កាលពីព្រេងនាយ មានបុរសង្នកស្រែម្នាក់
ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ
មានកូនប្រុសពីរនាក់ កូនបងអាយុ១៣ឆ្នាំ កូនប្អូនអាយុ១១ឆ្នាំ។
ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយ នឹងកូនទាំងពិរ
ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុយដដែល។ វេលាដែលបុរសនោះទៅព្រៃ
រកវល្លិ៍ផ្តៅធ្វើជុច តែងយកកូនបងទៅជាមួយ ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ។
ថ្ងៃមួយ កូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុចពេកណាស់
ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ
ក៏និយាយប្រាប់ឪពុកថា ˝ឪ!
ខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេ ខ្ញុំខ្លាចណាស់!
សូមយកខ្ញុំទៅព្រៃជាមួយផង˝។
ឪពុកក៏ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃឪ
ពុកក៏ខំប្រឹងរកបោចវល្លិ៍ផ្តៅបានហើយ យកមកពុំច្រៀកជាចម្រៀតតូចៗ
ល្មមនឹងធ្វើជាសរសៃជុយ គាត់ក៏រែងធ្វើជាជុចទៅ។
កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វៗថ្ងៃ
មិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយ ព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបានឃើញជុចជាប់ត្រីប៉ុណ្ណោះ។
ឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះ ក៏ខំពិនិត្យ
មើលឪពុកធ្វើជុច ចាប់តាំងពីកាន់កាំបិតយកទៅកាប់វល្លិ៍ផ្តៅ
រហូតដល់កើតជារាងជុច យកទៅដាក់ត្រី ជាប់បានត្រីហើយ
យកត្រីមកដុតមកអាំង ចម្អិនជាចំណីអាហារ។
ជួនជាថ្ងៃមួយនោះ
ឪពុកភ្លេចមិនបានយកដែកភ្លើងទៅ គ្មានអ្វីនឹងបង្កាត់ភ្លើង
អាំងត្រីឲ្យកូនបរិភោគ ក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់
យកមកកូតនឹងគ្នាឲ្យទាល់តែក្តៅ កើតជាភ្លើងឆេះបាន ហើយគាត់បង្កាត់អាំងត្រី
ឲ្យកូនទាំងពីរនាក់បរិភោគចម្អែតផ្ទៃមួយពេលទៅ។ ចំណេរចេរកាលមកខាងក្រោយ
ឪពុកមានជំងឺជាទម្ងន់ស្លាប់ទៅ។ កូនទាំងពីរនៅកំព្រារញង់
ឥតមេបានឹងចិញ្ចឹមបីបាច់ថែរក្សា
រស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុក មិនយូរថ្ងៃខែប៉ុន្មានក៏អស់ទ្រព្យនោះទៅ
ទើបប្អូននិយាយនឹងបងថា ˝ឱបងអើយ!
កាលពីដើមយើងបានឪពុកទំនុកបម្រុង
រកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្តីព្រួយលំបាកអ្វីឡើយ
ចាំតែបរិភោគស្រាប់ៗ ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយ ឯយើងទាំងពិរនាក់សោតទៀត
ក៏មិនទាន់ពេញកម្លាំងល្មមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯង
ទាំងបងក៏នៅតូច
ទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជួលព័ទ្ធអ្នកជិតខាង
ក្រែងគេមិនព្រមទទួល ពីព្រោះយើងជាមនុស្សកំព្រាអនាថា រកទីពឹងគ្មាន
គេមិនហ៊ានឲ្យនៅជាមួយ គេមិនទុកចិត្តយើង ហេតុតែយើងគ្មានមេបាថែរក្សា
បើដូច្នេះ តើបងគិតយ៉ាងណា ឲ្យបានរស់នៅជាមួយនឹងគេឯង? បង! អង្ករយើង ថ្ងៃនេះនៅតែ ១ ទូកដៃ ល្មមតែល្ងាចនេះ ថ្ងៃស្អែកគ្មានអង្ករដាំបាយបរិភោគទេ។
បងនឹងដើរសុំទានគេ ឬដូចម្តេច? ខ្ញុំមិនទៅសុំទេ ខ្មាសគេណាស់˝។
បងសួរប្អូន ˝ម្តេចក៏អូននិយាយយ៉ាងនេះ?˝។ ប្អូនឆ្លើយតបទៅនឹងបងថា ˝ខ្ញុំមានដៃពីរជើងពីរ
គំនិតមារយាទ ដូចអ្នកទាំងពួងដែរ˝។
˝ឱ! ប្អូនឯងគិតយ៉ាងហ្នឹង? ពិតមែនតែមានដៃពីរជើងពីរ
គំនិតមារយាទដូចអ្នកទាំងពួងមែនហើយ តែខ្លួនយើងនៅតូចណាស់
មិនអាចនឹងពុនរែក កាប់គាស់ លីសែងអ្វីបានឡើយ˝។
˝ឱ! បងអើយ សត្វចាបវាដែលទៅពុនរែក
លីសែងឯណាដែរទេ? ម្តេចក៏វាចិញ្ចឹមកូនវារស់
ហើយកូនវាទៀត ធំឡើងរកស៊ីដូចមេវាទៀតបាន ចុះបង
ម្តេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផង?˝។
˝ប្អូន! លាក់បាំងអី្វ!
