្ខខ័ណ្ឌផ្សេងៗក្នុងការអនុវត្តចំណុចទី៦ មាត្រា ៧ នៃច្បាប់នេះ ត្រូវកំណត់ដោយអនុក្រឹត្យ។

·       ៧. អ្នកធ្វើដំណើរ កងនាវិក និងយានិក ដែលមកសំចតយកស្បៀងនៅតាមកំពង់ផែសមុទ្រ និងតាមព្រលានយន្តហោះ។

·       ៨. ជនបរទេសដែលមកធ្វើការនេសាទនៅតាមឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

 

មាត្រា ៨.-ជនបរទេសមិនមែនអន្តោប្រវេសន្តអាចស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន៖

·       ១. ត្រូវមានការអនុញ្ញាតចូលជាមុនពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរទូត ឫកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ឫតាមរយៈអាជ្ញាធរបរទេសណាមួយដែលតំណាងឲ្យផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជានៅក្រៅប្រទេស។ ចំពោះអ្នកដំណើរឆ្លងកាត់ កងនាវិក យានិក ការអនុញ្ញាតនេះនឹងត្រូវផ្ដល់ដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលគេចេញពីនាវា ឫព្រលានយន្តហោះ។

·       ២. ត្រូវនាំមកជាមួយនូវលិខិតឆ្លងដែនរបស់ខ្លួន ឫឯកសារណាមួយដែលមានតម្លៃស្មើ ដែលមានចុះទិដ្ឋាការចូលដោយអាជ្ញាធរ ដូចមានកំណត់នៅវាក្យខ័ណ្ឌទីមួយខាងលើ។

·       ៣. ត្រូវបង់ថ្លៃទិដ្ឋាការ អាករព្រលានយន្តហោះឫកំពង់ផែ។ ល័ក្ខខ័ណ្ឌនៃការបង់ថ្លៃនិងអាករនេះ ត្រូវកំណត់ដោយអនុក្រឹត្យ។

 

មាត្រា ៩.-ជនបរទេសមិនមែនអន្តោប្រវេសន្តណាដែលមិនបានបំពេញតាមល័ក្ខខ័ណ្ឌដែលមានចែងនៅក្នុងមាត្រា ៨ នៃច្បាប់នេះ មិនត្រុវអនុញ្ញាតឲ្យចូលមកព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលមានការអនុញ្ញាតផ្សេងពីនេះរបស់រាជរដ្ឋាភិបាល។ ក្នុងករណីប៉ះពាល់ដល់សន្តិសុខជាតិ អាជ្ញាធរមានសមត្ថកិច្ចអាចហាមឃាត់មិនឲ្យចូលបាន ទោះបីជនបរទេសមិនមែនអន្តោប្រវេសន្តនោះបានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា៨ ហើយក៏ដោយ។

 

ជំពូកទី ៣

ជនបរទេសអន្តោប្រវេសន្ត

 

មាត្រា ១០.-ជនបរទេសដែលចាត់ទុកជាអន្តោប្រវេសន្តគឺ ៖

·       ១. ជនបរទេសដែលមកដល់ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរ ឫដើម្បីប្រកបវិជ្ជាជីវៈ ឫធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឫកសិកម្ម។

·       ២. ជនបរទេសដែលគ្មានរាប់ចូលក្នុងប្រទេសណាមួយ ដូចមានចែងក្នុងមាត្រា ៧ នៃច្បាប់នេះ។

 

មាត្រា ១១.-អាចទទួលឲ្យស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសអន្តោប្រវេសន្តណា ដែលបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៨នៃច្បាប់នេះ ហើយលើសពីនេះត្រូវបំពេញកាតព្ចកិច្ចដូចតទៅ ៖

·       ១. បង្ហាញនូវសម្បទានផលប្រយោជន៍ដល់សេដ្ឋកិច្ច ឫសង្គមកិច្ច ឫវិទ្យាសាស្រ្តបច្ចេកទេស ឫវប្បធម៌ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

·       ២. តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញ ឫមាតុភូមិនិវត្តន៍ជាយថាហេតុ និងមានប្រាក់ធានាថាអាចរស់នៅបានដោយសារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

ចំនួនទឹកប្រាក់ខាងលើនេះត្រូវកំណត់ដោយអនុក្រឹត្យ។

·       ៣. មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួនបាន ដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសដែលអន្តោប្រវេសន្តចេញមក និងមានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ។

·       ៤. មានលិខិតថ្កោលទោសដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមរបស់ខ្លួន។

·       ៥. ទោះបីជនបរទេសអន្តោប្រវេសន្ត បានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើនេះហើយក៏ដោយ ក៏ជនគ្រប់រូបទាំងនោះត្រូវបំពេញឲ្យបាននូវល័ក្ខខ័ណ្ឌផ្នែកសន្តិសុខដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឲ្យមាន។

 

មាត្រា ១២.-ការទទួលស្គាល់ជនបរទេសណាម្នាក់ជាជនបរទេសអន្តោប្រវេសន្ត ត្រូវសម្រេចដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 

មាត្រា ១៣.-ជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្តដែលត្រូវបានទទួលឲ្យចូលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបង្ហាញខ្លួននៅប៉ុស្តិត្រួតពិនិត្យអន្តោប្រវេសន្ត ទាំងពេលមកដល់ និងពេលចេញដំណើរទៅវិញ។ គ្រប់ច្រក ឫចំណុចចេញចូលរបស់ជនបរទេសត្រូវកំណត់ និងគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។

