ពិធី​បុណ្យសព៖ ប្រពៃណី​ដើម និង​ការប្រែប្រួល​


មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ​តែងតែមាន​ប្រពៃណី​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ពិធី​រំលាយសព ឬ​ពិធី​ជូន​ដំណើរ​ខ្មោច​។ យ៉ាងណាមិញ​ ចំពោះជនជាតិខ្មែរ​យើង ពិធី​បុណ្យសព​ ជា​កាតព្វកិច្ច​មួយ​មិនអាច​ខ្វះចន្លោះ​បាន​ចំពោះ​ក្រុមគ្រួសារ​នីមួយៗ​។​

​តាម​សៀវភៅ​វប្បធម៌ អរិយធម៌​ខ្មែរ​ ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ​ ពន់ ឆាយ បានឲ្យដឹងថា​ ការស្លាប់របស់​មនុស្ស​មាន​ច្រើនសណ្ឋាន​ណាស់ តួយ៉ាង ស្លាប់​ដោយ​ចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់​ផ្សេងៗ​ជាដើម​។ ស្លាប់​អ៊ីចឹង ​គេ​ហៅថា​សា្ល​ប់​ដោយ​”​អកាលមរណៈ ឬ​ខ្មោចតៃហោង​”​។ តាម​ទំនៀមទម្លាប់​ ការស្លាប់​របៀបនេះ​គេ​មិន​យកទៅ​បូជា​ទេ គឺ​គេ​ឲ្យ​យកទៅ​កប់​សិន ​រង់ចាំ​ដល់​វេលា​ល្អ ទើប​គាស់​យក​ឆ្អឹងទៅ​បូជា​វិញ​។ ឯ​ការស្លាប់​ដោយ​ស្របពេល​វេលា​ ដូច​មាន​ស្លាប់​ដោយ​ជំងឺ​ដែល​ព្យាបាល​ពុំជា ជំងឺ​ចាស់ជរា ដែល​គេ​ត្រៀម​ទុក​រៀបចំ​ទៅតាម​ទំនៀម​ទម្លាប់​។​

​ពិធី​មួយ​នេះ​គេ​បានរៀបចំ​ទៅតាម​លំដាប់លំដោយ​ដូចជា​:

មុនពេល​ស្លាប់ៈ គេ​បាន​និមន្ត​ព្រះសង្ឃ​៤​អង្គ ឬមួយ​អង្គ​មក​សូត្រធម៌​ឲ្យ​បងប្អូន​កូនចៅ​សុំ​ខ​មាល​ទោស​។ អ្នកជំងឺ​ទន្ទេញធម៌ “​ពុ​ទ្ធោ អរហំ​” ដោយ​តាំងស្មារតី​ឲ្យ​នឹង​ទៅរក​អំពើ​ល្អ​ដែល​ខ្លួន​បាន​សាង​កន្លងមក​។ ​គេ​នាំគ្នា​រៀបចំ​គ្រឿង​បន្លុង និង​ប្រដាប់ប្រដា ផ្សេងៗ បង្ហាញ​អ្នកជំងឺឲ្យ​បានឃើញ​។​

ក្រោយពេល​ស្លាប់ៈ​ អាចារ្យ​ចូលទៅ​បិទ​ភ្នែក និង​មាត់​ធ្មេញ ហើយ​យក​សុ​ពារ​បាត​ទាំង​៦​សន្លឹក មក​ដាក់​តាម កន្លែង​ដែល​ត្រូវដាក់​។ គេ​អុជ​ទៀន ក​ល្យ ដាក់​ក្បាល​គ្រែ ទៀនគោល​៥​ដើម អុជ​ក្បែរ​ក្បាល ស្មា​និង​ជើង​។ រៀប​ទៀន​ត្បូង ស្រូវ​ពន្លៃ​មួយ​ល្អី ប្រាក់​១​បាត សំពត់ ស ៥​ហត្ថ ចេកទុំមួយ​ស្និត ដាក់​ចុងជើង​។ ខាងក្រោម​កន្លែង​តម្កល់​គេ​ដាក់​ដុំថ្ម​មួយ​ដុំ ទឹក​មួយ​ក្អម​។ គេ​បាន​ដោតទង់ក្រពើនៅមុខ​ផ្ទះ ដើម្បី​ជាស​ញ្ញា បញ្ជាក់ថា មាន​អ្នកស្លាប់​ថ្មីៗ​។ លើកខ្មោច​ចំអាស​ទឹក​ដោយ​លាប​ទឹកអប់ សិតសក់ “​ទៅមុខ​៣​ដង ទៅក្រោយ​៣​ដង​” ជា​និមិត្តរូបនៃ​ការវិល កើត​ស្លាប់ របស់​មនុស្សលោក​។​