កាលពីខ្មោចឪយើងនៅរស់នៅឡើយ គាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុច
ប៉ុន្តែបងមិនដឹងថាគាត់ធ្វើជុច យកទៅដាក់ត្រីយ៉ាងណាទេ បងចាំតែឆ្អិនតែនឹងញ៉ាំតែប៉ុណ្ពោះ។
ម្យ៉ាងទៀតកាលគាត់យករបស់អ្វីមកធ្វើជុច ក៏បងមិនចាំ
ហើយគាត់ធ្វើជុចនោះមានសណ្ឋានបែបណា ក៏បងមិនដឹងទាំងអស់ បើដូច្នោះ
ឲ្យបងធ្វើដូចម្តេចកើត មានតែការសំទានរកស៊ីឈ្នួលគេហ្នឹងហើយ
ដូចជាស្រួលគ្រាន់បើណាប្អូន! ណ្ហើយចុះ! កាត់កេរ្តិ៍ខ្មាសសិនទៅចុះ
ទម្រាំយើងធំល្មរកស៊ីខ្លួនឯងបាន!។
˝ទេ! បង ខ្ញុំមិនទៅសូមទានឬស៊ីឈ្នួលគេទេ
ខ្មាសគេណាស់ ពីព្រោះពូជយើងមិនដែលសុំទាន ឬស៊ីឈ្នួលគេបើទុកជាពីជីតាទួតលួតលាមក
ធ្លាប់សុំទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វតិរិច្ឆានក៏ដោយ
ខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវង្សត្រកូលនោះដែរ បង! ប្អូនគិតឃើញថា ˝កាលបើមានអ្នកសម្បុរសចិត្តល្អ ដាក់ទានឲ្យយើង ឬក៏បានទៅច្រកកោននឹងចៅហ្វាយនាយ
យើងក៏បានស្រួលបន្តិចទៅ តែបើប្រទះពារទៅលើអ្នកចិត្តតក់ម៉ក់អាក្រក់សំឡក់ភ្លែកស្លែ
ដូចភ្នែកមៀម គំហកគំរាមយើងដូចសត្វតិរិច្ឆាន តើយើងយកមុខទៅទុកឯណា?
ម្យ៉ាងទៀត អ្នកចិត្តល្អក្តី អ្នកចិត្តអាក្រក់ក្តី កាលគេហុចរបស់មកឲ្យយើងដោយដៃគេ
យើងយកដៃទៅទទួលទានគេ ចុះដៃជាដៃ ជើងជាជើង មាត់ជាមាត់
ដូចគ្នាទាំងអស់ ម្តេចក៏ដៃគេគ្មានសំពេះសុំអ្នកណា? មាត់គេមិនហានិយាយសុំអ្នកណា? អន់អ្វីតែដៃជើងមាត់យើងជាងគេម្ល៉េះ?
បងគិតមើលចុះ ប្អូនថាប៉ុណ្ណេះខុសឬត្រូវ?˝។
˝បើដូច្នោះ
ប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬ? ˝ បងសួរទៅប្អូនវិញ។
˝អើ! មិនអីទេបង! ប្អូនចាទាំងអស់ បងកុំព្រួយ!
កុំគិតទៅសូមទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើ វាថោកខ្លួនណាស់ យើងនេះមិនមែនជាសត្វតិរិច្ឆាន
គេវាយឯកើតវាយឯលិចដូចសុខនទេ។ ឪពុកគាត់ទុកកាំបិតព្រាឲ្យមួយដែរតើ!
យើងទៅព្រួយអ្វី សព្វបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹង។
˝អើ! បើយ៉ាងហ្នឹង ប្អូនគិតការងារឪពុកទៅចុះ។
ឯប្អូនជាក្មេងមានប្រាជ្ញា ក៏ធ្វើជុចកើត
យកទៅដាក់ត្រីបានដូចបំណង។ លុះថ្ងៃក្រោយកន្លងមកទៀត
ប្អូនអង្គុយគិតតែម្នាក់ឯង មិនចេញវាចាប្រាប់បងសោះថា ˝ឪពុកអញ
គាត់ចេះធ្វើជុចដាក់ត្រីប៉ុណ្ណោះ ឯសត្វឯទៀតៗ គាត់ដាក់ជុចមិនបានឃើញថា
ប្រាជ្ញាគាត់នៅខ្សោយណាស់ បើដូច្នោះ អញរកឧបាយនឹងធ្វើជុចដាក់សត្វម្រឹគ
មានសត្វជ្រូកព្រៃ ឈ្លូស រមាំងជាដើម។ លុះគិតឃើញដូច្នោះហើយ
ក៏និយាយប្រាប់បង ˝បង! យើងគិតទៅរកដាក់ជុចឯព្រៃវិញ
ក្រែងបានជាប់ជ្រូកព្រៃ ឈ្លូស រមាំង ជាសត្វធំៗ មានសាច់ច្រើន˝។ បងក៏សុខចិត្តតាមប្អូនទាំងអស់ ព្រោះយល់ឃើញថា
ប្អូនចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែន ហើយក៏បណ្តើរគ្នាពីរនាក់បងប្អូន
ចូលទៅក្នុងព្រៃស្រោងជាទីរហោស្ថាន។ ទៅដល់ពាក់កណ្តាលព្រៃ
បងស្រេកទឹកយ៉ាងខ្លាំង ក៏និយាយប្រាប់ប្អូនថា ˝ប្អូន!
