ច្បាប់
ស្តីពី
អន្តោប្រវេសន៍
ជំពូកទី ១
បទបញ្ញត្តិទូទៅ
មាត្រា ១.-ច្បាប់នេះមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូប
ដែលមកស្នាក់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២.-ត្រូវចាត់ទុកជាជនបរទេស
ជនណាដែលគ្មានសញ្ជាតិជាខ្មែរ ដោយគ្មានរើសអើងទោះបីជននោះមានសញ្ជាតិ ជំនឿ សាសនា
ឫមានដើមកំណើតណាមួយក៏ដោយ។
មាត្រា ៣.-ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប
លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ
ដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។
មាត្រា ៤.-អនុលោមតាមល័ក្ខខ័ណ្ឌនៃប្រវេសន៍
និងការស្នាក់អាស្រ័យនៅប្រទេសកម្ពុជា ជនបរទេសត្រូវចែកជាបីប្រភេទគឺ៖
·
១. ជនបរទេសមិនមែនអន្តោប្រវេសន្ត
·
២. ជនបរទេសអន្តោប្រវេសន្ត
·
៣. ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន។
មាត្រា ៥.-ការគ្រប់គ្រងជនបរទេសជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ក្រសួងនេះត្រូវមានស្ថាប័នមួយដើម្បីទទួលខុសត្រូវកិច្ចការអន្តោប្រវេសន៍។
មាត្រា ៦.-ក្រសួងមហាផ្ទៃត្រូវកំណត់អំពីបែបបទនៃការចុះបញ្ជី
ការផ្ដល់ ការត្រួតពិនិត្យប័ណ្ណស្នាក់នៅ ទិដ្ឋាការចូល លិខិតបើកផ្លូវ
និងលិខិតឆ្លងដែន ឫឯកសារដែលមានតម្លៃស្មើគ្នាសំរាប់ជនបរទេស។
ជំពូកទី ២
ជនបរទេសមិនមែនអន្តោប្រវេសន្ត
មាត្រា ៧.-ជនបរទេសមិនមែនអន្តោប្រវេសន្តគឺ៖
·
១. ភ្នាក់ងារដែលបំរើការនៅស្ថានទូតបរទេស
ឫស្ថានកុងស៊ុលបរទេស ឫស្ថានតំណាងបេសកកម្មបរទេស អ្នកជំនាញការអន្តរជាតិ
និងជនផ្សេងៗទៀតដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមការស្មើសុំ
ឫតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយរាប់ទាំងក្រុមគ្រួសារ
និងបុគ្គលិករបស់គេក្នុងរយៈពេលដែលគេស្នាក់អាស្រ័យនៅ។
·
២. ទាហាន មន្រ្តី អ្នករដ្ឋការ និយោជិត និងភ្នាក់ងារបរទេស
និស្សិត ព្រមទាំងគ្រួសារដែលចូលមកព្រះរាជាណាចក្រកម្ពុជា
ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
·
៣. អ្នកធ្វើដំណើរឆ្លងកាត់
ជាអ្នករង់ចាំមធ្យោបាយធ្វើដំណើរមុនពេលចេញដំណើរឆ្ពោះទៅកាន់ទីដៅចុងក្រោយរបស់ខ្លួន។
ក្នុងករណីនេះ ការស្នាក់អាស្រ័យនៅមិនត្រូវលើសពីមួយសប្ដាហ៍
លើកលែងតែក្នុងករណីប្រធានសក្តិ។
·
៤. អ្នកទេសចរដែលមានសំបុត្រត្រឡប់ទៅវិញ
ហើយរយៈពេលស្នាក់អាស្រ័យត្រូវកំណត់ដោយអនុក្រឹត្យ។
·
៥. អ្នកតំណាងពាណិជ្ជកម្ម ធនាគារ
អ្នកប្រកបមុខរបរផ្សេងៗទៀត ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើតទំនាក់ទំនងអំពីកិច្ចការខាងលើ។
ក្នុងករណីនេះ ការស្នាក់អាស្រ័យមិនអាចលើសពី៣ខែ។ ក្នុងករណីមានហេតុផលចាំបាច់
ការស្នាក់អាស្រ័យនៅនេះ អាចបន្តទៀតបានរយៈពេល៣ខែជាអតិបរមា
តាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
·
៦. ជនបរទេសរស់នៅតាមព្រំប្រទល់ជាប់នឹងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា
ដែលបានទទួលការអនុញ្ញាតឲ្យឆ្លងកាត់ព្រំប្រទល់ច្រើនដង ឫមួយដងមួយកាល។
ល័ក្ខខ័ណ្ឌផ្សេងៗក្នុងការអនុវត្តចំណុចទី៦ មាត្រា ៧ នៃច្បាប់នេះ
ត្រូវកំណត់ដោយអនុក្រឹត្យ។
·
៧. អ្នកធ្វើដំណើរ កងនាវិក និងយានិក
ដែលមកសំចតយកស្បៀងនៅតាមកំពង់ផែសមុទ្រ និងតាមព្រលានយន្តហោះ។
·
៨.
