ដើម្បីស្វែងយល់ពីពិធីនេះ គប្បីត្រូវដឹងថា
នាដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជ
ខ្មែរយើងបានទទួលឥទ្ធិពលនៃវប្បធម៌ក្លិង្គដែលមានព្រហ្មញ្ញសាសនា
និងពុទ្ធសាសនាជាមូលដ្ឋាន។ ដូច្នេះក្នុងបរិស្ថានវប្បធម៌សំស្ត្រឹត
ជនជាតិខ្មែរយើងបានផ្លាស់ប្ដូរទម្រង់វប្បធម៌របស់ខ្លួនបន្តិចម្ដងៗ
ពីពិធីកប់សពទៅពិធីបូជាសព
ដូចដែលបានកត់ត្រាទុកក្នុងកំណត់ហេតុចិននាសម័យបុរាណ។
តាមកំណត់ហេតុចិន បានឲ្យគេដឹងថា
ខ្មែរយើងបូជាសពដោយមានវត្តមានរបស់ព្រះភិក្ខុសង្ឃ
មិនខុសពីប្រពៃណីដែលខ្មែរប្រារព្ធនៅក្នុងពេលបច្ចុប្បន្នប៉ុន្មានទេ។
ពេលឪពុកម្ដាយទទួលមរណភាព កូនចៅអត់បាយទឹក៧ថ្ងៃ។ ពួកគេកោរសក់ដើម្បីកាន់ទុក្ខ
ហើយទ្រហោយំផង។ ក្រុមគ្រួសារបាននិមន្តព្រះសង្ឃនិងព្រះភិក្ខុនីមកសូត្រធម៌
ហើយហែក្បួនសពទៅកាន់កន្លែងបូជា ដោយមានភ្លេងខ្មោចលេងកំដរ ។
សពត្រូវបូជាក្នុងបច្ឆាសង់ដោយឈើក្រអូប។ ក្រោយពីបូជាព្រះភ្លើងរួច
គេរើសធាតុដាក់ក្នុងកោដ្ឋធ្វើអំពីដីដុតដោយមានលាបពណ៌ផ្សេងៗឬមាស
បើអ្នកស្លាប់នោះជាព្រះរាជវង្សានុវង្ស ឬជាព្រះមហាក្សត្រ។
ឯកសារខាងលើនេះ បានបញ្ជាក់នូវចំណាស់នៃទំនៀមទម្លាប់ដុតខ្មោចនាសម័យនគរភ្នំ
ក៏ប៉ុន្តែបញ្ហាដែលចោទឡើងនៅទីនេះ
គឺហេតុដូចម្ដេចបានជាខ្មែរនាសម័យនគរភ្នំបូជាសពខុសពីបុព្វការីជនរបស់ខ្លួនដែលនិយមកប់សពច្រើនជាងបូជាទៅវិញ?
បណ្ឌិតមីសែល ត្រាណេ ជាអ្នកស្រាវជ្រាវលើឯកសារជាច្រើនបានបញ្ជាក់ថា
តាមទ្រឹស្ដីអំពីព្រលឹង ឬវិញ្ញាណ ជនជាតិខ្មែរបុរាណជឿថា
ក្រោយពីស្លាប់វិញ្ញាណនឹងចាប់បដិសន្ធិឡើងវិញ។
ជំនឿនេះសមស្របនឹងលទ្ធិព្រហ្មញ្ញាសាសនា។ គេជឿថា
វិញ្ញាណមនុស្សឬអាត្ម័នក្រោយពីមរណភាពអាចនឹងវិវត្តន៍ឡើងទៅជួបប្រទះ
នឹងវិញ្ញាណនៃលោកទាំងមូលឬព្រាហ្មណ៍
តាមរយៈព្រះអគ្គីដែលដុតកម្ដៅជម្រះធាតុទាំង៥
ដែលមានក្នុងខ្លួនប្រាណរបស់បុគ្គលនីមួយ។ អាស្រ័យហេតុនេះហើយ
បានជាខ្មែរទាំងព្រាហ្មណ៍ទាំងពុទ្ធសាសនា និយមបូជាសពនឹងព្រះភ្លើង។
លោកមីសែល ត្រាណេ បានបញ្ជាក់ថា
អ្វីដែលពោលខាងលើនេះមិនមែនមានន័យថា
ខ្មែរសម័យក្លិង្គចូលស្រុកមិនចេះបូជាសពនឹងភ្លើងទេ។ តាមការពិត