បងស្រេកទឹកណាស់! រកទឹកឯណាផឹកបាន?˝។ ប្អូនឆ្លើយថា ˝កាលឪពុកយើងរស់នៅ បើដើរទៅទីណាដែលគ្មានទឹក
គាត់តែងជីដីត្រង់កន្លែងណាសើមៗ យូរៗទៅ ចេញទឹកបាន បើដូច្នេះ បងជីកលមើល!˝។
˝ជីកឯណាកើត បើអស់កម្លាំងយ៉ាងនេះ˝។
˝អើ! បើដូច្នោះ ចាំដើរទៅខាងមុខបន្តិចសិន
ក្រែងជួនប្រទះទឹក˝ ។ ដើរបានបន្តិចទៅ
ក៏ជួបប្រទះត្រពាំងមួយមានទឹកថ្លា ពាសពេញដោយផ្កាឈូកផ្លែឈូក
បងប្អូទាំងពីរនាក់ក៏នាំគ្នាងូតទឹក ផឹកទឹក បេះផ្លែឈូកបរិភោគតាមសប្បាយ
ហើយក៏នាំគ្នាទៅគេងនៅក្បែរមាត់ត្រពាំងនោះមួយស្របក់។ លុះមានកម្លាំងល្មមនឹងដើរទៅទៀតបាន
ក៏នាំបងប្អូនដើរទៅទៀត។ ទៅដល់ព្រៃធំមួយ ឈ្មោះព្រៃហិមពាន្ត
មិនដែលមានមនុស្សណាទៅដល់សោះ
បានឃើញពួកសត្វម្រឹគជាច្រើននៅអាស្រ័យក្នុងព្រៃនោះ ប្អូននិយាយនឹងបងថា៖
បង! យើងឈប់នៅក្នុងព្រៃនេះហើយ
មើលទៅព្រៃនេះសម្បូណ៌សត្វម្រឹគីម្រឹគាណាស់ យើងគិតធ្វើជាធ្នះមួយនៅលើចុងឈើ
ហើយខ្ញុំរកផ្តៅមកធ្វើជុចដាក់សត្វទាំងនោះ យកមកធ្វើជាចំណីអាហារ។
ប្អូនធ្វើធ្នះហើយ ឲ្យបងនៅអាស្រ័យលើធ្នះនោះទៅ
ខ្លួនទៅរកបោចផ្តៅ យកមកធ្វើជុចដាក់សត្វព្រៃ
រៀបធ្វើជាចំណារចារជុំវិញ ហើយទុកតែផ្លូវ១ ល្មមសត្វនោះដើរចូលបាន
ដូចជាធ្វើកន្លែងដាក់ត្រីដែរ។ ពេលនោះ មានជ្រូកព្រៃមួយដើរសំដៅពីនាយមក
ហាក់ដូចជាគ្មានកោតក្រែងដល់អ្វីសោះ ដើរមកតាមចន្លោះផ្លូវដែលកុមារនោះចារទុក។
វាទៅដល់ត្រង់កន្លែងដាក់ជុច ក៏ស្រាប់តែជាប់ក្នុងជុចរបស់កុមារ។
ជ្រូកនោះខំបម្រះននៀលរើយ៉ាងណាក៏មិនរួច
ជុចរឹតរួតជ្រូកព្រៃនោះយ៉ាងតឹង ស្ទើរតែដកដង្ហើមមិនរួច។
មិនយូរប៉ុន្មាន ជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅ។ កុមារទាំងពីរ
ឃើញជ្រូកព្រៃជាប់ជុចស្លាប់ដូច្នោះហើយ ក៏ត្រេកអរពេកណាស់
នាំគ្នាដោះអូសចេញពីជុច គិតយកមកអាំងឆ្អើរ ធ្វើជាអាហារបរិភោគ។
ជូនជាវេលានោះ ដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបង ក៏អស់ប្រឆេះរលីង
គ្មានអ្វីនឹងបង្កាត់អាំងឆ្អើរជ្រូក។ បងទាល់គំនិត
មិនដឹងគិតធ្វើយ៉ាងណា។ ឯប្អូនជាក្មេងមានគំនិត
បានដឹងជាក់ប្រាកដពីកាលឪពុកនៅ នាំចូលព្រៃ
បើគ្មានភ្លើងបង្កាត់ចម្អិនអ្វីៗ គាត់តែងទៅកាប់ឫស្សីស្ងួតមកកួតគ្នា
ឲ្យកើតជាភ្លើង ដុតអាំងបានតាមប្រាថ្នា ហើយបានចងចាំទុកក្នុងចិត្តរួចស្រេច។