ជនបរទេសដែលមកធ្វើការនេសាទនៅតាមឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា
ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
មាត្រា ៨.-ជនបរទេសមិនមែនអន្តោប្រវេសន្តអាចស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន៖
·
១.
ត្រូវមានការអនុញ្ញាតចូលជាមុនពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរទូត
ឫកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា
ឫតាមរយៈអាជ្ញាធរបរទេសណាមួយដែលតំណាងឲ្យផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជានៅក្រៅប្រទេស។
ចំពោះអ្នកដំណើរឆ្លងកាត់ កងនាវិក យានិក
ការអនុញ្ញាតនេះនឹងត្រូវផ្ដល់ដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលគេចេញពីនាវា
ឫព្រលានយន្តហោះ។
·
២. ត្រូវនាំមកជាមួយនូវលិខិតឆ្លងដែនរបស់ខ្លួន
ឫឯកសារណាមួយដែលមានតម្លៃស្មើ ដែលមានចុះទិដ្ឋាការចូលដោយអាជ្ញាធរ
ដូចមានកំណត់នៅវាក្យខ័ណ្ឌទីមួយខាងលើ។
·
៣. ត្រូវបង់ថ្លៃទិដ្ឋាការ
អាករព្រលានយន្តហោះឫកំពង់ផែ។ ល័ក្ខខ័ណ្ឌនៃការបង់ថ្លៃនិងអាករនេះ
ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា ៩.-ជនបរទេសមិនមែនអន្តោប្រវេសន្តណាដែលមិនបានបំពេញតាមល័ក្ខខ័ណ្ឌដែលមានចែងនៅក្នុងមាត្រា
៨ នៃច្បាប់នេះ មិនត្រុវអនុញ្ញាតឲ្យចូលមកព្រះរាជាណាចក្រកម្ពុជា
លើកលែងតែក្នុងករណីដែលមានការអនុញ្ញាតផ្សេងពីនេះរបស់រាជរដ្ឋាភិបាល។ ក្នុងករណីប៉ះពាល់ដល់សន្តិសុខជាតិ
អាជ្ញាធរមានសមត្ថកិច្ចអាចហាមឃាត់មិនឲ្យចូលបាន
ទោះបីជនបរទេសមិនមែនអន្តោប្រវេសន្តនោះបានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា៨
ហើយក៏ដោយ។
ជំពូកទី ៣
ជនបរទេសអន្តោប្រវេសន្ត
មាត្រា ១០.-ជនបរទេសដែលចាត់ទុកជាអន្តោប្រវេសន្តគឺ
៖
·
១.
ជនបរទេសដែលមកដល់ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរ
ឫដើម្បីប្រកបវិជ្ជាជីវៈ ឫធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម
សេវា ឫកសិកម្ម។
·
២. ជនបរទេសដែលគ្មានរាប់ចូលក្នុងប្រទេសណាមួយ
ដូចមានចែងក្នុងមាត្រា ៧ នៃច្បាប់នេះ។
មាត្រា ១១.-អាចទទួលឲ្យស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសអន្តោប្រវេសន្តណា
ដែលបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៨នៃច្បាប់នេះ
ហើយលើសពីនេះត្រូវបំពេញកាតព្ចកិច្ចដូចតទៅ ៖
·
១. បង្ហាញនូវសម្បទានផលប្រយោជន៍ដល់សេដ្ឋកិច្ច
ឫសង្គមកិច្ច ឫវិទ្យាសាស្រ្តបច្ចេកទេស ឫវប្បធម៌ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
·
២. តំកល់ប្រាក់ធានាតាមចំនួនសមស្រប
សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញ ឫមាតុភូមិនិវត្តន៍ជាយថាហេតុ
និងមានប្រាក់ធានាថាអាចរស់នៅបានដោយសារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ចំនួនទឹកប្រាក់ខាងលើនេះត្រូវកំណត់ដោយអនុក្រឹត្យ។
·
៣. មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួនបាន
ដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសដែលអន្តោប្រវេសន្តចេញមក
និងមានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ។
·
៤.
