មហាសង្ក្រានឆ្នាំមមីឆស័ក
ពស២៥៥៨ គស ២០១៤
មស១៩៣៦ ចុស១៣៧៦
ថ្ងៃចន្ទ ទី១៤មេសា ២០១៤.ម៉ោង 0:00
មហាសង្ក្រានឆ្នាំមមី
ឆស័ក ព.ស២៥៥៨ ចូលមកនៅថ្ងៃចន្ទ ទី១៤ មេសា វេលាម៉ោង8និង07នាទីព្រឹក។
ឆ្នាំមមី ឆស័ក សុភមស្តុ! វរមង្គលាជយាតិរេក ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន២៥៥៧ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំមមីឆស័កតទៅ ចូលពុទ្ធសករាជ២៥៥៨។
នឹងគណនាឆ្នាំមមីឥឡូវនេះសង្ក្រាន្ដចូលមកនៅថ្ងៃចន្ទ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៤ វេលាម៉ោង៨និង០៧នាទីព្រឹក។ ពេលនោះ ព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជាបុត្រទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌លឿង លម្អព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់ កែវមុក្តា ភក្សាហារទ្រង់សោយតេលំ ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឈ្វេងទ្រង់ឈើច្រត់ ទ្រង់គង់លើខ្នង ព្យគ្ឃៈ (ខ្លា)ជាពាហនៈ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី(២៤ម៉ោង)។
ទើបនាំយកទៅតម្កល់ទុកនៅកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញ ពីបំពង់ថ្មកែវជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫរទ័យហើយ នាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រនិមិ្មតថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្ត តរៀងទៅ។ ថ្ងៃចន្ទ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០១៤ វេលាម៉ោង០៨ និង០៧នាទីព្រឹក ជាថ្ងៃចូលឆ្នាំមមី ឆស័ក (ថ្ងៃមហាសង្ក្រាន្ត)។ ថ្ងៃអង្គារ ១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ២០១៤ជាវារៈវ័នបត។
ថ្ងៃពុធ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា
គ្រិស្តសករាជ ២០១៤ នៅវេលាម៉ោង១២និង០៩នាទី ជាវារះឡើងសាក់
គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំមមី ឆស័ក
ចុល្លសករាជ១៣៧៦ និងមហាសករាជ ១៩៣៦ តទៅ។
ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ
សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលីការគ្រឿងសក្ការបូជា
អុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍
ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ
ជាចិត្តអប្រិយជាប់ដោយគំនុំគុំកួន ព្យាបាទឈ្នានីស
ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ
តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា
ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច
នោះទេវតានឹងឱ្យពរ សព្ទសាធុការ លោកអ្នក នឹងមានសិរីសួស្តី សុភមង្គល
វិបូលសុខ គ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ ធូប៥) លាច៥ ផ្កា៥ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររកប្រេង ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្ការព្រះរតនះត្រៃ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭកលុះចប់ពិធីទទួលទេវតា។
ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ តំណាងឱ្យព្រះរាជា
ព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមក
ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំ
ស្លាធម៌កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ
គួររៀបឱ្យបានត្រឹម៣ឬ៥មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់តង្វាយទាំងអស់
ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយនៅលើជើងពាន
និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។
ទំនាយតាមថ្ងៃសង្ក្រាន្ត
ទំនាយថ្ងៃមហាសង្ក្រាន្ត ៖ ថ្ងៃចូលឆ្នាំដែលជាថ្ងៃទី១ត្រូវនឹងថ្ងៃ ចន្ទ ទំនាយថា ឆ្នាំនេះនឹងចាញ់ឯសេណាបតី ជំទាវខុនណាងទាំងឡាយ (ចាញ់ មានន័យថាអន់ ខូចបុណ្យស័ក្តិ អន់រាសីមានវិបត្តិ) មានភ្លៀងច្រើននៅដើមឆ្នាំ ស្រូវអង្ករល្អណាស់តែមនុស្សនៅជួបផលលំបាក ឱ្យក្រែងប្រយ័ត្នក្សត្រ និងមន្ត្រីជំទាវធ្វើអាក្រក់ធ្វើបាប នឹងកើតការតស៊ូរើបម្រះ មនុស្សទូទៅនឹងកើតជំងឺតម្កាត់ច្រើន។
ទំនាយថ្ងៃវ័នបត ៖ ថ្ងៃកណ្តាលត្រូវនឹងថ្ងៃអង្គារ ទំនាយថា ឆ្នាំនេះស្លាម្លូ ត្រីសាច់ មានតម្លៃខ្ពស់ អាមាត្រមន្ត្រី នឹងខូចបុណ្យស័ក្តិ ឬត្រូវក្តៅក្រហាយចិត្តជាច្រើន។
