មានសេចក្តីតំណាលថា មានឈ្មួញសំពៅ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ។
លុះទៅដល់កោះមួយនោះ ជួនជាល្ងាចនិងធ្វើដំណើរទៅមុខទៀតក៏ស្ទើរ
ទើបនាំគ្នាចូលចតសំពៅនៅទីនោះ។
កោះនោះជាកោះដាច់ស្រយាលឥតមានមនុស្សនៅទេ
ហើយពេលយប់តែងតែមានពួកប្រេតនាំគ្នាដើរមករកស៊ី។
ពួកប្រេតទាំងនោះ លុះដើរក្រវែលរកអាហារ
ឃើញមនុស្សដេកក្នុងសំពៅ ក៏ចាប់មនុស្សកំពុងដេកលក់យកទៅឱ្យចៅហ្វាយវាខ្លះ
គិតនឹងហែកស៊ីខ្លះ ។ ពួកមនុស្សដេកលក់ដោយសារសំឡេងប្រេតនិយាយគ្នា
ក៏ភ្ញាក់ឡើងភ័យស្លុត យំសោកទ្រហឹង ខំអង្វរករដូចម្តេចក៏ពួកវាពុំព្រម
ហើយគិតតែពីចាប់នាំទៅប្រគល់ឱ្យចៅហ្វាយនាយវា។
សម្រែកយំសោកបណ្តាលឱ្យផ្អើលមនុស្សអស់ទាំង៥០០សំពៅ។
ពេលនោះនាយសំពៅម្នាក់ជាអ្នកឈ្លាសវៃនឹកឃើញថា «បើទោះជាត្រូវស្លាប់ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ាឱ្យអស់ចិត្តសិន
មិនត្រូវឱ្យគេផ្តាច់ជីវិត ទទេៗឡើយ»។
គិតហើយក៏តាំងស្មារតីអង់អាចនិយាយទៅកាន់ស្តេចប្រេត
សូមឱ្យលែងពួកខ្លួន តែស្តេចប្រេតនោះឆ្លើយថា «យើងនឹងលែងពួកឯងទៅវិញមិនបានទេ
ព្រោះពួកយើងស្រេកឃ្លានណាស់…យ៉ាងនេះម្តង បើលែងពួកអ្នកឯងទៅ
មិនដឹងជាកាលណានឹងបានទៀតទេ ពួកយើងខ្សត់អាហារណាស !» ។
នាយឈ្មួញអង្វរថា ៖
-សុំលោកលែងពួកយើងទាំងអស់វិញចុះ យើងសន្យាថា «នឹងទទួលរកអាហារជូនលោករាល់ឆ្នាំ លុះត្រាតែអស់ជីវិត
បើលោកពិសាយើងទៅនោះ លោកបានឆ្អែតតែមួយគ្រាប៉ុណ្ណោះ អំណេះតទៅលោកនឹងត្រូវអត់ឃ្លានទៀត
បើពួកយើងសន្យានឹងលោកយ៉ាងនេះ តើលោកយកផ្លូវណា ? លោកសុខចិត្តពិសារូបយើងឱ្យបានតែមួយចម្អែត
ឬក៏សុខចិត្តទុកជីវិតពួកយើងដើម្បីឱ្យទៅរកអាហារជូនលោកវិញ?»។
ពួកប្រេតឮសំណើនៃនាយឈ្មួញដូច្នេះ ក៏គិតគ្នាមួយសន្ទុះ
ទើបព្រមដោះលែងពួកឈ្មួញ ហើយផ្តាំផ្ញើថា «កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយ
កាលណាមានខ្យល់ជំនោរធ្លាក់មកពីទិសខាងជើង
អ្នកទាំងអស់គ្នាត្រូវធ្វើក្បូនផ្ទុកធញ្ញជាតិ និងអាហារគ្រប់យ៉ាង
មានលាជ សណ្តែក ល្ង ដូង អំបុក ចេក ជាដើម
បណ្តែតតាមខ្សែទឹកមកឱ្យយើងចុះ មិនបាច់នាំមកផ្ទាល់ទេ
ជំនោរខ្យល់នឹងបញ្ជូនមកដល់យើងហើយ»។
ឮតែប៉ុណ្ណេះ ពួកអ្នកសំពៅអររកអ្វីប្រៀបពុំបាន
ហើយក៏នាំគ្នាចុះសំពៅរចោករចល់ខ្ញៀវខ្ញារបើកចេញផុតពីនោះយ៉ាងប្រញាប់។
លុះទៅដល់ភូមិស្រុក ជួបជុំគ្រួសារហើយត្រូវនឹងពេលជិតដល់រដូវភ្ជុំ
ដែលទឹកឡើងជាលំដាប់ផង
អ្នកដែលបានសន្យានឹងប្រេតទាំងនោះក៏នាំគ្នាធ្វើនំនែក រកចេកអំពៅ
លាជ ស្រូវ អង្ករ ផ្លែឈើ ដែលមានក្នុងរដូវនោះធ្វើពោងពាយ
ហើយដាក់បណ្កែតបញ្ជូនទៅឱ្យប្រេតតាមខ្សែទឹករាល់ឆ្នាំ។
មនុស្សជាន់ដើមកាន់ពាក្យសច្ចៈល្អណាស់
បើនិយាយសន្យាថាដូចម្តេចហើយ មិនហ៊ានបំពានទេ។ ចំណេរតមក
អ្នកស្រុកក៏នាំគ្នាធ្វើ តៗមក ទៅជាទំនៀមទម្លាប់ដោយយល់ថា «ធ្វើបុណ្យបណ្តែតស្រូវអង្ករទៅឱ្យដូនតា
ដែលទៅកើតជាប្រេត ស្ថិតនៅឯស្រុកទន្លេស្ងួត កន្តួតមួយដើម» នោះវិញ៕
ប្រភព៖ ប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment