រៀនពាក្យ


តុ                  Table
ឆៅ                Raw
ខោ                Pant 
ដៃ                 Hand
តើ                 What
ថា                 Say/ that
តែ                 Tea
ចៅ                Grandchild
តឿ                Short
តោ                Lion
ខែ                 Month/ Moon
ហា                Open mouth
បា                 Male animal
ឆី                  To eat
បី                  Three
ដី                  Land/ dirt
ឆា                 Fry
តា    ​             Grandfather



រឿងកែ្អកមួយជាកែ្អកដប់



         កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏​ល័ក្ខបិទភ្ចិតយ៉ាងល្អ​មិនឲ្យក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយលូក។ អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។
         អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា "អ្នកអើយ ទិញផ្អករបស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់"។ អាខិលឆ្លើយថា "ទាស់តែលក់ ដាវមិនដាច់ គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះ ព្រមដូរទេ?"។ អាខូចឃើញដាវនេះវែង ក៏ឆ្លើយថា "ដូរក៏ដូរ"។ ​អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា "ដាវខ្ញុំនេះមុតបំផុត មេដែករបស់ខ្ញុំផង បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំ ប្រញាប់ហូតមើល បើហូតលព្រើលៗ ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្អូបណាស់ កុំអីខ្ញុំមិនដូរទេ"។
         អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល ហើយហាមថា "ផ្អកខ្ញុំក៏នឹងដែរ ដល់ពេលស៊ីចាំបើកយក មកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង ក្រែងវាស្អុយក្មសស៊ី​មិនទាន់អស់វាទៅជាខានឆ្ងាញ់ នឹកឃើញ ជីដូនជីតាបានតែខ្វាស៊ីឆៅ"។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន ហើយតឿនប្រពន្ធថា "ដណ្តាំបាយទៅអញ បានផ្អក" ប្រពន្ធថា "បានផ្អកពីណា?"។ អាខិលថា "ដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់"។
         ប្រពន្ធក៏ពេញចិត្តនឹកថា "ប្តីចេះធ្វើកាំបិតដូរផ្អក" ស្ទុះភែ្លតទៅលាងចានដួសបាយ ហើយកាន់កាំបិត​យ៉ាងកំរិលក៏កិលទៅ ជិតពាងផ្អកយកកាំបិតគាស់អាចម៏ល័ក្ខនោះ បើកឡើងហើយលូកបាន១ក្តាប់ ដាក់ផ្លាប់ទៅក្នុងចាន សល់នៅក្នុង ដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល ងើបមុខឡើងលើ់ថា "យើ! ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏ គ្មានឆ្អឹង គ្មានសាច់ កខ្វិចកខ្វក់ ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?" ។ ប្តីថា "ក្រែងត្រីពោ" ប្រពន្ធក៏លូកកូរាវរកក្បាល លូកបានពាក់កណ្តាល ក្អួតចង្អោរជាង២០វក ដឹងជាក់ជាអាចម៏មិនមែនផ្អក មកបន្ទោសទៅម្ចាស់ដើម ឆ្អើមលេបបាយមិនរួច។ និយាយពីអាខូចត្រេកអរណាស់ ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថា "អាចម៏មួយពាងដូរបានដាវ1ដែរ" ទទួលខឹងនឹងឆែ្កវាច្រាសស្លឹកគ្រៃ កន្រ្តាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆែ្កសំលាប់ ក៏ចាប់ដកដាវហូតខ្វាច់ឃើញផែ្លដាវនេះ ខ្លីកំប៊ិច គេចឡើងទៅលើផ្ទះបង្អាញប្រពន្ធមើលសើចទាំងពីនាក់ សើចហើយប្រាប់ប្រពន្ធថា "ប្រាជ្ញអានេះ ស្មើនឹងអញៗ ទៅបបួលវាធ្វើសំឡាញ់ គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយ"។ លុះទៅប្រទះនឹងអាខិល ដើរពីនាយ សើចពព្រាយនិយាយសួរថា "ឯងទៅណា? "។ អាខិលឆ្លើយថា "អញមកសុំឯងធ្វើសំឡាញ់"។ អាមួយក៏ថា "អញមក សុំឯងធ្វើក្លើដែរ" ហើយក៏សុខចិត្តដើរពីនាក់​ទៅដល់ផ្ទះមហាសេដ្ធីម្នាក់​ចាស់ជរាឈឺស្លាប់ គេដាក់ក្នុងក្តារមឈូស បំរុងបូជាថៃ្ងសែ្អក ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថា "អ្នកណា ស្លាប់បានជាគេយំ?" គេប្រាប់ថា "មហាសេដ្ធីស្លាប់"។
         អាទាំងពីនាក់គិតគ្នាថា "ឯងត្រូវកែ្លងសំបុត្រ1ច្បាប់ ទៅប្រាប់គេថា មហាសេដ្ធីឲ្យមកយកទ្រព្យរបស់ អញបន្លំលបចូលដេក​ក្នុងមឈូសពីលើខ្មោចសេដ្ធីស្តីត​នឹងអ្នកឯង"។ អាមួយក៏ទៅបន្លំដេកដូចគំនិត។ អ្នកនៅជិតមិនបានឃើញមិនបានដឹង ដ្បិតភែ្នកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំង សូត្រព្រះធម៍ កូនចៅតួចធំរវល់តែយំសោក។ អាខូចដើរកក្រដាស់បានធ្វើសំបុត្រ កែ្លងកាន់ដើរទៅសំដែងសូត្រឲ្យ គេស្តាប់ថា សំបុត្រពីមហាសេដ្ធីមកប្រាប់ថា "ចៅខូចកំសត់តាំងពីតូចជាកូនធម៍ ឥឡូវអាពុកជរាហើយ កូនអើយចូរ! ទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ"។ កូនចៅប្រុសស្រីគេមិនសុខចិត្ត ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខាសេដ្ធី ។ អាខូចឆ្លើយថា "ខ្ញុំសូមសន្យានឹងអស់កូនចៅ អញ្ចើញទៅហៅ ទៅសួរលោកចុះ បើលោកស្តីនោះ ខ្ញុំត្រង់ពិត បើលោកស្ងៀមនោះខ្ញុំកែ្លងបព្ឆោតទេ"។ កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក។ អាខិលឆ្លើយថា "អើ!"។ កូន សួរថា "ឪពុកបានឲ្យកូនធម៌‌មកយករបស់មែនឬ?" អាខិលឆ្លើយថា "អើ! កូនអញឈ្មោះអាខូចវាមកហើយឬ?"។ កូនឆ្លើយថា "ទានប្រុស ! មកហើយ "។ អាខិលថា "អើ! មើលយករទេះមួយធំ ក្របីមួយនឹម ទឹមរទេះ នោះហើយយកមាសប្រាក់កែវកងសំពត់អាវ វាល់ផ្ទុកក្នុងរទេះ​ឲ្យល្មមតែក្របីនោះ​អូសរួចបានប៉ុន្មានឲ្យវាយកចុះ"។
         កូនចៅស្រីប្រុសចាញ់ឧបាយកល​អាខិលអាខូច ក៏ខឹងខ្មោចសេដ្ធីស្លាប់ហើយចេះស្តីហៅអស្ចារ្យ ឥឡូវនឹងបើក្តារឲ្យ ច្បាស់ ចាស់ៗហាមប្រាមថា "មើលមុខខ្មោច​មិនបានខ្លាចដេកយប់មមើមមាយ ម្លោះហើយក៏ជឿជាក់ យកសំពត់ អាវស្លៀកពាក់ និងកនេ្ទលពូកខ្នល់ខ្នើយ ហើយថែមតុថាសចានល្អៗ អំបិលប្រហុក៤ក្រឡ អង្ករ៥ការុង ដាក់ផ្លុកទៅឲ្យ​អាខូចអាខិល បង្វិលរទេះយ៉ាងធំ​ជជែកយំទឹកភែ្នក​ឲ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុស ហើយក៏ដឹក ក្របី១នឹមទឹមរទេះ​ប្រគល់ទៅឲ្យអាខូច។ អានោះត្រេកអរឡើងបរទេះចេញទៅ អ្នកទាំងអស់ដែលនៅតែ ជ្រួលមិនស្រួលចិត្ត ព្រោះត្បិតខឹងនិងស្តាយ។ អាខិលលួចមើល​នាយអាយលបចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា "យើងបានទ្រព្យ​របស់តែទាស់ឃ្លានបាយ បើឈប់ដណ្តាំបាយ​នៅរៀងអាយ ក្រែងមិនស្ងាត់ ខ្លាចចោរតាមមកប្លន់យកទ្រព្យ១រទេះ បើដូចេ្នះឯងឈប់ចាំអញៗទៅសុំបាយគេខ្លះយកមកឲ្យឯង"។
         អាមួយព្រមហើយ អាមួយក៏ដើរទៅរកថ្នាំតាមផ្លូវ យកមកលាយបាយឲ្យពុលស្លាប់អន្តរាយ នឹងយកទ្រព្យរបស់នោះតែម្នាក់ឯង។ ឯអាមួយនៅចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុង​ឲ្យត្រូវអានោះស្លាប់​នឹងយកទ្រព្យតែម្នាក់ឯងដែរ។ វេលានោះ អាមួយទៅសុំបាយគេស៊ីៗរួចហើយ សុំមួយចានផ្ញើរសំឡាញ់ គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង។ អានោះក៏លាគេដើរចេញមក ហើយយក​ថ្នាំប្រឡាក់បាយ​មកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរ ប្រញាប់ចាប់យកបាយ​ស៊ីមិនដឹងថាមានថ្នាំពុល ក៏ពុលស្លាប់បន្ទាប់គ្នា។ ឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃ រតេករតាកទៅជ្រក​ក្នុងទឹកត្រពាំងដាច់ខែ្សទាមដេកត្រាំទឹកនៅទីនោះទៅ។
         ដល់វេលាព្រឹក​មានបុរសម្នាក់ដើរទៅ ឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃ នឹកម្តងភ័យនឹកម្តងអរថា ឯងអ្នកក្រ​មិនដែលប្រទះ​ទ្រព្យច្រើនដូចនេះទេ ដូចេ្នះ បើលៃលកយក​ទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខ ក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់ត្រឡប់ទៅផ្ទះវិញ ហើយក៏ពិសោធន៏មាយាទប្រពន្ធ ដោយគិតថា "បើប្រពន្ធមាយាទល្អ​នឹងយកទ្រព្យនោះ​ទុកជារបស់ខ្លួន បើនិយាយ អ្វីមិនចេះលាក់​នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៏ដើម្បីឲ្យសុខខ្លួន"។ គិតហើយទៅដល់ផ្ទះក៏ កុហកប្រាប់ប្រពន្ធថា "អញជុះអាចម៏មិញៗ មានសត្វកែ្អកមួយហើរចេញពីក្តិត តែឯងអាណិតបិទមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀក​គេវាបែកការណ៏អាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមក ហើយ គ្មានទាំងសាក្សី​បានដឹងនឹងអាងក្រែង​គេយកអញទៅឆ្កាង ឬយកទៅដាក់គុក"។ ប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា "មានកែ្អកពីហើរ​ចេញពីក្តិតប្តីអញ តែឯងកុំមាត់ "មេមួយទៀតមិនអត់ទៅប្រាប់គេថែមថា កែ្អក៥ប្រាប់លើសៗតគ្នា ដរាបដល់កែ្អក១០។
         រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ទ្រង់ចាត់ប្រើ​អាមាត្យឲ្យ​ស្រាវជ្រាវរក​ដល់បុរសនោះ បុរសនោះក៏ថ្វាយបង្គំគាល់សេ្តចទ្រង់ឆ្ងល់ត្រាស់សួរថា "មែនឬមិនមែន"។ បុរសក្រាបទូលថា "ទួលព្រះបង្គំ កុហកប្រពន្ធចង់​ដឹងចិត្តព្រោះ​ដ្បិតឃើញទ្រព្យច្រើន"។ បុរសនោះក្រាបទួលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹមរទេះយកទៅ​ថ្វាយសេ្តចៗ ​ទ្រង់ព្រះរាជទាន​​ឲ្យបុរសនោះពាក់កណ្តាលៗដាក់ឃ្លាំង៕

រឿងក្មេងកំព្រា


         កាល​ពី​ព្រេង​នាយ មាន​បុរស​ង្នក​ស្រែ​ម្នាក់ ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​នឹង​ដាក់​ជុយ​យក​ត្រី មក​លក់​ដូរ​ប៉ុណ្ណោះ ។ បុរស​នោះ មាន​កូន​ប្រុស​ពីរ​នាក់ កូន​បង​អាយុ១៣ឆ្នាំ កូន​ប្អូន​អាយុ១១ឆ្នាំ។ ប្រពន្ធ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​ជា​មួយ នឹង​កូន​ទាំង​ពិរ ហើយ​រក​ស៊ី​ចិញ្ចឹម​កូន​តែ​នឹង​ដាក់​ជុយ​ដដែល។ វេលា​ដែល​បុរស​នោះទៅ​ព្រៃ រក​វល្លិ៍​ផ្តៅ​ធ្វើ​ជុច តែង​យក​កូន​បង​ទៅ​ជា​មួយ ឯ​កូន​ប្អូន​ទុក​ឲ្យ​នៅ​ចាំ​ផ្ទះ។ ថ្ងៃ​មួយ កូន​ប្អូន​មាន​សេចក្តី​សង្ស័យ​នឹង​ឪពុក​ទៅ​ព្រៃ​បោច​វល្លិ៍​ផ្តៅ​ធ្វើ​ជុច​ពេក​ណាស់ ព្រោះ​ចង់​ដឹង​ថា តើ​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា ខ្លួន​មិន​ដែល​ឃើញ​សោះ ក៏​និយាយ​​ប្រាប់​ឪពុក​ថា ˝ឪ! ខ្ញុំ​មិន​ហ៊ាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​ខ្លាច​ណាស់! សូម​យក​ខ្ញុំ​ទៅ​ព្រៃ​ជា​មួយ​ផង˝។ ឪពុក​ក៏​ព្រម​យក​កូន​ប្អូន​ទៅ​ជា​មួយ ។ លុះ​ទៅ​ដល់​ព្រៃ​ឪ ពុក​ក៏​ខំ​ប្រឹង​រក​បោច​វល្លិ៍​ផ្តៅ​បាន​ហើយ យក​មក​ពុំ​ច្រៀក​ជា​ចម្រៀត​តូចៗ ល្មម​នឹង​ធ្វើ​ជា​សរ​សៃ​ជុយ គាត់​ក៏​រែង​ធ្វើ​ជា​ជុច​ទៅ។
