សម័យមួយ មានតាចាស់ម្នាក់ មានកូនប្រុសបួននាក់។
តាចាស់នោះ កាលដែលវ័យរបស់គាត់កាន់តែជរាទៅ គាត់បានចែកទ្រព្យសម្បត្តិទាំងអស់របស់គាត់
ឲ្យកូនប្រុសទាំងបួននាក់នោះ ដោយគាត់គិតថា ថ្ងៃណាមួយ អាត្មាអញនឹងទៅកាន់បរលោក
ចោលកូនទាំងអស់មិនខាន។ កាលចែកដូច្នេះហើយ តាជរាក៏យាត្រាទៅនៅជាមួយកូនច្បងបរបស់គាត់។ ដំបូង
កូនច្បងនោះ បានគោរពប្រណិប័តន៍គាត់ដោយគេនិយាយថា យើងត្រូវតែជូនម្ហូបចំណី
ទីសំណាក់អាស្រ័យ សម្លៀកបំពាក់ឲ្យគាត់ និងរាក់ទាក់ថែរក្សាគាត់ឲ្យត្រឹមត្រូវ
ហើយឲ្យស្អាតបាតផង។ ពេលនោះហើយ ជាពេលដែលកូនច្បងបានទៅជាកូនមួយយ៉ាងគាប់ប្រសើរចំពោះបិតារបស់ខ្លួន។ ប៉ុន្តែ មិនយូរប៉ុន្មាន កូនច្បងនោះក៏ទៅជាមានវិប្បដិសារី
ចំពោះគ្រឿងសក្ការៈរបស់ខ្លួនទៅលើបិតា ជាអ្នកគ្រោតគ្រាតទៅលើគាត់ ថែមទាំងពេលខ្លះ
បានគំហកកំហែងដាក់គាត់ទៀតផង។ តាកម្សត់
មិនអាចនឹងទ្រាំនៅអាស្រ័យក្នុងផ្ទះកូនច្បងនោះ ឲ្យយូរតទៅទៀត
ដូចកាលទើបមកនៅនោះបានឡើយ។ សម្លៀកបំពាក់របស់គាត់ដាច់ដាចដោយគ្មានអ្នកណាប៉ះឲ្យ គ្មានអ្នកណាចាត់ចែងរៀបចំម្ហូបអាហារឲ្យគាត់ទៀតឡើយ។
កូនច្បង ដោយកើតវិប្បដិសារីចំពោះការដែលខ្លួនបានថែរក្សាតាចាស់
ក៏សម្តែងអាការៈមិនពេញចិត្ត (ស្ដាយ) គ្រប់ចំណិតនំបុ័ងដែលគាត់ពិសា។ ទីបំផុត
ដោយតាគ្មានការគាប់ចិត្តបែបនេះសោះនោះ គាត់បានចេញពីផ្ទះកូនច្បង
រួចទៅនៅជាមួយកូនទីពីរ។ ប៉ុន្តែ ក្នុងពេលយ៉ាងខ្លី តាចាស់បានភ្ញាក់ខ្លួនដឹងថា
គាត់គ្រាន់តែប្ដូរស្រូវសាលីយកចំបើងវិញប៉ុណ្ណោះឯង។ គ្រប់តែពេលដែលគាត់បរិភោគ
បុត្រទីពីរ និងកូនប្រសាស្រីរបស់គាត់ ក៏សម្ដែងអាការៈជូរចត់ ខ្សឹបខ្សាវអីចេះអីចុះ
រអេចរអូច ដែលមិនជាទីគាប់ចិត្តចំពោះគាត់។ ជាញឹកញយណាស់
នាងកូនប្រសាចេះតែរអ៊ូរទាំដាក់តាដោយពោលថា៖ កាលពីពេលមុនដែលតាកញ្ចាស់មកនៅផ្ទះយើង
យើងមានប្រាក់កាសល្មមតែនឹងសេចក្ដីត្រូវការរបស់យើងប៉ុណ្ណោះ ស្រាប់តែឥឡូវនេះ
យើងត្រូវទ្របន្ទុកមួយថែមមកទៀត! ... ពេលនោះ
តាចាស់ក៏មិនអាចនឹងទ្រាំនៅជាមួយកូនទីពីរនេះទៀតបាន ម្ល៉ោះហើយ
