ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី (ស្ដេចកន) (ឆ្នាំ១៥០៨-ឆ្នាំ១៥២៥)
១. ព្រះស្ដេចកន ដែលជាស្ដេចដណ្ដើមរាជ្យពីព្រះបាទសុគន្ធបទ កើតក្នុងឆ្នាំរោង នៅស្រុកស្រីសន្ធរ (ខេត្តកំពង់ចាមបច្ចុប្បន្ន)។ នាយកន
មានកំណើតក្នុងត្រកូលអ្នកងារដែលជាវណ្ណៈទាបបំផុតនៃសម័យនោះ ហើយមិនជាប់ពូជពង្សក្នុងត្រកូលរាជវង្សទេ។ គ្រួសាររបស់នាយកន ឋិតក្នុងក្រុមពលព្រះ គឺជាក្រុមអ្នកងារ
មានភារៈជាអ្នកថែរក្សាបោសសម្អាតវត្ត។ បិតារបស់នាយកន
នាមពិជ័យនាគ និងមាតានាម នាងបាន។
២. នាយកន
មានបងស្រីម្នាក់ឈ្មោះស ហើយល្បីថាមានរូបឆោមបវរល្អលើសស្រីទាំងពួង
រហូតដល់ព្រះបាទសុគន្ធបទ សព្វព្រះរាជហឫទ័យយ៉ាងខ្លាំង
ហើយទទួលយកនាងធ្វើជាស្នំឯក និងនាំយកនាងទៅរស់នៅក្នុងព្រះបរមរាជវាំង។
លោក អាដេម៉ារ ឡឺក្លែរ (Adhémard Leclére) អតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជា សរសេរថា
ដោយសព្វព្រះរាជហឫទ័យនឹងនាងសនេះខ្លាំង ព្រះបាទស្រីសុគន្ធបទ
ក៏យកចិត្តទុកដាក់ចំពោះគ្រួសារនាងស នេះជាពិសេស។
ព្រះអង្គលើកតម្កើងឪពុកនាងឲ្យទៅជាមន្ត្រី។
ម្តាយនាងអោយទៅជានាគម៉ែបាន។ នាយកន ជាប្អូនប្រុស ឲ្យទៅជាមហាតលិក រួចជាឧកញ៉ាម៉ឺនស្នេហាចមចិត្ត។ រីឯនាងស ខ្លួនឯង
ជាអ្នកម្នាងកេសបុប្ផា។
គឺតាមខ្សែរយៈបងស្រីដែលជាស្នំឯករបស់ស្ដេចផែនដីនេះហើយ ដែលនាយកន
បានចូលបម្រើការនៅឯក្នុងព្រះរាជវាំង ហើយបានក្លាយជាមន្ត្រីជំនិតរបស់ព្រះរាជា។
៣. លោកឡឺក្លែរ ថា
ព្រះបាទសុគន្ធបទ ក៏មានព្រះទ័យចង់លោះស្នំឯក និងនាយកន ឲ្យរួចចាកពីឋានៈពលព្រះទៀតផង។
ក៏ប៉ុន្តែនៅពេលដែលព្រះអង្គពិគ្រោះយោបល់ជាមួយសេនាមន្ត្រី
មន្ត្រីទូលតបវិញថា ច្បាប់មិនអនុញ្ញាតឲ្យព្រះអង្គធ្វើបែបនេះបានឡើយ
ត្បិតបើមានកំណើតជាពលព្រះហើយ គឺជាប់ក្នុងឋានៈនេះរយៈពេល៥ពាន់ឆ្នាំ។
ទោះជាស្ដេចផែនដី ក៏មិនអាចបំពានច្បាប់នេះបានឡើយ។
៤. ដោយមិនអាចប្រគល់តំណែងធំដុំណាមួយឲ្យនាយកន
បាន ព្រះបាទសុគន្ធបទ បានត្រឹមលើកប្អូនថ្លៃឲ្យមានងារត្រឹមឃុនហ្លួងព្រះស្ដេចកន។
នេះជាតំណែងមួយដែលមានសិទ្ធិអំណាចត្រួតត្រាអ្នកងារក្នុងក្រុមពលព្រះដូចគ្នា