         កូន​បង​ដែល​ធ្លាប់​តែ​តាម​ឪពុក​ទៅ​ព្រៃ​ធ្វើ​ជុច​សព្វៗ​ថ្ងៃ មិន​ដឹង​ជា​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា​ឡើយ ព្រោះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ​នោះសោះ​គ្រាន់​តែ​បាន​ឃើញ​ជុច​ជាប់​ត្រី​ប៉ុណ្ណោះ។ ឯ​កូន​ប្អូន​ដែល​ទើប​តែ​នឹង​បាន​តាម​ទៅ​ក្នុង​ថ្ងៃ​នោះ ក៏​ខំ​ពិនិត្យ មើល​ឪពុក​ធ្វើ​ជុច ចាប់​តាំង​ពី​កាន់​កាំបិត​យក​ទៅ​កាប់​វល្លិ៍​ផ្តៅ រហូត​ដល់​កើត​ជា​រាង​ជុច យក​ទៅ​ដាក់​ត្រី ជាប់​បាន​ត្រី​ហើយ យក​ត្រី​មក​ដុត​មក​អាំង ចម្អិន​ជា​ចំណី​អាហារ។
         ជួន​ជា​ថ្ងៃ​មួយ​នោះ ឪពុក​ភ្លេច​មិន​បាន​យក​ដែក​ភ្លើង​ទៅ គ្មាន​អ្វី​នឹង​បង្កាត់​ភ្លើង អាំង​ត្រី​ឲ្យ​កូន​បរិភោគ ក៏​ទៅ​កាប់​ឫស្សី​ស្ងួត​មួយ​កំណាត់ យក​មក​កូត​នឹង​គ្នា​ឲ្យ​ទាល់​តែ​ក្តៅ កើត​ជា​ភ្លើង​ឆេះ​បាន ហើយ​គាត់​បង្កាត់​អាំង​ត្រី ឲ្យ​កូន​ទាំង​ពីរ​នាក់​បរិភោគ​ចម្អែត​ផ្ទៃ​មួយ​ពេល​ទៅ។ ចំណេរ​ចេរ​កាល​មក​ខាង​ក្រោយ ឪពុក​មាន​ជំងឺ​ជា​ទម្ងន់ស្លាប់​ទៅ។ កូន​ទាំង​ពីរ​នៅ​កំព្រា​រញង់ ឥត​មេ​បា​នឹង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា រស់​នៅ​ដោយ​ទ្រព្យ​បន្តិច​បន្តួច​ដែល​សល់​ពី​ឪពុក មិន​យូរ​ថ្ងៃ​ខែ​ប៉ុន្មាន​ក៏​អស់​ទ្រព្យ​នោះ​ទៅ ទើប​ប្អូន​និយាយ​នឹង​បង​ថា ˝ឱបង​អើយ! កាល​ពី​ដើម​យើង​បាន​ឪពុក​ទំនុក​បម្រុង រក​ស៊ី​ចិញ្ចឹម​យើង​ទាំង​ពីរ​នាក់​យើង​ឥត​មាន​សេចក្តី​ព្រួយ​លំបាក​អ្វី​ឡើយ ចាំ​តែ​បរិភោគ​ស្រាប់ៗ ឥឡូវ​នេះ​ឪពុក​យើង​ស្លាប់​ចោល​ទៅ​ហើយ ឯ​យើង​ទាំង​ពិរ​នាក់​សោត​ទៀត ក៏​មិន​ទាន់​ពេញ​កម្លាំង​ល្មម​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ទាំង​បង​ក៏​នៅ​តូច ទាំង​ខ្ញុំ​ក៏​នៅ​តូច​នឹង​ទៅ​រក​ស៊ី​ឈ្នួល​ជួល​ព័ទ្ធ​អ្នក​ជិត​ខាង ក្រែង​គេ​មិន​ព្រម​ទទួល ពី​ព្រោះ​យើង​ជា​មនុស្ស​កំព្រា​អនាថា រក​ទី​ពឹង​គ្មាន គេ​មិន​ហ៊ាន​ឲ្យ​នៅ​ជា​មួយ គេ​មិន​ទុក​ចិត្ត​យើង ហេតុ​តែ​យើង​គ្មាន​មេបា​ថែរក្សា បើ​ដូច្នេះ តើ​បង​គិត​យ៉ាង​ណា ឲ្យ​បាន​រស់​នៅ​ជា​មួយ​នឹង​គេ​ឯង? បង! អង្ករ​យើង ថ្ងៃ​នេះ​នៅ​តែ ១ ទូក​ដៃ ល្មម​តែ​ល្ងាច​នេះ ថ្ងៃ​ស្អែក​គ្មាន​អង្ករ​ដាំ​បាយ​បរិភោគ​ទេ។ បងនឹងដើរ​សុំ​ទាន​គេ​ ឬ​ដូច​ម្តេច​? ខ្ញុំ​មិន​ទៅ​សុំទេ​ ខ្មាស​គេ​ណាស់˝
         បង​សួរ​ប្អូន ˝ម្តេច​ក៏​អូន​និយាយយ៉ាង​នេះ។ ប្អូន​ឆ្លើយ​តប​ទៅ​នឹង​បង​ថា ˝ខ្ញុំ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារ​យាទ ដូច​អ្នក​ទាំង​ពួង​ដែរ˝
         ˝ឱ! ប្អូន​ឯង​គិត​យ៉ាង​ហ្នឹង? ពិត​មែន​តែ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារ​យាទ​ដូច​អ្នក​ទាំង​ពួង​មែន​ហើយ តែ​ខ្លួន​យើង​នៅ​តូច​ណាស់ មិន​អាច​នឹង​ពុន​រែក កាប់​គាស់ លី​សែង​អ្វី​បាន​ឡើយ˝
         ˝ឱ! បង​អើយ សត្វ​ចាប​វា​ដែល​ទៅ​ពុន​រែក​ លីសែង​ឯណា​ដែរ​ទេ? ម្តេច​ក៏​វា​ចិញ្ចឹម​កូន​វា​រស់ ហើយ​កូន​វា​ទៀត ធំ​ឡើង​រក​ស៊ី​ដូច​មេ​វា​ទៀត​បាន ចុះ​បង ម្តេច​ក៏​មិន​គិត​ដល់​ការ​ងារ​របស់​ឪពុក​យើង​ផង
         ˝ប្អូន! លាក់​បាំង​អី្វ! កាល​ពី​ខ្មោច​ឪ​យើង​នៅ​រស់​នៅ​ឡើយ គាត់​រក​ស៊ី​ចិញ្ចឹម​យើង​តែ​នឹង​ដាក់​ជុច ប៉ុន្តែ​បង​មិន​ដឹង​ថា​គាត់​ធ្វើ​ជុច យក​ទៅ​ដាក់​ត្រី​យ៉ាង​ណា​ទេ បង​ចាំ​តែ​ឆ្អិន​តែ​នឹងញ៉ាំតែប៉ុណ្ពោះ។ ម្យ៉ាង​ទៀត​កាល​គាត់​យក​របស់​អ្វី​មក​ធ្វើជុច ក៏​បង​មិន​ចាំ ហើយ​គាត់​ធ្វើ​ជុច​នោះ​មាន​សណ្ឋាន​បែប​ណា ក៏​បង​មិន​ដឹង​ទាំង​អស់ បើ​ដូច្នោះ ឲ្យ​បង​ធ្វើ​ដូច​ម្តេច​កើត មានតែ​ការ​សំទាន​រក​ស៊ី​ឈ្នួល​គេ​ហ្នឹង​ហើយ ដូច​ជា​ស្រួល​គ្រាន់​បើណាប្អូន! ណ្ហើយ​ចុះ! កាត់​កេរ្តិ៍​ខ្មាស​សិន​ទៅ​ចុះ ទម្រាំ​យើង​ធំ​ល្ម​រក​ស៊ី​ខ្លួន​ឯង​បាន!។
         ˝ទេ! ​បង ខ្ញុំ​មិន​ទៅ​សូម​ទាន​ឬ​ស៊ី​ឈ្នួល​គេ​ទេ ខ្មាស​គេ​ណាស់ ពី​ព្រោះ​ពូជ​យើង​មិន​ដែល​សុំ​ទាន ឬ​ស៊ី​ឈ្នួល​គេ​បើ​ទុក​ជា​ពី​ជីតា​ទួត​លួត​លា​មក ធ្លាប់​សុំ​ទាន ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ​ដូច​ជា​សត្វ​តិរិច្ឆាន​ក៏​ដោយ ខ្ញុំ​មិន​ព្រម​ប្រព្រឹត្ត​តាម​បវេណី​វង្ស​ត្រកូល​នោះ​ដែរ ​បង! ប្អូន​គិត​ឃើញ​ថា ˝កាល​បើ​មាន​អ្នក​សម្បុរស​ចិត្ត​ល្អ ដាក់​ទាន​ឲ្យ​យើង ឬក៏​បាន​ទៅ​ច្រក​កោន​នឹង​ចៅ​ហ្វាយ​នាយ យើង​ក៏​បាន​ស្រួល​បន្តិច​ទៅ តែ​បើ​ប្រទះ​ពារ​ទៅ​លើ​អ្នក​ចិត្ត​តក់​ម៉ក់​អាក្រក់​សំឡក់​ភ្លែក​ស្លែ ដូច​ភ្នែក​មៀម គំហក​គំរាម​យើង​ដូច​សត្វ​តិរិច្ឆាន តើ​យើង​យក​មុខ​ទៅ​ទុក​ឯណា? ម្យ៉ាង​ទៀត អ្នក​ចិត្ត​ល្អ​ក្តី អ្នក​ចិត្ត​អាក្រក់​ក្តី កាល​គេ​ហុច​របស់​មក​ឲ្យ​យើង​ដោយ​ដៃ​គេ យើង​យក​ដៃ​ទៅ​ទទួល​ទាន​គេ ចុះ​ដៃ​ជា​ដៃ ជើង​ជា​ជើង​ មាត់​ជា​មាត់ ដូច​គ្នា​ទាំង​អស់ ម្តេច​ក៏​ដៃ​គេ​គ្មាន​សំពេះ​សុំ​អ្នក​ណា? មាត់​គេ​មិន​ហា​និយាយ​សុំ​អ្នកណា? អន់​អ្វី​តែ​ដៃ​ជើង​មាត់​យើង​ជាង​គេ​ម្ល៉េះ? បង​គិត​មើល​ចុះ​ ប្អូន​ថា​ប៉ុណ្ណេះ​ខុស​ឬ​ត្រូវ
         ˝​បើ​ដូច្នោះ ប្អូន​ចេះ​ចាំ​ការ​ងារ​របស់​ឪពុក​យើង​ដែរ​ឬ? ˝ បង​សួរ​ទៅ​ប្អូន​វិញ។
