ជាទូទៅ
កសិករធ្លាប់ចិញ្ចឹមមាន់តាមទម្លាប់ដោយលែងឱ្យដើរស៊ីចំណីគ្រប់ទីកន្លែង
ដែលធ្វើឱ្យមាន់មិនបានទទួលការថែបំប៉ន និងឆាប់ឆ្លងជំងឺ។ ដោយឡែក បងប្រុស
សាយ ចន្ថា គាត់បានចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ
ដោយចាប់ផ្តើមពីមេ៤ក្បាល និងបា១ក្បាល។ បច្ចុប្បន្នកើនដល់មេ១០ក្បាល
និងបា៣ក្បាល និងមាន់ជំទង់៥០ក្បាល។
បងប្រុសសាយ ចន្ថា រស់នៅភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ជាកសិករសហការជាមួយគម្រោងកែលម្អកម្រិតជីវភាពសហគមន៍ (CLIP) អនុវត្តដោយអង្គការសេដាក។
បច្ចេកទេសដែលបងប្រុសបានអនុវត្តមានដូចជា៖
១-ការជ្រើសរើសមាន់ចិញ្ចឹម៖ ក្នុងការជ្រើសរើសពូជមកចិញ្ចឹម
គាត់បានទិញមេ និងបា ពីអ្នកក្នុងភូមិ ដែលមានមាឌធំ ឆ្អឹងធំ រាងថ្លោស
ដំណើររហ័សរហួន។
២-ការធ្វើទ្រុង និងទីធ្លាចិញ្ចឹមមាន់៖ គាត់បានធ្វើរបងព័ទ្ធទីធ្លា
ដែលមានទំហំ៣០ម៉ែត្រx២០ម៉ែត្រ ហើយនៅក្នុងទីធ្លា
មានរណ្តៅជីកំប៉ុស្ត សម្រាប់មាន់កាយរកចំណី ។ ក្រៅពីនេះ
គាត់មានដាំដើមឈើជាម្លប់ មានចេក ដូង ស្វាយ ស្វាយចន្ទី ដំឡូងមី ដើមទឹកដោះ
នៅក្នុងទីធ្លាផងដែរ ។ ចំពោះទ្រុងមាន់ដេក មានទំហំ៥ម៉ែត្រគុណនឹង៣ម៉ែត្រ
ធ្វើពីឫស្សី។ នៅក្នុងទ្រុងនោះ មានសម្បុកមាន់៦
ទុកឱ្យមេមាន់ពងបានគ្រប់ក្បាល ចៀសវាងការដណ្តើមសម្បុកគ្នា។
៣-ការផ្តល់ចំណីនិងទឹកសម្រាប់មាន់ ៖ ចំពោះចំណីដែលគាត់បានផ្តល់ឱ្យមាន់មាន
ស្រូវ កន្ទក់ ចុងអង្ករ សរុប៥គីឡូក្រាមក្នុងមួយថ្ងៃ
ព្រមទាំងមានស្មៅខ្ចីដែលមាន់អាចរកស៊ីបាន នៅក្បែរផ្ទះក្នុងខែវស្សា ។
ចំណែកខែប្រាំង មានត្រកួនដែលដាំដោយខ្លួនឯងនៅក្បែរផ្ទះ។
បរិមាណចំណីខាងលើសម្រាប់ផ្តល់ឱ្យមាន់មេចំនួន១០ក្បាល កូន៥០ក្បាល
និងបា៣ក្បាល។
របៀបលាយចំណី ៖ យកធាតុផ្សំទាំងអស់ទៅកិន
ឬបុកលាយបញ្ចូលគ្នា មុននឹងដាក់ឱ្យមាន់ស៊ី។
ចំណែកចំណីត្រូវបានដាក់ទៅក្នុងស្នូកចំណី ឬក្រាលការុងពីក្រោម។
មួយថ្ងៃឱ្យស៊ី៣ដង នៅពេលព្រឹក រសៀល និងល្ងាច។
ទឹក ៖ គាត់ដាក់ទឹកស្អាតឱ្យមាន់ជាប្រចាំ
ដោយយកគល់ខ្ទឹម ឬស្លឹកគ្រៃ ត្រាំឱ្យមាន់ផឹកក្នុងស្នូកទឹក
និងប្តូរទឹកចេញរៀងរាល់២ថ្ងៃម្តង។
៤-ការថែទាំនិងធ្វើអនាម័យ៖ គាត់បានរៀបចំសម្បុកឱ្យមាន់មេៗក្រាបពង។
ដើម្បីការពារសត្វស្រមើល គាត់បានដាក់ចំបើងក្រាលបាតសម្បុក