តែក៏មានអំណាចអាចកាត់ទោស និងផ្ដន្ទាទោសជនណាដែលមាក់ងាយព្រះពុទ្ធសាសនា
មិនគោរពអាចារ្យ និងចាស់ព្រឹទ្ធាចារ្យជាដើម។
៥. ការឡើងបុណ្យស័ក្តិតាំងពីក្មេងវត្ត រហូតដល់តំណែងខ្ពស់មួយនៅក្នុងវាំង
តាមរយៈសាច់ញាតិនេះ បានធ្វើឲ្យនាយកន កើតជំងឺរៀបឫកមិនទាន់។ លោកអាដេម៉ារ
ឡឺក្លែរ រៀបរាប់ថា មិនយូរប៉ុន្មាន នាយកន ភ្លេចដើមកំណើតខ្លួនថាជាក្មេងវត្តនៃក្រុមពលព្រះ ហើយចាប់ផ្ដើមវាយឫកមាក់ងាយមន្ត្រីឯទៀតៗ ដែលធ្វើឲ្យមន្ត្រីជើងចាស់ក្នុងវាំងទាំងឡាយនាំគ្នាស្អប់គុំកួនជាខ្លាំង ហើយរៀបចំផែនការប្រឆាំងនឹងនាយ កន។
ពួកគេបានទូលថ្វាយស្ដេចផែនដីថា នាយកន មានគំនិតក្បត់ចង់ដណ្ដើមរាជ្យ
ហើយត្រូវតែកម្ចាត់ចោល។
៦. ពង្សាវតារខ្មែររៀបរាប់ពីរឿងរ៉ាវស្រដៀងគ្នានេះដែរ
តែមានបញ្ចូលភាពអច្ឆរិយខ្លះៗទៅក្នុងនោះ។ ឯកសារនេះសរសេរថា
ស្ដេចសោយរាជ្យ គឺព្រះបាទសុគន្ធបទ ទ្រង់សុបិនឃើញនាគរាជដេញខាំព្រះអង្គ ហើយពាំយកទាំងស្វេតច្ឆត្ររបស់ព្រះអង្គទៅបាត់ផង។ ពួកហោរា
បានទាយពីសុបិននេះថា អាចនឹងមានកោលាហលកើតឡើងបង្កដោយព្រះស្ដេចកន
ដែលកើតនៅឆ្នាំរោង គឺឆ្នាំនាគនោះ ហើយថា ត្រូវតែកម្ចាត់នាយកនចោល។
ផែនការនេះ ត្រូវបងស្រីរបស់នាយកន លួចស្តាប់ឮ ហើយប្រាប់នាយកនឲ្យដឹងខ្លួនមុន។
នាយកន ក៏រត់ភៀសខ្លួន ហើយទៅបង្កទ័ពបកមកវាយស្ដេចផែនដីវិញ។
៧. នៅក្នុងបេសកកម្មដណ្ដើមអំណាចពីស្ដេចផែនដីនេះ
នាយកន មិនរួញរាសោះឡើយក្នុងការប្រើប្រាស់អំពើហិង្សាឃោរឃៅ
និងបោកប្រាស់រាស្ត្រប្រជា ឲ្យមកចុះចូលជាមួយនឹងខ្លួន។ នាយកន
ក៏ជាអ្នកចេះប្រើល្បិចយុទ្ធសាស្ត្រស្ទាត់ជំនាញណាស់ ក្នុងការបំបែកកម្លាំងបច្ចាមិត្ត និងយុទ្ធសាស្ត្របញ្ចូលដៃជើងរបស់ខ្លួន ឲ្យទៅបង្កប់ក្នុងក្រុមម្ខាងទៀត។
៨. ពេលភៀសខ្លួនទៅដល់ខេត្តបាភ្នំ
នាយកន បានសម្លាប់ចៅហ្វាយខេត្តដើម្បីដណ្ដើមកាន់កាប់ខេត្តនេះ ហើយបោកបញ្ឆោតប្រាប់អ្នកស្រុកថា ចៅហ្វាយខេត្តបាភ្នំ
ក្បត់ទៅចូលដៃជាមួយព្រះច័ន្ទរាជា ជាព្រះអនុជរបស់ព្រះបាទសុគន្ធបទ
ដែលមានបំណងបំបែកខ្លួនឡើងសោយរាជ្យនៅចតុមុខ។ ពាក្យឃោសនាថា ព្រះច័ន្ទរាជា
មានបំណងក្បត់ស្ដេចផែនដីជាបងបង្កើតនេះ បានបង្កឲ្យមានការមិនទុកចិត្តគ្នារវាងបង