ជនជាតិខ្មែរបានប្រារព្ធធ្វើរួចហើយ ប៉ុន្តែគ្រាន់តែមិនទាន់មានលក្ខណៈទូទៅ។
គេចូលចិត្តកប់សពច្រើនជាងដុតសព។
តាមរយៈនៃការវិវត្តន៍នៃប្រវត្តិសាស្ត្របានឲ្យគេសន្និដ្ឋានថា
ការដុតសពទាក់ទិននឹងជំនឿលើភ្លើង ដែលមានលក្ខណៈជាសកល។
ភ្លើងជាធាតុមួយដែលមានលក្ខណៈពិសិដ្ឋ ដោយហេតុថាវាជាប្រភពនៃជីវិត។ តាមគម្ពីរវេទ គឺធាតុភ្លើងនេះ
ហើយដែលកម្ដៅលោក បង្កើតលោកទ្រទ្រង់លោកពីភាពឆៅទៅភាពឆ្អិន
ពីល្ងង់ទៅភាពភ្លឺស្វាង ពីអវិជ្ជាទៅអរិយភាព៘
ដូច្នេះហើយបានជាព្រាហ្មណ៍គោរពបូជាភ្លើងដោយតាំងឈ្មោះថា អគ្គី។
នៅពេលដែលបុព្វបុរសខ្មែរចាប់ផ្ដើមកាន់ព្រហ្មញ្ញសាសនា គេឲ្យឈ្មោះភ្លើងថា
ព្រះអគ្គី ក៏ប៉ុន្តែសម័យមុនប្រវត្តិសាស្ត្រគេហៅថា ថ្ងៃ។
ហើយការដែលខ្មែរប្រើពាក្យអាទិត្យដែលជាភាសាសំស្ត្រឹតជំនួសថ្ងៃ
អាចធ្វើឲ្យគេមានភាពងាយស្រួលក្នុងការស្វែងយល់ពីអត្តន័យរួម។
អ្នកប្រាជ្ញខ្មែរសម័យបុរាណបានស្វែងយល់ថា៖
ខ្លួនប្រាណរបស់បុគ្គលមនុស្សជាការផ្សំផ្គុំរវាងធាតុទាំង៥ ទឹក, ដី, ខ្យល់,
ភ្លើងនិងវិញ្ញាណ ឬអាត្ម័ន ហើយក្រោយពីស្លាប់ ធាតុទាំង៥នេះ
ត្រូវត្រឡប់ទៅកាន់ប្រភពដើមវិញសម្រាប់ជីវិតអមតៈ គឺព្រាហ្មណ៍។ ព្រាហ្មណ៍
គឺស្ថិតនៅទីខ្ពស់បំផុត ដែលជាទីផុតរំដោះទុក្ខ ។ ដូច្នេះដើម្បីអាត្ម័នអាចនឹងទៅកាន់អមតៈ
គេត្រូវបំពេញនូវពិធីបូជាភ្លើងដើម្បីសម្អាតសពស្មោគគ្រោកទៅកាន់បរលោក។
ការវិភាគពាក្យភ្លើង
អាចនាំមកនូវសេចក្ដីបំភ្លឺខ្លះដែរទាក់ទិននឹងជំនឿសាសនាខ្មែរ។
ពាក្យភ្លើងអាចកើតចេញពីពាក្យឡើង គឺអ្វីដែលត្រដែតឡើងពីក្រោមឡើងទៅលើ។
ពីឋានមួយទៅឋានមួយ។
តាមរយៈអត្ថន័យនេះ យើងអាចសន្និដានថា
ភ្លើងមិនត្រឹមតែនាំមកនូវថាមពល កម្លាំងពលំ គឺនាំមកនូវគ្រឿងបូជាយញ្ញ
ដូចជាសពទៅកាន់អាទិទេព ឬព្រាហ្មណ៍ថែមទៀតផង
ក្រោយពីដុតសម្អាតភាពស្មោគគ្រោកឲ្យវិនាសអស់។ ដូចនេះ ពិធីបូជាសពរបស់ជនជាតិខ្មែរមានអត្ថន័យស៊ីជម្រៅ
ពុំមែនជាជំនឿអកុសលគ្មានខ្លឹមសារទេ
ហេតុនេះហើយបានជាជនជាតិយើងនៅតែប្រារព្ធមិនដាច់តាំងពីបុរាណកាលរហូតដល់សព្វថ្ងៃ៕
ប្រភព៖ M-Learning
No comments:
Post a Comment