         ˝អើ! មិនអី​ទេ​បង! ប្អូន​ចា​ទាំង​អស់ បង​កុំ​ព្រួយ​! កុំ​គិត​ទៅ​សូម​ទាន​ ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ វា​ថោក​ខ្លួន​ណាស់ យើង​នេះ​មិន​មែន​ជា​សត្វ​តិរិច្ឆាន គេ​វាយ​ឯ​កើត​វាយ​ឯលិច​ដូច​សុខន​​ទេ។ ឪពុក​គាត់​ទុក​កាំ​បិត​ព្រា​ឲ្យ​មួយ​ដែរ​តើ! យើង​ទៅ​ព្រួយ​អ្វី សព្វ​បើ​គ្រាន់​ចិញ្ចឹម​ជីវិត​មួយ​ប៉ុណ្ណឹង។
         ˝អើ! បើ​យ៉ាង​ហ្នឹង ប្អូន​គិត​ការ​ងារ​ឪពុក​ទៅ​ចុះ។
         ឯប្អូន​ជា​ក្មេង​មាន​ប្រាជ្ញា ក៏​​ធ្វើ​ជុច​កើត យក​ទៅ​ដាក់​ត្រីបាន​ដូច​បំណង។ លុះ​ថ្ងៃ​ក្រោយ​​កន្លង​មក​ទៀត ប្អូន​អង្គុយ​គិត​តែ​ម្នាក់​ឯង មិន​ចេញ​វា​ចា​ប្រាប់​បង​សោះ​ថា ˝ឪពុក​អញ គាត់​ចេះ​ធ្វើ​ជុច​ដាក់​ត្រី​ប៉ុណ្ណោះ ឯសត្វ​ឯទៀតៗ គាត់​ដាក់​ជុច​មិន​បាន​ឃើញ​ថា ប្រាជ្ញា​គាត់​នៅ​ខ្សោយ​ណាស់ បើ​ដូច្នោះ អញ​រក​ឧបាយ​នឹង​ធ្វើ​ជុច​ដាក់​សត្វ​ម្រឹគ មាន​សត្វ​ជ្រូក​ព្រៃ ឈ្លូស រមាំង​ជា​ដើម។ លុះ​គិត​ឃើញ​ដូច្នោះ​ហើយ ក៏​និយាយ​ប្រាប់​បង ˝បង! យើង​គិត​ទៅ​រក​ដាក់​ជុច​ឯព្រៃ​វិញ ក្រែង​បាន​ជាប់​ជ្រូក​ព្រៃ ឈ្លូស រមាំង ជា​សត្វ​ធំៗ មាន​សាច់​ច្រើន˝។ បង​ក៏​សុខ​ចិត្ត​តាម​ប្អូន​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា ប្អូន​ចេះ​ចាំ​កិច្ច​ការ​របស់​ឪពុក​ពិត​ប្រាកដ​មែន ហើយ​ក៏​បណ្តើរ​គ្នា​ពីរ​នាក់​បង​ប្អូន ចូល​ទៅ​ក្នុង​ព្រៃ​ស្រោង​ជា​ទី​រហោស្ថាន។ ទៅ​ដល់​ពាក់​កណ្តាល​ព្រៃ បង​ស្រេក​ទឹក​យ៉ាង​ខ្លាំង ក៏​និយាយ​ប្រាប់​ប្អូន​ថា ˝ប្អូន! បង​ស្រេក​ទឹក​ណាស់! រក​ទឹក​ឯណា​ផឹក​បាន។ ប្អូន​ឆ្លើយ​ថា ˝កាល​ឪពុក​យើង​រស់​នៅ បើ​ដើរ​ទៅ​ទី​ណា​ដែល​គ្មាន​ទឹក គាត់​តែង​ជី​ដី​ត្រង់​កន្លែង​ណា​សើមៗ យូរៗ​ទៅ ចេញ​ទឹក​បាន បើ​ដូច្នេះ បង​ជី​កល​មើល!˝
         ˝ជីក​ឯណា​កើត បើ​អស់​កម្លាំង​យ៉ាង​នេះ˝
         ˝អើ! បើ​ដូច្នោះ ចាំ​ដើរ​ទៅ​ខាង​មុខ​បន្តិច​សិន ក្រែង​ជួន​ប្រទះ​ទឹក˝ ។ ដើរ​បាន​បន្តិច​ទៅ ក៏​ជួប​ប្រទះ​ត្រពាំង​មួយ​មាន​ទឹក​ថ្លា ពាស​ពេញ​ដោយ​ផ្កា​ឈូក​ផ្លែ​ឈូក បង​ប្អូ​ទាំង​ពីរ​នាក់ក៏​នាំ​គ្នា​ងូត​ទឹក​ ផឹក​ទឹក បេះ​ផ្លែ​ឈូក​បរិភោគ​តាម​សប្បាយ​ ហើយ​ក៏នាំគ្នាទៅ​គេង​នៅ​ក្បែរ​មាត់​ត្រពាំង​នោះ​មួយ​ស្របក់។ លុះ​មាន​កម្លាំង​ល្មម​នឹង​ដើរ​ទៅ​ទៀត​បាន ក៏​នាំ​បង​ប្អូន​ដើរ​ទៅទៀត។ ទៅ​ដល់​ព្រៃ​ធំ​មួយ ឈ្មោះ​ព្រៃ​ហិមពាន្ត មិន​ដែល​មាន​មនុស្ស​ណា​ទៅ​ដល់​សោះ បាន​ឃើញ​ពួក​សត្វ​ម្រឹគ​ជា​ច្រើន​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ ប្អូន​និយាយ​នឹង​បង​ថា៖
         បង! យើង​ឈប់​នៅ​ក្នុង​ព្រៃ​នេះ​ហើយ មើល​ទៅ​ព្រៃ​នេះ​សម្បូណ៌​សត្វ​ម្រឹគី​ម្រឹគា​ណាស់ យើង​គិត​ធ្វើ​ជា​ធ្នះ​មួយ​នៅ​លើ​ចុងឈើ ហើយ​ខ្ញុំ​រក​ផ្តៅ​មក​ធ្វើ​ជុច​ដាក់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ជា​ចំណី​អាហារ។
         ប្អូន​ធ្វើធ្នះ​ហើយ ឲ្យ​បង​នៅ​អាស្រ័យ​លើ​ធ្នះ​នោះ​ទៅ ខ្លួន​ទៅ​រក​បោច​ផ្តៅ យក​មក​ធ្វើ​ជុច​ដាក់​សត្វ​ព្រៃ រៀប​ធ្វើ​ជា​ចំណារ​ចារ​ជុំ​វិញ​ ហើយ​ទុក​តែ​ផ្លូវ​១ ល្មម​សត្វ​នោះ​ដើរ​ចូល​បាន ដូច​ជា​ធ្វើ​កន្លែង​ដាក់​ត្រី​ដែរ។ ពេល​នោះ មាន​ជ្រូក​ព្រៃ​មួយ​ដើរ​សំដៅ​ពី​នាយ​មក ហាក់​ដូច​ជា​គ្មាន​កោត​ក្រែង​ដល់​អ្វី​សោះ ដើរ​មក​តាម​ចន្លោះ​ផ្លូវ​ដែល​កុមារ​នោះ​ចារទុក។ វាទៅ​ដល់​ត្រង់​កន្លែង​ដាក់​ជុច ក៏​ស្រាប់​តែ​ជាប់ក្នុង​ជុចរបស់​កុមារ។ ជ្រូក​នោះ​ខំ​បម្រះ​ននៀល​រើ​យ៉ាង​ណា​ក៏​មិន​រួច ជុច​រឹត​រួត​ជ្រូក​ព្រៃ​នោះ​យ៉ាង​តឹង ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច។ មិន​យូរ​ប៉ុន្មាន ​ជ្រូក​នោះ​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ។ កុមារ​ទាំង​ពីរ ឃើញ​ជ្រូក​ព្រៃ​ជាប់​ជុច​ស្លាប់​ដូច្នោះ​ហើយ ក៏​ត្រេក​អរ​ពេក​ណាស់ នាំ​គ្នា​ដោះ​អូស​ចេញ​ពី​ជុច គិត​យក​មក​អាំង​ឆ្អើរ ធ្វើ​ជា​អាហារ​បរិភោគ។ ជូន​ជា​វេលា​នោះ ដែក​ភ្លើង​ដែល​ដាក់​ក្នុង​ហោ​ប៉ៅ​អាវ​បង ក៏​អស់​ប្រឆេះ​រលីង គ្មាន​អ្វី​​នឹង​បង្កាត់​អាំង​ឆ្អើរ​ជ្រូក។ បង​ទាល់​គំនិត មិន​ដឹង​គិត​ធ្វើ​យ៉ាង​ណា។ ឯប្អូន​ជា​ក្មេង​មាន​គំនិត បាន​ដឹង​ជាក់​ប្រាកដ​ពី​កាល​ឪពុក​នៅ នាំ​ចូលព្រៃ បើ​គ្មាន​ភ្លើង​បង្កាត់​ចម្អិន​អ្វីៗ គាត់​តែង​ទៅ​កាប់​ឫស្សី​ស្ងួត​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង ដុត​អាំង​បាន​តាម​ប្រាថ្នា ហើយ​បានចង​ចាំ​ទុក​ក្នុង​ចិត្ត​រួច​ស្រេច។ វេលា​នោះ ប្អូន​និយាយ​ប្រាប់​បង​ថា ˝កាល​ពី​ឪពុកយើង​គាត់​នៅ បើ​គាត់​ទៅ​ព្រៃ​គ្មាន​ភ្លើង​ដុត​អាំង​អ្វីៗ គាត់​គាប់​ឫស្សី​យក​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង​បាន បើ​ដូច្នោះ បង​ទៅ​ចាំ​សត្វ​ក្នុង​ទី​នេះ​ចុះ ខ្ញុំ​ទៅ​រក​កាប់​ឫស្សី​ស្ងួត​យក​មក​កួត​ធ្វើ​ភ្លើង​អាំងជ្រូក˝ ថា​តែ​ប៉ុណ្ណេះ​ហើយ ប្អូនក៏​ទៅ​រក​កាប់​ឫស្សី​បាន​យក​មកធ្វើ​តាម​តម្រា​ឪ​ពុក​កើត​មែន អាំង​ឆ្អើរ​ជ្រូក​នោះ​ទៅ​តាម​បំណង ឆ្អិន​បាន​បរិភោគ​ក្នុង​វេលា​នោះ​ទៅ។ កុមារ​ទាំង​ពីរ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ​អស់​កាល​ជា​យូរ​បាន​សេចក្តី​សុខ​ សប្បាយ រក​រស់​តែ​នឹង​ដាក់​ជុច​សត្វ​ព្រៃ​ប៉ុណ្ណោះ។ ពួក​សត្វ​ដែល​ដើរ​មក​ជាប់​ជុច​កុមារ​ទាំង​ពីរ​នោះ តាំង​តែ​ពី​សត្វ​ជ្រូក​ព្រៃ រមាំង​ ឈ្លូស រហូត​ដល់​ដំរីក៏មាន។