និងប្អូន។ ទីបំផុត ព្រះច័ន្ទរាជា ក៏ភៀសព្រះកាយចោលក្រុងចតុមុខ រួចទៅសុំជ្រកកោនជាមួយស្ដេចសៀមបាត់ទៅ។
៩. បន្ទាប់មក នាយកន
បានប្រាប់អ្នកស្រុកថា តាមពិតការកេណ្ឌទ័ពនេះ គឺដើម្បីដណ្ដើមរាជ្យពីព្រះរាជា យកទៅថ្វាយក្មួយបង្កើតរបស់ខ្លួន
ដែលត្រូវជាបុត្ររបស់អ្នកម្នាងកេសបុប្ផា។ មិនតែប៉ុណ្ណោះ
នាយកន ប្រកាសថា ពេលខ្លួនដណ្ដើមរាជ្យបាន ពួកពលព្រះទាំងអស់
នឹងទទួលបាននូវសេរីភាពជាអ្នកជាធម្មតាឡើងវិញ។ ហើយជាការទាក់ទាញទិញទឹកចិត្តអ្នកដទៃទៀត នាយកន បានសន្យាថា ពេលដែលដណ្ដើមរាជ្យបាន
រាល់អ្នកជាណាដែលធ្លាប់ធ្វើខ្ញុំគេ នឹងបានឡើងធ្វើជាមន្ត្រី ឯអ្នកដែលធ្លាប់ធ្វើជាមន្ត្រីស្រាប់ នឹងបានឡើងជាមន្ត្រីធំជាងនេះទៀត។
១០. ទីបំផុត ស្ដេចកន
ក៏ដណ្ដើមរាជ្យបានពីព្រះបាទស្រីសុគន្ធបទ ជាបងថ្លៃ ដោយប្រើល្បិចឲ្យដៃជើងរបស់ខ្លួនឈ្មោះ ឱកម៉ឺន សុរិន្ទកែវ
ទៅបង្កប់ខ្លួននៅក្នុងព្រះរាជវាំង ហើយឆក់ឱកាសធ្វើគុតស្ដេចផែនដីតែម្តង។
១១. ដោយរកគ្រឿងបញ្ចក្សត្រសម្រាប់ឡើងគ្រងរាជ្យមិនឃើញ
ស្ដេចកន ក៏បានចាត់ឲ្យធ្វើព្រះខ័នថ្មី
ហើយរៀបពិធីប្រាប្ដាភិសេកឡើងសោយរាជ្យសម្បត្តិ ជាមួយនឹងព្រះខ័នក្លែងក្លាយនោះក្នុងគ.ស១៥១២ នៅរាជធានីទួលបាសាន។ ព្រះអង្គមានព្រះនាមក្នុងរាជ្យថា
ព្រះបាទសម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតី។
១២. រាជពង្សាវតារសរសេរថា បន្ទាប់ពីដណ្ដើមរាជ្យបានពេញក្នុងដៃហើយ ស្ដេចកនបានលើកបន្តុបបក្ខពួក និងគ្រួសារខ្លួន ឲ្យមានឋានៈធំដុំក្នុងជួរអ្នកដឹកនាំ។ ស្ដេចកន
លើកឪពុកមាឈ្មោះកៅ ដែលជាមេទ័ពធំ ឲ្យមានឋានៈជាសម្ដេចចៅហ្វ៊ាទឡ្ហៈ
ដែលជាឋានន្តរស័ក្តិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីក្នុងកម្ពុជរដ្ឋ
នាបុរាណសម័យ។ រីឯក្រុមបរិវារដៃជើងដទៃទៀត ក៏ព្រះមហាក្សត្រថ្មីនេះប្រទានឲ្យមានយសស័ក្ដិតាមគុណបំណាច់រៀងៗខ្លួន។
១៣. ស្ដេចកន
ទ្រង់លើកលែងមិនឲ្យយកសួយសារអាករមួយរដូវតាមបុរាណប្រវេណី
ដែលផ្លាស់ផែនដីថ្មី។ ម្យ៉ាងទៀត ដោយចង់ឲ្យមានជាប់កេរ្តិ៍ដំណែលនៃរាជ្យរបស់ព្រះអង្គ
ព្រះស្រីជេដ្ឋាធិរាជស្ដេចកន ទ្រង់បានប្ដូររាជធានីពីទួលបាសាន
ទៅទិសខាងកើត ហើយសាងក្រុងថ្មីត្រង់ចន្លក់ដូងតី។