មានលិខិតថ្កោលទោសដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមរបស់ខ្លួន។
·
៥. ទោះបីជនបរទេសអន្តោប្រវេសន្ត
បានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើនេះហើយក៏ដោយ
ក៏ជនគ្រប់រូបទាំងនោះត្រូវបំពេញឲ្យបាននូវល័ក្ខខ័ណ្ឌផ្នែកសន្តិសុខដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឲ្យមាន។
មាត្រា ១២.-ការទទួលស្គាល់ជនបរទេសណាម្នាក់ជាជនបរទេសអន្តោប្រវេសន្ត
ត្រូវសម្រេចដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
មាត្រា ១៣.-ជនបរទេសអន្តោប្រវេសន្ត
ឫមិនមែនអន្តោប្រវេសន្តដែលត្រូវបានទទួលឲ្យចូលក្នុងព្រះរាជាណាចក្រកម្ពុជា
ត្រូវបង្ហាញខ្លួននៅប៉ុស្តិត្រួតពិនិត្យអន្តោប្រវេសន្ត ទាំងពេលមកដល់
និងពេលចេញដំណើរទៅវិញ។ គ្រប់ច្រក ឫចំណុចចេញចូលរបស់ជនបរទេសត្រូវកំណត់
និងគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។
មាត្រា ១៤.-ជនបរទេសអន្តោប្រវេសន្តត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល
៤៨ម៉ោង ក្រោយពេលមកដល់ នៅការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុង
ដែលខ្លួនមានបំណងស្នាក់នៅដើម្បីធ្វើពាក្យសុំប័ណ្ណស្នាក់នៅ។ បង្កាន់ដៃសំគាល់នឹងត្រូវផ្ដល់ភ្លាមជូនសាម៉ីខ្លួនក្រោយពីបានទទួលពាក្យសុំនេះ។
មាត្រា ១៥.-ក្នុងករណីដែលមានការផ្លាស់ប្ដូរលំនៅដ្ឋាន
ជនបរទេសអន្តោប្រវេសន្តត្រូវសុំការបញ្ជាក់នៅលើប័ណ្ណ ស្នាក់នៅរបស់ខ្លួន
នៅការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុងដែលខ្លួនមានលំនៅដ្ឋានមុនពេលខ្លួនចេញដំណើរ។
ជនបរទេសអន្តោប្រវេសន្តត្រូវបំពេញបែបបទដូចខាងលើនេះ ក្នុងរយៈពេល
៤៨ម៉ោងបន្ទាប់ពីបានទៅដល់លំនៅដ្ឋានថ្មី។
មាត្រា ១៦.-ប័ណ្ណស្នាក់នៅនេះត្រូវបង្ហាញនៅពេលដែលមានការឆែកឆេរពីអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
ប័ណ្ណស្នាក់នៅនេះអាចដកហូតបានពីសាម៉ីជនណាដែលមិនបានគោរពតាមបទបញ្ញត្តិនៃច្បាប់នេះ។
ក្នុងករណីដកហូតប័ណ្ណស្នាក់នៅ
ជនបរទេសអន្តោប្រវេសន្តត្រូវចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងរយៈពេលប្រាំពីរថ្លៃ។ ក៏ប៉ុន្តែតាមកាលៈទេសៈជាក់ស្ដែង
រយៈពេលនេះអាចកែប្រែបានដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមសំណើរបស់ស្នងការដ្ឋាននគរបាលខេត្ត
ក្រុង ហើយរយៈពេលបន្តមិនត្រូវលើសពី ៣ខែ។
ការឈប់ទទួលស្គាល់ជនបរទេសណាម្នាក់ជាជនបរទេសអន្តោប្រវេសន្ត
ត្រូវសំរេចដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
មាត្រា ១៧.-ជាគោលការណ៍
ជនបរទេសអាចធ្វើចរាចរបានដោយសេរីនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ក៏ប៉ុន្តែក្នុងករណីចាំបាច់
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាចដាក់បញ្ញត្តិហាមឃាត់ចរាចរជនបរទេស
និងហាមឃាត់ជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្តទាំងអស់មិនឲ្យចូល
ឫស្នាក់អាស្រ័យនៅក្នុងតំបន់ ឫចាកចេញឆ្ងាយពីតំបន់