 

មាត្រា ១៤.-ជនបរទេសអន្តោប្រវេសន្តត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៤៨ម៉ោង ក្រោយពេលមកដល់ នៅការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុង ដែលខ្លួនមានបំណងស្នាក់នៅដើម្បីធ្វើពាក្យសុំប័ណ្ណស្នាក់នៅ។ បង្កាន់ដៃសំគាល់នឹងត្រូវផ្ដល់ភ្លាមជូនសាម៉ីខ្លួនក្រោយពីបានទទួលពាក្យសុំនេះ។

មាត្រា ១៥.-ក្នុងករណីដែលមានការផ្លាស់ប្ដូរលំនៅដ្ឋាន ជនបរទេសអន្តោប្រវេសន្តត្រូវសុំការបញ្ជាក់នៅលើប័ណ្ណ ស្នាក់នៅរបស់ខ្លួន នៅការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុងដែលខ្លួនមានលំនៅដ្ឋានមុនពេលខ្លួនចេញដំណើរ។ ជនបរទេសអន្តោប្រវេសន្តត្រូវបំពេញបែបបទដូចខាងលើនេះ ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់ពីបានទៅដល់លំនៅដ្ឋានថ្មី។

 

មាត្រា ១៦.-ប័ណ្ណស្នាក់នៅនេះត្រូវបង្ហាញនៅពេលដែលមានការឆែកឆេរពីអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ប័ណ្ណស្នាក់នៅនេះអាចដកហូតបានពីសាម៉ីជនណាដែលមិនបានគោរពតាមបទបញ្ញត្តិនៃច្បាប់នេះ។ ក្នុងករណីដកហូតប័ណ្ណស្នាក់នៅ ជនបរទេសអន្តោប្រវេសន្តត្រូវចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប្រាំពីរថ្លៃ។ ក៏ប៉ុន្តែតាមកាលៈទេសៈជាក់ស្ដែង រយៈពេលនេះអាចកែប្រែបានដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមសំណើរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ហើយរយៈពេលបន្តមិនត្រូវលើសពី ៣ខែ។

ការឈប់ទទួលស្គាល់ជនបរទេសណាម្នាក់ជាជនបរទេសអន្តោប្រវេសន្ត ត្រូវសំរេចដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 

មាត្រា ១៧.-ជាគោលការណ៍ ជនបរទេសអាចធ្វើចរាចរបានដោយសេរីនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែក្នុងករណីចាំបាច់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាចដាក់បញ្ញត្តិហាមឃាត់ចរាចរជនបរទេស និងហាមឃាត់ជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្តទាំងអស់មិនឲ្យចូល ឫស្នាក់អាស្រ័យនៅក្នុងតំបន់ ឫចាកចេញឆ្ងាយពីតំបន់ ឫកន្លែងណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។

 

មាត្រា ១៨.-ម្ចាស់ ឫអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវជូនដំណឹងក្នុងរយៈពេល ២៤ម៉ោង ដល់ស្ថាប័ននគរបាលមានសមត្ថកិច្ចពីវត្តមាននៃជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្ត ដែលបានមកស្នាក់នៅ។

 

មាត្រា ១៩.-ការទទួលជនបរទេសឲ្យធ្វើការត្រូវអនុវត្តតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃមានសិទ្ធិត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាននានា ដោយសហការជាមួយក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន។

 

មាត្រា ២០.-ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ត្រូវជូនដំណឹងទៅក្រសួងមហាផ្ទៃអំពីមរណភាព និងការបាត់ខ្លួនរបស់ជនបរទេសអន្តោប្រវេសន្ត ដែលស្ថិតនៅក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។

 

មាត្រា ២១.-ប័ណ្ណស្នាក់នៅចេញឲ្យលើកដំបូងមានសុពលភាពសំរាប់រយៈពេលពីរឆ្នាំ។ ប័ណ្ណស្នាក់នៅនេះអាចសុំបន្តការប្រើប្រាស់បានរាល់ពីរឆ្នាំម្ដង។ ពាក្យសុំប័ណ្ណស្នាក់នៅថ្មី ឫសុំបន្តរយៈពេលប្រើប្រាស់ត្រូវធ្វើនៅចំពោះមុខអាជ្ញាធរដូចបានកំណត់ត្រង់មាត្រា ១៤ នៃច្បាប់នេះ។ ហួសកំណត់ខាងលើនេះ ម្ចាស់ប័ណ្ណស្នាក់នៅដែលមិនបានសុំប័ណ្ណស្នាក់នៅថ្មី ឫសុំបន្តរយៈពេលប្រើប្រាស់ត្រូវចាត់ទុកថាស្ថិតនៅក្នុងស្ថានភាពមិនត្រឹមត្រូវតាមច្បាប់។ ក្រសួងមហាផ្ទៃត្រូវកំណត់ដោយប្រកាសរបស់ក្រសួង នូវវិធានការអនុវត្តទាក់ទងនឹងការគ្រប់គ្រង ការធ្វើប័ណ្ណស្នាក់នៅ ការសុំនិងល័ក្ខខ័ណ្ឌនានា ដែលត្រូវអនុវត្តក្នុងវិស័យនេះ។ ជនបរទេសអន្តោប្រវេសន្តត្រូវបង់អាករសំរាប់ការចេញប័ណ្ណស្នាក់នៅដើមឫទុតិយតា ឫឯកសារដែលមានតម្លៃស្មើគ្នា តាមការកំណត់របស់អនុក្រឹត្យ។