ទំនាយថ្ងៃឡើងស័ក ៖ ថ្ងៃចុងក្រោយត្រូវនឹងថ្ងៃពុធ ទំនាយថា ឆ្នាំនេះរាជបណ្ឌិតបុរោហិត អាចារ្យហោរាចារ្យ នឹងមានសេចក្តីសុខសាន្តសម្រាន្តជាអនេក ប៉ុន្តែនឹងមានដង្កូវក្រាស៊ីស្រូវបំផ្លាញដំណាំ។
ការពិគ្រោះទៅលើព្រះរាជទេពធីតា នៅក្នុងឆ្នាំនេះ សង្ក្រាន្តចូលមកនៅថ្ងៃចន្ទ ១៥កើត ខែចេត្រ គឺថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៤ ដោយហេតុនេះទេវធីតារបស់កបិលមហាព្រហ្ម ដែលជាមគ្គនាយិកាប្រចាំឆ្នាំមមីនេះ មានព្រះនាមថា «គោរាគៈ ទេវី»៖
១-ព្រះនាម
គោរាគៈទេវី
២-គ្រឿងទ្រង់និងផ្កា
អម្ពរពណ៌ លឿងសៀតផ្កាអង្គាបុស្ប
៣-អាភរណៈ
កែវមុក្តា
៤-ភក្សាហារ
តេលំ(ប្រេង)
៥-សាស្ត្រាវុធ
ព្រះហស្តស្តាំព្រះខ័ន ព្រះហស្តឆ្វេងឈើច្រត់
៦-ពាហនៈ
និងការធ្វើចលនា ទ្រង់ឈរបើកព្រះនេត្រលើខ្នងព្យគ្ឃៈ (ខ្លា)។
ឆ្នាំមមី
លោកអ្នកកើតឆ្នាំមមី ពង្សទេវតាស្រីនាមជាសត្វសេះ ធាតុភ្លើង អង្សាកំណើតនៅថ្ងៃសៅរ៍ សិរីធ្លាក់មកពីដៃស្តាំរបស់ព្រះព្រហ្ម មូលព្រលឹងនៅនឹងដើមចេក។ កាលណាទៅរស់នៅកន្លែងណាទីណា ឱ្យរករំសេវឬដីខ្សាច់ទៅដាក់ពូនគល់ចេក រកដើមចេកមកដាំទុកខាងជើង និងខាងលិចផ្ទះដែលខ្លួនរស់នៅ ទើបនឹងមានសិរីមង្គលរស់នៅត្រជាក់ត្រជំជាសុខ។
មនុស្សកើតឆ្នាំនេះ រមែងមានឫកពាក្រអឺតក្រទម តែសន្តានចិត្តល្អ ជាទីពឹងពាក់ពំនាក់អាស្រ័យនៃញាតិមិត្តបាន។ ពាក្យសម្តីនិយាយច្រើនគ្រោតគ្រាតមិនសូវទន់ភ្លន់។ សត្រូវច្រើនកើតបានដោយសារសម្តីរបស់ខ្លួន។ ជាមនុស្សមានវាសនាខ្ពស់ មិនអាចអ្នកណាប៉ុនប៉ងពាធាបានឡើយ។
កាលនៅពីតូចច្រើនលំបាកវេទនា តែដល់ចូលវ័យចាស់នឹងក្លាយជាអ្នកមានស្តុកស្តម្ភ ពីព្រោះជាមនុស្សមានសតិបញ្ញាឈ្លាសវៃ ប៉ិនប្រសប់ក្នុងការរកស៊ី យល់នូវជម្រៅគ្រប់ល្បិចកលរបស់មនុស្ស។ ចូលចិត្តភ្លេងភ្លាត់និងល្បែងផ្សេងៗ បើផ្លាស់លំនៅទៅទីដទៃល្អប្រសើរជាងនៅក្នុងទីកន្លែងកំណើត។
មុខរបរដែលស័ក្តិសមនឹងមនុស្សកើតឆ្នាំនេះ គឺពេទ្យ
គ្រូហ្ម អ្នកវិទ្យាសាស្ត្រ មេធាវី និងជាអ្នកជំនួញជួញប្រែ ។
បើធ្វើការងារដែលយកកម្លាំងកាយទៅប្តូរ ដូចជាធ្វើស្រែចំការ
ច្បារដំណាំ នឹងបានផលជាមធ្យម។
ព្យាករណ៍អ្នកកើតឆ្នាំមមី
តាំងពីអាយុ ០៦ឆ្នាំ ដល់ ៨០ឆ្នាំ
បុរសអាយុ