ឫកន្លែងណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ១៨.-ម្ចាស់ ឫអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ
ត្រូវជូនដំណឹងក្នុងរយៈពេល ២៤ម៉ោង
ដល់ស្ថាប័ននគរបាលមានសមត្ថកិច្ចពីវត្តមាននៃជនបរទេសអន្តោប្រវេសន្ត
ឫមិនមែនអន្តោប្រវេសន្ត ដែលបានមកស្នាក់នៅ។
មាត្រា ១៩.-ការទទួលជនបរទេសឲ្យធ្វើការត្រូវអនុវត្តតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងមហាផ្ទៃមានសិទ្ធិត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសនៅតាមរោងចក្រ សហគ្រាស
ក្រុមហ៊ុន គ្រឹះស្ថាននានា ដោយសហការជាមួយក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន។
មាត្រា ២០.-ស្នងការដ្ឋាននគរបាលខេត្ត
ក្រុង ត្រូវជូនដំណឹងទៅក្រសួងមហាផ្ទៃអំពីមរណភាព
និងការបាត់ខ្លួនរបស់ជនបរទេសអន្តោប្រវេសន្ត
ដែលស្ថិតនៅក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។
មាត្រា ២១.-ប័ណ្ណស្នាក់នៅចេញឲ្យលើកដំបូងមានសុពលភាពសំរាប់រយៈពេលពីរឆ្នាំ។
ប័ណ្ណស្នាក់នៅនេះអាចសុំបន្តការប្រើប្រាស់បានរាល់ពីរឆ្នាំម្ដង។
ពាក្យសុំប័ណ្ណស្នាក់នៅថ្មី
ឫសុំបន្តរយៈពេលប្រើប្រាស់ត្រូវធ្វើនៅចំពោះមុខអាជ្ញាធរដូចបានកំណត់ត្រង់មាត្រា ១៤
នៃច្បាប់នេះ។ ហួសកំណត់ខាងលើនេះ ម្ចាស់ប័ណ្ណស្នាក់នៅដែលមិនបានសុំប័ណ្ណស្នាក់នៅថ្មី
ឫសុំបន្តរយៈពេលប្រើប្រាស់ត្រូវចាត់ទុកថាស្ថិតនៅក្នុងស្ថានភាពមិនត្រឹមត្រូវតាមច្បាប់។
ក្រសួងមហាផ្ទៃត្រូវកំណត់ដោយប្រកាសរបស់ក្រសួង
នូវវិធានការអនុវត្តទាក់ទងនឹងការគ្រប់គ្រង ការធ្វើប័ណ្ណស្នាក់នៅ
ការសុំនិងល័ក្ខខ័ណ្ឌនានា ដែលត្រូវអនុវត្តក្នុងវិស័យនេះ។
ជនបរទេសអន្តោប្រវេសន្តត្រូវបង់អាករសំរាប់ការចេញប័ណ្ណស្នាក់នៅដើមឫទុតិយតា ឫឯកសារដែលមានតម្លៃស្មើគ្នា
តាមការកំណត់របស់អនុក្រឹត្យ។
មាត្រា ២២.-ស្នងការដ្ឋាននគរបាលខេត្ត
ក្រុង ត្រូវទទួលខុសត្រូវត្រួតពិនិត្យជនបរទេសទាំងអស់ ដែលបានតាំងទីលំនៅ ឫទើបនឹងមកតាំងទីលំនៅក្នុងដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។
មាត្រា ២៣.-ជនបរទេសអន្តោប្រវេសន្តណាដែលមានបំណងចាកចេញពីព្រះរាជាណាចក្រកម្ពុជាមួយរយៈពេល
ត្រូវសុំការអនុញ្ញាតចេញ និងវិលមកវិញពីក្រសួងមហាផ្ទៃ។ ជាគោលការណ៍
រយៈពេលនៃការស្នាក់អាស្រ័យនៅបរទេសមិនត្រូវលើសពីបីខែឡើយ។ ប៉ុន្តែរយៈពេលនេះអាចពន្យាបានរហូត
ប្រាំមួយខែ ប្រសិនបើមានមូលហេតុសមហេតុសមផល។ អាករលើការផ្ដល់ការអនុញ្ញាតចេញ
និងវិលមកវិញត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា ២៤.-ក្នុងករណីត្រឡប់មកវិញលើសរយៈពេលអនុញ្ញា
សាម៉ីខ្លួនត្រូវធ្វើពាក្យសុំទិដ្ឋាការចូល ហើយចាត់ទុកថា ជននោះជាជនបរទេសអន្តោប្រវេសន្តមកថ្មី។
ជំពូកទី ៤
ជនបរទេសអន្តោប្រវេសន្ត
ជាអ្នកវិនិយោគឯកជន
មាត្រា ២៥.-ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន
គឺជនបរទេស ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា
ដើម្បីធ្វើវិនិយោគក្នុងក្របខ័ណ្ឌនៃច្បាប់វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២៦.-ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន
ចែកចេញជាពីរប្រភេទគឺ ៖
·
១.
ជនបរទេសដែលចូលមកកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ
·
២. ជនបរទេសដែលបានទទួល «លិខិតអនុញ្ញាតឲ្យវិនិយោគ
ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។
មាត្រា ២៧.-ជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ
ត្រូវបំពេញល័ក្ខខ័ណ្ឌទាំងឡាយដែលមានចែងក្នុងជំពូកទី ៣ ស្ដីពីជនបរទេសអន្តោប្រវេសន្ត
លើកលែងតែសុពលភាពសំរាប់រយៈពេលស្នាក់នៅបណ្ដោះអាសន្ន គឺសំរាប់រយៈពេលមួយឆ្នាំ។
ក្រោយរយៈពេលមួយឆ្នាំនៃការស្នាក់នៅ ក្នុងករណីដែលមិនអាចមានលទ្ធភាពធ្វើវិនិយោគបានលើវិស័យណាមួយទេ
ជនបរទេសនោះអាចដកប្រាក់តម្កល់នានាវិញបាន ហើយមិនអាចបន្តឲ្យស្នាក់នៅបានទៀតឡើយ។
មាត្រា ២៨.-ជនបរទេសដែលបានទទួល
"លិខិតអនុញ្ញាតឲ្យវិនិយោគ" ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
រួមទាំងគ្រួសារផ្ទាល់ខ្លួន នឹងបានទទួលការអនុញ្ញាតឲ្យស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាអចិន្រ្តៃយ៍
ឫតាមរយៈពេលដែលបានកំណត់ក្នុងលិខិតអនុញ្ញាតឲ្យវិនិយោគ
និងមានសិទ្ធិសុំកាន់ឯកសារធ្វើដំណើររបស់ព្រះរាជាណាចក្រកម្ពុជា។
បែបបទនៃការអនុវត្តមាត្រា
២៨ នេះ នឹងត្រូវកំណត់ដោយអនុក្រឹត្យ។
ជំពូកទី ៥
ទោសបញ្ញត្តិ
មាត្រា ២៩.-ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត
ហើយចូលមកព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ បន្លំ
ឫដោយល្បិចផ្សេងទៀតដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី
បីខែដល់ ប្រាំមួយខែ មុននឹងត្រូវបណ្ដេញចេញ។
ត្រូវផ្ដន្ទាទោសដូចគ្នានឹងជនល្មើស
ចំពោះជនណាដែលផ្ដល់ជំនួយ ឫជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា។
មន្រ្តី
ឫភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត
ឫជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ប្រាំមួយខែ
ដល់មួយឆ្នាំ។
មន្រ្តី
ឫភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ត
ឫមិនគោរពបទបញ្ជា ត្រូវទទួលការផ្ដន្ទាទោសផ្នែករដ្ឋបាល។ មធ្យោបាយសម្ភារៈប្រើសំរាប់ប្រព្រឹត្តបទល្មើសត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋដោយតុលាករ។
មាត្រា ៣០.-ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី
៥០.០០០រៀលដល់ ១.០០០.០០០រៀល ចំពោះជនបរទេសណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា
១៤-១៥-១៦-១៧- ២១ និង ២៣ នៃច្បាប់នេះ។
ក្នុងករណីពុំរាងចាល
ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០១រៀលដល់ ២.០០០.០០០រៀល។
មាត្រា ៣១.-ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី
១០.០០០រៀលដល់ ៣០.០០០រៀល ចំពោះជនណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៨ នៃច្បាប់នេះ។
ក្នុងករណីមិនរាងចាល
ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ៣០.០០១រៀលដល់ ៦០.០០០រៀល។
ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី
២០០.០០០រៀលដល់ ៥០០.០០០រៀល ចំពោះជនណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៩
នៃច្បាប់នេះ។
ក្នុងករណីមិនរាងចាល
ត្រូវផ្ដន្ទាទោសដាក់គុកពី មួយខែ ដល់បីខែ។
មាត្រា ៣២.-ជនណាដែលធ្វើការកោសលុប
សរសេរត្រួត ក្លែង ឫឲ្យគេខ្ចី ឫមួយក៏សរសេរឈ្មោះក្លែងក្លាយនៅក្នុងប័ណ្ណស្នាក់នៅ
ប័ណ្ណការងារ កិច្ចសន្យាការងារ
ឫមួយក៏ប្រើប្រាស់ឯកសារទាំងនោះដែលមានឈ្មោះផ្សេងពីឈ្មោះខ្លួន
ឫធ្វើបណ្ដឹងក្លែងបន្លំសុំឯកសារដូចខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ប្រាំឆ្នាំ
ដល់ដប់ប្រាំឆ្នាំ។
អ្នកសមគំនិតត្រូវផ្ដន្ទាទោសដូចគ្នា។
មាត្រា ៣៣.-ការផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ដែលមានចែងក្នុងបញ្ញត្តិនៃច្បាប់នេះជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
មាត្រា ៣៤.-ក្រៅពីមូលទោសដែលមានចែងក្នុងច្បាប់នេះ
ត្រូវមានអនទោសបន្ថែមទៀតគីការបណ្ដេញចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ជំពូកទី ៦
ការបណ្ដេញចេញ
មាត្រា ៣៥.-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
រាល់ជនបរទេសអន្តោប្រវេសន្តណាដែលរំលោភលើបញ្ញត្តិច្បាប់អន្តោប្រវេសន្ត។
មាត្រា ៣៦.-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានសិទ្ធិបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
រាល់ជនបរទេសដែល៖
·
១. មានអាកប្បកិរិយា និងសកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា
ឫ
·
២.
ក្រសួងមានសមត្ថកិច្ចមានភស្ដុតាងជាក់លាក់ថាជននោះជាអ្នកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា
ឫ
·
៣. មកធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានប័ណ្ណការងារ។
មាត្រា ៣៧.-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
រាល់ជនបរទេសណាដែលចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់។
មាត្រា ៣៨.-សេចក្ដីសំរេចបណ្ដេញចេញត្រូវអនុវត្តភ្លាម
ចាប់ពីថ្ងៃចុះហត្ថលេខារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សាម៉ីខ្លួនមានសិទិ្ធប្ដឹងទៅតុលាការក្នុងរយៈពេល ២ខែ។
មាត្រា ៣៩.-ការបណ្ដេញចេញត្រូវអនុវត្តក្នុងរយៈពេល
៧ថ្ងៃយ៉ាងយូរ ក្រោយពីសេចក្ដីសំរេចចេញជាផ្លូវការពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
លើកលែងតែមានសាលក្រមផ្អាកការអនុវត្តពីតុលាការ។
ជំពូកទី ៧
អវសានបញ្ញត្តិ
មាត្រា ៤០.-បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ
ត្រូវទុកជានិរាករណ៍។
មាត្រា ៤១.-ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។
ច្បាប់នេះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
អនុម័តនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤
នាសម័យប្រជុំវិសាមញ្ញនីតិកាលទី ១
ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤
ប្រធានរដ្ឋសភាស្ដីទី
សឺន ស៊ូបែរ្តិ៍
No comments:
Post a Comment