ពិធី​ដង្ហែ​និង​រំលាយសពៈ​ គេ​បាន​រំកិលសព​ចេញពី​ទី​តម្កល់​ដោយ​និមន្ត​ព្រះសង្ឃ​បង្សុកូល បង្វិលពពិល​៣​ជុំ ជុំវិញ​មឈូស​។ ក្រោយមក ដង្ហែ​ចេញ ដោយមាន​ព្រះសង្ឃ អភិធម្ម ព្រះសង្ឃ​មាតិកា អាចារ្យយោគី កាន់​ទង់ព្រលឹង មាន​ភ្លេង​ខ្មោច​លេង​កំដរ​ផង​។​អ្នក​ប្រាយលាជ អ្នក​បួសមុខភ្លើង អ្នក​ព្លុក (​អ្នក​ដុត​ខ្មោច​) ៤​នាក់​សែង​មឈូស​យក​ជើង​ទៅមុខ​។​អ្នកទទួល​ទៀន​ត្បូង និង​គ្រួសារ​ញាតិមិត្ត​របស់​ស​ព​ដើរ​ដង្ហែ​តាម​ក្រោយ​។
​នៅពេល​ទៅដល់​ទី​ប៉ាឆា​ គេ​បានរៀបចំ​កិច្ច​ទៅតាម​នោះ​ទៀត ដែលមាន​អាចារ្យយោគី និង​អ្នក​ព្លុក ៤​នាក់ យក​ចន្លុះ ១​ដើម​ម្នាក់ ដើរ​ព័ទ្ធជុំវិញមឈូស​៣​ជុំ​។ រួច​អាចារ្យ ដុត​ភ្លើងបូជាសព ពេលនោះ​មាន​អ្នក​បួសមុខភ្លើង តែ​សឹក​វិញ​នៅពេល​បូជាសព​រួច​ព្រមទាំង​មាន​ទេសនា​មុខ​ភ្លើង​។​

​នៅពេល​បច្ចុប្បន្ននេះ​ឃើញថា ពី​ធី​បុណ្យសព​មានការ​ប្រែប្រួល​ខ្លះៗ ដោយសារតែ​ពេលវេលា និង​ការចេះ​ចាំតៗ​គ្នា​មក គួបផ្សំ​នឹង​ការ​ចរន្តបទេសហូរ​ចូលមកទៀត បានធ្វើ​ឲ្យ​ពី​ធី​នេះ មិន​ចំ​ជា​លក្ខណៈ​ប្រពៃណី​បុណ្យសព​ខ្មែរ​នោះទេ​។ ទោះបី​ជាមាន​អ្នកស្លាប់​ដោយ​បែប​យ៉ាងណា ​ក៏​គេ​យក​ធ្វើ​
​បុណ្យ និង​បូជា​បាន​ទាំងអស់ ជាពិសេស​គេ​ធ្វើ​ទៅតាម​បណ្តាំ​អ្នក​មុននឹង​ស្លាប់ (​ខ្មោច​)​។

​ពេលខ្លះ​គេបាន​ប្រារព្ធធ្វើ​ទៅតាម​ជនជាតិ​ចិន ដែល​ក្នុងពិធី​នេះ ឃើញ​មាន​ដុត​ក្រដាសសែន (​ដុល្លារ​ខ្មោច​) អមដោយ​ភ្លេង​ម៉ុង​សាយ បូកនិង​ភ្លេង​បុណ្យសពប្រពៃណី​ផង​។ ចំពោះ​អ្នក​កាន់ទុក្ខ ក៏មាន​សភាពលក្ខណៈ ជា​ប្រពៃណី​ចិន (​សម្លៀកបំពាក់​) ដែល​អង្គុយបត់ជើង យំ និង​ដុត​ក្រដាសសែនបណ្តើរ​ផង​។ រីឯ​ការបូជា ឬ​បញ្ចុះសព​វិញ គេ​មាន​អញ្ជើញ​ចិន​សែ​មក​ម៉ិ​កថា​ត្រូវ​បញ្ចុះ ឬ បូជាសព​នៅ​ថ្ងៃ​ណា ម៉ោង​ណា ទៀតផង​។ ឯកា​រហែសពទៅ​បញ្ចុះ ឬ​បូជា​វិញ គេ​ហែ​ខ្មោច​ដោយ​រថយន្ត​ដែលមាន​លក្ខណៈ​ទំនើប​(​ឡាន​សព​)​។​

​ចំពោះ​ការ​កាន់ទុក្ខ​ជាធម្មតា​មាន​រយៈពេល​១០០​ថ្ងៃ​(៣​ខែ​១០​ថ្ងៃ​) អ្នកខ្លះ​អាច​ដល់​១​ឆ្នាំ តែ​មកដល់​ឥឡូវ​នេះ​វិញ មាន​ត្រឹមតែ​៧​ថ្ងៃ​ប៉ុណ្ណោះ​។ ដោយ​ការរំលាយសព បញ្ចុះសព បញ្ចុះ​ការ​រហូតកប់​មួយរយៈ ហើយ​គាស់​យក​ឆ្អឹង​មក​ធ្វើបុណ្យ រួច​បញ្ចុះ​ក្នុង​ចេ​តិយឬ បូជា​ហើយរើស​ធាតុដាក់​ក្នុង​កោដ្ឋ យកទៅ​ទុកក្នុងផ្ទះ ឬ​ក្នុង​ចេ​តិយ ឬ​ទុក​នៅឯ​វត្ត​អារាម​។

​ចំពោះ​ពី​ដើម​វិញ​ គេ​បូជា​រូ​ច យក​ធាតុ​ដាក់​កោដ្ឋ ហើយ​បោះចោលក្នុង​ទឹក​ជ្រៅ ឬយកទៅដាក់​ចោល​ក្នុងព្រៃ ឲ្យ​សត្វ​ស៊ី​ទៅវិញ ដូចជានៅក្នុង​សម័យចេនឡា​៕

 

ដកស្រង់ពី ព័ត៌មានខ្មែរ

 

No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...