បទពិសោធន៍ដាំស្វាយកែវរមៀត

អ្នកមីង ម៉ៅ ស៊ីម  រស់នៅភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ គាត់មានបទពិសោធន៍ល្អក្នុងការដាំសំណាំស្វាយកែវរមៀត ទទួលបានផលច្រើន។ ចំពោះបទពិសោធន៍ដាំមានបង្ហាញជូនដូចខាងក្រោម។

១-បច្ចេកទេសដាំដុះ

ការជ្រើសរើសពូជ ចំពោះពូជដែលគាត់បានយកមកដាំ គឺប្រភេទស្វាយកែវរមៀត គាត់បានទិញពូជពីអ្នកលក់ជិតខាងត្រឹម ៥​ដើមតែប៉ុណ្ណោះ។ ក្រោយពីដាំបាន ៣ឆ្នាំស្វាយចាប់ផ្តើមឲ្យផល គាត់បានយកគ្រាប់ទៅបណ្តុះសំរាប់ដាំ និងលក់កូនទៅឲ្យអ្នកជិតខាងផង​ដែរ។

ខ. ការរៀបចំរណ្តៅដាំ និងរបៀបដាំ.  ក្នុងការដាំស្វាយកែវរមៀតនេះ គាត់បានជីករណ្តៅទំហំកន្លះម៉ែត្រ៤ជ្រុង និងជំរៅកន្លះម៉ែត្រដូចគ្នា។ បន្ទាប់មកយកស្លឹកឈើងាប់ៗទៅទ្រាប់បាតរណ្តៅរួចដាក់ជីកំប៉ុស្តពីលើ និងកប់ដីពីលើចោលពី ៣ ទៅ ៤ថ្ងៃ ទើបយកកូនស្វាយដាក់ដាំ។ នៅពេលដាំគាត់បានធ្វើការសង្កត់គល់ឲ្យណែនដើម្បីកុំឲ្យរលំដើម ហើយយកចំបើងគ្របគល់ស្វាយ ដើម្បីរក្សាសំណើមបានយូរល្អ ធ្វើដូចនេះស្វាយមានការលូតលាស់លឿន។ គាត់បានដាំស្វាយចន្លោះពីដើមមួយទៅដើមមួយ  ចំងាយ ៥ម៉ែត្រ។

២-ការស្រោចស្រព និងថែទាំ

ការស្រោចទឹក. ក្រោយពីដាំ គាត់បានស្រោចទឹកឲ្យជោគ និងបន្តស្រោចទឹក១សប្តាហ៍ ២ ទៅ ៣ដង (រដូវប្រាំង) សំរាប់ពេលកូនស្វាយនៅតូច រហូតដល់កូនស្វាយអាយុ ១ឆ្នាំទៅ គឺស្រោចទឹកមើលតាមអាកាសធាតុក្តៅខ្លាំង ឬមានភ្លៀងតិចច្រើន។ ជំរះស្មៅជុំវិញ និងក្បែរៗគល់ ដើម្បីការពារកុំឲ្យមានសត្វល្អិតបំផ្លាញដូចជា ស៊ីគល់ ឬជំងឺផ្សិតជាដើម។

ការដាក់ជី. ក្នុងការដាក់ជី អ្នកមីងបានប្រើជីកំប៉ុស្តដោយជីកជាចង្អូរជុំវិញចំងាយ ០,៥ម៉ែត្រពីគល់ ដែលមានជំរៅកន្លះតឹក។ ដាក់ជីតាមចង្អូររួចលុបដីឲ្យជិត ធ្វើបែបនេះដើម្បីឲ្យស្វាយស្រូបយកជីជាតិបានល្អគ្រប់គ្រាន់ និងផ្លែកាន់បានល្អ។

៣-ការប្រមូលផល

ក្រោយពីការដាំបានរយៈពេល ៤ឆ្នាំ ទើបអាចទទួលផលបាន។ បើទោះបីជាដាំបាន៣ឆ្នាំស្វាយផ្លែច្រើនក៏ដោយ ក៏ត្រូវបេះចេញទើបធ្វើឲ្យដើមស្វាយមិនអន់ដើម និងអាចរស់បានយូរ។ ចំពោះស្វាយចំនួន ៤០ដើម គាត់អាចបេះផ្លែលក់បានប្រមាណជា ៣ ទៅ ៤លានរៀលក្នុងមួយសារៗ។