វេលានោះ ប្អូននិយាយប្រាប់បងថា ˝កាលពីឪពុកយើងគាត់នៅ
បើគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីៗ គាត់គាប់ឫស្សីយកមកកួតគ្នា
ឲ្យកើតជាភ្លើងបាន បើដូច្នោះ បងទៅចាំសត្វក្នុងទីនេះចុះ
ខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកកួតធ្វើភ្លើងអាំងជ្រូក˝ ថាតែប៉ុណ្ណេះហើយ ប្អូនក៏ទៅរកកាប់ឫស្សីបានយកមកធ្វើតាមតម្រាឪពុកកើតមែន
អាំងឆ្អើរជ្រូកនោះទៅតាមបំណង ឆ្អិនបានបរិភោគក្នុងវេលានោះទៅ។
កុមារទាំងពីរនៅអាស្រ័យក្នុងព្រៃនោះអស់កាលជាយូរបានសេចក្តីសុខ សប្បាយ
រករស់តែនឹងដាក់ជុចសត្វព្រៃប៉ុណ្ណោះ។
ពួកសត្វដែលដើរមកជាប់ជុចកុមារទាំងពីរនោះ តាំងតែពីសត្វជ្រូកព្រៃ
រមាំង ឈ្លូស រហូតដល់ដំរីក៏មាន។
រាត្រីមួយ កុមារប្អូនបានឃើញដំរីស្តមួយយ៉ាងធំ
ដើរក្បែររធ្នះនោះ ក៏មានបំណងចង់ស៊ីសាច់ដំរី ទើបនិយាយប្រាប់បងថា ˝ខ្ញុំចង់ស៊ីសាច់ដំរីណាស់
ត្បិតមានដំរីស្តមួយយ៉ាងធំធាត់ ដើរមកក្បែរធ្នះយើងរាល់រាត្រី
ខ្ញុំគិតដាក់ជុចយកដំរីនេះឲ្យបាន˝។ បងនិយាយឃាត់ថា
˝ណ្ហើយប្អូន កុំអី ដំរីនេះធំណាស់
ប្អូនដាក់វាមិនជាប់ទេ ឬថា ប្រសិនជាវាដើរមកជាប់ជុចប្អូនហើយ
វាបម្រះត្រដររួចទៅនោះ វានឹងខឹង កាលបើវាខឹងហើយ
ថ្ងៃក្រោយវាមកព្រេចធ្នះយើង ល្អិតល្អោចខ្ទេចខ្ទី
ហើយវាជាន់សម្លាប់យើងពុំលែងឡើយ˝។ ˝ទេ មិនអីទេ បងកុំព្រួយ! នៅឲ្យតែស្ងៀមទៅចុះ
ចាំមើលខ្ញុំធ្វើជុចដាក់ដំរីនេះឲ្យទាល់តែបាន˝។
ប្អូនថាដូច្នោះហើយ ក៏រកកាប់ផ្តៅក្រែកយ៉ាងធំៗ យកមករែងធ្វើជុច
ដាក់ត្រង់កន្លែងដែលដំរីគោចរ។
ឯដំរីដែលដើរមកសព្វរាត្រី ឥតមានគិតក្រែងអ្វីសោះឡើយ
ដោយគិតថា ˝ព្រៃនេះ ស្រេចលើអញហើយ គ្មានអ្នកណាជាចំបងលើអញទៀតទេ˝ ក៏ដើរតម្រង់ត្រង់មកកន្លែងដែលកុមារដាក់ជុច
ស្រាប់តែចូលទៅក្នុងជុច ជាប់ខ្លួនចង្អៀតណែនក្តន់
ខំបម្រះននៀលស្រែករោទិ៍រំពងព្រៃធំយ៉ាងណាក៏មិនរួច មិនយូរប៉ុន្មានក៏ដាច់ខ្យល់ស្លាប់ទៅ។
កុមារទាំងពីរនាក់ បានឃើញដំរីជាប់ជុចស្លាប់ហើយ
បបូលបងប្អូនបំពក់ភ្លើងភ្នក់យ៉ាងធំ ដុតឆ្អើរដំរី ដើម្បីបរិភោគ។ នៅវេលានោះ
ក្លិយឈ្ងុយសាច់ដំរី ក៏សាយភាយរហូតដល់ភពជាទីអាស្រ័យនៃយក្ស
ដែលមានអំណាចគ្របសង្កត់ពួកយក្សឯទៀតៗ។ យក្សនោះលាន់មាត់ថា
ថ្ងៃនេះធុំក្លិនអ្វី ក៏ឈ្ងុយឈ្ងប់ម្ល៉េះ? មានអ្នកណាឆ្អើរសាច់ឯណាអេះ?
