១. មនុស្សគ្រប់ជាតិសាសន៍ ដែលមានវប្បធប៌ តែងប្រារព្ធពិធីចូលឆ្នាំថ្មី ដែលជាប្រពៃណីរបស់ប្រជាជាតិខ្លួន
រៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃការរៀប ចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម ចំនឿទំនៀមទម្លាប់ប៉ុណ្ណោះ។ ជនជាតិខ្មែរយើង
ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមកទល់នឹងសព្វថ្ងៃដែរ។
២. ប្រទេសខ្មែរកាលពីសម័យក្រុងអង្គរ គេនិយមរាប់កាលវេលាតាមចន្ទគតិ គឺគេរាប់ ខែមគសិរជាខែទីមួយ នាំឲ្យគេសន្មត់ចូលឆ្នាំនៅខែមិគសិរ។
លុះក្រោយមកទើបគេ ត្រឡប់ប្រើតាមសូរិយាគតិវិញ ហើយគេកំណត់ចូលឆ្នាំនៅខែចេត្រវិញដែរ។ កំណត់
យកព្រះចូលកាន់មេសរាសី ដែលជាសាមញ្ញសង្រ្កាន្ត គឺព្រះអាទិត្យដើរត្រង់ពីលើក្បាល ជាសង្ក្រាន្តវិញ
គេមិនយកតាមអាយន្តសង្ក្រាន្ត [(ចន្ទគតិ) ពេលដែលព្រះអាទិត្យដើរ បញ្ឈៀងមិនចំពីលើក្បាល]ឡើយ។ ឯថ្ងៃចូលឆ្នាំមិនបានទៀតទាត់ទេ ជូនកាលត្រូវថ្ងៃទី
១៣ ខែមេសាច្រើនជាង។
សព្វថ្ងៃគេប្រើចន្ទគតិអមគ្នានឹងសុរិយាគតិដែរ ព្រោះចន្ទគតិ មានទំនាក់ទំនងនឹងពុទ្ធបញ្ញតិជាច្រើន។
ចំណែកការគិតតាមចន្ទគតិនេះ មិនបានទៀង ជាមួយថ្ងៃណាមួយទេ ជូនកាលចូលឆ្នាំក្នុងវេលាខ្នត ជូនកាលក្នុងវេលារនោច ប៉ុន្តែមិនមុនថ្ងៃ៤កើត ខែចេត្រ មិនហួសថ្ងៃ៤កើតខែពិសាខទេ។
ពិធីបុណ្យចូលឆ្នាំនេះ ប្រារព្វក្នុងរយៈពេល៣ថ្ងៃ។ ថ្ងៃទីមួយ ហៅថាថ្ងៃមហាសង្ក្រាន្ត ឬថ្ងៃចូលឆ្នាំកំណត់ពី ដំណាច់ឆ្នាំចាស់ មកចូលឆ្នាំថ្មី។ ថ្ងៃទីពីរ ហៅថាថ្ងៃវិរៈវ័នបត ឬពារកណ្តាល(ថ្ងៃខ្វាក់)។ ថ្ងៃទីបី ហៅថាថ្ងៃឡើងស័ក ឬពារឡើងស័ក (ថ្ងៃផ្លាស់ស័កថ្មី)។ ថ្ងៃឡើងស័កជាស្តេចថ្ងៃ
ឬថ្ងៃល្អបំផុត។
៣. ពិធីចូលឆ្នាំខ្មែរ ទាក់ទងនឹងរឿងនិទានមួយ គឺរឿងកបិលមហាព្រហ្ម។ រឿង នេះដំណាលថា៖ កាលពីព្រេងនាយមានកុមារាម្នាក់នាម ធម្មបាលកុមារ ជាមនុស្ស មានវោហារប្រាជ្ញាវៃឈ្លាសក្នុងការសម្ដែងធម៌អាទិ៍ណាស់ នាពេលដែលកុមារមានវ័យ ត្រឹមតែ៧ឆ្នាំ។ ភាពឈ្លាសវៃរិតតែធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គេល្បីសុះសាយក្នុងស្រទាប់មហាជនទូទៅទាំងពពួកមនុស្ស
និងទេវតា គោរពកោតសរសរគេគ្រប់ៗគ្នា។ ការណ៍នេះ ធ្វើឲ្យកបិលម ហាព្រហ្ម ដែលនៅឯឋានព្រហ្មលោក កើតក្តីច្រណែននឹងប្រជាប្រិយរបស់ធម្មបាលកុមារ ជាពន់ពេក។ ក្ដីច្រណែនរបស់កបិលមហាព្រហ្មមកលើធម្មបាលកុមារមានកាន់តែច្រើន ឡើងៗ ពីមួយពេលទៅមួយពេល ធ្វើឲ្យកបិលមហាព្រហ្ម ដាក់បម្រាមយ៉ាងតឹងរឹង
មិនឲ្យ ពពួកទេវតាចុះមកស្តាប់ការសម្ដែងធម៌របស់ធម្មបាលកុមារឡើយ។