 

មាត្រា ២២.-ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ត្រូវទទួលខុសត្រូវត្រួតពិនិត្យជនបរទេសទាំងអស់ ដែលបានតាំងទីលំនៅ ឫទើបនឹងមកតាំងទីលំនៅក្នុងដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។

 

មាត្រា ២៣.-ជនបរទេសអន្តោប្រវេសន្តណាដែលមានបំណងចាកចេញពីព្រះរាជាណាចក្រកម្ពុជាមួយរយៈពេល ត្រូវសុំការអនុញ្ញាតចេញ និងវិលមកវិញពីក្រសួងមហាផ្ទៃ។ ជាគោលការណ៍ រយៈពេលនៃការស្នាក់អាស្រ័យនៅបរទេសមិនត្រូវលើសពីបីខែឡើយ។ ប៉ុន្តែរយៈពេលនេះអាចពន្យាបានរហូត ប្រាំមួយខែ ប្រសិនបើមានមូលហេតុសមហេតុសមផល។ អាករលើការផ្ដល់ការអនុញ្ញាតចេញ និងវិលមកវិញត្រូវកំណត់ដោយអនុក្រឹត្យ។

 

មាត្រា ២៤.-ក្នុងករណីត្រឡប់មកវិញលើសរយៈពេលអនុញ្ញា សាម៉ីខ្លួនត្រូវធ្វើពាក្យសុំទិដ្ឋាការចូល ហើយចាត់ទុកថា ជននោះជាជនបរទេសអន្តោប្រវេសន្តមកថ្មី។

 

ជំពូកទី ៤

ជនបរទេសអន្តោប្រវេសន្ត

ជាអ្នកវិនិយោគឯកជន

 

មាត្រា ២៥.-ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន គឺជនបរទេស ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើវិនិយោគក្នុងក្របខ័ណ្ឌនៃច្បាប់វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។

 

មាត្រា ២៦.-ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ចែកចេញជាពីរប្រភេទគឺ ៖

·       ១. ជនបរទេសដែលចូលមកកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ

·       ២. ជនបរទេសដែលបានទទួល «លិខិតអនុញ្ញាតឲ្យវិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។

 

មាត្រា ២៧.-ជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ ត្រូវបំពេញល័ក្ខខ័ណ្ឌទាំងឡាយដែលមានចែងក្នុងជំពូកទី ៣ ស្ដីពីជនបរទេសអន្តោប្រវេសន្ត លើកលែងតែសុពលភាពសំរាប់រយៈពេលស្នាក់នៅបណ្ដោះអាសន្ន គឺសំរាប់រយៈពេលមួយឆ្នាំ។ ក្រោយរយៈពេលមួយឆ្នាំនៃការស្នាក់នៅ ក្នុងករណីដែលមិនអាចមានលទ្ធភាពធ្វើវិនិយោគបានលើវិស័យណាមួយទេ ជនបរទេសនោះអាចដកប្រាក់តម្កល់នានាវិញបាន ហើយមិនអាចបន្តឲ្យស្នាក់នៅបានទៀតឡើយ។

 

មាត្រា ២៨.-ជនបរទេសដែលបានទទួល "លិខិតអនុញ្ញាតឲ្យវិនិយោគ" ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងគ្រួសារផ្ទាល់ខ្លួន នឹងបានទទួលការអនុញ្ញាតឲ្យស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាអចិន្រ្តៃយ៍ ឫតាមរយៈពេលដែលបានកំណត់ក្នុងលិខិតអនុញ្ញាតឲ្យវិនិយោគ និងមានសិទ្ធិសុំកាន់ឯកសារធ្វើដំណើររបស់ព្រះរាជាណាចក្រកម្ពុជា។

បែបបទនៃការអនុវត្តមាត្រា ២៨ នេះ នឹងត្រូវកំណត់ដោយអនុក្រឹត្យ។

 

ជំពូកទី ៥

ទោសបញ្ញត្តិ

 

មាត្រា ២៩.-ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ បន្លំ ឫដោយល្បិចផ្សេងទៀតដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី បីខែដល់ ប្រាំមួយខែ មុននឹងត្រូវបណ្ដេញចេញ។

ត្រូវផ្ដន្ទាទោសដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្ដល់ជំនួយ ឫជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា។

មន្រ្តី ឫភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឫជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ប្រាំមួយខែ ដល់មួយឆ្នាំ។

មន្រ្តី ឫភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ត ឫមិនគោរពបទបញ្ជា ត្រូវទទួលការផ្ដន្ទាទោសផ្នែករដ្ឋបាល។ មធ្យោបាយសម្ភារៈប្រើសំរាប់ប្រព្រឹត្តបទល្មើសត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋដោយតុលាករ។

 

មាត្រា ៣០.-ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ៥០.០០០រៀលដល់ ១.០០០.០០០រៀល ចំពោះជនបរទេសណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៤-១៥-១៦-១៧- ២១ និង ២៣ នៃច្បាប់នេះ។

ក្នុងករណីពុំរាងចាល ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០១រៀលដល់ ២.០០០.០០០រៀល។

