ដំណាំ​ស្វាយកែវ​រមៀត​អាច​ប្រមូល​ផល​បាន​ចាប់ពី​3​ឆ្នាំ​ឡើង​ទៅ

 

ស្វាយកែវ​រមៀត ជា​ដំណាំ​ឈើ​ហូប​ផ្លែ ដែល​មាន​អាយុ​ច្រើន​ឆ្នាំ គេ​អាច​ប្រមូល​ផល​ចាប់ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ។ អ្នក​មីង វ៉ា​ន់ យ៉េ​ត រស់នៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មានបទពិសោធន៍​ដាំ​ស្វាយកែវ​រមៀត​បាន​ផ្លែ​ច្រើន ដោយ​មិន​ប្រើ​ជីគីមី និង​ថ្នាំ​បំប៉ន​ឡើយ។ គាត់​ប្រមូល​ផល​២​ដង ក្នុង​មួយ​រដូវ សរុប​ស្វាយ​១៥០​ដើម បេះ​បាន​១២០០​គីឡូក្រាម នៅ​ឆ្នាំ​ដំបូង។ តាម​រយៈ​ចំណូល​ពី​ការ​លក់​ស្វាយ​នេះ ធ្វើ​ឱ្យ​ជីវភាព​របស់​គាត់​បាន​ធូរស្រាល​មួយ​កម្រិត​បន្ថែម​លើ​ចំណូល​ផ្សេង​ៗ។

ការ​ដាំ​ស្វាយកែវ​រមៀត​នេះ អ្នក​មីង​បាន​ចេះ​ពី​ដូនតា​របស់​គាត់​ត​ៗ​មក ដោយ​មិន​និយម​ប្រើ​ជីគីមី និង​ថ្នាំពុល​អ្វី​ឡើយ។ គាត់​បាន​ដាំ​ស្វាយ​១៥០​ដើម ដែល​បច្ចេកទេស​ដាំ​ដុះ​របស់​គាត់​បង្ហាញ​ជូន​ដូច​ខាងក្រោម៖

១-​ការ​រៀបចំ​រណ្តៅ​ដាំ៖ គាត់​ចាប់ផ្តើម​កាប់​រណ្តៅ​ដាំ​នៅ​ដើមរដូវ​ភ្លៀង ក្នុង​កំឡុង​ខែឧសភា​-​មិថុនា ។ រណ្តៅ​មាន​ទំហំ​១​ម៉ែត្រ​បួន​ជ្រុង និង​ជម្រៅ​កន្លះ​ម៉ែត្រ។ នៅ​បាត​រណ្តៅ​នីមួយ​ៗ គាត់​ដាក់​ស្លឹកឈើ​ស្រស់​ដូច​ជា​ទន្ទ្រានខែត្រ ជាន់​ឱ្យ​ណែន​កម្រាស់​៣​តឹក អាចម៍គោ​ស្ងួត​២​តឹក ដី​១​តឹក​នៅ​ខាងលើ​បង្អស់។ ក្រោយ​ពី​ដាក់​ជី​ហើយ ទុក​ចោល​រយៈពេល​១​អាទិត្យ ដើម្បី​ឱ្យ​ស្លឹក​ទន្ទ្រានខែត្រ​រលួយ។ បន្ទាប់​មក ជ្រំ​ជ្រោយ​ដី​ក្នុង​រណ្តៅ​ឱ្យ​សព្វ ទើប​ដាក់​កូន​ស្វាយ​ដាំ។ ចម្ងាយ​ពីរ​ណ្តៅ​មួយ​ទៅ​មួយ គឺ​៥​ម៉ែត្រ។

២-​ការ​ដាំ៖ កូន​ស្វាយ​ដែល​គាត់​បណ្តុះ​ទុក​មាន​អាយុ​ពី​៦​ទៅ​៧​ខែ។ គាត់​យក​កូន​ស្វាយ​ទៅ​កប់​ដាំ​ក្នុង​រណ្តៅ​ដែល​បាន​ត្រៀម​ទុក។ ក្រោយ​ពី​ដាំ​ហើយ ស្រោច​ទឹក​ឱ្យ​ជោក បន្ទាប់​មក យក​កម្ទេចកម្ទី​ស្លឹកឈើ​ស្ងួត​គ្រប​គល់​ស្វាយ កុំឱ្យ​ហួត​សំណើម។