៩,១៤,២១,២៦,៣៣,៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤, ៨១ឆ្នាំ
និងស្ត្រីអាយុ
: ១៤,១៩,២៦, ៣១, ៣៨, ៤៣, ៥០, ៥៥, ៦២, ៦៧, ៧៤, ៧៩ឆ្នាំ
ទំនាយថា៖ ជាឆ្នាំនាំមកនូវជោគលាភសក្ការៈ គិតប្រកបការងារអ្វីៗតែងតែបានសម្រេចដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ដែលអាចចែកចេញបានដូចតទៅនេះ៖
ជោគលាភ៖ នឹងបានទ្រព្យសម្បត្តិ លុយកាក់មាសប្រាក់
និងវត្ថុមានតម្លៃគ្រឿងប្រដាប់លម្អគេហដ្ឋាន
ដីធ្លីឬបានឡើងប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំ
រង្វាន់ផ្សេងៗទៀត។
កិត្តិយស៖
ការសិក្សា នឹងប្រឡងជាប់ដូចសេចក្ដីប្រាថ្នា
បើនៅទំនេរនឹងបានការងារធ្វើ
បើមានការងារធ្វើស្រាប់ហើយនឹងបានឡើងមុខតំណែងខ្ពស់ឡើង។
កេរ្តិ៍ឈ្មោះ៖
នឹងទទួលបានសេចក្ដីនិយមរាប់អាន
លើកតម្កើងមុខមាត់ពីមនុស្សក្នុងមជ្ឈដ្ឋានការងារ ឬនៅក្នុងផ្ទះ
ជាទីពេញចិត្តដល់ខ្លួនឯង និងអ្នកដទៃ។
សេចក្តីសុខ នឹងជួបប្រទះសេចក្ដីស្នេហ៍ដ៏បរិសុទ្ធ ឯអ្នកដែលមានគូគ្រងហើយ នឹងមានបុត្រជាទីស្រឡាញ់ពេញចិត្ត សេចក្ដីសុខនឹងកើនទ្វេឡើងថែមទៀត។
បុរសអាយុ៖ ៣៨,៤៥,៥០,៥៧ឆ្នាំ
និងស្ត្រីអាយុោះ
៣៨,៤៣,៥០ឆ្នាំ
ទំនាយថា៖
បើរៀបអាពាហ៍ពិពាហ៍ហើយនឹងមានកូន
បើនៅលីវនឹងបានរួមរក្សអភិរម្យសមសេចក្តីបំណងប៉ងប្រាថ្នា
ឬបានទទួលលាភសក្ការៈ ជាវត្ថុមានជីវិតផ្សេងៗទៀតចូលមកនៅក្នុងផ្ទះ។
បុរសអាយុ៖
១០,១៣,២២,២៥,៣៤,៣៧,៤៦,៤៩,៥៨,៦១,៧៣,៨២ឆ្នាំ
និងស្ត្រីអាយុ៖ ០៩,១២,២១,២៤,៣៣,៣៦,៤៥,៤៨,៥៧,៦០,៦៩,៧២ឆ្នាំ
ទំនាយថា៖ ជាឆ្នាំនាំមកនូវគ្រោះកាច ឱ្យប្រញាប់ប្រុងប្រយ័ត្នខ្លួន ដែលអាចចែកចេញបានដូចតទៅនេះ៖
១-នឹងជួបប្រទះរឿងទុក្ខសោកខូចចិត្ត ដោយពពួកសត្រូវ
ក្រុមពាលទាំងឡាយប៉ុនប៉ងព្យាបាទ កុំធ្វើដំណើរទៅទីស្ងាត់
និងពេលរាត្រីព្រោះនឹងត្រូវចោរខ្មួយគំរាមកំហែង។
២-រោគាព្យាធិបៀតបៀនកាយ សត្វអា សិរិ្ពសទិច
ឬខាំធ្វើឱ្យអស់សេចក្តីសុខមិនមានសេចក្តីសប្បាយ ។
៣-លុយកក់ត្រូវចំណាយច្រើនទាំងក្នុងផ្លូវដែលចាំបាច់
និងមិនចាំបាច់ ដែលអាចហៅបានថា
ជាឆ្នាំដែលចុះដើមទុនក្នុងផ្លូវដែលចាំបាច់
និងជាឆ្នាំនៃការចំណាយទៅក្នុងផ្លូវដែលមិនចាំបាច់ បើធ្វើជំនួញជួញប្រែនឹងត្រូវខាតដើមទុន។
៤-សង្ឃឹមផលប្រយោជន៍ទៅលើផ្លូវអ្វីច្រើនតែខុសភ្លាំងភ្លាត់