លាយជាមួយស្លឹកទន្ទ្រានខែត្រ និងសាវម៉ាវព្រៃ (ហាលថ្ងៃឱ្យស្ងួតបន្តិច)។
ក្រោយពីមាន់ក្រាបពងបាន៤-៥ថ្ងៃ គាត់បង្វិលពងមាន់១ថ្ងៃម្តង
ដើម្បីឱ្យវាញាស់ស្រុះគ្នា។ នៅពេលកូនមាន់ញាស់
គាត់បានក្រុងកូនមាន់១អាទិត្យជាមួយមេ ដោយផ្តល់បាយត្រាំទឹកឱ្យកូនមាន់
(១ថ្ងៃកន្លះ ក្រោយកើត) និងផ្តល់ទឹកស្អាត
ហើយលែងកូនមាន់ឱ្យត្រូវពន្លឺថ្ងៃ នៅម៉ោង៨-៩ព្រឹក រយៈពេល១៥នាទី
ដើម្បីឱ្យវារឹងប៉ឹង មានសុខភាពល្អ។ មាន់អាយុ៣អាទិត្យ ចាប់ផ្តើមមានព្រូន
ដូច្នេះគាត់បានទម្លាក់ព្រូនមាន់ ដោយប្រើស្លាខ្ចី
ចិតយកសាច់ស្តើងៗបញ្ច្រកមាន់ (មាន់១៣ក្បាល បញ្ច្រកស្លា១ផ្លែ
និងធ្វើរៀងរាល់២ខែម្តង)។
៥-លទ្ធផល៖ បន្ទាប់ពីការចិញ្ចឹមមាន់តាមប្រពលវប្បកម្មគោលការណ៍ធម្មជាតិមក
គាត់ទទួលបានលទ្ធផលល្អប្រសើរច្រើនជាងការចិញ្ចឹមតាមទម្លាប់
ព្រោះមាន់មិនសូវងាប់ ហើយឆាប់ធំធាត់។ ក្រៅពីការហូបចុកក្នុងគ្រួសារ
ក្នុងមួយឆ្នាំគាត់លក់បាន២ដង សរុប៤០ក្បាល និងបានប្រាក់៣៦០.០០០រៀល
(តម្លៃកាលឆ្នាំ២០០៦)។
៦-ចំណុចគួរកែលម្អលើការចិញ្ចឹមមាន់ ៖ បងប្រុសមានការចិញ្ចឹមមាន់បានល្អ
ប៉ុន្តែនៅមានចំណុចខ្វះខាតខ្លះដូចជា៖
– មិនគួរបង្កាត់
ដោយយកបាដែលបានពីការទុកពូជកូនក្នុងសម្បុក
មកបង្កាត់ជាមួយមេរបស់វាដដែល ធ្វើឱ្យជាន់ឈាម ។
ត្រូវបង្កាត់បាដែលមិនមែនជាសាច់ញាតិគ្នា ទោះជាមើលទៅ
វាមានសុខភាពល្អក៏ដោយ។
– គួរផ្តល់ចំណីបន្ថែមដូចជា ជន្លេន សាច់ក្តាម
ខ្យង ខ្ចៅ កណ្តៀរ សត្វល្អិត ចកបាយទា កន្ធំថេត ស្លឹកដំឡូងមី ដំឡូងជ្វា
ព្រលិត ត្រកួន អង្គាដី ស្លឹកងប់ ផ្ទី ម្រំ កាកដូង កាកស្ករ ដើមចេក។ល។
– គួរបោសសម្អាតទ្រុងឱ្យបានទៀងទាត់
ជាពិសេសនៅខែធ្លាក់ភ្លៀង ព្រោះមាន់ងាយកើតជំងឺ។
– នៅពេលមាន់ងាប់ ត្រូវយកទៅកប់ ឬដុតចោលនៅឆ្ងាយពីផ្ទះ
និងប្រភពទឹក (ជីករណ្តៅជម្រៅកន្លះម៉ែត្រទៅ១ម៉ែត្រ
ហើយកប់ដោយមានស្រះបន្លា ការពារសត្វផ្សេងៗ កាយ ឬអាចបាចកំបោរ ស ពីលើ
ដើម្បីរម្ងាប់មេរោគ)។
– ត្រូវក្រុងមាន់ថ្មី ដែលទើបទិញមក
ឱ្យបាន១-២សប្តាហ៍ មុនបញ្ចូលជាមួយមាន់ចាស់ ដើម្បីតាមដានជំងឺឆ្លងមាន់
(បើមានជំងឺឆ្លង វានឹងបញ្ចេញរោគសញ្ញា ក្នុងកំឡុងពេលនេះ )ម្យ៉ាងទៀត
ធ្វើឱ្យមាន់ស៊ាំនឹងទីកន្លែងថ្មីផង៕
ប្រភព កោះសន្តិភាព
No comments:
Post a Comment