         រាត្រី​មួយ កុមារ​ប្អូន​បាន​ឃើញ​ដំរី​ស្ត​មួយ​យ៉ាង​ធំ ដើរ​ក្បែរ​រធ្នះ​នោះ ក៏​មាន​បំណង​ចង់​ស៊ី​សាច់​ដំរី ទើប​និយាយ​ប្រាប់​បង​ថា ˝​ខ្ញុំ​ចង់​ស៊ី​សាច់​ដំរី​ណាស់ ត្បិត​មាន​ដំរី​ស្ត​មួយ​យ៉ាង​ធំ​ធាត់ ដើរ​មក​ក្បែរ​ធ្នះ​យើង​រាល់​រាត្រី ខ្ញុំ​គិត​ដាក់​ជុច​យក​ដំរី​នេះ​ឲ្យ​បាន˝។ បង​និយាយ​ឃាត់​ថា ˝ណ្ហើយ​ប្អូន កុំអី ​ដំរី​នេះ​ធំ​ណាស់ ប្អូន​ដាក់​វា​មិន​ជាប់​ទេ ឬ​ថា ប្រសិន​ជា​វា​ដើរ​មក​ជាប់​ជុច​ប្អូន​ហើយ វា​បម្រះ​ត្រដរ​រួច​ទៅ​នោះ វា​នឹងខឹង កាល​បើ​វា​ខឹង​ហើយ ថ្ងៃ​ក្រោយ​វា​មក​ព្រេច​ធ្នះ​យើង ល្អិត​ល្អោច​ខ្ទេច​ខ្ទី ហើយ​វា​ជាន់​សម្លាប់យើងពុំ​លែង​ឡើយ˝˝ទេ មិន​អី​ទេ​ បងកុំ​ព្រួយ! នៅ​ឲ្យ​តែ​ស្ងៀម​ទៅ​ចុះ ចាំ​មើល​ខ្ញុំ​ធ្វើ​ជុច​ដាក់​ដំរី​នេះ​ឲ្យ​ទាល់​តែ​បាន˝។ ប្អូន​ថា​ដូច្នោះ​ហើយ ក៏​រក​កាប់​ផ្តៅ​ក្រែក​យ៉ាង​ធំៗ យក​មក​រែង​ធ្វើ​ជុច ដាក់​ត្រង់​កន្លែង​ដែល​ដំរី​គោចរ។
         ឯដំរី​ដែល​ដើរ​មក​សព្វ​រាត្រី ឥត​មាន​គិត​ក្រែង​អ្វី​សោះ​ឡើយ ដោយ​គិត​ថា ˝ព្រៃ​នេះ ស្រេច​លើ​អញ​ហើយ គ្មាន​អ្នក​ណា​ជា​ចំបង​លើ​អញ​ទៀត​ទេ˝ ក៏​ដើរ​តម្រង់​ត្រង់​មក​កន្លែង​ដែល​កុមារ​ដាក់​ជុច​ ស្រាប់​តែ​ចូល​ទៅ​ក្នុង​ជុច ជាប់​ខ្លួន​ចង្អៀត​ណែន​ក្តន់ ខំបម្រះ​ននៀល​ស្រែក​រោទិ៍​រំពង​ព្រៃ​ធំ​យ៉ាង​ណាក៏​មិន​រួច មិន​យូរ​ប៉ុន្មាន​ក៏ដាច់​ខ្យល់​ស្លាប់​ទៅ។ កុមារ​ទាំង​ពីរ​នាក់ បាន​ឃើញ​ដំរី​ជាប់​ជុច​ស្លាប់​ហើយ បបូល​បង​ប្អូន​បំពក់​ភ្លើង​ភ្នក់​យ៉ាង​ធំ ដុត​ឆ្អើរ​ដំរី ដើម្បីបរិភោគ។ នៅវេលា​នោះ ក្លិយ​ឈ្ងុយ​សាច់​ដំរី ក៏សាយភាយ​រហូតដល់​ភព​ជា​ទី​អាស្រ័យ​នៃ​យក្ស ដែល​មាន​អំណាច​គ្រប​សង្កត់​ពួក​យក្ស​ឯទៀតៗ។ យក្ស​នោះ​លាន់​មាត់​ថា ថ្ងៃ​នេះ​ធុំ​ក្លិន​អ្វី ក៏​ឈ្ងុយ​ឈ្ងប់​ម្ល៉េះ? មាន​អ្នក​ណា​ឆ្អើរ​សាច់​ឯណា​អេះ? បើ​ដូច្នេះ អញ​នឹង​ទៅ​រក​មើល ក្រែង​បាន​មួយ​ចម្អែត ពី​ព្រោះ​សាច់​នេះ​ក្លិន​ឆ្ងាញ់​ណាស់ ហើយ​ដោយ​ស្មាន​ទៅ​ប្រហែល​ជា​ច្រើន​ផង បាន​ជា​ធុំ​ក្លិនសាយ​មក​ដល់​ទី​អញ​យ៉ាង​នេះ។ ​អញ​ទៅ​គំរាម​យក​ស៊ី​ទាំង​អស់ កុំ​ឲ្យ​អ្នក​ឆ្អើ​នោះ​វា​បាន​ស៊ី˝ គិត​ដូច្នេះ​ហើយ ក៏​ចាប់​យក​ដំបង​ពេជ្រ គ្រវី​ហោះ​ឡើង​លើ​អាកាស​វេហាស៍ ងាក​មើល​ចុះ​ឡើង ឃើញ​ផ្សេង​ហុយៗ ត្រង់​ព្រៃ​ធំ ក៏​ហោះ​ចុះ​សំដៅ​ទៅ​ត្រង់​កន្លែង​ផ្សែង​នោះ ក្រឡេក​មើល​ទៅ​ឃើញ​ក្មេង​តូច​ពីរ​នាក់​កំពុង​ឆ្អើរ​ដំរី គិត​ថា​ ˝ថ្ងៃ​នេះ ពេញ​ជា​មហា​លាភ​ហើយ បាន​ទាំង​ចំណី បាន​ទាំង​ម្ចាស់​ បើ​ដូច្នេះ តើ​អញ​នឹង​ស៊ី​ដំរី​មុន ឬ​ស៊ី​ក្មេង​មុន​អេះ? បើ​ស៊ី​ដំរី​មុន ក្រែង​ក្មេង​នេះ​វា​ភ័យ​នឹង​អញ រត់​ពួន​បាត់​ទៅ ឥឡូវ​នឹង​ស៊ី​ក្មេង គ្មាន​អ្វី​គ្រាន់​ធ្វើ​ជា​បង្អែម សម្រាប់​លាង​មាត់​ពេល​ក្រោយ˝។​ នៅ​ទី​បំផុត​នោះ យក្ស​សម្រេច​ចិត្ត​ថា​ ˝ណ្ហើយ! អញ​ស៊ី​ដំរី​មុន​ចុះ ទុក​ក្មេង​ស៊ី​ក្រោយ​ជា​បង្អែម​វិញ ទើប​ជ្រះមាត។ ក្មេង​នេះ វា​មិន​មែន​រត់​ពួន​ទៅ​ឯណា​ឡើយ ទុក​ជា​វា​រត់​ពួន​កន្លែង​ណា​ក៏​មិន​កំបាំង​នឹង​ភ្នែក​អញ​ដែរ វា​មក​ពី​ស្រុក​ភូមិ​របស់​មនុស្ស​លោក ចូល​មក​ដល់​ព្រៃ​នេះ​ហើយ វា​រត់​ទៅ​ណា​នឹង​រួច˝ ទើប​យក្ស​ចូល​ទៅ​គម្រាម​កុមារ​ដែល​កំពុង​ឆ្អើរ​ដំរី​នោះ​ថា៖
         នែ៎! ​អាក្មេង​ច្រមក់! អាឯង​មក​ពី​ណា? ដើរ​ចេញ​ឲ្យ​ឆាប់។
         ដោយសេចក្ដីភ័យខ្លាច កុមារ​ទាំង​ពីរដើរ​ចេញ​ពី​ទី​នោះ​ទៅ។ ប៉ុន្តែ កុមារជា​បង​មាន​សេចក្តី​ភិត​ភ័យ​តក្កមា ព្រោះ​ខ្លួន​ស្គាល់​ច្បាស់​ជា​យក្ស​ ហើយបាន​ដឹង​ប្រាកដ​អំពី​សម្នាក់​ចាស់ៗ គេ​និយាយ​ប្រាប់​ថា ˝យក្ស​ខ្លួន​ធំ មាន​ចង្កូម​ពីរ សម្រាប់​ស៊ី​មនុស្ស​លោក​˝។ ដឹងដូច្នេះមែន តែ​មិន​ចេញ​វា​ចា​ប្រាប់​ប្អូន​ឡើយ ។ ចំណែក​ខាង​កុមារ​ប្អូន​គិត​ថា ˝មនុស្ស​នេះ​មក​ពី​ណា រូប​រាង​ធំ​គម្រាំង ធ្មេញ​ធំៗ សស្ងាច​ប៉ុនៗ​ចប​កាប់ ភ្នែក​ឡើង​ក្រឡោតៗ ក្រហម​ត្លែត ដូច​ភ្នែក​អាអូត ស្បែក​មុខ​ឡើង​គគ្រីត​គគ្រាត ដូច​ស្បែក​គីង្គក់ ដង​ខ្លួន​ដូច​ក្របី​ដេក​ភក់ សំឡេង​ឮ​គ្រក់ៗ ដូច​ជា​ទឹក​ដក់​ក្នុង​រន្ធ​ឈើ ដុះ​ពុក​មាត់ ពុក​ចង្កា​ស្រមេម​ស្រមាម ដូច​បី​សាច​រាជ​ភូត។ អានេះ​ប្រហែល​ជា​មិន​ខ្លាច​កោត​ញញើត​ចិត្ត​អញ​ទេ បាន​ជា​ហ៊ាន​មក​និយាយ​កំហែង​អញ​ដូច្នេះ មិន​អី​ទេ! អាឯង​ព្រហើន​ហ៊ាន​ស៊ី​ដំរី˝។ កុមារ​ប្អូន​ថយ​ចេញ​ពី​កន្លែង​នោះ​មិន​ឆ្ងាយ​ប៉ុន្មាន ទៅ​ឈរ​មើល​យក្ស​ស៊ី​ដំរី តែ​ក្នុងចិត្ត​នឹក​ខ្នាញ់​ពេក​ណាស់ មិន​ទាន់​ចេញ​ស្តី ថា​ដូច​ម្តេចៗ​ឡើយ គ្រាន់​តែ​នឹក​ក្នុងចិត្ត​ប៉ុណ្ណោះ។ រំពេច​នោះ​យក្ស​សួរ​ថា ˝នៃ​អាក្មេង! អា​ឯង​ធ្វើ​ដូច​ម្តេច បាន​ជា​បាន​ដំរី​នេះ​យក​មក​ឆ្អើរ។ ពេល​នោះ​កុមារ​តូច​បាន​ឱកាស ក៏​ឆ្លើយ​តប​ទៅ​យក្ស​វិញ​ថា ˝ពូឯង​សួរ​ចង់​ដឹង​អ្វី? គិត​តែ​បរិភោគ​ទៅ​ចុះ! កុំ​ចាំ​បាច់​ដឹង​ហេតុការណ៍​អ្វី​ឡើយ˝
         ˝យើ! អាច្រមក់! ប្រាប់​ឲ្យ​ឆាប់ៗ អញ​ស៊ី​អាឯង​ឥឡូវ​នេះ​ហើយ˝ យក្ស​សួរ​គំរាម​កុមារ​តូច។
         អើ! ដំរី​នេះ វា​ដើរ​មក​ជាប់​ជុច​ខ្ញុំ˝ កុមារ​ឆ្លើយ​តប​ទៅ​យក្ស។
