ភ្លើងលើភ្នំ

ចំនួនជាច្រើនថ្ងៃកន្លងទៅហើយ គេតំណាលថា នៅក្នុងទីក្រុងអាត់ដិសអាបាបា មានបុរសកំលោះម្នាក់ឈ្មោះ អារហា។ បុរសនេះមកពីប្រទេស គួរ៉ាហ្ស មកនៅធ្វើជាអ្នកបម្រើថៅកែម្នាក់ឈ្មោះហាប់តុមហាស៊ី ក្នុងទីក្រុង អាត់ដិសអាបាបានោះ តាំងតែពីកុមារ។ ហាប់តុមហាស៊ី ជាថៅកែម្នាក់ស្ដុកស្ដម្ភបំផុត មានកម្មសិទ្ធិលើវត្ថុគ្រប់យ៉ាង ដោយសារទឹកប្រាក់របស់គាត់ ហើយគាត់តែងអផ្សុកចិត្ត ដោយគ្មានវត្ថុអ្វីមួយប្លែកចម្លែកភ្នែកគាត់ ក្រៅពីវត្ថុដែលគាត់មានហើយនោះឡើយ ការងារដែលគាត់ត្រូវធ្វើ ក៏គ្មានថែមទៀត។ ក្នុងរាត្រីកាលដ៏ត្រជាក់មួយ កាលដែលព្រះពាយលាយដោយទឹកសន្សើមបក់កាត់ខ្ពង់រាប។ ថៅកែហាប់តុម បានហៅអ្នកបម្រើរបស់គាត់គឺ អារហា ឲ្យយកឧសមកបង្កាត់ភ្លើងអាំង។ កាលអារហា បង្ហើយកិច្ចនេះរួច ថៅកែក៏ចាប់និយាយលេង ដំបូងគាត់និយាយនឹងខ្លួនគាត់ថា៖ យីអើហ្ន៎ ! ត្រជាក់ដល់ថ្នាក់ប៉ុន្មានទៅ ដែលមនុស្សនៅទ្រាំបាន?រួចគាត់បន្តទៅទៀតថា៖ អញដូចជាសង្ស័យណាស់ថា បើអ្នកណាមួយទៅឈរលើកំពូលភ្នំម៉ោនអ៊ិនថត់ថូដ៏ខ្ពស់បំផុត ដែលមានខ្យល់យ៉ាងត្រជាក់អនេកអនន្តបក់បោកមកលើ ឲ្យបានពេញមួយយប់ទល់ភ្លឺ ដោយកុំដណ្ដប់ភួយ ឬស្លៀកពាក់ខោអាវ តើវាងាប់ ឬមិនងាប់? ទេ ខ្ញុំមិនដឹងដែរ" អារហាឆ្លើយ ប៉ុន្តែបើគេទៅធ្វើដូច្នោះ តើអំពើនោះ មិនមែនជាអំពើឆ្កួតភ្លីភ្លើទេ ឬដូចម្ដេច? អើ អីចឹងមែនហើយ" ថៅកែឆ្លើយតប បើធ្វើដូច្នោះទៅ ហើយវាគ្មានបានទទួលកម្រៃអ្វីពីការធ្វើនោះ អំពើនោះជាអំពើឆ្កួតលីលាមែន ប៉ុន្តែអញហ៊ានភ្នាល់ថា គ្មាននរណាអាចទៅឈរដូច្នោះបានឡើយ"។ ទេ ខ្ញុំហ៊ាន ខ្ញុំជឿជាក់ថា រូបខ្ញុំក្លាហានល្មមទៅឈរស្រាតលើភ្នំនោះពេញមួយយប់បាន" អារហានិយាយ ប៉ុន្តែវាមិនមែនជាកិច្ចការរបស់ខ្ញុំទេ ដោយហេតុថា ខ្ញុំគ្មានអ្វីសម្រាប់ភ្នាល់នឹងលោក"។ ល្អ! ល្អ!" ថៅកែនិយាយ ឲ្យតែឯងពិតប្រាកដជាហ៊ានធ្វើការនេះបាន អញនឹងភ្នាល់ជាមួយឯងតាមរបៀបណាមួយ គឺថាបើឯងអាចទៅឈរលើកំពូលភ្នំ ដែលដេរដាសដោយថ្ម ឲ្យបានពេញមួយយប់ ដោយគ្មានម្ហូបអាហារ គ្មានទឹក គ្មានសម្លៀកបំពាក់ គ្មានភួយ និងគ្មានភ្លើងសម្រាប់អាំង ហើយមិនស្លាប់ព្រោះកិច្ចនេះ ពេលនោះ អញនឹងឲ្យឯងនូវដី១០ អា ដែលជាដីចម្ការដ៏ល្អៗ ព្រមទាំងសេះមួយ និងពាហនៈខ្លះទៀតជាកម្មសិទ្ធិរបស់ឯង"។ អរពេក អារហា រកកលស្ទើរតែមិនជឿពាក្យដែលខ្លួនបានស្ដាប់ វាសួរថៅកែថា៖ តើពាក្យនេះ មានន័យពិតដូច្នេះមែនឬលោក? យី! អញជាបុរស តាំងនៅក្នុងពាក្យរបស់ខ្លួនណា៎! ថៅកែឆ្លើយ។ បើដូច្នោះមែន ល្ងាចស្អែក ខ្ញុំនឹងទៅធ្វើការនេះ ហើយបន្ទាប់មក គឺនៅឆ្នាំតៗទៅ ខ្ញុំនឹងបានជាម្ចាស់កម្មសិទ្ធិ អាចមានដីរបស់ខ្លួននោះ ធ្វើការលៀងអាជីពទៅអនាគត"។ តែអារហាព្រួយចិត្តចំពោះការភ្នាល់នេះជាពន់ពេក ពីព្រោះខ្យល់ដែលបក់បោកលើកំពូលភ្នំម៉ោនអ៊ិនថត់ថូ កំណាចខ្លាំងណាស់។ ម៉្លោះហើយ ក្នុងពេលព្រលឹមឡើង អារហាបានចូលទៅរកតាចាស់ដ៏ប៉ិនម្នាក់ ជាកុលសម្ពន្ធរបស់ខ្លួន ដើម្បីប្រាប់រឿងភ្នាល់នេះឲ្យតានោះជួយខ្លួន។ តាចាស់ ស្ដាប់អារហានិយាយប្រាប់រឿងនេះ ដោយស្ងប់ស្ងៀម និងដោយការរិះគិត ទីបំផុត កាលអារហានិយាយចប់គាត់ពោលថា៖ មិនអីទេ! កុំព្រួយ ខ្ញុំនឹងជួយអ្នកឯងក្នុងរឿងនេះ ឆ្លងរំលងជ្រលងភ្នំម៉ោនអ៊ិនថត់ថូទៅ មានផ្ទាំងសិលាមួយដុំយ៉ាងខ្ពស់ ដែលគេអាចមើលទៅឃើញក្នុងវេលាថ្ងៃ។ ល្ងាចស្អែក នៅពេលព្រះអាទិត្យអស្ដង្គត ខ្ញុំនឹងទៅបង្កាត់ភ្លើងនៅទីនោះ ដែលជាទីអាចមើលទៅឃើញពីកន្លែងដែលអ្នកឋិតនៅ។ ពេញមួយរាត្រីនោះ អ្នកឯងត្រូវចោលភ្នែកក្រឡេកមើលទៅភ្លើង ដែលខ្ញុំបង្កាត់នោះ កុំបិទភ្នែកឲ្យងងឹតឆ្លងកាត់អ្នកឲ្យសោះ។ ពេលដែលអ្នកមើលភ្លើង ត្រូវគិតពីកម្ដៅភ្លើង គិតពីរូបខ្ញុំជាសម្លាញ់អ្នកឯង ដែលកំពុងតែថៃទាំភ្លើងនោះឲ្យអ្នក។ បើអ្នកធ្វើតាមបែបនេះ អ្នកនឹងអាចរស់នៅបាន ទុកណាជាខ្យល់យប់នោះ កំណាចយ៉ាងណាក៏ដោយ" ។ អារហាទទួលអំណរគុណតាចាស់ រួចត្រឡប់ទៅផ្ទះថៅកែហាប់តុមវិញ ដោយមានបេះដូងយ៉ាងត្រចះរីករាយ។ វាបានប្រាប់ថៅកែហាប់តុមថា វាប្រុងប្រៀបនឹងទៅធ្វើកិច្ចនោះហើយ។ នៅសាយណ្ហសម័យ ថៅកែបានបញ្ជូនអារហា ឲ្យទៅឈរលើកំពូលភ្នំម៉ោនអ៊ិនថត់ថូ ដោយមានខ្ញុំកំដរជាច្រើននាក់ ទៅចាំឃ្លាំមើលផង។ នៅលើកំពូលភ្នំ កាលដែលរាត្រីកាលបានគ្របដណ្ដប់មកហើយ អារហាក៏ប្រមូលសម្លៀកបំពាក់ខ្លួនដាក់មួយដុំ រួចចាប់ផ្ដើមឈរកណ្ដាលខ្យល់សើមត្រជាក់ ដែលបោកបក់ឆ្លងកាត់ខ្ពង់រាបក្នុងអស្ដង្គតកាលនៃព្រះអាទិត្យ។ រំលងជ្រលងភ្នំចំនួនជាច្រើនម៉ៃល៍ ទៅទីមួយឆ្ងាយ អារហាបានឃើញពន្លឺភ្លើងរបស់សម្លាញ់វា ដែលចោលពន្លឺព្រិចៗ ដូចជាផ្កាយក្នុងខែងងឹត។ ព្រះពាយចេះតែត្រជាក់ឡើងៗ ហើយហាក់ដូចជាទម្លុះចូលទៅក្នុងសាច់ ចាក់ចុចឆាវដល់ខួរក្នុងឆ្អឹងនៃអារហា។ ថ្មដែលវាឈរជាន់នោះ ប្រែក្លាយជាទឹកកក។ គ្រប់តែពេលដែលឈានចូលមក ភាពត្រជាក់ចេះតែបង្កើនសកម្មភាព ធ្វើឲ្យអារហាស្ពឹកខ្លាំងឡើងៗ ដរាបវាភ័យថា ខ្លួនវាប្រហែលជាលែងមានកម្ដៅទៀតទេដឹង ប៉ុន្តែ វាខំបើកភ្នែកក្រឡេកមើលទៅភ្លើងដែលចោលពន្លឺប្លុងៗ ក្នុងទីឆ្ងាយនោះ ហើយគិតទុកក្នុងចិត្តថា  សម្លាញ់ចាស់វាកំពុងតែថែទាំភ្លើងនោះសម្រាប់ខ្លួនវា។ ជួនកាល មានដុំពពកស្ដើងៗ អណ្ដែតត្រសែតមកគ្របពន្លឺនោះបាត់មួយសន្ទុះ ធ្វើឲ្យអារហាសន្ធឹងខ្សែចក្ខុខំមើល ដរាបដល់ដុំពពកតូចៗនោះឃ្លាតចេញពីពន្លឺ។ ពេលនោះ អារហាទៅជាក្អកកណ្ដាស់ រួចគ្រុនញ័រ ចាប់មិនស្រួលខ្លួនតែម្ដង។ ក៏ប៉ុន្តែ ពេញមួយយប់នោះ វាទ្រាំឈរស្រាតនៅទីនោះបានដរាបដល់ភ្លឺស្រាងៗ ទើបវាស្លៀកពាក់ខោ អាវចុះពីកំពូលភ្នំ រួចដើរត្រឡប់ទៅផ្ទះថៅកែវាវិញ។ ឃើញអារហាមកដល់ ថៅកែ ហាប់តុម ក៏ស្រាប់តែភ្ញាក់ព្រើត គាត់សួរទៅខ្ញុំកំដរគាត់ឯទៀត ដោយមធ្យ័តថា៖ អូ៎!  