ប្រាក់ចំណូលតិចជាងប្រាក់ចំណាយ ឬបានមកហើយចាយអស់ទៅវិញ។
៥-បងប្អូនញាតិមិត្តដែលធ្លាប់ស្រឡាញ់រាប់អានគ្នានឹងប្រែក្លាយជាសត្រូវ។
៦-ទីលំនៅ
ឬកន្លែងធ្វើការត្រូវផ្លាស់ប្តូរ ឬធ្វើដំណើរទៅស្រុកឆ្ងាយ
ឬបើលោកអ្នកមិនចាកចេញទៅទេ
ក៏គង់មានមនុស្សនៅក្នុងផ្ទះចាកចេញទៅដែរ។
៧-ទទួលរងសេចក្តីយ៉ាប់យឺន
លំបាកលំបិន ឬនឿយហត់ជាខ្លាំង ទាល់តែមានមានៈ និងអត់ធន់។
៨-ធ្វើការងារជាមួយអ្នកដទៃនឹងត្រូវគេឆបោក បងប្អូនញាតិមិត្តស្និទ្ធស្នាល ប្រែក្លាយទៅជាសត្រូវ កន្លែងធ្លាប់ទៅនឹងត្រូវក្តៅក្រហាយ ឬត្រូវគេបណ្តេញចេញ ចិត្តថ្លើមអន្ទះអន្ទែង។
បុរសអាយុ៖ ១១,១២,២៣,២៤,៣៥,៣៦,៤៧,៤៨,៥៩,៦០,៧១,៧២ឆ្នាំ
និងស្ត្រីអាយុ៖
១៦,១៧,២៨,២៩,៤០,៤១,៥២,៥៣,៦៤,៦៥,៧៦,៧៧ឆ្នាំ
ទំនាយថា៖ ឆ្នាំនេះជាឆ្នាំនៃប្រក្រតីកាល គឺមិនល្អណាស់ ហើយក៏មិនអាក្រក់ណាស់ណាដែរ។ ការសិក្សាបានត្រឹមប្រឡងជាប់មិនធ្លាក់ ប្រកបការងារបានផលល្មម បើធ្វើជំនួញជួញប្រែបានត្រឹមមិនខាតដើម។ បងប្អូនញាតិមិត្តជិតឆ្ងាយ បើឧស្សាហ៍ទៅ មករាប់រកគ្នាទើបអាចផ្សារភ្ជាប់ចំណងសាមគ្គីបានល្អ។ ការងារអ្វីៗអាស្រ័យដោយការព្យាយាម ហើយប្រើការពិនិត្យពិចារណាល្អិតល្អន់ ទើបអាចរកផលកម្រៃបាន។ សេចក្តីស្នេហាត្រូវប្រើសេចក្តីមានះព្យាយាម ទើបសម្រេចផល និងអាចរឹតចំណងស្នេហារវាងគ្នានឹងគ្នាបានជាបង្គួរ គឺមិនល្អពេក ហើយក៏មិនអាក្រក់ពេក ដល់ទៅដាច់ដោចលែងលះផ្តាច់មគ្គសង្វាសគា្នដែរ។
បុរសអាយុ៖
០៦,១៧,១៨,២៩,៣០,៤១,៤២,៥៣,៥៤,៦៥,៦៦,៧៧,៧៨ឆ្នាំ
និងស្ត្រីអាយុ៖
១០,១១,២២,២៣,៣៤,៣៥,៤៦,៤៨,៥៨,៥៩,៧០,៧១ឆ្នាំ
ទំនាយថា៖
ឆ្នាំនេះជាឆ្នាំស្រមោលអន្ទោលតាមប្រាណ
គឺនៅក្នុងឆ្នាំនេះបើលោកអ្នកធ្វើល្អនឹងបានទទួលផលល្អ
បើធ្វើអាក្រក់បានអាក្រក់តបស្នងវិញយ៉ាងប្រាកដ ។ ធ្វើការងារអ្វីៗ
ប្រដូចទៅនឹងស្រមោលអន្ទោលតាមប្រាណ បើខុសហើយ គឺត្រូវទទួលផលកម្មដោយគ្មានការអភ័យ
ឬបន្ធូរបន្ថយ
គ្មានផ្លូវនឹងផ្លាស់ប្តូរកែកុនថាធ្វើអាក្រក់ឱ្យក្លាយទៅជាល្អ
ឬធ្វើល្អទៅជាអាក្រក់បានទេ បើទុកជាគេជួយក៏ជួយមិនរួចដែរ។
បុរសអាយុ៖
០៨,១៥,២០,២៧,៣២,៣៩,៤៤,៥១,៥៦,៦៣,៦៨,៧៥,៨០ឆ្នាំ
និងស្ត្រីអាយុ៖
០៨,១៣,២០,២៥,៣២,៣៧,៤៤,៤៩,៥៦,៦១,៦៨,៧៣,៨០ឆ្នាំ
ទំនាយថា៖ ឆ្នាំនេះជាឆ្នាំនៃការមានជោគលាភ ប៉ុន្តែនឹងល្អបានទៅតាមលំដាប់ គឺចាប់តាំងពីដើមឆ្នាំ ហើយនឹងចេះតែកើនទ្វេឡើងៗពីតិចទៅច្រើនជាលំដាប់រហូតដល់ចុងឆ្នាំ។ ការសិក្សានឹងចេះតែរីកចម្រើនទៅមុខបន្តិចម្តងៗ លុះដល់ចុងឆ្នាំទើបល្អពេញកម្រិត។ ការងារអ្វីៗ ក៏ដូចគ្នាដែរ នៅដើមឆ្នាំមិនសូវមានការរីកចម្រើនខ្លាំងប៉ុន្មានទេ លុះដល់ទៅកណ្តាលឆ្នាំទើបឃើញផលល្អជាមធ្យម ហើយចុងឆ្នាំទើបទទួលផលពេញបរិបូរណ៍។
ភាពរីកចម្រើននឹងឃើញបានចាប់ពីខែឧសភាឡើងទៅ ហើយចេះតែកើនចម្រើនតទៅ ជាលំដាប់រហូតពេញលេញបរិបូរណ៍ដល់ទៅចុងឆ្នាំ។
បុរសអាយុ៖ ០៧,១៦,១៩,២៨,៣១,៤០,៤៣,៥២,៥៥,៦៤,៦៧,៧៦,៧៩ឆ្នាំ
និងស្ត្រីអាយុ៖
០៦,១៥,១៨,២៧,៣០,៣៩,៤២,៥១,៥៤,៦៣,៦៦,៧៥,៧៨ឆ្នាំ
ទំនាយថា៖
ឆ្នាំនេះជាឆ្នាំមានគ្រោះថ្នាក់ធំ ចូរប្រុងប្រយ័ត្នឱ្យមែនទែន
ព្រោះហេតុនឹងកើតឡើងបានជាច្រើនប្រការគឺ៖ ១-កើតហាយនៈលិចលង់
គឺត្រូវខូចខាតលុយកាក់អស់រលីងពីខ្លួន។
២-កើតការផ្លាស់ប្តូរ
ព្រាត់ប្រាសនិរាសចាកចោលគ្នា ដោយសត្រូវធ្វើទោស
ឬជួបសេចក្តីទុក្ខលំបាក
ឬត្រូវធ្វើដំណើរទៅស្រុកឆ្ងាយដោយមានហេតុចាំបាច់។
ចំពោះអ្នកដែលមានបំណងនឹងផ្លាស់ប្តូរ
ឬចង់ធ្វើដំណើររមែងបានដូចក្តីបំណង។
៣-បងប្អូនញាតិមិត្តជាទីស្រឡាញ់
នឹងប្រែក្លាយទៅជាសត្រូវ ស្អប់ខ្ពើមគ្នា។
៤-ត្រូវគេឆបោកកេងប្រវ័ញ្ចធ្វើបាប
ឱ្យខូចខាតនូវរបស់ជាទីស្រឡាញ់ជាទីគាប់ចិត្ត។
៥-ត្រូវចោរលួច
ឬភ្លើងឆេះឱ្យបានទទួលសេចក្តីក្តៅក្រហាយ និងការខកចិត្ត។
៦-អ្នកធ្វើការជាមួយគ្នា
មានគំនិតផ្តន្ទាឈ្នានីស ឬរង់ចាំចាប់កំហុស
ជាហេតុធ្វើឱ្យទទួលទោសទណ្ឌធ្វើការងារច្រើនលើសលន់ ប៉ុន្តែ «សេចក្តីគួរគាប់» គ្មាន
ត្រូវគេបោកបញ្ឆោតទៅក្នុងផ្លូវអកុសល។
ថ្ងៃជាសេរីមង្គល
ថ្ងៃដែលជាសិរីមង្គល ដើម្បីជ្រើសរើសសម្រាប់ប្រើក្នុងពិធីសំខាន់ៗរបស់ខ្លួនដូចជា
រៀបអាពាហ៍ពិពាហ៍ លើករាសី បុណ្យទានធំៗ
ពិធីជាមង្គលផ្សេងៗដែលទាក់ទងនឹងសុវត្ថិភាព
សេចក្តីចម្រុងចម្រើនរុងរឿងក្នុងជិវិតត្រូវចាប់ផ្តើមឡើងជាដំបូងគឺថ្ងៃ៖
១-ថ្ងៃសៅរ៍ ២-ថ្ងៃអាទិត្យ ៣-ថ្ងៃអង្គារ ៤-ថ្ងៃពុធ៕
ប្រភព៖ មហាសង្ក្រាន្ដ គណកម្មាធិការជាតិរៀបចំបុណ្យជាតិអន្ដរជាតិ
No comments:
Post a Comment