គាត់ក៏ចេញទៅនៅជាមួយកូនទីបី។ កូនទីបីនេះក៏ដូចជាកូនទីពីរដែរ
ហើយតានោះគាត់បានចេញទៅនៅជាមួយកូនពៅរបស់គាត់ទៀត។ ឯកូនពៅសោត
ក៏មិនប្លែកអ្វីពីពួកកូនបងៗដែរ។ តាចាស់បានចេញទៅពីផ្ទះកូនមួយ ទៅផ្ទះកូនមួយទៀត
តាមបែបនេះ។ ទីបំផុត តាមានសេចក្ដីរីករាយ ចេញពីផ្ទះកូនទាំងអស់នោះតែម្ដង។ គ្រប់កូនទាំងអស់ ម្នាក់ៗបានជំរុញបន្ទុកនៃការថែរក្សាបិតាខ្លួន
ទៅលើម្នាក់ដទៃទៀត។ ពេលនោះ មានការពិភាក្សាគ្នាយ៉ាងសម្បើមរវាងកូនទាំងឡាយនោះ
ដើម្បីដោះស្រាយបញ្ហាថា "តើអ្នកណាល្មមទទួលខុសត្រូវចំពោះបិតាបាន?" ។ ម្នាក់ថា ពិបាកយ៉ាងនេះ ម្នាក់ទៀតថា មានការពិបាកយ៉ាងនោះ។ ទីបំផុត
គ្មានអ្នកណាមួយស្ម័គ្រទទួលចិញ្ចឹមបិតាខ្លួនឡើយ។ ម្នាក់នេះមានកូនតូចៗច្រើនពេក
ម្នាក់ទៀតនោះ មានប្រពន្ធជាស្រីរញ៉ាំរញ៉ូវដាក់គាត់ ផ្ទះកូននេះតូចពេក
ហើយផ្ទះឯណោះក្រពេក។ "ណ្ហើយ ! អញ្ជើញទៅណាក៏តាមចិត្តប៉ាចុះ! គ្រាន់តែកុំមករកយើងតែប៉ុណ្ណោះបានហើយ!
(ពួកកូននិយាយ)"។ តាកម្សត់ ក៏យំហ៊ីៗមុខកូនខ្លួន មិនដឹងជានឹងទៅឯណា មកខាងណា។
គាត់អស់ការតស៊ូអ្វីទៀតហើយ ស្រេចតែកូនប្រាថ្នាចង់ធ្វើអ្វីចំពោះគាត់ ក៏តាមចិត្តចុះ។ ពេលនោះ ពួកកូនមកជួបជុំគ្នា ដើម្បីសម្រេចការថា
តើត្រូវធ្វើដូចម្តេចចំពោះគាត់?។ ទីបំផុត
គេព្រមព្រៀងគំនិតគ្នាថា កិច្ចការប្រសើរបំផុត ដែលមនុស្សចាស់អាចធ្វើបាន
គឺត្រូវបញ្ជូនគាត់ទៅរៀនឯសាលាក្នុងទីណាមួយឲ្យស្រឡះទៅ។ គេនិយាយថា នៅសាលារៀនឯណោះ
នឹងមានជើងម៉ាសម្រាប់ឲ្យគាត់អង្គុយរៀន កាលណាគាត់ទៅរៀន
ត្រូវយើងដាក់អាហារក្នុងស្បោងរបស់គាត់ ដើម្បីឲ្យគាត់យកទៅពិសាតាមផ្លូវចុះ។ ពិភាក្សារួចហើយ គេបានប្រាប់តានោះឲ្យជ្រាបពីរឿងនេះ។ ដឹងហើយ
តាឥតចង់ទៅសាលានោះសោះ គាត់បានអង្វរសុំកុំឲ្យកូនបញ្ជូនគាត់ទៅទីនោះធ្វើអ្វី
រួចហើយគាត់ខ្សឹកខ្សួលម្ដងទៀត។ គាត់រៀបរាប់ថា៖ ភ្នែកប៉ាវាស្រវាំងអស់ទៅហើយ
ប៉ាមើលឃើញវត្ថុឆើតៗ ដែលមាននៅជុំវិញប៉ា ដោយពិបាកណាស់
បើដូច្នេះ ឲ្យប៉ានេះ ប៉ាឥតដែលបានរៀនអក្សរលំនាំអ្វីនឹងគេបន្តិចសោះផងនោះ? ឲ្យប៉ាទៅផ្ដើមរៀនឥឡូវនេះម្តេចកើត ? តើឲ្យគេយកមនុស្សកញ្ចាស់ដូចប៉ា