វាបានទៅឈរលើកំពូលភ្នំពេញមួយយប់ ដោយឥតមានម្ហូបអាហារ ទឹក ភួយ និងសម្លៀកបំពាក់អីចឹងមែនហ៍? អីចឹងមែន លោក! អ្នកបម្រើឆ្លើយ គាត់បានបំពេញលក្ខណសម្បត្តិទាំងនេះត្រឹមត្រូវមែន" គាត់និយាយទៅកាន់អារហា ចុះអ្នកឯងធ្វើដូចម្ដេច បានជាទ្រាំឈរបាន ? ខ្ញុំក្រឡេកមើលទៅភ្លើងប្លុងៗមួយ ឋិតនៅលើភ្នំតូចមួយឆ្ងាយពីកន្លែងខ្ញុំ" អារហាឆ្លើយ។ ថាម៉េច? ឯងមើលភ្លើង? អូ៎! ឯងចាញ់ភ្នាល់ហើយ បើដូច្នោះ... ឯងត្រូវនៅជាខ្ញុំកំដរអញតទៅទៀត មិនត្រូវបានដីបានខ្មោចអីទេ! ... ទេលោក ភ្លើងនោះនៅទីឆ្ងាយ ឆ្ងាយពីខ្ញុំ គឺឆ្លងរំលងជ្រលងភ្នំមួយទៅទៀតទើបដល់ វាមិនអាចឲ្យកម្ដៅសូម្បីបន្តិចដល់ខ្ញុំឡើយ" អារហាពោល។ ទេ អញមិនឲ្យដីឯងទេ ព្រោះឯងមិនធ្វើតាមល័ក្ខខ័ណ្ឌនៃការភ្នាល់... ព្រោះតែភ្លើងនោះហើយ បានជាឯងអាចឈរបាន ... ពេលនោះ អារហាព្រួយចិត្តពន់ពេក។ វាបានចូលទៅរកសម្លាញ់ចាស់ម្ដងទៀត រួចប្រាប់សម្លាញ់នោះពីហេតុការណ៍ដែលកើតឡើង។ តាចាស់ទូន្មានវាថា ឲ្យយករឿងរ៉ាវនោះទៅប្ដឹងចៅក្រម។ អារហាបានចូលទៅប្ដឹងរឿងនេះដល់ចៅក្រមៗ ក៏កោះហៅថៅកែហាប់តុម ឲ្យចូលខ្លួនកាន់ទីតុលាការ។ កាលដែលហាប់តុមប្រាប់រឿងខ្លួនដល់ចៅក្រម ហើយខ្ញុំកំដរប្រាប់បន្ថែមថា អារហាបានមើលភ្លើង ដែលឋិតនៅឆ្ងាយរំលងជ្រលងភ្នំទៅទៀតនោះ។ ចៅក្រមគាត់ឲ្យអារហាចាញ់ដោយខុសនឹងលក្ខណសម្បត្តិនៃការភ្នាល់ ត្រង់ចំណុចថា ត្រូវឈរដោយឥតមានពន្លឺសម្រាប់អាំង។ អារហា ចូលទៅរកសម្លាញ់ចាស់នោះម្ដងទៀត ដើម្បីប្រាប់នូវដំណឹងទុក្ខព្រួយដល់សម្លាញ់ថា ខ្លួនត្រូវគេផ្ដន្ទាទោសឲ្យឋិតនៅក្នុងជីវភាពជាខ្ញុំកំដរតទៅទៀត ទុកណាជាខ្លួនបានបំពេញពិធីកម្មនៅលើកំពូលភ្នំដូច្នោះហើយក៏ដោយ។ បុរសចាស់និយាយណែនាំអារហាថា កុំអាលអស់សង្ឃឹម ទុកណាជាខ្លួនជាមនុស្សព្រៃ តែនៅមានប្រាជ្ញា មិនទាន់អន់ជាងចៅក្រមដែលនៅក្នុងទីក្រុងប៉ុន្មានទេ។ និយាយហើយ គាត់ក្រោកពីទីដែលអង្គុយ រួចដើរទៅរកជួបបុរសម្នាក់ទៀតឈ្មោះ ហេលុយ ដែលគាត់ធ្លាប់នៅបម្រើ កាលគាត់នៅពីកុមារភាព ដើម្បីនិយាយរឿងភ្នាល់រវាងថៅកែហាប់តុម និងអារហា ឲ្យគាត់ជួយគិតពីរឿងនេះផង។ ហេលុយ គិតមួយសន្ទុះហើយឆ្លើយថា៖ កុំខ្វល់ពីរឿងនេឲ្យសោះ, ចាំខ្ញុំជួយយកអាសាអ្នកឯង"។ នៅថ្ងៃមួយក្រោយមក, ហេលុយបានបញ្ជូនសំបុត្រទៅអញ្ជើញ ភ្ញៀវក្នុងទីក្រុង ដើម្បីឲ្យមកទទួលការជប់លៀងភោជនាហារនៅផ្ទះគាត់។ ក្នុងចំណោមភ្ញៀវដែលត្រូវអញ្ជើញ ថៅកែហាប់តុម និងចៅក្រមដែលកាត់ក្ដីឲ្យអារហាចាញ់ក្នុងរឿងភ្នាល់ ក៏បានត្រូវគេអញ្ជើញដែរ។ កាលបរិច្ឆេទនៃពិធីជប់លៀងភោជនាហារមកដល់ហើយ ភ្ញៀវទាំងឡាយ ដ៏ប្រដាប់កាយដោយគ្រឿងអលង្ការយ៉ាងសង្ហា។ ជិះសេះទេសញី ដើរហែហមដោយហ្វូងបរិពារពីក្រោយ គគ្រឹកគគ្រេង ឆ្ពោះទៅកាន់ពិធីជប់លៀង។ ថៅកែហាប់តុមយើង ដែលកំដរស្រករដោយបរិពារ២០នាក់ គឺម្នាក់ជាអ្នកបាំងឆត្រការពារកម្ដៅព្រះអាទិត្យជូនលោក ហើយមានអ្នកវាយស្គរ បួននាក់ទៀត គិតតែពីវាយស្គរកម្ទរភូមិឲ្យលាន់ឮឡើង ជាសញ្ញាប្រាប់ពួកជនឲ្យដឹងថា លោកថៅកែធំនាមហាប់តុម អញ្ជើញទៅរួបរួមក្នុងពិធីជប់លៀងភោជនាហារនោះឯង។ អតិថិជនទាំងឡាយ បានចូលទៅអង្គុយតាមលំដាប់លំដោយ លើកម្រាលដ៏ទន់ល្វន់យ៉ាងស្អាត ដែលគេក្រាលរួចពីមុខហើយស្រេចនោះ បែកព្រោកប្រាជ្ញល្ហល្ហាចទៅវិញទៅមកតាមរឿងរបស់គេ។ ភោជនាហារដ៏មានរសជាតិទាំងឡាយ ដែលចម្អិននៅក្នុងចង្ក្រានក្បែរនោះ ដូចជាសាច់ពពែឆា ពោតឆា ដុរ៉ា នំអ៊ិនហ្សិរ៉ា និងប្រភពចម្ងាញ់ដទៃទៀតជាច្រើន បានចោលក្លិនឈ្ងុយឈ្ងប់លើសលុបអស្ចារ្យ នាំឲ្យកើតសម្រេកគម្លានឃ្លានស្ទើរស្រក់ទឹកមាត់ ដល់ពួកភ្ញៀវទាំងនោះ។ ពេលវេលាចេះតែកន្លងទៅៗ ការដែលត្រូវលើកភោជនាហារមកជូនភ្ញៀវបរិភោគ ក៏ល្មមពេលហើយ តែមិនមានម្ហូបចេញមកឲ្យភ្ញៀវឃើញសោះ មានតែក្លិនឈ្ងុយឈ្ងប់បក់ចេញមកពីចង្ក្រានតែប៉ុណ្ណោះ។ ពេលល្ងាចឈានចូលមកហើយ តែភោជនាហារមិនទាន់ចេញមកទទួលភ្ញៀវនៅឡើយទេ។ ភ្ញៀវទាំងឡាយ ក៏ចាប់ផ្ដើមខ្សឹបខ្សាវគ្នាទៅវិញទៅមក គេឆ្ងល់ចង់ដឹងថា ប្រហែលជាលោកហេលុយ ឥតមានភោជនាហារអ្វីនឹងនាំចេញមកទទួលពួកគេទេដឹង។ ក្លិនឈ្ងុយនៃសាច់ចៀន ឆាក៏ចេះតែបក់ក្លិនមិនឈប់សោះ។ ទីបំផុត ភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវទាំងឡាយនោះ និយាយឡើងថា៖ លោកហេលុយ ម៉េចក៏លោកធ្វើការអីចឹង? ក្រែងលោកអញ្ជើញពួកយើងឲ្យមកទទួលការជប់លៀង ចុះយ៉ាងម៉េចបានជាមិនឃើញមានម្ហូបអាហារអ្វីសោះដូច្នេះ?ម៉េចក៏និយាយយ៉ាងហ្នឹង? ហេលុយឆ្លើយ លោកគ្រាន់តែហិតក្លិនទៅមិនបានឬ? ពិតហើយ យើងហិតបាន តែការហិតក្លិនមិនមែនជាការបរិភោគទេ វាគ្មានការឆ្អែតពោះ ដោយការហិតក្លិនទេ! ចុះកម្ដៅរបស់ភ្លើង ដែលយើងមើលទៅឃើញដោយពិបាកអាចកក់ក្ដៅដល់យើងបានដែរឬអី? ហេលុយសួរ បើប្រសិនជាអារហាបានកក់ក្ដៅដោយភ្លើងដែលវាមើលទៅឃើញ គ្រាដែលវាឈរនៅលើភ្នំម៉ោនអ៊ិនថត់ថូនោះមែន ពេលនេះ អស់លោកក៏អាចឆ្អែតបាន ដោយគ្រាន់តែហិតក្លិនភោជនាហារបក់មកពីចង្ក្រានដូចអារហាដែរ"។ ជនទាំងឡាយ បានយល់ស្របតាមពាក្យហេលុយ ឯចៅក្រមក៏យល់នូវកំហុសរបស់ខ្លួន ហើយថៅកែហាប់តុមកើតអៀនខ្មាសក្រៃលែង ចៅក្រមបានសម្ដែងសេចក្ដីអរគុណចំពោះហេលុយ ដែលបានឲ្យដំបូន្មានដល់ខ្លួន។ រួចប្រកាសសេចក្ដីជាថ្មីថា! អារហាត្រូវជាអ្នកមានជ័យជំនះក្នុងការភ្នាល់ពេលនោះ ត្រូវបានដី បានផ្ទះ និងសត្វពាហនៈក្នុងកិច្ចភ្នាល់។ រួចហើយ ហេលុយបានបង្គាប់ឲ្យគេលើកភោជនាហារមកជូនទៀត, ពិធីជប់លៀងក៏ចាប់ផ្ដើម ដោយបរិយាកាសដ៏រីករាយតទៅ៕

ប្រភព៖ ពុទ្ធសាសនបណ្ឌិត្យ

 

 

 

No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...