ឥរិយាបទដែលជនជាតិខ្មែរគ្រប់រូបគួរប្រកាន់ខ្ជាប់នៅតំបន់រមណីយអង្គរ
រមណីយដ្ឋានអង្គរ
គឺជាទីកន្លែងពិសិដ្ឋដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជា
ប្រតិបត្តិនូវជំនឿសាសនាជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ
ប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ
ចាត់ទុកថាតំណាងឱ្យចក្រវាឡ។
គ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ
ដូចជាប្រាង្គប្រាសាទ កសិន្ធុទឹក ទីធ្លាជុំវិញ សុទ្ធតែជាទីសក្ការៈបូជា
ព្រោះក្នុងជំនឿសាសនា ប្រាង្គប្រាសាទគឺជាតំណាងភ្នំព្រះសុមេរុ
ហើយកសិន្ធុទឹកតំណាងឱ្យមហាសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។ ទន្ទឹមនឹងនេះ
ប្រជាជនខ្មែរតែងតែសម្លឹងមកប្រាសាទអង្គរប្រកបដោយក្តីមោទនៈជាទីបំផុតនៅពេលដែលគេរំឭកអំពីភាពរុងរឿងដ៏អស្ចារ្យរបស់ជាតិខ្មែរនាពេលអតីតកាល។
ដូច្នេះ យើងគួរគប្បីចូលរួមទាំងអស់គ្នាប្រកប ដោយឆន្ទៈគោរពប្រតិបត្តិគ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ
ចាត់ទុកជាទីសក្ការៈបំផុត។
បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា ក៏ដូចជាសាធារណជន
បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច
ពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរដូចអត្ថន័យខាងលើឡើយ ពោល គឺបាននាំគ្នាអង្គុយនៅលើវាលស្មៅ
លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង
បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងបន្សល់ទុកនូវ
សំរាមដែលបង្កការប៉ះពាល់ដល់ទីសក្ការៈ សោភ័ណភាព បរិស្ថាន និងសណ្តាប់ ធ្នាប់ទូទៅផងដែរ។
ទង្វើទាំងនេះ បាននិងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ
ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ
ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿ មកលើទឹកដីដ៏អស្ចារ្យមួយនេះ
ដូចដែលគេស្រមៃមុនពេលមកទស្សនា។
ការចូលរួមរបស់បងប្អូនជនរួមជាតិក្នុងការលើកតម្លៃ
និងថែរក្សាបរិស្ថានប្រាសាទអង្គរ តាម រយៈសកម្មភាពដោយប្រយោល ដោយមិនពិសារអាហារ
សេពគ្រឿងស្រវឹងនៅលើវាលស្មៅ និងមិនបោះសំរាមចោលផ្តេសផ្តាសជុំវិញបរិវេណប្រាសាទអង្គរ
ពិសេសគោរពទៅតាមក្រមប្រតិបត្តិអង្គរ នោះគឺជាការគោរពចំពោះស្នាដៃដូនតាយើង
និងចូលរូមអភិរក្សមួយផ្នែកធំរួចទៅហើយ។
ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាបញ្ឈប់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃនៃរមណីយដ្ឋានអង្គរ និងចូលរួមថែរក្សាកេរ្តិ៍មត៌កដូនតាទាំងអស់គ្នា ជាពិសេសប្រាសាទអង្គរយើង។ សូមឱ្យប្រាសាទអង្គរនៅតែជាទីអច្ឆរិយៈជារៀងរហូត៕
ប្រភព៖ ខ្មែរប៉ុស្ដិ៍
No comments:
Post a Comment