ដែលជិតវិលទៅស្រុកដើមវិញហើយនោះ ធ្វើជាស្មៀនម្តេចបាន? ប៉ុន្តែ ការស្ដីអង្វរកនេះ ជាការឥតប្រយោជន៍។ ពួកកូនបានសម្រេចថា ត្រូវតែឲ្យគាត់ទៅសាលារៀន
រួចគេបញ្ជូនគាត់ឲ្យទៅទាល់តែបាន។ កាលដែលតាកម្សត់
បានចរយាត្រាកាត់ព្រៃព្រឹក្សាឆ្ពោះទៅសាលារៀន ដែលតាំងនៅក្បែរទីក្រុងតូចមួយនោះ
គាត់បានជួបអភិជនម្នាក់ កំពុងបររទេះតាមផ្លូវឆ្ពោះមក។ តាចាស់
បានឈប់អែបចិញ្ចើមថ្នល់ដោយសេចក្ដីគោរពដើម្បីបើកផ្លូវឲ្យរទេះបរមក។ ប៉ុន្តែពេលនោះអភិជនបានបញ្ឈប់សេះ
ហើយលោតចេញពីរទេះមកស្រែកសួរទៅតាចាស់ថា៖ អញ្ជើញទៅណាតា? ទៅរៀន! (តាឆ្លើយ) ឱ! ទៅរៀន ឬលោកឪពុក? តាមពិតចំណាស់ប្រហែលលោកឪពុក គួរតែឈប់សម្រាកដោយស្ងប់ស្ងៀមក្នុងផ្ទះវិញទើបសម។ ពេលនោះ ទឹកភ្នែកបានហូរជោកមុខតាកម្សត់ រួចគាត់ បានថ្លែងសេចក្ដីទុក្ខរបស់គាត់ប្រាប់អភិជននោះ។
កាលអភិជនបានស្ដាប់រឿងតានោះហើយ គេមានចិត្តអាណិត តាយ៉ាងក្រៃលែង។ គេគិតមួយសន្ទុះ
រួចនិយាយថា៖ ល្ហើយលោកឪពុកជរា តាមពិតសាលារៀនមិនមែនជាកន្លែងរបស់លោកឪពុកទេ
សូមលោកឪពុកឈប់ សោយសោកទៅ ហើយសូមលោកឪពុកកុំចង្អៀតចង្អល់ចិត្តឲ្យសោះ
ខ្ញុំនឹងជួយលោកឪពុក។ អភិជនបានយកចេញពីខ្សែក្រវាត់គាត់
នូវកំប្លោកសូត្រមួយ គឺជាវត្ថុមួយដែលពួកថៅកែតែងតែយួរ ហើយគាត់បានចាក់ដាក់ទៅក្នុងកំប្លោកនោះនូវវត្ថុអ្វីមួយលុះត្រាជិតពេញដល់មាត់កំប្លោក។
គាត់ចងមាត់កំប្លោកយ៉ាងជិតជាប់ រួចដាក់កំប្លោកនោះទៅក្នុងហិបឈើមួយ
ដែលគាត់យកពីក្នុងរទេះមក។ គាត់ហុច ហិបនេះទៅតាចាស់ដោយវាចាថា៖ អញ្ជើញយកវត្ថុនេះទៅផ្ទះលោកឪពុកចុះ ហើយប្រាប់កូនៗលោកឪពុកថាយ៉ាងនេះ។ ពេលនោះអភិជន បានបង្រៀនពាក្យ ដើម្បីឲ្យតាចាស់យកទៅប្រាប់កូន។
តាចាស់បានអរគុណ និងសម្ដែងសេចក្ដីកតញ្ញូដ៏ជ្រាលជ្រៅចំពោះអភិជន
រួចត្រឡប់ទៅផ្ទះពួកកូនគាត់វិញ។ កាលគាត់វិលទៅដល់ផ្ទះកូន ពួកកូនៗក៏បានឃើញគាត់យួរហិបនោះ។
តាមធម្មតា កាលបើអ្នកណាមួយ យួរហិបធ្ងន់ ហិបនោះមុខជាមានអ្វីមួយនៅខាងក្នុងជានិច្ច។ ពេលនេះ ពួកកូនៗ និងប្រពន្ធរបស់វាឈប់ហាមឃាត់ឪពុកខ្លួនហើយ។