         យីអើ! អា​ឯង​ធ្វើ​ជុច​ដូច​ម្តេច​ក៏​ដាក់​ដំរី​បាន អាឯង​និយាយ​កុហក​ទេ​ឬ? ក្រែង​ដំរី​វា​ស្លាប់​ខ្លួន​វាទេ​ដឹង​? ហើយ​អា​ឯង​និយាយ​បញ្ឆោត​អញ​យ៉ាង​នេះ​ទៅ មើល​អាឯង​និយាយ​ឲ្យ​ត្រង់​កុំហុក តែ​កុហក អញ​ស៊ី​ឯង​ឥឡូវ​នេះ​មិន​ខាន˝
         ខ្ញុំ​មិន​ចេះ​និយាយ​កុហក​ទេ ពូឯង​មើល​ចុះ! ជុច​ខ្ញុំ​នៅ​ឯណោះ​ហ្ន៎។
         ˝ប្រាកដ​ជា​អាឯង​ដាក់​ជុច​ដំរី​នេះ​បាន​មែនយក្ស​សួរ​សង្កត់​ទៅកុមារ។
         ˝មែន˝ កុមារ​ឆ្លើយ​តប​យ៉ាង​យក​ជុច​មក​ហើយ​ប្រាប់​យក្ស​ថា៖ ˝ពូឯង​ចង​ដឹង ចូល​ទៅ​ក្នុង​ជុច​ខ្ញុំ​លង​មើល!˝
         ដោយ​ហេតុ​តែ​ការ​មើល​ងាយ​ថា ˝សព្វ​បើ​ជុច​សរសៃ​រ៉ើងៗ​ប៉ុណ្ណោះ អញ​គ្រាន់​តែ​កម្រើក ក៏​ដាច់​ខ្ទេច​ខ្ទី​ដែរ˝។ ថា​ហើយ យក្ស​ក៏​ត្បុល​ក្បាល​ចូល​ទៅ​ក្នុង​ជុច ផុត​ដៃ​ផុត​ជើង​ទាំង​អស់ ស្រាប់​តែ​ជុច​រឹត​រួត​តឹង​ខ្លួន​ដូច​គេ​ចាក់​ស្រែះ បម្រះ​ននៀល​បាក់​ឈើ​ព្រៃ​ល្អឹត​ល្អោច ស្រែក​ទ្រហោ​រំពង​ព្រៃ ឫទ្ធិ​យក្ស​ដែល​ធ្លាប់​ពូកែ​យ៉ាង​ណា ក៏​ប្រមូល​យក​មក​អស់ ថែម​ទាំង​នឹក​សូធ្យមន្តរ​បៀន​សិល្បសាស្រ្ត ដែល​ធ្លាប់​ចេះ​ធ្លាប់​រៀន​មក​ទាំងប៉ុន្មាន ក៏​នៅ​តែ​រើ​មិន​រួច​ពី​ជុច​នោះ ថែមទាំងរឹត​តែ​តឹង​ឡើងៗ ស្ទើរ​នឹង​ដាច់​ខ្យល់​រក​តែ​ស្តី​និយាយ​ស្ទើរ​តែ​មិន​រួច។ ទើបយក្ស​​ដឹង​ថា​˝ជុច​ក្មេង​នេះពូកែ​មែន បើ​អញ​មិន​និយាយ​អង្វរ​ឲ្យ​វា​ស្រាយ​ជុច​នេះ​ចេញ​ទេ នឹង​ស្លាប់​អសារ​ឥត​ការ​មិន​ខាន˝ ទើប​យក្សនិយាយ​អង្វរ​កុមារ​ថា៖
         ឱលោក​អើយ! កាល​ពី​ដើម ខ្ញុំ​មើល​ងាយ​ជុច​លោក​ដោយ គិត​ឃើញ​ថា មើល​ទៅ​មិន​ល្មម​នឹង​កម្លាំង​ខ្ញុំ​សោះ ហេតុ​តែ​សេចក្តី​មើល​ងាយ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្ទើរ​តែ​ស្លាប់​ខ្លួន​យ៉ាង​នេះ ហេតុ​នេះ​ សូម​លោក​អាណិត​ខ្ញុំ​ម្តង​ទៅ​ណា៎ ​ខុស​ម្តង​ឆ្គង​មួយ​ថ្ងៃ សូម​លោក​អធ្យាស្រ័យ​ឲ្យ​តែ​រស់​ជីវិត កុំ​ឲ្យ​តែ​ខ្ញុំ​ស្លាប់។
         ឯកុមារ មានកាំ​បិត​នៅ​ដៃ បាន​ឃើញ​យក្ស​បម្រះ​ននៀល​មិន​រួច​អំពី​ជុច​របស់​ខ្លួន​ហើយ ថែម​ទាំង​ឮ​និយាយ​អង្វរ​ទៀត ក៏​ត​ទៅ​នឹង​យក្ស​វិញ​ថា ˝ម៉េច​អា​ឯង​ជឿ​អញ​ទេ? ឥឡូវ មក​ធ្វើ​ជា​និយាយ​អង្វរ ឯសាច់​ដំរី​អញ ឯង​ស៊ី​អស់ ហើយ​គិត​នឹង​ស៊ី​អញ​ទៀត អាឯង​ថ្លើម​ធំ​ណាស់ អញ​មិន​យក​អង្វរ​អាឯង​ទេ ល្ងាច​នេះ អញ​គ្មាន​អ្វី​ស៊ី​សោះ ម្តង​នេះ​អញ​ស៊ី​ថ្លើម​អាឯង​ហើយ ចុះ​មក​បង! ទៅ​រក​កាប់​ឫស្សី​មក​ធ្វើត្រណោត​ ដោត​ថើ្លម​អាខូច​នេះ​អាំង​ស៊ី។
         បង​ក៏​ចុះ​ពី​ធ្នះ​មក​ទាំអ​រភ័យ​ញញី​ញញ័រ​ដល់​មក​ជិត​ប្អូន​ឃើញ​យក្ស​គួរ​សម្បើម ក៏​រឹង​រឹត​តែ​ញាប់​ញ័រ ។ ប្អូន​និយាយ​ថា ˝ឈប់​បង! កុំ​ញ័រ​ចង់​ស៊ី​សាច់​វា​ពេក ឈប់​សិន! ចាំ​ឆ្អិន​សិន ហ៎! ញ័រ​ចង់​អ្វី​ទៀត​ហើយ! កុំ​ញ័រ​អ្វី​ពេក ហើយ​ស៊ី​ឆៅ​មិន​ឆ្ងាញ់​ទេ ហើម​ពោះ​ពុង​ណា៎​បង!˝ ។ យក្ស​ឮ​សម្តី​កុមារ​និយាយ​នឹង​បង​ដូច្នោះ​ហើយ រឹង​រឹត​តែ​ភិត​ភ័យ​ស្លុត​ព្រលឹង ហើយ​និយាយ​អង្វរ​កុមារ​ទៀត​ថា ˝ឱលោក​ម្ចាស់​ថ្លៃ​អើយ! សូម​លោក​អាណិត​ខ្ញុំ យក​តែ​បុណ្យ​ម្តង​ទៅ​ចុះ, ខ្ញុំ​នឹង​ជូន​កន្លែង​បក់​កន្សែង​បោយ​មយួ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ឲ្យ​បាន​រស់​មាន​ជីវិត ត្បិត​ខ្ញុំ​ជា​ស្តេច​យក្ស គ្រប់​គ្រង​អាណា​ប្រជានុរាស្រ្ត បើ​លោក​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​សម​ជា​ស្រុក​ទេស​របស់​ខ្ញុំ​អន្តរ​ធាន​មិន​ខាន ទាំង​កូន​ប្រពន្ធ​ខ្ញុំ​ទឪត ក៏​ពុំ​មាន​ទីពឹង˝។ កុមារ​ប្អូន​សួរ​បញ្ជាក់​យក្ស​ថា ˝ចុះ​ឯង​ឲ្យ​កន្សែង​បក់​កន្លែង​បោយ​ដល់​យើង កន្លែង​នោះ បើ​បក់​បោយ​ទៅ អាច​ឲ្យ​សម្រេច​ប្រយោជន៍​ដូច​ម្តេច​ខ្លះ˝តាម​តែ​លោក​ចង់​បាន​អ្វី បក់​មក បាន​តាម​ប្រាថ្នា បើ​ចង់​ឲ្យ​បាត់​ទៅ​វិញ គ្រាន់​តែ​បោយ​ថា ទៅ​វិញ​ចុះ ក៏​ស្រាប់​តែ​បាត់​អស់​រលីង˝˝ប្រាកដ​ជា​ឯង​ឲ្យ​យើង​មែន​ឬ˝មែន˝˝ក្រែង​កុហក​អញ​ទេ​ដឹង˝មិន​កុហក​ទេ​លោក˝˝បើ​កុហក តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច? យើង​មិន​ទុក​ចិត្ត​ទេ ពី​ព្រោះ​ឯង​ជា​ស្តេច​សោយ​រាជ្យ ក្រែង​រួច​ពី​កណ្តាប់​ដៃ​យើង​ទៅ បបួល​រេហ៍​ពល​មក​ច្បាំង​នឹង​យើង​វិញ? បង! យក​កាំ​បិត​មក​ពន្លះ​សាច់​វា អាំង​ស៊ី​សម្រន់​សេចក្តី​ឃ្លាន​១​ស្របក់ សិន˝។ បង​នោះ​នៅ​តែ​មិន​ទាន់​បាត់​ភ័យ​នឹង​យក្ស។
         យក្ស​ឮ​កុមារ​តូច​ឲ្យ​បង​យក​កាំ​បិត មក​ពន្លះ​សាច់​ខ្លួន​ដូច្នោះ ក៏​ញាប់​ញ័រ​ស្ទើរ​បាត់​ស្មារតី ហើយ​និយាយ​អង្វរ​កុមារ​នោះ​ទៀត​ថា ˝សូមលោក​ទុក​តែ​ជីវិត​ឲ្យ​ចុះ ខ្ញុំ​នឹង​ប្រគល់​រាជ្យ​ទាំង​អស់​ព្រម​ទាំង​ស្រុក​សួយ​ទាំង​អម្បាល​ម៉ាន ជូន​លោក​ទៀត ខ្ញុំ​សូម​រួច​តែ​ខ្លួន​នឹង​ភរិយា​បុត្រី​បុត្រា ហើយ​នៅ​ធ្វើ​ជា​សេនា​រក្សា​លោក​ទៀត˝។ កុមារ​ប្អូនក៏​សួរ​បញ្ជាក់​យក្ស​ថា ˝បើ​ឯង​និយាយ​ទៀត​ត្រង់​មែន ណ្ហើយ! យើង​អត់​ទោស​ឲ្យ​បាន តែ​យើងមិន​ដឹង​ជា​ឯង​ស្តេច​សោយ​រាច្យ​នៅ​នគរណា ចុះ​ធ្វើ​ម្តេច​ឲ្យ​យើង​ទៅ​តាម​យក​នគរ​ឯង​បាន˝ឱលោក មិន​សល់​ក្រ​អ្វី​នឹង​អញ្ជើញ​ទៅ​ឯនគរ​ខ្ញុំ​នោះ​ទេ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ធ្វើ​តម្រុយ​ជា​លំអាន​រហូត​ដល់​ទៅ​រនគរ​ខ្ញុំ​ឯណោះ˝˝ឯង​ធ្វើ​តម្រុយ​បែប​ណា? ˝។ ខ្ញុំ​កាច់​មែក​ឈើ​សស់​បោះហែៗ តាម​ផ្លូវ​ទៅ​កាល​បើ​លោក​អញ្ជើញ​ទៅ សូម​ទៅ​តាម​មែក​ឈើ​ដែល​ខ្ញុំ​កាច់​បោះ​នេះ​ចុះ˝។ កុមារ​ទាំង​ពីរ​ ក៏​ព្រម​ដោះ​យក​ចេញ​ពីជុច។ ឯយក្ស​បាន​រួច​ខ្លួន​ពី​ជុច​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ ដើរ​ទៅ​នគរ​ខ្លួន​វិញ ហើយ​កាច់​មែក​ឈើ​ជា​តម្រុយ ដើម្បី​ជា​ទី​សម្គាល់​ដល់​កុមារ​ទាំង​ពីរ​ប្រាណ ឥត​មាន​កុហកភូត​ភរ​អ្វី​ឡើយ លុះ​ដល់​ទៅ​នគរ​ហើយ​ចូល​ទៅ​និយាយ​ប្រាប់​ពួក​ពល​សេនា​យោធា​ទាហាន ដេល​នៅ​ចាំ​​ទ្វារ​ទាំង៧ជាន់​ថា ˝នែ​វ៉ីយ! ថ្ងៃ​ស្អែក​នេះ​មាន​ក្មេង​តូចៗពីរ​នាក់ ជា​ក្មេង​មនុស្ស​លោក មក​ដណ្តើម​រាជ្យ​អញ បើ​ឯង​ឃើញ​វា​មក​ហើយ ត្រូវ​ឃាត់​កុំ​ឲ្យ​វា​ចូល តែ​កុំ​ធ្វើ​ទុក​បុក​ម្នេញ​វា​ឡើយ គ្រាន់​តែ​ស្រែក​ឃាត់​ប៉ុណ្ណោះ​បាន​ហើយ ពី​ព្រោះ​ក្មេង​នោះ​ពូកែ​ណាស់ សូម្បី​អញ​ដែល​មាន​ឫទ្ធិមាន​អំណាច​ច្បាំង​ដណ្តើម​យក​នគរ​ឯ​ទៀតៗបាន​ មក​ធ្វើ​ជា​ប្រទេស​រាជ​ទាំង​ប៉ុន្មាន ក៏​វា​ដាក់​ជុច​អញ​ជាប់​ស្ទើរ​តែ​នឹង​ស្លាប់​អសារ​ឥត​ការ តែ​ពួក​ឯង​រាល់​គ្នា​ឃាត់​វា​ល្បង​មើល​សិន​ចុះ​បើ​វា​មិន​ខ្លាច​ទេ បើក​ផ្លូវ​ឲ្យ​វា​ចូល​មក​ចុះ˝។ យក្ស​បាន​ប្រាប់​គ្រប់​សេនា​អ្នក​ចា​ក្លោង​ទ្វារ​ទាំង​៧ជាន់​សព្វ​គ្រប់​ហើយ ក៏​ចូល​ទៅ​ក្នុង​ប្រាសាទ សម្ងំ​ដេក​លក់ ស្រមុក​ក​ក្រើក​ប្រឹថពី។
         ឯ​កុមារ​បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​បណ្តើរ​គ្នា​ទៅ​នគរ​យក្ស​តាម​តម្រុយ​មែក​ឈើ លុះ​បាន​ទៅ​ដល់​ហើយ​ក៏​ជួប​ប្រទះ​នឹង​ពួក​កង​ទ័ព​មួយ​កង ដែល​នៅ​ចាំ​ក្លោង​ទ្វារ​ទី៧ នោះ​កុមារ​បង កាល​បាន​ឃើញ​យក្ស​ច្រើន​ដល់​ម្ល៉ោះ ក៏​ភ័យ​ញាប់​ញ័រ​ស្ទើរ​នឹង​បាត់​ស្មារតី ប្អូន​និយាយ​កម្លា​បង​ឡើង​ថា ˝នែ​បង! កុំ​ញ័រ​ចង់​ពេក! ឈប់! កុំ​អាល​ចង់​ចាប់​កាប់​ធ្វើ​បាប​វា ឈប់ៗ កុំៗ យើ​បង! ស្ទើរ​តែ​ឃាត់​មិន​ឈ្នះ​ណ្ហើយ កុំ​ញ័រ​ចង់​ពេក វា​ខ្លាច​បង​ឯង​ហើយ˝ ។ ពួក​ទាហាន យក្ស​បាន​ឮ​កុមារ​និយាយ​ដូច្នោះ ក៏​ខ្លាច​រួញ​ខ្លួន ឥត​ហ៊ាន​មាត់​ក​អ្វី​សោះ បើក​ផ្លូវ​ឲ្យ​កុមារ​ទៅ​ដោយ​ស្រួយ​រហូត​ដល់​ទៅ​ទ្វារ​ក្នុង​គម្រប់​៧​ជាន់ យក្ស​ខ្លាច​ទាំង​អស់។ ទើប​នាំ​បង​ប្អូន​ឡើង​ទៅ​លើ​ប្រាសាទ​យក្ស​ ឃើញ​យក្ស​កំពុង​ដេក​ស្រមុក​ខ្ទ័រ​ប្រាសាទ ឃើញ​ពួក​ស្រី​ស្នំ​កំពុង​តែ​អង្គុយ​បក់​ខាង​ស្តាំ​មួយ​រយ ខាង​ធ្វេង​មួយ​រយ។ ឯ​បង​ឃើញ​យក្ស​ច្រើន​សម្បើម​ណាស់​ពេក ក៏​ភ័យ​ស្លុត​ស្មារតី ប្អូន​ស្រែក​ហៅ​យក្ស​ថា ˝នែ​! អា​នេះ​ក្រោក​ឡើង! អញ​មក​ដល់​ហើយ​ដេក​ដល់​ណា​ទៀត˝។ យក្ស​ឮ​សំឡេង​កុមារ​តូច​ស្រែក​ហៅ​ខ្លួន ដែល​កំពុង​ដេក​លក់​ដូច្នោះ ក៏​ភ្ញាក់​ដឹង​ខ្លួន​ឡើង ក្រឡេក​មើល​ទៅ ស្គាល់​ជាក់​ជា​កុមារ​ម្ចាស់​ជុច ក៏​ភិត​ភ័យ​មហិមា ស្ទុះ​មក​ម្នី​ម្នា​ក្រាប​ថ្វាយ​បង្គំ​កុមារ​តូច​ទាំង​ពីរ ហើយ​ប្រាប់​ពួក​ស្រី​ស្នំ​ដែល​កំពុង​អង្គុយ​គាល់ ប្រើ​អមាត្យ​ឲ្យ​ហៅ​ពួក​សេនាបតី នាហ្មឺន​មុខ​មន្រ្តី ព្រាហ្ម​ព្រឹទ្ធ បុរោហិត បណ្ឌិត​កវី ឲ្យ​ចូល​មក​ក្នុង​បុរី​យ៉ាង​ឆាប់​វៃៗ ។ លុះ​ពួក​រាជ​សេវកា​មាត្យ​មក​ជួប​ជុំ​គ្នា​សព្វ​គ្រប់​ហើយ យក្ស​ស្រែក​ប្រកាស​ថា ˝អ្នក​រាល់​គ្នា​ចូរ​ក្រាប​ថ្វាយ​បង្គំ​ស្តេច​មនុស្ស​ទាំង​ពីរ​នាក់​នេះ ហើយ​ត្រូវ​គោរព​កោត​ខ្លាច​យក​ចិត្ត​តុក​ដាក់​ឲ្យ​ដូច​ជា​ខ្លួន​អញ ត្បិត​អញ​ប្រគល់​រាជ្យ ឲ្យ​ស្តេច​មនុស្ស​លោក​នេះ​សោយ​ហើយ។ អញ​សូម​រួច​តែ​ខ្លួន​ប៉ុណ្ណោះ​ទេ ឯអ្នក​ទាំង​អស់​ត្រូវ​នៅ​ជ្រក​ក្រោម​ម្លប់​បុណ្យ​ស្តេច​មនុស្ស​លោក​នេះ​ចុះ˝។ ពួក​រាជ​សេវកា​មាត្យ​ទាំង​អស់ ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ​គ្រប់​គ្នា ឥត​មាន​នរណា​មួយ​ ហ៊ាន​និយាយ​ថា​ដូច​ម្តេច​ឡើយ។ យក្ស​ក៏​បាន​រៀប​ពិធី​អភិសេក​ជា​ឯក​មង្គល ប្រជុំ​ពួក​ពល​យោធា​ជា​អនេក​ប្រការ ហើយ​ប្រគល់​ធី​តា​របស់​ខ្លួន​ឲ្យ​ជា​មហេសី។ ប៉ុន្តែ​កុមារ​ប្អូន​មិន​សោយ​រាជ្យ​ខ្លួន​ឯង​ទេ ឲ្យ​បង​សោយ​រាជ្យ​វិញ ព្រោះ​យល់​ឃើញ​ថា បង​បាន​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ខ្លួន។ កុមារ​ទាំង​ពីរ សឹង​នៅ​ជា​សុខ​សប្បាយ​ក្នុង​នគរ​យក្ស​នោះ រហូត​អវ​សាន​កាល​ទៅ​ហោង ៕



រឿងដង្កូវនិងក្អែក



     មាន​និទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ​ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ។ ក្អែក​ថា ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ីក៏​ហើរ​ទៅ​ជិត​ដង្កូវ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា ខ្លួន​អា​ក្អែក​នេះ​ ចិត្ត​ឃោរ​ឃៅ​ នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ។ ដង្កូវ​សួរ​ក្អែក​ថា មក​រក​អ្វី?“ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា អញ​មក​ស៊ី​ដង្កូវ​ឯង។ ដង្កូវ​ថា លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន បើ​រក​ប្រស្នា​អញ​មិន​ឃើញ​ ស៊ី​អញ​មិន​បាន​ទេ។ ក្អែក​សួរ​ថា ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ៖
1.  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត?