បើដូច្នេះ អញនឹងទៅរកមើល ក្រែងបានមួយចម្អែត
ពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់ ហើយដោយស្មានទៅប្រហែលជាច្រើនផង
បានជាធុំក្លិនសាយមកដល់ទីអញយ៉ាងនេះ។ អញទៅគំរាមយកស៊ីទាំងអស់
កុំឲ្យអ្នកឆ្អើនោះវាបានស៊ី˝ គិតដូច្នេះហើយ
ក៏ចាប់យកដំបងពេជ្រ គ្រវីហោះឡើងលើអាកាសវេហាស៍ ងាកមើលចុះឡើង
ឃើញផ្សេងហុយៗ ត្រង់ព្រៃធំ ក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះ
ក្រឡេកមើលទៅឃើញក្មេងតូចពីរនាក់កំពុងឆ្អើរដំរី គិតថា ˝ថ្ងៃនេះ ពេញជាមហាលាភហើយ បានទាំងចំណី បានទាំងម្ចាស់ បើដូច្នេះ
តើអញនឹងស៊ីដំរីមុន ឬស៊ីក្មេងមុនអេះ? បើស៊ីដំរីមុន
ក្រែងក្មេងនេះវាភ័យនឹងអញ រត់ពួនបាត់ទៅ ឥឡូវនឹងស៊ីក្មេង
គ្មានអ្វីគ្រាន់ធ្វើជាបង្អែម សម្រាប់លាងមាត់ពេលក្រោយ˝។ នៅទីបំផុតនោះ យក្សសម្រេចចិត្តថា ˝ណ្ហើយ!
អញស៊ីដំរីមុនចុះ ទុកក្មេងស៊ីក្រោយជាបង្អែមវិញ ទើបជ្រះមាត។ ក្មេងនេះ
វាមិនមែនរត់ពួនទៅឯណាឡើយ ទុកជាវារត់ពួនកន្លែងណាក៏មិនកំបាំងនឹងភ្នែកអញដែរ
វាមកពីស្រុកភូមិរបស់មនុស្សលោក ចូលមកដល់ព្រៃនេះហើយ
វារត់ទៅណានឹងរួច˝ ទើបយក្សចូលទៅគម្រាមកុមារដែលកំពុងឆ្អើរដំរីនោះថា៖
នែ៎! អាក្មេងច្រមក់! អាឯងមកពីណា? ដើរចេញឲ្យឆាប់។
ដោយសេចក្ដីភ័យខ្លាច កុមារទាំងពីរដើរចេញពីទីនោះទៅ។
ប៉ុន្តែ កុមារជាបងមានសេចក្តីភិតភ័យតក្កមា
ព្រោះខ្លួនស្គាល់ច្បាស់ជាយក្ស ហើយបានដឹងប្រាកដអំពីសម្នាក់ចាស់ៗ
គេនិយាយប្រាប់ថា ˝យក្សខ្លួនធំ មានចង្កូមពីរ
សម្រាប់ស៊ីមនុស្សលោក˝។ ដឹងដូច្នេះមែន តែមិនចេញវាចាប្រាប់ប្អូនឡើយ
។ ចំណែកខាងកុមារប្អូនគិតថា ˝មនុស្សនេះមកពីណា
រូបរាងធំគម្រាំង ធ្មេញធំៗ សស្ងាចប៉ុនៗចបកាប់ ភ្នែកឡើងក្រឡោតៗ ក្រហមត្លែត
ដូចភ្នែកអាអូត ស្បែកមុខឡើងគគ្រីតគគ្រាត ដូចស្បែកគីង្គក់ ដងខ្លួនដូចក្របីដេកភក់
សំឡេងឮគ្រក់ៗ ដូចជាទឹកដក់ក្នុងរន្ធឈើ ដុះពុកមាត់
ពុកចង្កាស្រមេមស្រមាម ដូចបីសាចរាជភូត។ អានេះប្រហែលជាមិនខ្លាចកោតញញើតចិត្តអញទេ
បានជាហ៊ានមកនិយាយកំហែងអញដូច្នេះ មិនអីទេ! អាឯងព្រហើនហ៊ានស៊ីដំរី˝។ កុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មាន
ទៅឈរមើលយក្សស៊ីដំរី តែក្នុងចិត្តនឹកខ្នាញ់ពេកណាស់ មិនទាន់ចេញស្តី
ថាដូចម្តេចៗឡើយ គ្រាន់តែនឹកក្នុងចិត្តប៉ុណ្ណោះ។ រំពេចនោះយក្សសួរថា ˝នៃអាក្មេង! អាឯងធ្វើដូចម្តេច បានជាបានដំរីនេះយកមកឆ្អើរ?˝។ ពេលនោះកុមារតូចបានឱកាស ក៏ឆ្លើយតបទៅយក្សវិញថា ˝ពូឯងសួរចង់ដឹងអ្វី? គិតតែបរិភោគទៅចុះ!
កុំចាំបាច់ដឹងហេតុការណ៍អ្វីឡើយ˝។
˝យើ! អាច្រមក់! ប្រាប់ឲ្យឆាប់ៗ
អញស៊ីអាឯងឥឡូវនេះហើយ˝ យក្សសួរគំរាមកុមារតូច។
អើ! ដំរីនេះ វាដើរមកជាប់ជុចខ្ញុំ˝ កុមារឆ្លើយតបទៅយក្ស។
យីអើ! អាឯងធ្វើជុចដូចម្តេចក៏ដាក់ដំរីបាន
អាឯងនិយាយកុហកទេឬ? ក្រែងដំរីវាស្លាប់ខ្លួនវាទេដឹង? ហើយអាឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅ មើលអាឯងនិយាយឲ្យត្រង់កុំហុក
តែកុហក អញស៊ីឯងឥឡូវនេះមិនខាន˝។
ខ្ញុំមិនចេះនិយាយកុហកទេ ពូឯងមើលចុះ!