៣-​ការ​ថែទាំ៖ ក្រោយ​ពី​ដាំ​ហើយ គាត់​ចាប់ផ្តើម​ស្រោច​ទឹក​មួយ​ដង​ក្នុង​មួយ​ថ្ងៃ រហូត​ដល់​ស្វាយ​លាស់​ត្រួយ​ថ្មី ទើប​គាត់​បន្ថយ​ការ​ស្រោច​ទឹក មក​នៅ​ត្រឹម​មួយ​អាទិត្យ​ម្តងឮ។ នៅ​ពេល​ស្វាយ​អាយុ​បាន​១-២​ឆ្នាំ គាត់​ជីក​ចង្អូរ​ជា​រង្វង់​នៅ​ជុំ​វិញ​ដើម ចម្ងាយ​ពី​ដើម​ប្រហែល​មួយ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ​កន្លះ។ ជម្រៅ​ចង្អូរ​២​តឹក រួច​ដាក់​ស្លឹកឈើ​ស្រស់ និង​អាចម៍គោ​ក្នុង​ចង្អូរ រួច​លុប​ដី និង​ស្រោច​ទឹក។ ក្រៅពី​ការ​ដាក់​ជី​ស្រោច​ទឹក គាត់​បាន​ជម្រះ​ស្មៅ​នៅ​ក្បែរ​គល់ និង​នៅ​ចន្លោះ​រង។ ការ​បន្ថែម​ជី​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ហើយ​ជីក​ចង្អូរ​នៅ​ជុំវិញ​ដើម ហើយ​ដាក់​ជី​នៅ​ក្នុង​ចង្អូរ​នោះ។

៤-​ការ​ប្រមូល​ផល៖ ក្រោយ​ពី​ដាំ​បាន​រយៈពេល​៣​ឆ្នាំ ស្វាយ​មាន​ផ្លែ។ គាត់​ចាប់​ប្រមូល​ផល​បាន​២​ដង​ក្នុង​មួយ​ឆ្នាំ។ នៅ​លើ​ផ្ទៃដី​០,៥​ហិ​កតា ដាំ​បាន​១៥០​ដើម និង​ប្រមូល​ផល​បាន​១២០០​គីឡូក្រាមនៅ​ឆ្នាំ​ដំបូង។
ចំពោះ​ការ​លក់ដូរ​វិញ​គាត់​លក់​បាន​១៥០០​រៀល​ក្នុង​១​គីឡូក្រាម​(​តម្លៃ​នៅ​ឆ្នាំ​២០០៦) សរុប​នៅ​ឆ្នាំ​ដំបូង​គាត់​រក​ចំណូល​បាន​១.៨០០.០០០​រៀល។ ចំណាយ​អស់​៤៥០.០០០​រៀល លើ​ការ​ជីករណ្តៅ ទិញ​ពូជ​បន្ថែម។​ល​។ សរុប​ចំណេញ​ដុល​នៅ​ឆ្នាំ​ដំបូង គាត់​ទទួល​បាន ១.៣៥០.០០០​រៀល។

៥-​វិធី​កែ​ច្នៃ​ធ្វើ​ផែនស្វាយ៖ ចំពោះ​ស្វាយ​ដែល​ទុំ​ជោរ​លក់​មិន​អស់ គាត់​យក​ទៅ​ធ្វើ​ផែនស្វាយ ដោយ​ច្របាច់​យក​សាច់​ទៅ​ដាំ​កូរ​ឱ្យ​ដាច់​ទឹក បន្ទាប់​មក​យក​ទៅ​វាស​លើ​កន្ទេលស្លឹកត្នោត រួច​ហាល​ឱ្យ​ស្ងួត​ជា​ការ​ស្រេច។ ផែនស្វាយ​នេះ គាត់​ធ្វើ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ។

សរុប​មក បច្ចេកទេស​សំខាន់​ៗ​ក្នុង​ការ​ដាំ​ស្វាយកែវ​រមៀត​មាន៖
កាប់​រណ្តៅ​ដាំ មាន​ទំហំ​១​ម៉ែត្រ​បួន​ជ្រុង ជម្រៅ​កន្លះ​ម៉ែត្រ ចម្ងាយ​ពី​គ្នា​៥​ម៉ែត្រ។
ដាក់​ជីធម្មជាតិ​ទ្រាប់​បាត​រណ្តៅ និង​ទុក​ឱ្យ​ជី​ស្លឹកឈើ​ស្រស់​រលួយ ទើប​ដាក់​កូន​ដាំ។
ថែទាំ​គ្រប​គល់​ស្វាយ និង​ស្រោច​ទឹក ធ្វើ​ស្មៅ ក្រោយ​ពី​ដាំ​ហើយ។
យក​ស្លឹកឈើ​ងាប់​គ្រប​គល់​ស្វាយ។
ដាក់​ជី​បំប៉ន​នៅ​ជុំវិញ​ដើម ដោយ​ជីក​ជា​ចង្អូរ​ចម្ងាយ​ពី​មួយ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ​កន្លះ ពី​ដើម។
ការ​ដាក់​ជី​បំប៉ន ធ្វើ​ឡើង​នៅ​ពេល​ស្វាយ​មាន​អាយុ​២​ឆ្នាំ​ឡើង​ទៅ ក្រោយ​ពី​ដាំ និង​ដាក់​រយៈពេល​១​ឆ្នាំ​ម្តង៕

ប្រភព កោះសន្តិភាព


No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...