គងវង់ ឧបករណ៍ភ្លេងពិណពាទ្យខ្មែរ
ដែលមានដើមកំណើតតាំងពីសម័យមុនអង្គរមកម៉្លេះ
ឧបករណ៍ភ្លេងគងវង់
មានពីរប្រភេទ គឺគងវង់តូច និងគងវង់ធំ។
គងវង់ទាំងពីរនេះប្រើប្រាស់នៅក្នុងវង់ភ្លេងពិណពាទ្យបច្ចុប្បន្ន។
មានសណ្ឋានរាងរៅដូចគ្នា មានរបៀបធ្វើក៏ដូចគ្នា
មានផ្លែសំនៀង១៦ផ្លែដូចគ្នា អន្លូងសម្រាប់គោះផ្លែសំនៀងក៏ដូចគ្នាដែរ
ប៉ុន្តែសម្គាល់ថា ធំ ឬតូច សំដៅទៅលើរង្វង់គងធំ ឬតូច
និងសំដៅទៅលើផ្លែសំនៀងធំ ឬតូចប៉ុណ្ណោះ ពិសេសទៅទៀត
គឺគងវង់តូចមានដំណើរសាច់បទរាយ រាបសាដើរផ្លូវសាច់បទធំៗ
រីឯគងវង់ធំមានដំណើរសាច់បទឃ្លេងឃ្លោង របៀបបញ្ជើច ផ្តក់ពីមុខពីក្រោយ
ឬប្រើសំនៀងត្រួត
ធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនលេចធ្លោឡើងត្រង់ចន្លោះគេឯង។
គងវង់តូច និងគងវង់ធំ
គឺជាគងវង់ដែលមានអាយុច្រើនសតវត្សណាស់មកហើយ
ហើយមានសារសំខាន់ក្នុងវង់ភ្លេងពិណពាទ្យដែលជាវង់ភ្លេងសម្រាប់
បម្រើឱ្យព្រហ្មញ្ញសាសនាកាលពីសម័យដើម។
តាមបន្ទូលរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងឆ្នាំ១៩៦៥ ថា «គងវង់ទាំងពីរបែបនេះខ្មែរយើងបំបែកចេញពីគងពាក់កណ្តាលវង់
មានផ្លែសំនៀង៨និង៩ ដំបូងបំបែកចេញបានគងវង់ធំមុនគេ
បន្ទាប់មកទើបបំបែកចេញជាគងវង់តូចទៀត ក្នុងចន្លោះសតវត្សទី៩ និងទី១២
រីឯគងពាក់កណ្តាលវង់ខ្មែរមានតាំងពីសម័យមុនអង្គរ»។
ប្រភេទគងវង់នេះ មានរង្វង់ធ្វើអំពីផ្តៅដំបង៤ដើម គឺវង់ខាងក្រោម២ដើម
និងវង់ខាងលើ២ដើម។ វង់លើក្រោមភ្ជាប់គ្នាដោយជើងទៀន
ធ្វើអំពីឈើជាច្រើនព័ទ្ធជុំវិញ
និងមានចន្ទល់ធ្វើអំពីឫស្សីសម្រាប់ទល់ពីវង់ខាងក្នុងទៅវង់ខាងក្រៅទុកចន្លោះល្មមដែលអាចដាក់ផ្លែសំនៀងបាន។
នៅពាក់កណ្តាលជើងទៀនទាំងនេះមានវ័ណ្ឌពីរ មួយនៅខាងក្នុង
មួយនៅខាងក្រៅព័ទ្ធជុំវិញដូចរង្វង់គងដែរសម្រាប់ចងចុងខ្សែដែលដោតផ្លែសំនៀង។
នៅចុងរង្វង់គងសងខាងផ្នែកខាងលើមានខោលម្ខាងមួយធ្វើអំពីឈើ
និងមានបញ្ចុះក្បាច់ផ្សេងៗសម្រាប់ជាគ្រឿងលម្អមានរាងដូចជាក្បាលនាគកំពុងបើកពពារ។
អន្លូងមានពីរ
មានមេលំធ្វើអំពីស្បែកដំរី ឬស្បែកក្របីក្រាស់ៗ
ដងធ្វើអំពីឈើក្រឡឹងយ៉ាងមូលមានប្រវែងប្រហែល២០ស.ម។ ផ្លែសំនៀងទាំង១៦
ធ្វើអំពីលោហធាតុម៉្យាងហៅថា លង្ហិន ដោយគ្មានលាយនឹងលោហធាតុដទៃទៀតឡើយ។
នៅចំពីលើផ្លែសំនៀងនីមួយៗ មានពកខ្ពស់ឡើងចំកណ្តាលហៅថា ដោះគង។ ដោះគង
គឺជាចំណុចសម្រាប់គោះ ឬដំឱ្យមានសំនៀងលាន់ឮឡើង។
នៅព័ទ្ធជុំវិញផ្ទៃរាបហៅថា ឆត្រ សម្រាប់ជាបំពង់ធ្វើឱ្យសំនៀងខ្ទ័រឮល្អ
។ នៅលើឆត្រមានចោះរន្ធ៤ គឺម្ខាងមានរន្ធ២ ម្ខាងទៀតមានរន្ធ២ដែរ
សម្រាប់ដោតខ្សែចងព្យួរផ្លែសំនៀងទៅនឹងរង្វង់គង។ នៅខាងក្រោមដោះនីមួយៗ
មានបិទដុំប្រមរសម្រាប់រឹតរកសំនៀងត្រូវ៕
ប្រភព៖ ខ្មែរប៉ុស្ដិ៍
សូមពន្យល់ពាក្យដែលមានគូសបន្ទាត់ពីក្រោម។
No comments:
Post a Comment