រឿងចចក



កាលពីព្រេងនាយមានចចកត្រោសធំមួយ។ ដល់ខែរំហើយ វាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស បង្កងក្តាមយ៉ាងច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអរ គិតថា «ថៃ្ងនេះអញមានលាភធំណាស់ ជាលាភចំឡែកជាងសព្វដង»។ ឯកំពឹសមានប្រាជ្ញា លឺចចកថា​ដូចេ្នះហើយ ក៏និយាយលួងលោមចចកថា «យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងហើយ ប៉ុនែ្តយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»
ចចកសួរវិញថា «ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា
កំពឹសថា « បងចចកឯងត្រូវយកពួកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ី ទើបឆ្ងាញ់ពិសា»
ចចកថា «ធើ្វដូចមេ្តចនឺងយកទៅលាងទឹកបានបើច្រើនដល់ម្ល៉េះ
កំពឹសថា «បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យ បងឯងបានស្រួល ប៉ុនែ្តត្រូវបងឯងតាមខ្ញុំ»
ចចកតបថា «ឯងប្រាប់ដូចមេ្តច ក៏ខ្ញុំតាមទាំងអស់»
កំពឹសថា «បើដូចេ្នះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯង​ បងនាំយើងទៅរកស្ទឹងបឹងបួរ ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ»
ឯចចក ជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស កំពឹសនិងត្រីបបួលគ្នា ខាំតោងរោមចចកទៅ។ លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹក អស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងព្រោង ហើយប្រាប់ទៅចចកថា «បងចចកឯង ទៅជញ្ជូនមកឲ្យអស់សិន សឹមមកស៊ីឲ្យឆែ្អតតែម្តង យើងនៅចាំបងនៅទីនេះ»។ ចចកក៏ទៅជញ្ចូនត្រីនឹងកំពឹសមក​លុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី ក្តាម ខ្យង ដឹងថាចចកជញ្ចូនអស់ហើយនាំគ្នា ជ្រមុជចូលទៅក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹស បពោ្ឆតដូចេ្នះខឹងណាស់ ដើរទៅបបួលអស់សត្វធំតូច ដំរី រមាសខ្លា គ្រប់សត្វទាំងពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង នឹងចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់។ ចចកបានឲ្យពស់ថ្លាន់ធើ្វទំនប់ទឹក។ អស់សត្វឯទៀតក៏បបួលគ្នាបាច សត្វក្នុងបឹងដឹងថា ចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា «ឮគេនិយាយថា បងសុភាទន្សាយជាអ្នកមានប្រាជ្ញា ​ចេះដោះទុក្ខមនុស្សសត្វផងទាំងពួង។ បើដូចេ្នះ ខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខអស់យើង»
ពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថៃ្ងកៀ្រមស្រកាអស់។ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា «បងត្រីក្រាញ់ទៅណា?»​ ត្រីក្រាញ់ឃើញសុភាទន្សាយហើយ មានចិត្តត្រេកអរណាស់និយាយអង្វរថា «បងសុភាទន្សាយអាណិត ដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើឲ្យខ្ញុំ អញ្ជើញបងសុភាទៅ ដ្បិតទាំឮងមនុស្សនិយាយថា បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេ បើអ្នកឯណាកើតទុក្ខ បងតែងទៅជួយដោះទុក្ខគេមិនដែលខាន។ ឥឡូវមាន ដំរី ក្របី គោ រមាស រមាំង ជ្រូក ពស់ធំតូច ទាំងសត្វហើ មានកុក ក្រៀល ចង្ក្រៀលខ្យង ទុង ទោម កែ្អកទឹក ប្រវឹក ស្មោញ ទាំងប៉ុន្មាន បានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនឹងចាប់អស់ត្រី អណ្តើក កន្ធាយ ស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះ។ បើដូចេ្នះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនឲ្យបានរួចពីភ័យម្តងនេះ និងបានល្បីកេរ្តិ៏ឈ្មោះតទៅ។ អស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភេ្លចគុណដ៏រាបអស់ជីវិត»។ ឯទន្សាយលឺត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា »បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំឲ្យភ័យភិតចាំជួយដោះឲ្យរួចកុំបារម្ភឡើយ»
ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ។ ឯទន្សាយលុះព្រឹកព្រហ៊ាមឡើងទៅមាត់បឹងទៅឃើញអស់សត្វកំពុងតែបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រហើយស្រែកហៅ​អស់សត្វទាំងនោះថា «នែ! បងប្អូនទាំងអស់គ្នា ចាំស្តាប់ខ្ញុំ។ ដ្បិតព្រហ្មឥន្រ្ទឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា ព្រះឥន្រ្ទលោកនិងមកកាច់ជើងត្រុំ ប្រមុំជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស» អស់សត្វលឺថា សំបុត្រព្រះឥន្រ្ទដូច្នោះ ភ័យណាស់ផ្អើល ជាន់លើគ្នា ដំរី ក្របី រមាស រមាំង ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់ ដាច់ខ្លួនជាពីរបីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់។ សត្វទាំងនោះក៏ជាចំណីត្រីវិញ។ តាំងអំពីថៃ្ងនោះមក អស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយសុភាទន្សាយជាគ្រូបាអាចារ្យ ជាគ្រូបាអាចារ្យទាំងអស់គ្នា៕




No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...