 

មាត្រា ៣១.-ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០រៀលដល់ ៣០.០០០រៀល ចំពោះជនណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៨ នៃច្បាប់នេះ។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ៣០.០០១រៀលដល់ ៦០.០០០រៀល។

ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ២០០.០០០រៀលដល់ ៥០០.០០០រៀល ចំពោះជនណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៩ នៃច្បាប់នេះ។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់គុកពី មួយខែ ដល់បីខែ។

 

មាត្រា ៣២.-ជនណាដែលធ្វើការកោសលុប សរសេរត្រួត ក្លែង ឫឲ្យគេខ្ចី ឫមួយក៏សរសេរឈ្មោះក្លែងក្លាយនៅក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារ កិច្ចសន្យាការងារ ឫមួយក៏ប្រើប្រាស់ឯកសារទាំងនោះដែលមានឈ្មោះផ្សេងពីឈ្មោះខ្លួន ឫធ្វើបណ្ដឹងក្លែងបន្លំសុំឯកសារដូចខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ប្រាំឆ្នាំ ដល់ដប់ប្រាំឆ្នាំ។

អ្នកសមគំនិតត្រូវផ្ដន្ទាទោសដូចគ្នា។

 

មាត្រា ៣៣.-ការផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ដែលមានចែងក្នុងបញ្ញត្តិនៃច្បាប់នេះជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

 

មាត្រា ៣៤.-ក្រៅពីមូលទោសដែលមានចែងក្នុងច្បាប់នេះ ត្រូវមានអនទោសបន្ថែមទៀតគីការបណ្ដេញចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

 

ជំពូកទី ៦

ការបណ្ដេញចេញ

 

មាត្រា ៣៥.-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសអន្តោប្រវេសន្តណាដែលរំលោភលើបញ្ញត្តិច្បាប់អន្តោប្រវេសន្ត។

 

មាត្រា ៣៦.-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានសិទ្ធិបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសដែល៖

·       ១. មានអាកប្បកិរិយា និងសកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា ឫ

·       ២. ក្រសួងមានសមត្ថកិច្ចមានភស្ដុតាងជាក់លាក់ថាជននោះជាអ្នកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា ឫ

·       ៣. មកធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានប័ណ្ណការងារ។

 

មាត្រា ៣៧.-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសណាដែលចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់។

 

មាត្រា ៣៨.-សេចក្ដីសំរេចបណ្ដេញចេញត្រូវអនុវត្តភ្លាម ចាប់ពីថ្ងៃចុះហត្ថលេខារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សាម៉ីខ្លួនមានសិទិ្ធប្ដឹងទៅតុលាការក្នុងរយៈពេល ២ខែ។

 

មាត្រា ៣៩.-ការបណ្ដេញចេញត្រូវអនុវត្តក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ ក្រោយពីសេចក្ដីសំរេចចេញជាផ្លូវការពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកលែងតែមានសាលក្រមផ្អាកការអនុវត្តពីតុលាការ។

 

ជំពូកទី ៧

អវសានបញ្ញត្តិ

 

មាត្រា ៤០.-បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

 

មាត្រា ៤១.-ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

 

ច្បាប់នេះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

អនុម័តនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤

នាសម័យប្រជុំវិសាមញ្ញនីតិកាលទី ១


ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤

ប្រធានរដ្ឋសភាស្ដីទី


សឺន ស៊ូបែរ្តិ៍

 