៤. ថ្ងៃមួយខណៈពេលដែលធម្មបាលកុមារ កំពុងតែសម្ដែងធម៌ចំពោះមុខមហាជនកុះ ករ កបិលមហាព្រហ្មត្រាស់ក្ដែងថា៖ «យើងឮពាក្យដំណាលថា អ្នកមានប្រាជ្ញលើសគេ លើមហា ជន ប៉ុន្តែយើងពុំទាន់ជឿនៅឡើយទេ។ ឥឡូវយើងដាក់ប្រស្នាឲ្យឯងឆ្លើយ បើឯងឆ្លើយត្រូវ យើងនឹងកាត់ក្បាលយើងនៅចំពោះមុខឯង។ តែបើឆ្លើយពុំត្រូវទេ ឯងត្រូវ តែប្រគល់ជីវិតមកឲ្យយើងវិញដែរ»។
៥. ដោយពុំអាចប្រកេកបាន ធម្មបាលកុមារក៏យល់ព្រមទទួលឆ្លើយនូវប្រស្នានោះ ហើយកបិលមហាព្រហ្ម ក៏ដាក់ប្រស្នាភ្លាមដែរ៖
«ចូរឲ្យយើងដឹងថាតើសិរីរបស់មនុស្ស ពេលព្រឹក នៅកន្លែងណា? ថ្ងៃត្រង់នៅកន្លែងណា? និងយប់នៅកន្លែងណា?»
៦. ដាក់ប្រាស្នារួច កបិលមហាព្រហ្មសន្យា៧ថ្ងៃទៀត
នឹងចុះមកស្ដាប់ចម្លើយ។ ឯធម្ម បាលកុមារវិញ បន្ទាប់ពីទទួលប្រស្នាហើយ
ខំត្រិះរិះរកចម្លើយ តែគិតពុំចេញចម្លើយសោះ។ លុះកន្លងទៅ៦ថ្ងៃហើយ ក៏ធម្មបាលកុមារនៅតែគិតមិនឃើញ
និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ។
ដូច្នេះ គួរតែរត់ទៅលាក់ខ្លួន ពួនអាតាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាងត្រូវកបិលមហាព្រហមសម្លាប់។
ទើបធម្ម បាលកុមារចុះពីប្រសាទទៅដេកពួននៅក្រោមដើមត្នោតមួយ។
នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុកអាស្រ័យនៅ។
៧. វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលនឹងត្រូវកបិលមហា ព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា៖ វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ។ ប្រស្នាទី២ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា នៅលើទ្រូង។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង។ ប្រស្នាទី៣ចោទថា វេលាល្ងាចសិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា នៅនឹងជើង។ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។
៨. ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡបទៅប្រាសាទវិញ។ លុះព្រឹកឡើង កបិលម ហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយតាមដែលបានឮពីឥន្រ្ទី។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ ព្រមចុះចាញ់ និងសុខចិត្តធ្វើតាមពាក្យសន្យារបស់ខ្លួន។
កបិលមហាព្រហ្ម ហៅទេពធីដាទាំង៧អង្គ ដែលជាបាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែន ដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាស
នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហសមុទនោះទឹកនឹងរីងស្ងួតហួតអស់។ ដូច្នេះសូមឲ្យកូនទាំង៧អង្គ យកពានមកទទួលព្រះសិរសាបិតា។ ពោលរួច ព្រះ អង្គក៏កាត់ព្រះសិរសាខ្លួនហុចទៅឲ្យព្រះនាងទុង្សាទេវី ជាកូនច្បង។ ព្រះនាងទុង្សាទេវី ក៏យកពានមកទទួលព្រះសិរសាបិតា ទៅហែប្រទក្សិណភ្នំព្រះសុមេរុចំនួន៦០នាទី រួចទើបយាងទៅប្រតិស្ឋានទុកក្នុងមណ្ឌល នៅក្នុងគុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗផងដែរ។