ជុចខ្ញុំនៅឯណោះហ្ន៎។
˝ប្រាកដជាអាឯងដាក់ជុចដំរីនេះបានមែន?˝ យក្សសួរសង្កត់ទៅកុមារ។
˝មែន˝ កុមារឆ្លើយតបយ៉ាងយកជុចមកហើយប្រាប់យក្សថា៖
˝ពូឯងចងដឹង ចូលទៅក្នុងជុចខ្ញុំលងមើល!˝។
ដោយហេតុតែការមើលងាយថា ˝សព្វបើជុចសរសៃរ៉ើងៗប៉ុណ្ណោះ
អញគ្រាន់តែកម្រើក ក៏ដាច់ខ្ទេចខ្ទីដែរ˝។ ថាហើយ យក្សក៏ត្បុលក្បាលចូលទៅក្នុងជុច
ផុតដៃផុតជើងទាំងអស់ ស្រាប់តែជុចរឹតរួតតឹងខ្លួនដូចគេចាក់ស្រែះ
បម្រះននៀលបាក់ឈើព្រៃល្អឹតល្អោច ស្រែកទ្រហោរំពងព្រៃ ឫទ្ធិយក្សដែលធ្លាប់ពូកែយ៉ាងណា
ក៏ប្រមូលយកមកអស់ ថែមទាំងនឹកសូធ្យមន្តរបៀនសិល្បសាស្រ្ត
ដែលធ្លាប់ចេះធ្លាប់រៀនមកទាំងប៉ុន្មាន ក៏នៅតែរើមិនរួចពីជុចនោះ ថែមទាំងរឹតតែតឹងឡើងៗ
ស្ទើរនឹងដាច់ខ្យល់រកតែស្តីនិយាយស្ទើរតែមិនរួច។ ទើបយក្សដឹងថា˝ជុចក្មេងនេះពូកែមែន
បើអញមិននិយាយអង្វរឲ្យវាស្រាយជុចនេះចេញទេ នឹងស្លាប់អសារឥតការមិនខាន˝
ទើបយក្សនិយាយអង្វរកុមារថា៖
ឱលោកអើយ! កាលពីដើម ខ្ញុំមើលងាយជុចលោកដោយ គិតឃើញថា
មើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះ ហេតុតែសេចក្តីមើលងាយនេះហើយ
បានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះ ហេតុនេះ សូមលោកអាណិតខ្ញុំម្តងទៅណា៎
ខុសម្តងឆ្គងមួយថ្ងៃ សូមលោកអធ្យាស្រ័យឲ្យតែរស់ជីវិត
កុំឲ្យតែខ្ញុំស្លាប់។
ឯកុមារ មានកាំបិតនៅដៃ បានឃើញយក្សបម្រះននៀលមិនរួចអំពីជុចរបស់ខ្លួនហើយ
ថែមទាំងឮនិយាយអង្វរទៀត ក៏តទៅនឹងយក្សវិញថា ˝ម៉េចអាឯងជឿអញទេ?
ឥឡូវ មកធ្វើជានិយាយអង្វរ ឯសាច់ដំរីអញ ឯងស៊ីអស់
ហើយគិតនឹងស៊ីអញទៀត អាឯងថ្លើមធំណាស់ អញមិនយកអង្វរអាឯងទេ ល្ងាចនេះ
អញគ្មានអ្វីស៊ីសោះ ម្តងនេះអញស៊ីថ្លើមអាឯងហើយ ចុះមកបង!
ទៅរកកាប់ឫស្សីមកធ្វើត្រណោត ដោតថើ្លមអាខូចនេះអាំងស៊ី។
បងក៏ចុះពីធ្នះមកទាំអរភ័យញញីញញ័រដល់មកជិតប្អូនឃើញយក្សគួរសម្បើម
ក៏រឹងរឹតតែញាប់ញ័រ ។ ប្អូននិយាយថា ˝ឈប់បង!
កុំញ័រចង់ស៊ីសាច់វាពេក ឈប់សិន! ចាំឆ្អិនសិន ហ៎! ញ័រចង់អ្វីទៀតហើយ!