ភ្លើងលើភ្នំ

ចំនួនជាច្រើនថ្ងៃកន្លងទៅហើយ គេតំណាលថា នៅក្នុងទីក្រុងអាត់ដិសអាបាបា មានបុរសកំលោះម្នាក់ឈ្មោះ អារហា។ បុរសនេះមកពីប្រទេស គួរ៉ាហ្ស មកនៅធ្វើជាអ្នកបម្រើថៅកែម្នាក់ឈ្មោះហាប់តុមហាស៊ី ក្នុងទីក្រុង អាត់ដិសអាបាបានោះ តាំងតែពីកុមារ។ ហាប់តុមហាស៊ី ជាថៅកែម្នាក់ស្ដុកស្ដម្ភបំផុត មានកម្មសិទ្ធិលើវត្ថុគ្រប់យ៉ាង ដោយសារទឹកប្រាក់របស់គាត់ ហើយគាត់តែងអផ្សុកចិត្ត ដោយគ្មានវត្ថុអ្វីមួយប្លែកចម្លែកភ្នែកគាត់ ក្រៅពីវត្ថុដែលគាត់មានហើយនោះឡើយ ការងារដែលគាត់ត្រូវធ្វើ ក៏គ្មានថែមទៀត។ ក្នុងរាត្រីកាលដ៏ត្រជាក់មួយ កាលដែលព្រះពាយលាយដោយទឹកសន្សើមបក់កាត់ខ្ពង់រាប។ ថៅកែហាប់តុម បានហៅអ្នកបម្រើរបស់គាត់គឺ អារហា ឲ្យយកឧសមកបង្កាត់ភ្លើងអាំង។ កាលអារហា បង្ហើយកិច្ចនេះរួច ថៅកែក៏ចាប់និយាយលេង ដំបូងគាត់និយាយនឹងខ្លួនគាត់ថា៖ យីអើហ្ន៎ ! ត្រជាក់ដល់ថ្នាក់ប៉ុន្មានទៅ ដែលមនុស្សនៅទ្រាំបាន?រួចគាត់បន្តទៅទៀតថា៖ អញដូចជាសង្ស័យណាស់ថា បើអ្នកណាមួយទៅឈរលើកំពូលភ្នំម៉ោនអ៊ិនថត់ថូដ៏ខ្ពស់បំផុត ដែលមានខ្យល់យ៉ាងត្រជាក់អនេកអនន្តបក់បោកមកលើ ឲ្យបានពេញមួយយប់ទល់ភ្លឺ ដោយកុំដណ្ដប់ភួយ ឬស្លៀកពាក់ខោអាវ តើវាងាប់ ឬមិនងាប់? ទេ ខ្ញុំមិនដឹងដែរ" អារហាឆ្លើយ ប៉ុន្តែបើគេទៅធ្វើដូច្នោះ តើអំពើនោះ មិនមែនជាអំពើឆ្កួតភ្លីភ្លើទេ ឬដូចម្ដេច? អើ អីចឹងមែនហើយ" ថៅកែឆ្លើយតប បើធ្វើដូច្នោះទៅ ហើយវាគ្មានបានទទួលកម្រៃអ្វីពីការធ្វើនោះ អំពើនោះជាអំពើឆ្កួតលីលាមែន ប៉ុន្តែអញហ៊ានភ្នាល់ថា គ្មាននរណាអាចទៅឈរដូច្នោះបានឡើយ"។ ទេ ខ្ញុំហ៊ាន ខ្ញុំជឿជាក់ថា រូបខ្ញុំក្លាហានល្មមទៅឈរស្រាតលើភ្នំនោះពេញមួយយប់បាន" អារហានិយាយ ប៉ុន្តែវាមិនមែនជាកិច្ចការរបស់ខ្ញុំទេ ដោយហេតុថា ខ្ញុំគ្មានអ្វីសម្រាប់ភ្នាល់នឹងលោក"។ ល្អ! ល្អ!" ថៅកែនិយាយ ឲ្យតែឯងពិតប្រាកដជាហ៊ានធ្វើការនេះបាន អញនឹងភ្នាល់ជាមួយឯងតាមរបៀបណាមួយ គឺថាបើឯងអាចទៅឈរលើកំពូលភ្នំ ដែលដេរដាសដោយថ្ម ឲ្យបានពេញមួយយប់ ដោយគ្មានម្ហូបអាហារ គ្មានទឹក គ្មានសម្លៀកបំពាក់ គ្មានភួយ និងគ្មានភ្លើងសម្រាប់អាំង ហើយមិនស្លាប់ព្រោះកិច្ចនេះ ពេលនោះ អញនឹងឲ្យឯងនូវដី១០ អា ដែលជាដីចម្ការដ៏ល្អៗ ព្រមទាំងសេះមួយ និងពាហនៈខ្លះទៀតជាកម្មសិទ្ធិរបស់ឯង"។ អរពេក អារហា រកកលស្ទើរតែមិនជឿពាក្យដែលខ្លួនបានស្ដាប់ វាសួរថៅកែថា៖ តើពាក្យនេះ មានន័យពិតដូច្នេះមែនឬលោក? យី! អញជាបុរស តាំងនៅក្នុងពាក្យរបស់ខ្លួនណា៎! ថៅកែឆ្លើយ។ បើដូច្នោះមែន ល្ងាចស្អែក ខ្ញុំនឹងទៅធ្វើការនេះ ហើយបន្ទាប់មក គឺនៅឆ្នាំតៗទៅ ខ្ញុំនឹងបានជាម្ចាស់កម្មសិទ្ធិ អាចមានដីរបស់ខ្លួននោះ ធ្វើការលៀងអាជីពទៅអនាគត"។ តែអារហាព្រួយចិត្តចំពោះការភ្នាល់នេះជាពន់ពេក ពីព្រោះខ្យល់ដែលបក់បោកលើកំពូលភ្នំម៉ោនអ៊ិនថត់ថូ កំណាចខ្លាំងណាស់។ ម៉្លោះហើយ ក្នុងពេលព្រលឹមឡើង អារហាបានចូលទៅរកតាចាស់ដ៏ប៉ិនម្នាក់ ជាកុលសម្ពន្ធរបស់ខ្លួន ដើម្បីប្រាប់រឿងភ្នាល់នេះឲ្យតានោះជួយខ្លួន។ តាចាស់ ស្ដាប់អារហានិយាយប្រាប់រឿងនេះ ដោយស្ងប់ស្ងៀម និងដោយការរិះគិត ទីបំផុត កាលអារហានិយាយចប់គាត់ពោលថា៖ មិនអីទេ! កុំព្រួយ ខ្ញុំនឹងជួយអ្នកឯងក្នុងរឿងនេះ ឆ្លងរំលងជ្រលងភ្នំម៉ោនអ៊ិនថត់ថូទៅ មានផ្ទាំងសិលាមួយដុំយ៉ាងខ្ពស់ ដែលគេអាចមើលទៅឃើញក្នុងវេលាថ្ងៃ។ ល្ងាចស្អែក នៅពេលព្រះអាទិត្យអស្ដង្គត ខ្ញុំនឹងទៅបង្កាត់ភ្លើងនៅទីនោះ ដែលជាទីអាចមើលទៅឃើញពីកន្លែងដែលអ្នកឋិតនៅ។ ពេញមួយរាត្រីនោះ អ្នកឯងត្រូវចោលភ្នែកក្រឡេកមើលទៅភ្លើង ដែលខ្ញុំបង្កាត់នោះ កុំបិទភ្នែកឲ្យងងឹតឆ្លងកាត់អ្នកឲ្យសោះ។ ពេលដែលអ្នកមើលភ្លើង ត្រូវគិតពីកម្ដៅភ្លើង គិតពីរូបខ្ញុំជាសម្លាញ់អ្នកឯង ដែលកំពុងតែថៃទាំភ្លើងនោះឲ្យអ្នក។ បើអ្នកធ្វើតាមបែបនេះ អ្នកនឹងអាចរស់នៅបាន ទុកណាជាខ្យល់យប់នោះ កំណាចយ៉ាងណាក៏ដោយ" ។ អារហាទទួលអំណរគុណតាចាស់ រួចត្រឡប់ទៅផ្ទះថៅកែហាប់តុមវិញ ដោយមានបេះដូងយ៉ាងត្រចះរីករាយ។ វាបានប្រាប់ថៅកែហាប់តុមថា វាប្រុងប្រៀបនឹងទៅធ្វើកិច្ចនោះហើយ។ នៅសាយណ្ហសម័យ ថៅកែបានបញ្ជូនអារហា ឲ្យទៅឈរលើកំពូលភ្នំម៉ោនអ៊ិនថត់ថូ ដោយមានខ្ញុំកំដរជាច្រើននាក់ ទៅចាំឃ្លាំមើលផង។ នៅលើកំពូលភ្នំ កាលដែលរាត្រីកាលបានគ្របដណ្ដប់មកហើយ អារហាក៏ប្រមូលសម្លៀកបំពាក់ខ្លួនដាក់មួយដុំ រួចចាប់ផ្ដើមឈរកណ្ដាលខ្យល់សើមត្រជាក់ ដែលបោកបក់ឆ្លងកាត់ខ្ពង់រាបក្នុងអស្ដង្គតកាលនៃព្រះអាទិត្យ។ រំលងជ្រលងភ្នំចំនួនជាច្រើនម៉ៃល៍ ទៅទីមួយឆ្ងាយ អារហាបានឃើញពន្លឺភ្លើងរបស់សម្លាញ់វា ដែលចោលពន្លឺព្រិចៗ ដូចជាផ្កាយក្នុងខែងងឹត។ ព្រះពាយចេះតែត្រជាក់ឡើងៗ ហើយហាក់ដូចជាទម្លុះចូលទៅក្នុងសាច់ ចាក់ចុចឆាវដល់ខួរក្នុងឆ្អឹងនៃអារហា។ ថ្មដែលវាឈរជាន់នោះ ប្រែក្លាយជាទឹកកក។ គ្រប់តែពេលដែលឈានចូលមក ភាពត្រជាក់ចេះតែបង្កើនសកម្មភាព ធ្វើឲ្យអារហាស្ពឹកខ្លាំងឡើងៗ ដរាបវាភ័យថា ខ្លួនវាប្រហែលជាលែងមានកម្ដៅទៀតទេដឹង ប៉ុន្តែ វាខំបើកភ្នែកក្រឡេកមើលទៅភ្លើងដែលចោលពន្លឺប្លុងៗ ក្នុងទីឆ្ងាយនោះ ហើយគិតទុកក្នុងចិត្តថា  សម្លាញ់ចាស់វាកំពុងតែថែទាំភ្លើងនោះសម្រាប់ខ្លួនវា។ ជួនកាល មានដុំពពកស្ដើងៗ អណ្ដែតត្រសែតមកគ្របពន្លឺនោះបាត់មួយសន្ទុះ ធ្វើឲ្យអារហាសន្ធឹងខ្សែចក្ខុខំមើល ដរាបដល់ដុំពពកតូចៗនោះឃ្លាតចេញពីពន្លឺ។ ពេលនោះ អារហាទៅជាក្អកកណ្ដាស់ រួចគ្រុនញ័រ ចាប់មិនស្រួលខ្លួនតែម្ដង។ ក៏ប៉ុន្តែ ពេញមួយយប់នោះ វាទ្រាំឈរស្រាតនៅទីនោះបានដរាបដល់ភ្លឺស្រាងៗ ទើបវាស្លៀកពាក់ខោ អាវចុះពីកំពូលភ្នំ រួចដើរត្រឡប់ទៅផ្ទះថៅកែវាវិញ។ ឃើញអារហាមកដល់ ថៅកែ ហាប់តុម ក៏ស្រាប់តែភ្ញាក់ព្រើត គាត់សួរទៅខ្ញុំកំដរគាត់ឯទៀត ដោយមធ្យ័តថា៖ អូ៎!  