បច្ចេកទេសចិញ្ចឹមឃ្មុំបែបទំនើបក្នុងប្រអប់សិប្បនិម្មិត

 

ឃ្មុំ គឺជា​សត្វល្អិត​ម្យ៉ាង​ដែល​ផលិត​ទឹកឃ្មុំ ក្រៅពី​ឃ្មុំ​គឺ​នៅមាន​សត្វល្អិត​ម្យ៉ាងទៀត​ដែល​ផលិត ទឹកឃ្មុំ​ដែរ ហើយ​ខ្មែរ​យើង​និយម​ហៅថា​? ព​ង្រួ​ត​? វា​មាន​រូបរាង​តូច​ជាង​ឃ្មុំ​ច្រើន​ហើយ​វា​ច្រើន យក​រន្ធ​ឈើ​ប្រហោង​ធំៗ​ធ្វើជា​សំបុក​របស់​វា ខុសពី​សត្វ​ឃ្មុំ​ដែល​កកើត​សំបុក​តាម​មែកឈើ ឬ​តាម​អាគារ​លំនៅដ្ឋាន។​

​នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន​គេ​បាន​ចិញ្ចឹម​ឃ្មុំ​ជា​របៀប​មួយ​ប្លែក​ពី​ធម្មតា គឺ​ធ្វើ​នៅ ប្រអប់​ឡាំង ក្រដាស ឬ​ឈើ​សម្រាប់​ឲ្យ​ឃ្មុំ​កកើត​ជា​សំបុក​របស់​វា​។ ក្រៅពីនេះ នៅតាម​ចំការ មួយចំនួន​ម្ចាស់​ចំការ​បាន​ចិញ្ចឹម​ឃ្មុំ​នៅក្នុង​ចំការ​របស់ខ្លួន ដើម្បី​ទាញយក​ផលប្រយោជន៍ ២ យ៉ាង​គឺ :
ទីមួយ : ឲ្យ​ឃ្មុំ​ជួយ​បង្កាត់​លំអង​ញី​ឈ្មោល​របស់​ដំណាំ​ដើម្បី​ឲ្យ​វា​មាន​ផ្លែផ្កា​ច្រើន​
ទី​ពីរ : គេ​បានទទួល​ទឹកឃ្មុំ​ពី​ឃ្មុំ​ដែល​គេ​បាន​ចិញ្ចឹម​នោះ​

​ក្រៅពី​ប្រយោជន៍​ទាំងពីរ​ខាងលើនេះ ឃ្មុំ​អាច​នៅ​ជួយ​កាត់បន្ថយ​បាន​នូវ​ការយាយី​ពី​សំណាក់ សត្វល្អិត​ផ្សេងៗ​ទៀត​ពេល​ដំណាំ​ចេញ​ផ្កា ប៉ុន្តែ​ប្រការនេះ​មិនទាន់មាន​ការអះអាង​ណាមួយ ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ។

​ដោយហេតុថា តម្លៃ​ទឹកឃ្មុំ​នៅលើ​ទីផ្សារ​មានតម្លៃ​ថ្លៃ ដូចនេះហើយ​ទើប​មាន​មនុស្ស​ជាច្រើន មានបំណង​ស្វែងយល់​ពី​វិធី​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​នៅ​ពុំទាន់​មាន​ឯកសារ ឬ​សៀវភៅ​ណាមួយ​និយាយ​ពី វិធី​ចិញ្ចឹម​ឃ្មុំ​នេះ​នៅឡើយ​ទេ ហេតុនេះ​អត្ថបទ​មេរៀន​ស្តីពី​ការចិញ្ចឹម​ឃ្មុំ​នេះ​អាចជា​ជំនួយស្មារតី មួយ​សំរាប់​អ្នក​ដែលមាន​បំណង​ចង់​ចិញ្ចឹម​ឃ្មុំ។​