កុំញ័រអ្វីពេក ហើយស៊ីឆៅមិនឆ្ងាញ់ទេ ហើមពោះពុងណា៎បង!˝ ។ យក្សឮសម្តីកុមារនិយាយនឹងបងដូច្នោះហើយ
រឹងរឹតតែភិតភ័យស្លុតព្រលឹង ហើយនិយាយអង្វរកុមារទៀតថា ˝ឱលោកម្ចាស់ថ្លៃអើយ! សូមលោកអាណិតខ្ញុំ យកតែបុណ្យម្តងទៅចុះ,
ខ្ញុំនឹងជូនកន្លែងបក់កន្សែងបោយមយួ
ឲ្យតែលោកលែងខ្ញុំឲ្យបានរស់មានជីវិត ត្បិតខ្ញុំជាស្តេចយក្ស
គ្រប់គ្រងអាណាប្រជានុរាស្រ្ត
បើលោកឲ្យខ្ញុំស្លាប់ទៅសមជាស្រុកទេសរបស់ខ្ញុំអន្តរធានមិនខាន
ទាំងកូនប្រពន្ធខ្ញុំទឪត ក៏ពុំមានទីពឹង˝។
កុមារប្អូនសួរបញ្ជាក់យក្សថា ˝ចុះឯងឲ្យកន្សែងបក់កន្លែងបោយដល់យើង
កន្លែងនោះ បើបក់បោយទៅ អាចឲ្យសម្រេចប្រយោជន៍ដូចម្តេចខ្លះ?˝ ។ ˝តាមតែលោកចង់បានអ្វី បក់មក
បានតាមប្រាថ្នា បើចង់ឲ្យបាត់ទៅវិញ គ្រាន់តែបោយថា ទៅវិញចុះ
ក៏ស្រាប់តែបាត់អស់រលីង˝។ ˝ប្រាកដជាឯងឲ្យយើងមែនឬ?˝
។ ˝មែន˝។ ˝ក្រែងកុហកអញទេដឹង?˝ ។ ˝មិនកុហកទេលោក˝។ ˝បើកុហក តើឲ្យយើងធ្វើដូចម្តេច? យើងមិនទុកចិត្តទេ ពីព្រោះឯងជាស្តេចសោយរាជ្យ
ក្រែងរួចពីកណ្តាប់ដៃយើងទៅ បបួលរេហ៍ពលមកច្បាំងនឹងយើងវិញ? បង! យកកាំបិតមកពន្លះសាច់វា អាំងស៊ីសម្រន់សេចក្តីឃ្លាន១ស្របក់
សិន˝។ បងនោះនៅតែមិនទាន់បាត់ភ័យនឹងយក្ស។
យក្សឮកុមារតូចឲ្យបងយកកាំបិត
មកពន្លះសាច់ខ្លួនដូច្នោះ ក៏ញាប់ញ័រស្ទើរបាត់ស្មារតី
ហើយនិយាយអង្វរកុមារនោះទៀតថា ˝សូមលោកទុកតែជីវិតឲ្យចុះ
ខ្ញុំនឹងប្រគល់រាជ្យទាំងអស់ព្រមទាំងស្រុកសួយទាំងអម្បាលម៉ាន
ជូនលោកទៀត ខ្ញុំសូមរួចតែខ្លួននឹងភរិយាបុត្រីបុត្រា
ហើយនៅធ្វើជាសេនារក្សាលោកទៀត˝។
កុមារប្អូនក៏សួរបញ្ជាក់យក្សថា ˝បើឯងនិយាយទៀតត្រង់មែន
ណ្ហើយ! យើងអត់ទោសឲ្យបាន តែយើងមិនដឹងជាឯងស្តេចសោយរាច្យនៅនគរណា
ចុះធ្វើម្តេចឲ្យយើងទៅតាមយកនគរឯងបាន?˝។ ˝ឱលោក មិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេ
ឲ្យតែលោកលែងខ្ញុំចុះ
ខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់ទៅរនគរខ្ញុំឯណោះ˝។ ˝ឯងធ្វើតម្រុយបែបណា? ˝។ ខ្ញុំកាច់មែកឈើសស់បោះហែៗ តាមផ្លូវទៅកាលបើលោកអញ្ជើញទៅ
សូមទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះ˝។
កុមារទាំងពីរ ក៏ព្រមដោះយកចេញពីជុច។ ឯយក្សបានរួចខ្លួនពីជុចហើយ
ក៏ក្រាបថ្វាយបង្គំកុមារទាំងពីរ ដើរទៅនគរខ្លួនវិញ ហើយកាច់មែកឈើជាតម្រុយ
ដើម្បីជាទីសម្គាល់ដល់កុមារទាំងពីរប្រាណ ឥតមានកុហកភូតភរអ្វីឡើយ
លុះដល់ទៅនគរហើយចូលទៅនិយាយប្រាប់ពួកពលសេនាយោធាទាហាន ដេលនៅចាំទ្វារទាំង៧ជាន់ថា
˝នែវ៉ីយ! ថ្ងៃស្អែកនេះមានក្មេងតូចៗពីរនាក់
ជាក្មេងមនុស្សលោក មកដណ្តើមរាជ្យអញ បើឯងឃើញវាមកហើយ
ត្រូវឃាត់កុំឲ្យវាចូល តែកុំធ្វើទុកបុកម្នេញវាឡើយ
គ្រាន់តែស្រែកឃាត់ប៉ុណ្ណោះបានហើយ ពីព្រោះក្មេងនោះពូកែណាស់ សូម្បីអញដែលមានឫទ្ធិមានអំណាចច្បាំងដណ្តើមយកនគរឯទៀតៗបាន
មកធ្វើជាប្រទេសរាជទាំងប៉ុន្មាន
ក៏វាដាក់ជុចអញជាប់ស្ទើរតែនឹងស្លាប់អសារឥតការ តែពួកឯងរាល់គ្នាឃាត់វាល្បងមើលសិនចុះបើវាមិនខ្លាចទេ
បើកផ្លូវឲ្យវាចូលមកចុះ˝។
យក្សបានប្រាប់គ្រប់សេនាអ្នកចាក្លោងទ្វារទាំង៧ជាន់សព្វគ្រប់ហើយ
ក៏ចូលទៅក្នុងប្រាសាទ សម្ងំដេកលក់ ស្រមុកកក្រើកប្រឹថពី។
ឯកុមារបងប្អូនទាំងពីរនាក់
ក៏បណ្តើរគ្នាទៅនគរយក្សតាមតម្រុយមែកឈើ
លុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមួយកង
ដែលនៅចាំក្លោងទ្វារទី៧ នោះកុមារបង កាលបានឃើញយក្សច្រើនដល់ម្ល៉ោះ
ក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតី ប្អូននិយាយកម្លាបងឡើងថា ˝នែបង!