វាបានទៅឈរលើកំពូលភ្នំពេញមួយយប់ ដោយឥតមានម្ហូបអាហារ ទឹក ភួយ និងសម្លៀកបំពាក់អីចឹងមែនហ៍? អីចឹងមែន លោក! អ្នកបម្រើឆ្លើយ គាត់បានបំពេញលក្ខណសម្បត្តិទាំងនេះត្រឹមត្រូវមែន" គាត់និយាយទៅកាន់អារហា ចុះអ្នកឯងធ្វើដូចម្ដេច បានជាទ្រាំឈរបាន ? ខ្ញុំក្រឡេកមើលទៅភ្លើងប្លុងៗមួយ ឋិតនៅលើភ្នំតូចមួយឆ្ងាយពីកន្លែងខ្ញុំ" អារហាឆ្លើយ។ ថាម៉េច? ឯងមើលភ្លើង? អូ៎! ឯងចាញ់ភ្នាល់ហើយ បើដូច្នោះ... ឯងត្រូវនៅជាខ្ញុំកំដរអញតទៅទៀត មិនត្រូវបានដីបានខ្មោចអីទេ! ... ទេលោក ភ្លើងនោះនៅទីឆ្ងាយ ឆ្ងាយពីខ្ញុំ គឺឆ្លងរំលងជ្រលងភ្នំមួយទៅទៀតទើបដល់ វាមិនអាចឲ្យកម្ដៅសូម្បីបន្តិចដល់ខ្ញុំឡើយ" អារហាពោល។ ទេ អញមិនឲ្យដីឯងទេ ព្រោះឯងមិនធ្វើតាមល័ក្ខខ័ណ្ឌនៃការភ្នាល់... ព្រោះតែភ្លើងនោះហើយ បានជាឯងអាចឈរបាន ... ពេលនោះ អារហាព្រួយចិត្តពន់ពេក។ វាបានចូលទៅរកសម្លាញ់ចាស់ម្ដងទៀត រួចប្រាប់សម្លាញ់នោះពីហេតុការណ៍ដែលកើតឡើង។ តាចាស់ទូន្មានវាថា ឲ្យយករឿងរ៉ាវនោះទៅប្ដឹងចៅក្រម។ អារហាបានចូលទៅប្ដឹងរឿងនេះដល់ចៅក្រមៗ ក៏កោះហៅថៅកែហាប់តុម ឲ្យចូលខ្លួនកាន់ទីតុលាការ។ កាលដែលហាប់តុមប្រាប់រឿងខ្លួនដល់ចៅក្រម ហើយខ្ញុំកំដរប្រាប់បន្ថែមថា អារហាបានមើលភ្លើង ដែលឋិតនៅឆ្ងាយរំលងជ្រលងភ្នំទៅទៀតនោះ។ ចៅក្រមគាត់ឲ្យអារហាចាញ់ដោយខុសនឹងលក្ខណសម្បត្តិនៃការភ្នាល់ ត្រង់ចំណុចថា ត្រូវឈរដោយឥតមានពន្លឺសម្រាប់អាំង។ អារហា ចូលទៅរកសម្លាញ់ចាស់នោះម្ដងទៀត ដើម្បីប្រាប់នូវដំណឹងទុក្ខព្រួយដល់សម្លាញ់ថា ខ្លួនត្រូវគេផ្ដន្ទាទោសឲ្យឋិតនៅក្នុងជីវភាពជាខ្ញុំកំដរតទៅទៀត ទុកណាជាខ្លួនបានបំពេញពិធីកម្មនៅលើកំពូលភ្នំដូច្នោះហើយក៏ដោយ។ បុរសចាស់និយាយណែនាំអារហាថា កុំអាលអស់សង្ឃឹម ទុកណាជាខ្លួនជាមនុស្សព្រៃ តែនៅមានប្រាជ្ញា មិនទាន់អន់ជាងចៅក្រមដែលនៅក្នុងទីក្រុងប៉ុន្មានទេ។ និយាយហើយ គាត់ក្រោកពីទីដែលអង្គុយ រួចដើរទៅរកជួបបុរសម្នាក់ទៀតឈ្មោះ ហេលុយ ដែលគាត់ធ្លាប់នៅបម្រើ កាលគាត់នៅពីកុមារភាព ដើម្បីនិយាយរឿងភ្នាល់រវាងថៅកែហាប់តុម និងអារហា ឲ្យគាត់ជួយគិតពីរឿងនេះផង។ ហេលុយ គិតមួយសន្ទុះហើយឆ្លើយថា៖ កុំខ្វល់ពីរឿងនេឲ្យសោះ, ចាំខ្ញុំជួយយកអាសាអ្នកឯង"។ នៅថ្ងៃមួយក្រោយមក, ហេលុយបានបញ្ជូនសំបុត្រទៅអញ្ជើញ ភ្ញៀវក្នុងទីក្រុង ដើម្បីឲ្យមកទទួលការជប់លៀងភោជនាហារនៅផ្ទះគាត់។ ក្នុងចំណោមភ្ញៀវដែលត្រូវអញ្ជើញ ថៅកែហាប់តុម និងចៅក្រមដែលកាត់ក្ដីឲ្យអារហាចាញ់ក្នុងរឿងភ្នាល់ ក៏បានត្រូវគេអញ្ជើញដែរ។ កាលបរិច្ឆេទនៃពិធីជប់លៀងភោជនាហារមកដល់ហើយ ភ្ញៀវទាំងឡាយ ដ៏ប្រដាប់កាយដោយគ្រឿងអលង្ការយ៉ាងសង្ហា។ ជិះសេះទេសញី ដើរហែហមដោយហ្វូងបរិពារពីក្រោយ គគ្រឹកគគ្រេង ឆ្ពោះទៅកាន់ពិធីជប់លៀង។ ថៅកែហាប់តុមយើង ដែលកំដរស្រករដោយបរិពារ២០នាក់ គឺម្នាក់ជាអ្នកបាំងឆត្រការពារកម្ដៅព្រះអាទិត្យជូនលោក ហើយមានអ្នកវាយស្គរ បួននាក់ទៀត គិតតែពីវាយស្គរកម្ទរភូមិឲ្យលាន់ឮឡើង ជាសញ្ញាប្រាប់ពួកជនឲ្យដឹងថា លោកថៅកែធំនាមហាប់តុម អញ្ជើញទៅរួបរួមក្នុងពិធីជប់លៀងភោជនាហារនោះឯង។ អតិថិជនទាំងឡាយ បានចូលទៅអង្គុយតាមលំដាប់លំដោយ លើកម្រាលដ៏ទន់ល្វន់យ៉ាងស្អាត ដែលគេក្រាលរួចពីមុខហើយស្រេចនោះ បែកព្រោកប្រាជ្ញល្ហល្ហាចទៅវិញទៅមកតាមរឿងរបស់គេ។ ភោជនាហារដ៏មានរសជាតិទាំងឡាយ ដែលចម្អិននៅក្នុងចង្ក្រានក្បែរនោះ ដូចជាសាច់ពពែឆា ពោតឆា ដុរ៉ា នំអ៊ិនហ្សិរ៉ា និងប្រភពចម្ងាញ់ដទៃទៀតជាច្រើន បានចោលក្លិនឈ្ងុយឈ្ងប់លើសលុបអស្ចារ្យ នាំឲ្យកើតសម្រេកគម្លានឃ្លានស្ទើរស្រក់ទឹកមាត់ ដល់ពួកភ្ញៀវទាំងនោះ។ ពេលវេលាចេះតែកន្លងទៅៗ ការដែលត្រូវលើកភោជនាហារមកជូនភ្ញៀវបរិភោគ ក៏ល្មមពេលហើយ តែមិនមានម្ហូបចេញមកឲ្យភ្ញៀវឃើញសោះ មានតែក្លិនឈ្ងុយឈ្ងប់បក់ចេញមកពីចង្ក្រានតែប៉ុណ្ណោះ។ ពេលល្ងាចឈានចូលមកហើយ តែភោជនាហារមិនទាន់ចេញមកទទួលភ្ញៀវនៅឡើយទេ។ ភ្ញៀវទាំងឡាយ ក៏ចាប់ផ្ដើមខ្សឹបខ្សាវគ្នាទៅវិញទៅមក គេឆ្ងល់ចង់ដឹងថា ប្រហែលជាលោកហេលុយ ឥតមានភោជនាហារអ្វីនឹងនាំចេញមកទទួលពួកគេទេដឹង។ ក្លិនឈ្ងុយនៃសាច់ចៀន ឆាក៏ចេះតែបក់ក្លិនមិនឈប់សោះ។ ទីបំផុត ភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវទាំងឡាយនោះ និយាយឡើងថា៖ លោកហេលុយ ម៉េចក៏លោកធ្វើការអីចឹង? ក្រែងលោកអញ្ជើញពួកយើងឲ្យមកទទួលការជប់លៀង ចុះយ៉ាងម៉េចបានជាមិនឃើញមានម្ហូបអាហារអ្វីសោះដូច្នេះ?ម៉េចក៏និយាយយ៉ាងហ្នឹង? ហេលុយឆ្លើយ លោកគ្រាន់តែហិតក្លិនទៅមិនបានឬ? ពិតហើយ យើងហិតបាន តែការហិតក្លិនមិនមែនជាការបរិភោគទេ វាគ្មានការឆ្អែតពោះ ដោយការហិតក្លិនទេ! ចុះកម្ដៅរបស់ភ្លើង ដែលយើងមើលទៅឃើញដោយពិបាកអាចកក់ក្ដៅដល់យើងបានដែរឬអី? ហេលុយសួរ បើប្រសិនជាអារហាបានកក់ក្ដៅដោយភ្លើងដែលវាមើលទៅឃើញ គ្រាដែលវាឈរនៅលើភ្នំម៉ោនអ៊ិនថត់ថូនោះមែន ពេលនេះ អស់លោកក៏អាចឆ្អែតបាន ដោយគ្រាន់តែហិតក្លិនភោជនាហារបក់មកពីចង្ក្រានដូចអារហាដែរ"។ ជនទាំងឡាយ បានយល់ស្របតាមពាក្យហេលុយ ឯចៅក្រមក៏យល់នូវកំហុសរបស់ខ្លួន ហើយថៅកែហាប់តុមកើតអៀនខ្មាសក្រៃលែង ចៅក្រមបានសម្ដែងសេចក្ដីអរគុណចំពោះហេលុយ ដែលបានឲ្យដំបូន្មានដល់ខ្លួន។ រួចប្រកាសសេចក្ដីជាថ្មីថា! អារហាត្រូវជាអ្នកមានជ័យជំនះក្នុងការភ្នាល់ពេលនោះ ត្រូវបានដី បានផ្ទះ និងសត្វពាហនៈក្នុងកិច្ចភ្នាល់។ រួចហើយ ហេលុយបានបង្គាប់ឲ្យគេលើកភោជនាហារមកជូនទៀត, ពិធីជប់លៀងក៏ចាប់ផ្ដើម ដោយបរិយាកាសដ៏រីករាយតទៅ៕

ប្រភព៖ ពុទ្ធសាសនបណ្ឌិត្យ

 

 

 

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...