មាននិទានមួយថា
សត្វដង្កូវកំពុងស៊ីស្លឹកឈើ
មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ។ ក្អែកថា “ពេលនេះ
មានលាភបានដង្កូវស៊ី“ ក៏ហើរទៅជិតដង្កូវ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា
“ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅ
នឹងចឹកអញស៊ីឥឡូវហើយ“។ ដង្កូវសួរក្អែកថា “មករកអ្វី?“ ក្អែកប្រាប់ទៅដង្កូវវិញថា “អញមកស៊ីដង្កូវឯង“។ ដង្កូវថា “លុះតែក្អែកឯង រកប្រស្នាអញឃើញទើបស៊ីអញបាន បើរកប្រស្នាអញមិនឃើញ
ស៊ីអញមិនបានទេ“។ ក្អែកសួរថា “ប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ“។ ដង្កូវសួរទៅក្អែក ដូចមានតទៅនេះ៖
១. ដូចម្ដេច ដែលគេហៅថា
ផ្អែមជាងគេបំផុត?
២. ដូចម្ដេច
ដែលគេហៅថា ជូរចត់ជាងគេបំផុត?
៣. ដូចម្ដេច ដែលគេហៅថា
ស្អុយជាងគេបំផុត?
៤. ដូចម្ដេច ដែលគេហៅថា
ក្រអូបជាងគេបំផុត?
កាលបើក្អែក
បានឮដង្កូវសួរប្រស្នាទាំងបួនបទនេះហើយ មានសេចក្ដីត្រេកអរជាទីបំផុត
ក៏ស្រែកហ៊ោកញ្រ្ជៀវលេង ដោយគិតថា “ប្រស្នាដង្កូវទាំងបួនបទនេះ
អញមុខជារកឃើញឥឡូវហើយ នឹងបានស៊ីដង្កូវនេះមិនខាន“ ទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះ៖
១. ដែលគេហៅថាផ្ងែមនោះ
គឺមានស្ករ និងឃ្មុំ ផ្អែមជាងអ្វីទាំងពួង។
២. ដែលគេហៅថាជូរចត់នោះ
គឺមានម្ជូរក្រូចឆ្មារ អម្ពិល ម្ជូរសណ្ដាន់ ម្ជូរក្រសាំង និងទឹកខ្មេះ។
៣. ដែលគេហៅថាស្អុយជាងគេនោះ
គឺអាចម៍ និងគម្រង់ខ្មោចសត្វទាំងពួង។
៤. ដែលគេហៅថា
ក្រអូបជាងគេនោះ គឺផ្ការំដួល ផ្កាម្លិះ និងទឹកអប់ជាដើម។
ក្អែកបានដោះស្រាយប្រស្នាទាំង៤បទនេះ
ប្រាប់ទៅដង្កូវ។ ដង្កូវថា ˝ក្អែក ដោះប្រស្នានេះ មិនត្រូវទេ˝។ ក្អែកក៏ដាក់មុខស្រងូត និយាយទៅដង្កូវវិញថា ˝បើដង្កូវឯងថាខុស
សុំឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផង˝។
ដង្កូវប្រាប់ទៅក្អែកវិញថា ˝ប្រាប់បាន
តែក្អែកឯងកុំស៊ីអញទើបអញប្រាប់˝។ ក្អែកថា ˝ឲ្យតែប្រាប់ចុះ អញមិនស៊ីដង្កូវឯងទេ˝។
លុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងហ្នឹងហើយ ដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែក
ដូចមានពាក្យតទៅនេះ៖
១. ដែលគេហៅថា ផ្អែមនោះ មិនមែនផ្អែមស្ករទឹកឃ្មុំនោះទេ
គឺផ្អែមពាក្យសម្ដី ដែលនិយាយទៅមករកគ្នា
ដោយពាក្យពិរោះស្មោះត្រង់រកគ្នា, នេះហើយហៅថា
ផ្អែមជាទីបំផុត។
២. ដែលគេហៅថា ជូរចត់នោះ
មិនមែនជូរចត់ អម្ពិល សណ្ដាន់ ក្រូចឆ្មារ ទឹកខ្មេះនោះទេ គឺពាក្យផរុសវាចា
ឃោរឃៅ ឥតគួរ ឥតសម ដែលនិយាយកាន់គ្នាទៅវិញទៅមក នេះហើយហៅថា ជូរចត់លើសជូរចត់អ្វីទាំងពួង។
៣. ដែលគេហៅថា ស្អុយនោះ
មិនមែនស្អុយអាចម៍ ឬស្អុយគម្រង់នោះទេ គឺស្អុយកេរ្ត៍ ស្អុយឈ្មោះ
ដែលប្រព្រឹត្តអាក្រក់ក្នុងលោក , នេះហើយហៅថា ˝ស្អុយច្រាសខ្យល់˝។
៤. ដែលគេហៅថា
ក្រអូបនោះ គឺមិនមែនក្រអូបក្លិនផ្កា ឬទឹកអប់នោះទេ
គឺក្រអូបកេរ្ត៍ឈ្មោះ ដែលប្រតិបត្តិល្អ, នេះហើយហៅថា
˝ក្រអូបជាងគ្រឿងក្រអូបទាំងពួង˝។
ក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយ
ក៏ព្រមឈប់ស៊ីដង្កូវទៅ៕
No comments:
Post a Comment