2.  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត?
3.  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត?
4.  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​បំផុត?
         កាល​បើ​ក្អែក​ បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង​៤​បទ​នេះ​ហើយ​ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត​ ក៏​ស្រែក​ហ៊ោ​កញ្រ្ជៀវ​លេង​ ដោយ​គិត​ថា ប្រស្នា​ដង្កូវ​ទាំង​៤​បទ​នេះ​ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ​ នឹង​បាន​ស៊ី​ដង្កូវ​នេះ​មិន​ខានទើប​ក្អែក​ឆ្លើយ​ដោះ​ស្រាយ​ប្រស្នា​ដូច​មាន​ត​ទៅ​នេះ៖
1.  ដែល​គេ​ហៅ​ថា​ផ្ងែម​នោះ​ គឺ​មាន​ស្ករ​ និង​ឃ្មុំ​ ផ្អែម​ជាង​អ្វី​ទាំង​ពួង។
2.  ដែល​គេ​ហៅ​ថា​ជូរ​ចត់​នោះ​ គឺ​មាន​ម្ជូរ​ក្រូច​ឆ្មារ អម្ពិល ម្ជូរ​សណ្ដាន់ ម្ជូរ​ក្រសាំង និង​ទឹក​ខ្មេះ។
3.  ដែល​គេ​ហៅ​ថា​ស្អុយ​ជាង​គេ​នោះ​ គឺ​អាចម៍​ និង​គម្រង់​ខ្មោច​សត្វ​ទាំង​ពួង។
4.  ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​នោះ​ គឺ​ផ្កា​រំដួល​ ផ្កា​ម្លិះ​ និង​ទឹក​អប់។
ក្អែក​បាន​ដោះ​ស្រាយ​ប្រស្នា​ទាំង​៤​បទ​នេះ​ ប្រាប់​ទៅ​ដង្កូវ។ ដង្កូវ​ថា ˝ក្អែក​ ដោះ​ប្រស្នា​នេះ​ មិន​ត្រូវ​ទេ˝។ ក្អែក​ក៏​ដាក់​មុខ​ស្រងូត​ និយាយ​ទៅ​ដង្កូវ​វិញ​ថា ˝បើ​ដង្កូវ​ឯង​ថា​ខុស​ សុំ​ឲ្យ​ដង្កូវ​ប្រាប់​ប្រស្នា​នេះ​មក​អញ​ឲ្យ​បាន​ដឹង​ផង˝។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា ˝ប្រាប់​បាន​ តែ​ក្អែក​ឯង​កុំ​ស៊ី​អញ​​ទើប​អញ​ប្រាប់˝។ ក្អែក​ថា ˝ឲ្យ​តែ​ប្រាប់​ចុះ​ អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ˝។ លុះ​បាន​ខ​សន្យា​ព្រម​ព្រៀង​គ្នា​យ៉ាង​ហ្នឹង​ហើយ ដង្កូវ​ក៏​ដោះ​ស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ ដូច​មាន​ពាក្យ​ត​ទៅ​នេះ៖
1.  ដែល​គេ​ហៅ​ថា​ ផ្អែម​នោះ​ មិន​មែន​ផ្អែម​ស្ករ​ទឹក​ឃ្មុំ​នោះ​ទេ​ គឺ​ផ្អែម​ពាក្យ​សម្ដី​ ដែល​និយាយ​ទៅ​មក​រក​គ្នា​ ដោយ​ពាក្យ​ពិរោះ​ស្មោះ​ត្រង់​រក​គ្នា នេះ​ហើយ​ហៅ​ថា​ ផ្អែម​ជា​ទី​បំផុត។
2.  ដែល​គេ​ហៅ​ថា​ ជូរ​ចត់​នោះ​ មិន​មែន​ជូរ​ចត់​ អម្ពិល​ សណ្ដាន់​ ក្រូចឆ្មារ​ ទឹក​ខ្មេះ​នោះ​ទេ​ គឺ​ពាក្យ​ផរុសវាចា​ ឃោរឃៅ​ ឥត​គួរ​ ឥត​សម​ ដែល​និយាយ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក នេះ​ហើយ​ហៅ​ថា ជូរ​ចត់​លើស​ជូរ​ចត់​អ្វី​ទាំង​ពួង។
3.  ដែល​គេ​ហៅ​ថា​ ស្អុយ​នោះ​ មិន​មែន​ស្អុយ​អាចម៍​ ឬ​ស្អុយ​គម្រង់នោះ​ទេ​ គឺ​ស្អុយ​កេរ្ត៍​ ស្អុយ​ឈ្មោះ​ ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក នេះ​ហើយ​ហៅ​ថា ˝ស្អុយ​ច្រាស​ខ្យល់˝
4.  ដែល​គេ​ហៅ​ថា​ ក្រអូប​នោះ​ គឺ​មិន​មែន​ក្រអូប​ក្លិន​ផ្កា​ ឬ​ទឹក​អប់​នោះ​ទេ​ គឺ​ក្រអូប​កេរ្ត៍​ឈ្មោះ​ ដែល​ប្រតិបត្តិ​ល្អ នេះ​ហើយ​ហៅ​ថា ˝ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំងពួង˝
ក្អែក​បាន​ស្ដាប់​ប្រស្នា​ទាំង​នេះ​ហើយ​ ក៏សម្រេចឈប់​ស៊ី​ដង្កូវ​ទៅ៕




រឿងក្រពើរមិលគុណ



         មាន​បុរស​ឳពុក​និង​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​និង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​ រោល​រលាក​ជើង​ទាំង៤ និង​ដើរ​រក​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ។ បុរស​ឳពុក និងកូន​បាន​ឃើញ​ក្រពើ​នោះ​រលាក​ជើង​ទាំង៤ ស្គម​ទាំង​ខ្លួន​និង​វារ​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ បាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ បុរស​នោះ​ថា "ព្រះ​ស្ដែង​កុំ​ខាំ​អញៗ មាន​គុណ​លើ​ព្រះ​ស្ដែង" ក្រពើ​នោះ​ថា "មាន​គុណ​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់​ដូច្នោះ អញ​ឆី​ព្រះ​ស្ដែង​ឲ្យ​ទាល់​តែ​បាន"។
         ឯ​បុរស​ថា "ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​អ្នក​ប្រាជ្ញ លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើង" ទើប​បុរស​និង​ក្រពើ នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ដោយ​នូវ​ដំណើរ​ទីទៃៗ។ ក្រពើ​ក្រាប​បង្គំ​ថា "ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នៅ​ទី​មួយ​ស្ងៀមៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ​ខាំ​បុរស​នេះ​ឆី"។ បុរស​ក្រាប​បង្គំ​ថា "ក្រពើ ​នេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង៤ វា​រ​ពុំ​រួច​បាន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​អាសូរ ទើប​យក​ឈើ​ចង​អប​ហើយ​លើក​ដាក់​លើ​រទេះ​ បរ​ទៅ​ដល់​បឹង​ទើប​ស្រាយ​លែង​ហើយ ក្រពើ​នេះ​ចុះ​ទៅ​ក្នុង​ទឹក​បាន​ផឹក​ទឹក​អក​ភក់​មាន​កម្លាំង​ហើយ គិត​ខាំ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទាំង២ នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ សូម​ទ្រង់​កាត់​សេចក្ដី​នេះ បើ​ព្រះ​អង្គ​ពុំ​ជឿ​សុំ​ទ្រង់​ទត​ជើង​ក្រពើ​ទាំង៤ចុះ" ។
         ព្រះ​មហាក្សត្រ​ទ្រង់​ពិចារណា​ថា "ក្រពើ​នេះ​ឥត​ធម៌​ពុំ​ដឹង​គុណ​គេ​ឡើយ" ទើប​ព្រះ​អង្គ​កាត់​ថា "បើ​ដូច្នេះ ​មាន​តែ​ព្រះ​ស្ដែង​ឲ្យ​គេ​ចង​ព្រះ​ស្ដែង​ ដូច​អំពី​មុន​នោះ​សិន​ ហើយសឹម​អញ​ពិចារណា​ឲ្យ​ព្រះ​ស្ដែង" ទើប​ព្រះ​អង្គ​ឲ្យ​បុរស​នោះ​ទៅ​ចង​ក្រពើ​នោះ​ជាប់​ដូច​អំពី​មុន ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា "ព្រះស្ដែង​នាំ​ទៅ​ផ្ទះ​ចុះ ថ្ងៃ​ក្រោយ​ព្រះ​ស្ដែង​កុំ​ធ្វើ​គុណ​នឹង​សត្វ​តិរច្ឆាន ព្រោះ​លោក​ថា ​ពុំ​ត្រូវ​ទុក​ចិត្ត​សត្វ​មាន​ចង្កូម​មាន​ពិស​ទេ"។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ​បុរស​នោះ​ចូល​ចិត្ត​ហោង៕



ព្យញ្ជនៈខ្មែរ Khmer consonants


រៀនអាន
ព្យញ្ជនៈទាំង៣៣តួ
ក     ខ     គ     ឃ     ង
ច     ឆ     ជ     ឈ    ញ
ដ     ឋ     ឌ     ឍ     
ត     ថ     ទ     ធ      ន
ប     ផ     ព     ភ      ម
យ    រ      ល    វ      
ហ   ឡ     អ

អឃោសៈ-សំឡេងស្រាល
ឃោសៈ-សំឡេងធ្ងន់
  

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...