ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន
ដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជាមួយក្នុងផ្ទះ ស្ទើរតែសព្វថ្ងៃ។
ថ្ងៃមួយប្ដីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នកតាមួយ។
ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី
រៀបស្រេចហើយក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។
ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ។
ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា «ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត
សូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូកមួយ។ ប្ដីលឺដូច្នោះ
ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា « អើបើនាងមានសាហាយ
ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប
ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ» មេនោះលឺដូច្នោះស្មានថា
អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី
ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ។
លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «កេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក»
ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកអោយប្ដីស៊ី
ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន
ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ
មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ។
អ្នកទាំងពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមកប្រាប់ថា «រងារណាស់»។
ឯបុរសសាហាយឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយ
នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត។
ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា «រងារណាស់ ឯងដាំទឹកអោយគ្នាមុជបន្តិច នឹងអាលស្លាប់» មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង
ពាក្យដែលទៅបន់អ្នកតា។ លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាត់បាន
១ក្អមមក យកមកលាយ នឹងទឹកក្ដៅនេះ»។ ប្រពន្ធលឺប្ដីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹក។
ប្ដីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើង
ដើរទៅលើកទឹកពុះ១ខ្ទះនោះយកទៅស្រោចលើសាហាយនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។
មេនោះវិលពីដងទឹកវិញ
មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកកចេញពីពាងមកក៏អោនខ្សឹបថា«ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ»។ អានោះនៅឆ្ងក់ដដែល
មេនោះយកដៃទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់
ទើបដឹងថាប្ដីស្រេចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដីយកគ្របពាងមកគ្រប
ហើយយកទឹកមកអោយប្ដីងូត។ ឯប្ដីក៏មិនស្ដីទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើហើយ
ហើយហៅប្រពន្ធចូលដេកទៅ។
លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេច
នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹងឃើញថា «ក្នុងស្រុកនេះមានចោរបួននាក់តែងតែលបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃ គ្រប់ភូមិ
ដូច្នេះអញនឹងគិតអោយចោរទាំងបួននាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃអោយបាន»
គិតហើយក៏ដើរខ្ចីសំពត់ហូលអាវព្រែគេយកមកហាលជុំផ្ទះ។ ឯចោរទាំងបួននាក់នោះឃើញហើយគិតថា
«ជើ !មេនេះមានណាស់តើ !យប់នេះ យើង នឹងទៅលួចវាអោយបានកុំខានសព្វថ្ងៃយើងស្មានតែវាក្រ»។
មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយយកខ្សែចងរិតរួចពាង
ខ្មោចនោះអោយជាប់ទុកអោយចោរចូលមកសែងយកទៅ។ ឯចោរបួននាក់ លុះយប់ក៏បបួលគ្នាទៅលួច
ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយចងមាត់ចាប់បើកពុំរួច។ ចោរទាំងបួននាក់និយាយគ្នាថា
«របស់អស់នេះវាដាក់ក្នុងពាងនេះហើយ
បើដូច្នេះយើងត្រូវសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។
អាមួយលូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រ ដកដៃចេញ។ អាមួយលូកដៃទៅត្រូវស្លឹកត្រចៀក
ត្រូវភ្នែក ច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ។ អាមួយមិនជឿក៏ល្អដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែន
ក៏ស្ទុះរត់ចោល ហើយខឹងណាស់ថា ត្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបាន។ ចោរទាំង ៤
នាក់គិតគ្នាថា « យើងឃ្លាំមើលមេនោះ
បើឃើញវាដើរម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាយអោយវារាង កុំអោយវាបញ្ឆោតយើងទៀត។
ចួនជាថ្ងៃមួយ មេនោះចុះទៅរកទិញអីវ៉ាន់
ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ។ មេនោះដើរដល់ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំងបួននាក់នេះ
ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរ
ត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះមក ! អញ្ជើញទៅ
នឹងខ្ញុំៗ ទារប្រាក់បានចែកគ្នាចាយលេង»។
ចោរទាំងបួននាក់លឺថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។
មេនោះផ្ដាំចោរទាំងបួននាក់ថា «អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ
បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅចុះ បានប្រាក់ហើយ»។
មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោរទាំង ៤ នាក់
វាថាចោរនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថា «នុ៎ះហ្ន៎ !
វាទាំង ៤ នាក់បើវាចុះមក ខ្ញុំឡើងទៅលើគោក
សូមអ្នកចាប់វាដាក់ច្រវាក់អោយជាប់ទៅ កុំអោយវារត់រួចបាន»។
នាយសំពៅព្រមហើយសួរថា «ខ្ញុំនាងអែងទាំងបួននាក់លក់ថ្លៃប៉ុន្មាន?»។ មេនោះថា«ម្នាក់ថ្លៃពីរណែន»។ នាយសំពៅអោយមួយណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង បួននាក់។
ចោរទាំងបួននាក់គិតស្មានថាវាហៅអោយទៅយកប្រាក់ក៏នាំគ្នាចុះទៅ
ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សអោយចាស់ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា។
មេនោះក៏យកប្រាក់ឡើងមកបាត់។
បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ
ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះ។
ឯចោរ ៤នាក់នាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថា «ជើ ! មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើងសែងខ្មោចទៅចោលក្នុងព្រៃ
ហើយឥលូវវាលក់យើងបានទៀត»។
ចោរទាំង៤នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះ
ចួនជាយប់យូរណាស់ក៏នាំគ្នាឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក។
ចោរបីនាក់ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ។ អាចោរនោះថា « អើហងឯងស្លាប់ហើយម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើងឥលូវហងឯងរត់ចុះបើរួច។
មេនោះលើកប្រាក់បង្ហាញហើយខ្សឹបថា «ណ្ហើយអ្នកកុំស្ដី
កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នាជាប្ដីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង
អ្នកកុំធ្វើបាបខ្ញុំធ្វើអី»។ អាចោរដូច្នេះក៏មិន
ស្ដីខិតចូលទៅជិតលូកដៃអោបកៀកមេនោះថា «អើ ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ
ឥលូវបងបាននាងជាប្រពន្ធដោយសារព្រេងសំណាងយើង» និយាយហើយក៏អោបថើបៗ។
មេនោះពុំប្រកែកហើយថា «ខ្ញុំក្រែងអ្នកស្រលាញ់ខ្ញុំមិនស្មោះ
ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។ អាចោរនោះថា «បងស្រលាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់អោយបងស្បថរឺអោយបងធ្វើម្ដេច?»។ មេនោះថា «បើស្រលាញ់ចិត្តមួយនឹងគ្នា
មានតែលិទ្ធអណ្ដាតគ្នា » ទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចោរនោះ។
ឯអាចោរលិទ្ធអណ្ដាតមេនោះហើយលៀនអណ្ដាតអោយមេនោះលិទ្ធវិញ។
មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់
ហើយច្រានទំលាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកលឺតែឡុលៗ។
ឯចោរ៣នាក់គិតស្មានថានាយសំពៅចោមចាប់ ក៏លោតពីរមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ » ។
អាចោរដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថា «មេនោះ
នៅលើចុងឈើត្រូវមកចាប់ » ប៉ុន្ដែវាដាច់អណ្ដាតនិយាយមិនច្បាស់លឺតែឡុលៗ
គ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាសអាយុរៀងៗខ្លួន។
ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី
នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយទៅ។
No comments:
Post a Comment