ព្រះវិស្សកម្មទេវបុត្រ ក៏និម្មិតរោងទិព្វធ្វើពីកែវ៧ប្រការ ឈ្មោះថា "ភគវតីសភាសាលា"
ឲ្យជាទីប្រជុំនៃទេវតា។
៩. លុះដល់គម្រប់មួយឆ្នាំជាសង្ក្រាន្ត នាងទេពធីតាទាំង៧អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញព្រះសិរសាកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងមក រួចហើយយាងត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់ទុកវិញ។ តាមទំនៀម នាងទេពធីតា អាកប្បកិរិយាពេលដែលត្រូវវេន
ចេញហែក្បាលកបិលមហាព្រហ្មមិនដែលជិៈពាហៈនៈ ជាប្រក្រតីឡើយ តែងតែបានសម្តែងអាកប្បកិរិយាផ្សេងៗគ្នាគឺ៖
បើចេញហែនៅពីព្រលឹម ដល់ថ្ងៃត្រង់ជិះឈរ ដៃមិនបាច់កាន់បង្ហៀរ ឬខ្សែទេ។ បើចេញហែ នៅពេលថ្ងៃត្រង់
ទល់ នឹងព្រលប់អង្គុយពាក់ឆៀង។ បើចេញហែ នៅពេលព្រលប់ ទៅទល់អាធ្រាត្រ
ជិះដេក បើកភ្នែក។ បើចេញហែ នៅពីអាធ្រាត្រ ទៅទល់ភ្លឺជិះដេកធ្មេចភ្នែក។
គ្រប់ទេពធីតា ដែលចេញហែត្រូវតែដៃម្ខាងទ្រពានមាសមានដាក់ដាក់ព្រះកេសកបិលមហាព្រហ្មជានិច្ច។
១០. នាមបុត្រីទាំង៧អង្គរបស់កបិលមហាព្រហ្ម និងគ្រឿងបូជា៖
ក. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី
គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម
ភត្ថាហារផ្លែឧទម្ភរ(ល្វា)
អាវុធស្តាំកាន់កងចក្រ
អាវុធឆ្វេងកាន់ខ្យងសង្ខ
ជិះពាហនៈ គ្រុឌ
ខ. ថ្ងៃចន្ទ ទេពធីតាព្រះនាម គោរាគទេវី
គ្រឿងមុក្តា សៀតផ្កាអង្គាបុស្ស
ភត្ថាហារប្រេង (ធញ្ញជាតិ)
អាវុធស្តាំកាន់ព្រះខ័ន
អាវុធឆ្វេងកាន់ឈើច្រត់
ជិះពាហនៈខ្លា
គ. ថ្ងៃអង្គារ៍ ទេពធីតាព្រះនាម រាក្យសាទេវី
គ្រឿងប្រដាប់មោរា សៀតផ្កាបទុម
ភត្ថាហារលោហិត (ឈាមស្រស់)
អាវុធស្តាំកាន់ត្រីសុរ៍ (អាវុធមុខបី)
អាវុធឆ្វេងកាន់ឆ្នូ
ជិះពាហនៈអស្សតរ (សេះ)
ឃ. ថ្ងៃពុធ ទេពធីតាព្រះនាម មណ្ឌាទេវី
គ្រឿងប្រដាប់ពិទូរ្យ សៀតផ្កាចំម្ប៉ា
ភត្ថាហារទឹកដោះសប្បិ (ទឹកដោះស្រស់)
អាវុធស្តាំកាន់ម្ជុល
អាវុធឆ្វេងកាន់ឈើច្រត់
ជិះសត្វលា
ង. ថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម កិរិណីទេវី
គ្រឿងប្រដាប់មរកតសៀតផ្កាមណ្ឌា
ភត្ថាហារសណ្តែក ល្ង
អាវុធស្តាំកាន់កង្វេរ
អាវុធឆ្វេងកាន់ កាំភ្លើង
ជិះពាហនៈដំរី
ច. ថ្ងៃសុក្រ ទេបធីតាព្រះនាម កិមិរាទេវី
គ្រឿងប្រដាប់បុស្បារា សៀតផ្កាចង្កុលណី
ភត្ថាហារចេកណាំវ៉ា
អាវុធស្តាំកាន់ព្រះខាន់
អាវុធឆ្វេងកាន់ពិណ
ជិះពាហៈនះមហឹង្ស (ក្របី)
ឆ. ថ្ងៃសៅរ៍ ទេពធីតាព្រះនាម មហោធរទេវី
គ្រឿងប្រដាប់នីលរតន៍ សៀតផ្កាត្រគៀត
ភត្ថាហារសាច់ទ្រាយ (សាច់ឈ្លូស, គោ, ពពែ...)
អាវុធស្តាំកាន់កងចាក់។
អាវុធឆ្វេងកាន់ត្រីសុរ៍
ជិះសត្វក្ងោក។
No comments:
Post a Comment