ពួកវាស្ទុះរត់ទៅជួបគាត់ ដើម្បីឲ្យដឹងថា តើគាត់នាំយកអ្វីពីក្នុងព្រៃមក។
មានអាខ្លះរួសរាយរាក់ទាក់ចំពោះគាត់ថា៖ អញ្ជើញទៅសម្រាកលោកប៉ា
លោកប៉ាប្រាកដជាអស់កម្លាំងណាស់ហើយមើលទៅ។ អ្នកខ្លះថា៖ អញ្ជើញទៅពិសាលោកប៉ា លោកប៉ាមុខជាស្រេកឃ្លានណាស់ហើយមើលទៅ។ ក្សិណនោះ
តាចាស់ចាប់ផ្ដើមថ្លែងរឿងរបស់គាត់ប្រាប់កូនតាមពាក្យដែលអភិជនជាសម្លាញ់បានបង្រៀនគាត់រួចមកហើយថា៖ អាវ៉ាកូនប៉ាជាទីស្រឡាញ់ទាំងអស់គ្នា យូរអង្វែងណាស់ទៅហើយ
កាលដែលប៉ានៅពីកំលោះ ហើយបានធ្វើដំណើរទៅកាន់ទីនេះទីនោះ
ក្នុងពិភពលោកក្នុងពេលដ៏ខ្លីនោះ ប៉ារកប្រាក់បានបន្តិចបន្តួច។ ប៉ាគិតថា
អញនឹងសំចៃប្រាក់នេះទុកសម្រាប់អនាគត ពីព្រោះ ថាដោយពិត មនុស្សម្នាក់ៗ
មិនអាចដឹងអនាគតរបស់ខ្លួនថាជាយ៉ាងណាបានឡើយ។ ប៉ាបានចូលទៅក្នុងព្រៃរួចជីករណ្ដៅមួយក្រោមដើមអូក
ហើយកប់គំនរប្រាក់ទុកក្នុងទីនោះ។ ចាប់តាំងពីពេលនោះមក ប៉ាលែងភ័យព្រួយ
ឬខ្វល់ច្របល់ចិត្តពីរឿងប្រាក់សោះតែម្ដង ពីព្រោះប៉ាមានកូនល្អៗ ប្រកបដោយធម៌
គឺអាវ៉ាទាំងអស់គ្នានេះឯងជាពំនឹង។ ប៉ុន្តែ លុះដល់អាវ៉ាឯងបញ្ជូនប៉ាឲ្យទៅរៀនឯសាលា
ប៉ាក៏បានដើរក្បែរដើមអូកនោះ ហើយប៉ាក៏និយាយនឹងខ្លួនឯងថា យីអើហ្ន៎ អញដូចជាសង្ស័យណាស់
ដុំប្រាក់ពីរបីដុំនេះ តើវានៅរង់ចាំម្ចាស់វាគ្រប់ពេលទេឬមួយយ៉ាងម៉េចអេះ។ ពេលនោះ
ប៉ាក៏ជីករណ្ដៅដែលកប់ប្រាក់នោះ ហើយបានឃើញប្រាក់ទាំងនោះនៅដូចដើម
ទើបប៉ានាំយកមកផ្ទះពេលនេះឯង។ ប៉ានឹងរក្សាប្រាក់ទាំងនេះទុកដរាបដល់ប៉ាស្លាប់។
តែក្រោយប៉ាស្លាប់ទៅ អ្នកណាដែលនឹងរក្សាប៉ាជាងគេ អ្នកណាដែលនឹងប្រព្រឹត្តប្រណិប័តន៍ប៉ាដោយត្រឹមត្រូវបំផុត
អ្នកនោះត្រូវបានចំណែកប្រាក់ដែលមានក្នុងហិបនេះច្រើនជាងគេ។ ដូច្នេះ ឥឡូវនេះ
ចូរអាវ៉ាទាំងអស់គ្នាទទួលប៉ាវិញចុះ មើល អាវ៉ាណាដែលសប្បុរសចំពោះប៉ាចាស់ ដើម្បីប្រាក់? ឮដូច្នោះ ពួកបងប្អូនទាំងនោះ ក៏ជែងគ្នាទៅវិញទៅមក
ក្នុងការធ្វើសប្បុរសដល់បិតាខ្លួន។ ម្នាក់និយាយថា "សូមលោក
ប៉ាអញ្ជើញទៅនៅផ្ទះខ្ញុំ" ។ ម្នាក់ទៀតថា "ទេ! ទៅផ្ទះខ្ញុំវិញ។ ពួកអ្នកអស់ទាំងនោះ បានយកចិត្តទុកដាក់ចិញ្ចឹមតាចាស់ដោយត្រឹមត្រូវ
