មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើងព្រៃ
រោលរលាកជើងទាំង៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ។ បុរសឳពុក
និងកូនបានឃើញក្រពើនោះរលាកជើងទាំង៤ ស្គមទាំងខ្លួននិងវារពុំបានដូច្នោះហើយ
បុរសនោះអាសូរក្រពើ បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់
លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ
បុរសនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ
គិតនឹងខាំបុរសនោះវិញ បុរសនោះថា "ព្រះស្ដែងកុំខាំអញៗ
មានគុណលើព្រះស្ដែង" ក្រពើនោះថា "មានគុណនឹងអញឯណា
បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន"។
ឯបុរសថា
"ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ
លោកកាត់សេចក្ដីនេះឲ្យយើង" ទើបបុរសនិងក្រពើ
នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរទីទៃៗ។
ក្រពើក្រាបបង្គំថា "ខ្ញុំព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ
ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់
លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច
ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់
ខាំបុរសនេះឆី"។ បុរសក្រាបបង្គំថា "ក្រពើ
នេះភ្លើងព្រៃរោលរលាកជើងទាំង៤
វារពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ ទើបយកឈើចងអបហើយលើកដាក់លើរទេះ
បរទៅដល់បឹងទើបស្រាយលែងហើយ
ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ
គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំង២
នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ បើព្រះអង្គពុំជឿសុំទ្រង់ទតជើងក្រពើទាំង៤ចុះ"
។
ព្រះមហាក្សត្រទ្រង់ពិចារណាថា
"ក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយ" ទើបព្រះអង្គកាត់ថា
"បើដូច្នេះ មានតែព្រះស្ដែងឲ្យគេចងព្រះស្ដែង ដូចអំពីមុននោះសិន ហើយសឹមអញពិចារណាឲ្យព្រះស្ដែង" ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន
ហើយទ្រង់មានព្រះបន្ទូលថា "ព្រះស្ដែងនាំទៅផ្ទះចុះ
ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថា ពុំត្រូវទុកចិត្តសត្វមានចង្កូមមានពិសទេ"។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ បុរសនោះចូលចិត្តហោង៕
No comments:
Post a Comment