១- ទីតាំង​
​ដើម្បី​ឲ្យ​ការចិញ្ចឹម​ឃ្មុំ​អាច​ប្រព្រឹត្តទៅ​បានល្អ យើង​ត្រូវមាន​ទីតាំង​មួយ​សមស្រប ឆ្ងាយ​ពី​ភូមិឋាន អាចជា​ដីចំការ ដី​ទំនេរ​ទុកចោល​ដែល​មិនមាន​ការរំខាន​ពី​មនុស្សម្នា​ផ្សេងៗ​។ នៅលើ​ទីតាំង​ដី​នេះ បើសិនជា​យើង​អាច​ដាំ​បន្ថែម​នូវ​ដើមឈើ​មួយចំនួន​ដែល​សម្បូរ​ណ៍​ផ្កា ដូចជា​លឿង​រាជ្យ អង្កាញ់ អូយ​ម៉ូយ ឬ​ដើមឈើ​ណា​ដែលមាន​ផ្កា​ច្រើន ពីព្រោះ​ផ្កាឈើ​ទាំងនោះ​គឺជា​ការទាក់ទាញ​មួយ ហើយក៏​ជា​អ្វីដែល​ឃ្មុំ​ត្រូវការ​ផងដែរ​។ ទីតាំង​ដី​សំរាប់​ចិញ្ចឹម​ឃ្មុំ​នោះ ពុំ​ចាំបាច់​មាន​ទំហំ​ធំ​ពេក​ទេ ប៉ុន្តែ​បើសិន​ជាមាន​ទំហំ​ធំ​ក៏​ជាការ​ប្រសើរ​ដែរ​។

ទំហំ​ដី​ដែល​យើង​ត្រូវការ​គឺអាច​អាស្រ័យទៅលើ​ចំនួន​សំបុក​ឃ្មុំ ដែល​ត្រូវ​ចិញ្ចឹម​និង​ការដែល​យើង អាច​គ្រប់គ្រង​វា​បាន។ ក្នុង​ករណីខ្លះ ការជ្រើសរើស​ទីតាំង​បានល្អ​ដូចជា នៅក្បែរ​ព្រៃ និង​ក្បែរ ចំការ​ធំៗ អាចជួយ​បង្កើន​ប្រសិទ្ធភាព​ដល់​ការចិញ្ចឹម​ឃ្មុំ​ឲ្យ​ដំណើរការ​ទៅបាន​ល្អប្រសើរ​ដែរ។​

២- ពូជ​ឃ្មុំ​សម្រាប់​យកមក​ចិញ្ចឹម​
​ឃ្មុំ​មាន​ច្រើន​ពូជ គឺ​ឃ្មុំ​ធំ​ជា​ប្រភេទ​ឃ្មុំ​ដែល​ស្ថិតនៅក្នុង​ព្រៃធំៗ ឃ្មុំ​មួយ​ពួក​ទៀត​ដែលមាន​មាឌ តូច​ជាង​បន្តិច ក្រៅពីនេះ​គេ​ឃើញ​មាន​ឃ្មុំ​មួយ​ប្រភេទ​ទៀត​ដែល​យើង​និយម​ហៅថា​ឃ្មុំ​អាចម៍ឆ្កែ វា​ច្រើន​មាន​ទំហំ​តូចៗ គេ​ច្រើន​ឃើញ​ឃ្មុំ​ប្រភេទ​នេះ​នៅតាម​ព្រៃរបោះ គុម្ព​ត្រែង ឬ​តាម​ទីវាល ទំនាប​លិច​ទឹក​នានា។​

​ប្រភេទ ឃ្មុំ​ដែល​យើង​អាច​យកមក​ចិញ្ចឹម គឺជា​ពពួក​ឃ្មុំ​ដែលមាន​សំបុក​ខ្នាត​មធ្យម ដែល ឧស្សាហ៍​បានឃើញ​នៅតាម​ដើមឈើ ឬ​ចំការ​ពីព្រោះ​ឃ្មុំ​ប្រភេទ​នេះ​វា​មិនសូវ​បង្ក​គ្រោះថ្នាក់ ដល់​យើង មានការ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ម្យ៉ាងទៀត​យើង​ងាយស្រួល​រក​ពូជ​ផង។​

៣- ប្រភេទ​ប្រអប់​សម្រាប់​ចិញ្ចឹម​
​ប្រអប់​សំរាប់​ធ្វើជា​សំបុក​ឲ្យ​ឃ្មុំ​ស្នាក់នៅ​គេ​ច្រើន​ធ្វើ​ពី​ឈើ ឬ​ដែក​បន្ទះ​ស​ង្ក័​សី​ជា​សំបក​ខាងក្រៅ ប៉ុន្តែ​សម្រាប់​ប្រទេស​យើង យើង​មិន​អាចធ្វើ​ពីស​ង្ក័​សី​បានទេ ពីព្រោះ​ប្រទេស​យើង​ក្តៅ។​