៤-ការបណ្តុះកូន

ក្រោយពីការលក់ស្វាយ អ្នកមីងបានធ្វើការជ្រើសរើសផ្លែស្វាយល្អៗមិនមានជំងឺ ឬសត្វល្អិតបំផ្លាញយកមកធ្វើពូជបន្ត ដើម្បីបណ្តុះដាំ និងលក់បន្ត។ អ្នកមីងបានបណ្ដុះកូនចំនួន ១០០ដើម។ វិធីសាស្ត្រនៃការបណ្ដុះកូនស្វាយមានបង្ហាញជូនខាងក្រោម។

ក. ការលាយដីសំរាប់បណ្ដុះស្វាយ. ដីស្រទាប់លើចំនួន ៦០គីឡូ​ក្រាម ជីកំប៉ុស្តដែលគាត់បានផ្សំពី (អង្កាមស្រស់ ធ្យូងអង្កាម…) ៤០​គីឡូក្រាម។ យកវត្ថុធាតុដើមទាំងអស់មកលាយច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកច្រកចូលក្នុងថង់ខ្មៅ (ថង់បណ្ដុះគ្រាប់)។

ខ. របៀបបណ្ដុះគ្រាប់. យកគ្រាប់ស្វាយមកពុះសំបករឹងចេញ យកតែសាច់ស្វាយមកត្រាំទឹក ២យប់ឲ្យគ្រាប់ស្វាយរីក បន្ទាប់មកយកមកដាក់លើថ្នាលបណ្ដុះរយៈពេល ១០ថ្ងៃ គាស់កូនស្វាយយកមកដាក់ក្នុងថង់ផ្សាំទុករយៈពេល ២ ទៅ ៣ខែទៀត ទើបអាចយកកូនស្វាយទៅដាំ ឬលក់បាន។ គាត់អាចលក់កូនស្វាយបាន ៥.០០០រៀលក្នុង ១ដើម។

៥-ចំណាប់អារម្មណ៍

អ្នកមីងមានចំណាប់អារម្មណ៍ថា ការដាំស្វាយកែវរមៀតនេះ គាត់សុំសូវជួបប្រទះនូវបញ្ហាឡើយ ហើយគាត់មានចំណូលចិត្ត ព្រោះមិនសូវចំណាយពេលក្នុងកាថែទាំដូចដំណាំបន្លែ។ ក្រៅពីអាចទទួលផលស្វាយសំរាប់ហូប គាត់សល់ស្វាយសំរាប់លក់បានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានច្រើនទៀតផង។ ជាងនេះទៅទៀត អ្នកមីងមានគំនិតចង់ធ្វើការពង្រីកនូវការដាំដុះបន្តទៀត។

សរុបបទពិសោធន៍សំខាន់ៗ ក្នុងការដាំស្វាយកែវរមៀត មានដូចជា៖

  • ប្រើជីកំប៉ុស្ត ស្លឹកឈើ ដាក់ទ្រាប់បាត
  • រៀបចំរណ្តៅដែលមានជំរៅចាប់ពី ០,៥ម៉ែត្របួនជ្រុង និងជំរៅ ០,៥ម៉ែត្រ
  • ថែទាំស្រោចទឹក ១ ទៅ ២ដងក្នុងមួយសប្តាហ៍ចំពោះកូនស្វាយទើបនឹងដាំ, នៅពេលធំគឺស្រោចទឹកទៅតាមអាកាសធាតុជាក់ស្តែង
  • ជំរះស្មៅពូនគល់នៅរដូវវស្សា និងរដូវប្រាំងធ្វើឲ្យមានចង្អូរសំរាប់ដក់ទឹក
  • ប្រើជីកំប៉ុស្តដាក់បាតរណ្តៅ និងបំប៉នដើម្បីឲ្យស្វាយលូតលាស់បានល្អ
  • ជ្រើសរើសផ្លែស្វាយគ្មានជំងឺ សត្វល្អិតបំផ្លាញ ទៅបណ្ដុះដាំបន្ត
  • លាយដីជាមួយជីកំប៉ុស្ត ធ្យូងអង្កាម និងអង្កាមស្រស់ ច្របល់ឲ្យសព្វច្រកក្នុងថង់សំរាប់បណ្ដុះគ្រាប់ស្វាយ៕

ប្រភព cedac.org.kh/


No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...