កុំញ័រចង់ពេក! ឈប់! កុំអាលចង់ចាប់កាប់ធ្វើបាបវា ឈប់ៗ កុំៗ យើបង!
ស្ទើរតែឃាត់មិនឈ្នះណ្ហើយ កុំញ័រចង់ពេក វាខ្លាចបងឯងហើយ˝ ។ ពួកទាហាន យក្សបានឮកុមារនិយាយដូច្នោះ ក៏ខ្លាចរួញខ្លួន
ឥតហ៊ានមាត់កអ្វីសោះ
បើកផ្លូវឲ្យកុមារទៅដោយស្រួយរហូតដល់ទៅទ្វារក្នុងគម្រប់៧ជាន់
យក្សខ្លាចទាំងអស់។ ទើបនាំបងប្អូនឡើងទៅលើប្រាសាទយក្ស ឃើញយក្សកំពុងដេកស្រមុកខ្ទ័រប្រាសាទ
ឃើញពួកស្រីស្នំកំពុងតែអង្គុយបក់ខាងស្តាំមួយរយ ខាងធ្វេងមួយរយ។
ឯបងឃើញយក្សច្រើនសម្បើមណាស់ពេក ក៏ភ័យស្លុតស្មារតី ប្អូនស្រែកហៅយក្សថា
˝នែ! អានេះក្រោកឡើង! អញមកដល់ហើយដេកដល់ណាទៀត˝។ យក្សឮសំឡេងកុមារតូចស្រែកហៅខ្លួន ដែលកំពុងដេកលក់ដូច្នោះ
ក៏ភ្ញាក់ដឹងខ្លួនឡើង ក្រឡេកមើលទៅ ស្គាល់ជាក់ជាកុមារម្ចាស់ជុច
ក៏ភិតភ័យមហិមា ស្ទុះមកម្នីម្នាក្រាបថ្វាយបង្គំកុមារតូចទាំងពីរ
ហើយប្រាប់ពួកស្រីស្នំដែលកំពុងអង្គុយគាល់ ប្រើអមាត្យឲ្យហៅពួកសេនាបតី
នាហ្មឺនមុខមន្រ្តី ព្រាហ្មព្រឹទ្ធ បុរោហិត បណ្ឌិតកវី ឲ្យចូលមកក្នុងបុរីយ៉ាងឆាប់វៃៗ
។ លុះពួករាជសេវកាមាត្យមកជួបជុំគ្នាសព្វគ្រប់ហើយ យក្សស្រែកប្រកាសថា ˝អ្នករាល់គ្នាចូរក្រាបថ្វាយបង្គំស្តេចមនុស្សទាំងពីរនាក់នេះ
ហើយត្រូវគោរពកោតខ្លាចយកចិត្តតុកដាក់ឲ្យដូចជាខ្លួនអញ
ត្បិតអញប្រគល់រាជ្យ ឲ្យស្តេចមនុស្សលោកនេះសោយហើយ។
អញសូមរួចតែខ្លួនប៉ុណ្ណោះទេ ឯអ្នកទាំងអស់ត្រូវនៅជ្រកក្រោមម្លប់បុណ្យស្តេចមនុស្សលោកនេះចុះ˝។ ពួករាជសេវកាមាត្យទាំងអស់
ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នា ឥតមាននរណាមួយ
ហ៊ាននិយាយថាដូចម្តេចឡើយ។ យក្សក៏បានរៀបពិធីអភិសេកជាឯកមង្គល
ប្រជុំពួកពលយោធាជាអនេកប្រការ ហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសី។
ប៉ុន្តែកុមារប្អូនមិនសោយរាជ្យខ្លួនឯងទេ ឲ្យបងសោយរាជ្យវិញ
ព្រោះយល់ឃើញថា បងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួន។ កុមារទាំងពីរ
សឹងនៅជាសុខសប្បាយក្នុងនគរយក្សនោះ រហូតអវសានកាលទៅហោង ៕
No comments:
Post a Comment