៤- ចំណី​របស់​ឃ្មុំ​
​យើង​ពុំ​ចាំបាច់​ត្រូវដាក់​ចំណី​ឲ្យ​វា​ស៊ី​ដូចជា​ការចិញ្ចឹម​ជ្រូក មាន់ ទា​នោះឡើយ អ្វីដែល​យើង​ត្រូវ ការចាំបាច់​នោះ​គឺ កូន​អាងទឹក​មួយ​មាន​ទឹកស្អាត សម្រាប់​ឲ្យ​ឃ្មុំ​ផឹក និង​ចាន​ទឹក​ស្ករ​មួយចំនួន សំរាប់​ទាក់ទាញ​កុំ​ឲ្យ​ឃ្មុំ​នោះ បោះបង់​សំបុក​ចោល​ទៅរក​កន្លែង​ថ្មី​ទៀត។​

៥- ការថែរក្សា​ឃ្មុំ និង​ការត្រួតពិនិត្យ​
​សំបុក​ឃ្មុំ ទាំងអស់​ត្រូវ​មានការ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ ​យ៉ាងហោចណាស់​ឲ្យ​បាន​ចំនួន៣ដង ក្នុង​មួយ​សប្តាហ៍​ដែរ ដើម្បី​ឲ្យ​ដឹង​ពី​ស្ថានភាព​របស់​ឃ្មុំ​នោះ​វា​មាន​សកម្មភាព​យ៉ាងណា។​

៦- សម្ភារ​ត្រូវការ​ចាំបាច់​សម្រាប់​ការចិញ្ចឹម​ឃ្មុំ​
​ក្នុងករណី​ដែល​យើង​ត្រូវធ្វើ​វា​ជា​របៀប​អាជីវកម្ម យើង​ប្រហែលជា​ត្រូវ​ទាមទារ​ឲ្យ​មាន​សំលៀក បំពាក់​សំរាប់​ការពារ​ខ្លួន​កុំ​ឲ្យ​ឃ្មុំ​ទិច ស្រោមដៃ​ក្រាស និង​ស្បែកជើង​។ ក្រៅពីនេះ​គឺមាន​តែ ឧបករណ៍​សម្រាប់​កៀប​យក​ទឹកឃ្មុំ ពីព្រោះ​ការ​ច្របាច់​ដោយ​ដៃ​ពុំ​អាច​យក​ទឹកឃ្មុំ​ចេញ​អស់ បានទេ។​

* ជាបឋម (​មុន​ចាប់ផ្តើម​ចិញ្ចឹម​) មុនពេល​ចាប់ផ្តើម​ចិញ្ចឹម​សូម​ធ្វើ​ប្រអប់​សំបុក​ឃ្មុំ​ឲ្យ​បាន​តាម​ចំនួន ដែល​យើង​ត្រូវការ​សិន ចំនួន​សំបុក​ច្រើន​ប៉ុន្មាន​នោះ​គឺ​អាស្រ័យទៅលើ​ធនធាន និង​បំណងប្រាថ្នា។ ប្រអប់​នីមួយៗ ត្រូវមាន​លក្ខណៈ​ត្រឹមត្រូវ​តាម​គំនូរ​ដែល​បាន​ភ្ជាប់​មកជា​មួយ​។ ឈើ​ក្តារ​ដែល​យើង​យកមក ប្រើ​អាចជា​ក្តារ​កុំ​ផ្លា​កេ​ក៏បាន ជា​បន្ទះក្តារ​ធម្មតា​ក៏បាន​ទៅតាម​ការចូល​ចិត្ត។​
* ក្រៅពីនេះ​យើង​នៅ​ត្រូវការ ក្រមួនឃ្មុំ​មួយចំនួន​សំរាប់​យកមក​ធ្វើជា​ពុម្ព​រន្ធ​សំបុក​ឃ្មុំ ពុម្ព​នេះ​នៅ​ប្រទេស​គេ​មាន​លក់​សំរាប់​អ្នក​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​យើង​អាចធ្វើ​ដោយ​ខ្លួនឯងបាន ដោយ​ការ​គូរ ឬ​ធ្វើជា​ពុម្ព​ចាក់។​