ហើយថែទាំងប៉ះសម្លៀកបំពាក់ឲ្យគាត់ ព្រោះតែចង់បានសម្បត្តិរបស់គាត់ប៉ុណ្ណោះឯង។ នេះជាឧបាយកលមួយ ដែលប្រព្រឹត្តទៅរហូតដល់ទីបំផុត ហើយតាចាស់ក៏អនិច្ចកម្មទៅ។ ពេលនោះ កូនទាំងឡាយនោះ បានប្រញាប់ប្រញាល់ទៅយកហិបមកពិភាក្សាគ្នាថា
តើអ្នកណាដែលជាអ្នកសប្បុរសបំផុត ចំពោះខ្មោចឪពុក
ហើយដែលត្រូវបានទទួលចំណែកប្រាក់ដែលមានក្នុងហិបនោះច្រើនជាងគេ។
ពួកអ្នកស្រុកភូមិផងរបងជាមួយ បានត្រូវគេហៅមកធ្វើជាចៅក្រមក្នុងរឿងចែកនេះ។ ទីបំផុតទៅ
គេសម្រេចថា កូនទាំងបួននាក់ សុទ្ធតែជាអ្នកមានចិត្តសប្បុរសចំពោះបិតាខ្លួនស្មើៗគ្នា
ចាប់តាំងពីពេលដែលគាត់ត្រឡប់មកពីព្រៃ ម្ល៉ោះហើយត្រូវតែចែកមត៌កឲ្យស្មើភាគគ្នាទើបបាន។ ពួកកូនទាំងនោះ បានរៀបចំធ្វើបុណ្យយ៉ាងអស្ចារ្យ ឧទ្ទិសចំពោះខ្មោចឪពុកខ្លួន បានរៀបជប់លៀងយ៉ាងឱឡារិកដល់ភ្លៀវក្នុងភូមិ
ដែលបានជួយកាន់ទុក្ខ បានចំណាយប្រាក់និមន្តព្រះសង្ឃពីព្រះវិហារ
មកសូត្រធម៌អស់សែសិបថ្ងៃ។ ម្នាក់ៗខំធ្វើឲ្យលើសគ្នាទៅវិញទៅមក គេបានចំណាយប្រាក់ថែមទៀត
ទៅលើព្រះវិហារជាគ្រឿងបូជាចំពោះការសូត្រធម៌។ កាលដែលពិធីបុណ្យចប់ហើយ
គេបានប្រញាប់ប្រញាល់ទៅបើកហិបមើល។ គេក៏បានឃើញកំប្លោកសូត្រដ៏ឆើតឆាយនៅក្នុងហិបនោះ។
គេលើកកំប្លោកអង្រួនមើល ក៏ឮសំឡេងច្រឹងៗ យ៉ាងពីរោះ។ ពួកគេបានស្រាយមាត់កំប្លោកចេញ
រួចតាំងរលាក់អាច្រឹងៗ នោះដាក់ទៅលើតុមួយ។ បពិត្រអើយ ឰដ៏កាលនោះ ពួកគេរកកលមិនជឿភ្នែកគេសោះឡើយ
វាគ្មានឃើញអ្វីសោះ ឃើញដូចជាសុទ្ធតែអំបែងកែវ។ លុះដល់ព្រលឹមស្រាងឡើង
កនអាវែកទាំងនោះ ក៏ឃើញច្បាស់លែងសង្ស័យថា អាច្រឹងៗនោះ សុទ្ធតែជាអំបែងកែវ
គ្មានតម្លៃអ្វីបន្ដិចសោះ ដែលជាហេតុនាំឲ្យគេច្រឡោតខឹង ហើយជជែកគ្នាយ៉ាងសម្បើម។
ប៉ុន្តែ ពួកអ្នកស្រុកនាំគ្នាសើចស្ទើរចុកពោះ។ ពួកអ្នកស្រុកនាំគ្នានិយាយថា៖ អើ!ហ្នឹងហើយជាកម្រៃនៃការបញ្ជូនឪពុកទៅសាលារៀន
ការចេះដឹងរបស់គាត់ នាំឲ្យគាត់សុខសប្បាយបានយូរ ប៉ុន្តែ អ្វីដែលគាត់បានរៀន
គឹគាត់ចេះចំណាប់មែន៕
ប្រភព៖ ពុទ្ធសាសនបណ្ឌិត្យ
No comments:
Post a Comment