៧- សំបុក​ឃ្មុំ​
​យើង​នឹងមាន ការលំបាក​ក្នុងការ​ស្វែងរក​សំបុក​ឃ្មុំ ដើម្បី​យក​ពូជ​មក​ផ្សាំ​បង្កើតជា​សំបុក សិប្ប​និមិត្ត របស់​យើង ។ ក្រៅពី​ដើររក​ដោយ​ខ្លួនឯង​យើង​អាច​សាកសួរ​អ្នក​ដែលមាន​ជំនាញ ខាង​រក​ឃ្មុំ​ឲ្យ​គេ​រក មក​ឲ្យ​យើង ឬ​យើង​អាច​ទៅជា​មួយ​គេ​ក៏បាន។​

៨- វិធី​នៃ​ការនាំយក​ឃ្មុំ​មក​ផ្សាំ​ចិញ្ចឹម​
-​ត្រូវមាន​ធុង​ស្អាត​មួយ (​ធុង​ស្ពេ​ត្រូ​)
-​ទឹក​ស្ករ​ចំនួន២លីត្រ ស្ករ១គីឡូក្រាម លាយ​ទឹក១លីត្រ​
-​ប្រដាប់​សម្រាប់​បាញ់​ទឹក​ស្ករ (​សូម​ប្រើ​ធុង​បាញ់ថ្នាំ​) ប៉ុន្តែ​ទឹក​ស្ករ​ត្រូវមាន​ចំនួន​ច្រើន​បន្តិច​បើ​ប្រើ​ធុង​បាញ់ថ្នាំ។​

-​សំណាញ់​ក្រឡា​ញឹក​សំរាប់​គ្រប​មាត់​ធុង​
-​កៅស៊ូរឹត​សំរាប់​រឹត​សំណាញ់​ភ្ជាប់​មាត់​ធុង​
-​សំលៀកបំពាក់​ការពារ​ខ្លួន​កុំ​ឲ្យ​ឃ្មុំ​ទិច​
-​ហាម​ប្រើ​ផ្សែងភ្លើង​ជាដាច់ខាត​។​

​ឃ្មុំ​ដែល​យើង​យកបាន​មកហើយ ត្រូវ​ប្រញាប់​រួសរាន់​លាយ​ទឹក​ស្ករ១ផ្នែក ទឹកឃ្មុំ១ផ្នែក​ ដាក់ ក្នុង​ចាន​រួច​លាប​តាម​បន្ទះ​សំបុក​សិប្ប​និមិត្ត ក្រៅពីនេះ​ដាក់​ចាន​ល្បាយ​ទឹកឃ្មុំ​នៅ ត្រង់​មាត់​រន្ធ (​កុំ​ឲ្យ​បិទផ្លូវ​ចេញចូល​របស់រ​ន្ធ​ឲ្យ​សោះ​)។ ចំពោះ​ឃ្មុំ ដែល​ប្រមូល​បានមក​នោះ​ត្រូវ​ដាក់ចូល ទៅក្នុង​សំបុក​សិប្ប​និមិត្ត រួច​បន្សល់​ខ្លះទៀត​ឲ្យ​វា​ចូល​តាម​រន្ធ​ពី​ខាងក្រោម​ប្រអប់ សំបុក បើសិនជា​សំណាងល្អ ឃ្មុំ​នឹង​បង្កើត​មេ​មួយ​ថ្មី (​ស្តេច​ញី​) តែបើ​សំណាង​គ្មាន​នោះ​ឃ្មុំ​នឹង​ហើរ ចេញ​អស់ ឬ​មិនបង្កើត​មេ​ថ្មី​ឡើយ។​

​ហេតុនេះ​យើង​ត្រូវ​តាមដាន​មើល​រាល់ថ្ងៃ​ពី សកម្មភាព​របស់​វា​សូមកុំ​បារម្ភ​ពី​ទឹក​ស្ករ​ដែល​ស្អិត ជាប់​លើ​ខ្លួន​វា មិនយូរប៉ុន្មាន គ្នា​វា​និង​បឺត​ស្រូបយក​ទឹក​ស្ករ​នោះ​អស់​គ្មាន​សល់​ទេ។ ក្នុងករណី ដែល​ឃ្មុំ​បាន​បញ្ចេញ​មេ​ថ្មី នោះ​មានន័យថា​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ជោគជ័យ​ហើយ៕​

ប្រភពwww.rasmeinews.com

No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...