តែព្រះអង្គគង់នៅទីនោះបានតែប្រាំខែប៉ុណ្ណោះ ក៏ទ្រង់យាងទៅសាងក្រុងថ្មីមួយទៀតនៅភូមិស្រឡប់ពិជ័យ
ចុងខេត្តត្បូងឃ្មុំ ទល់ដែនខេត្តបាភ្នំ។
១៤. រាជធានីថ្មីនេះ
ជាបន្ទាយមួយយ៉ាងមាំ ដែលព្រះអង្គប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរបវររាជធានី។
ក្រៅពីការកសាងវត្តអារាមជាច្រើន ព្រះស្រីជេដ្ឋាស្ដេចកន បានបោះប្រាក់ស្លឹង មាសស្លឹង ត្រារូបនាគ សម្រាប់ឲ្យប្រជារាស្ត្រចាយវាយក្នុងប្រទេស
ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យនឹងល្បែងស្រី ទតរាំរបាំមហោស្រព និងតូរ្យតន្ត្រីណាស់។
១៥. ព្រះស្រីជេដ្ឋាសោយរាជ្យដោយសុខសន្តិភាពបានតែបី ឬបួនឆ្នាំប៉ុណ្ណោះ ក៏ត្រូវរងនឹងសង្គ្រាមស៊ីវិលមួយ ដែលអូសបន្លាយអស់រយៈពេលជិតដប់ឆ្នាំ ជាមួយនឹងព្រះច័ន្ទរាជា
ដែលជាព្រះអនុជរបស់ព្រះបាទសុគន្ធបទ ដែលវិលត្រឡប់មកពីប្រទេសសៀម ដើម្បីច្បាំងដណ្ដើមរាជ្យពីស្ដេចកនវិញ។
១៦. នៅក្នុងសង្គ្រាមរវាងខ្មែរ
និងខ្មែរនេះ ថ្វីត្បិតតែព្រះពញាច័ន្ទរាជា ត្រូវបានទទួលការគាំទ្រពីរាស្ត្រ និងមន្ត្រីជាច្រើនរូប ដូចជាតាពេជ្រ ឬឃ្លាំងមឿង
និងកូនទាំង៤របស់គាត់ ជាដើមក៏ដោយ តែពីដំបូង ទ័ពនេះត្រូវបានទ័ពព្រះស្រីជេដ្ឋាស្ដេចកន
ដ៏មានកម្លាំង វាយសន្ធាប់ ហើយព័ទ្ធជាប់ក្នុងបន្ទាយខេត្តពោធិ៍សាត់ អស់រយៈពេល១២ខែ។ គឺក្នុងស្ថានភាពនេះ
ហើយដែលតាពេជ្រ ឬឃ្លាំងមឿង ត្រូវបានគេដំណាលថា បានធ្វើពលិកម្មបូជាជីវិត
ធ្វើពិធីលោតចូលរណ្ដៅចម្រូង ដើម្បីទៅកេណ្ឌទ័ពបិសាចមកជាទ័ពជំនួយ។
ហើយក្រោយមក ទ័ពខាងព្រះច័ន្ទរាជា កាន់តែរីកចម្រើន ហើយទទួលបានជោគជ័យច្រើនអន្លើ រំដោះបានភាគខាងលិចនៃប្រទេសទាំងមូល ដែលធ្វើឲ្យដំណាក់កាលនេះ
ប្រទេសខ្មែរត្រូវចែកជាពីរ គឺព្រះអង្គច័ន្ទ សោយរាជ្យត្រើយខាងលិច
ឯព្រះស្រីជេដ្ឋាស្ដេចកន សោយរាជ្យត្រើយខាងកើត។
១៧. នៅគ.ស១៥២៥
ព្រះអង្គច័ន្ទ បានបញ្ជាឲ្យសំពៅព្រះអង្គ ទៅទិញកាំភ្លើងធំចំនួន
១០០ដើម និងកាំភ្លើងតូចចំនួនមួយពាន់ដើមពីស្រុកជ្វាម៉ាឡាយូ
យកមកបន្ថែមលើកាំភ្លើងចាស់ដែលមានពីមុនមក។ ឯព្រះស្រីជេដ្ឋាស្ដេចកន
ក៏បញ្ជាឲ្យទិញកាំភ្លើងធំ ១៥០ដើម និងកាំភ្លើងតូចចំនួន៣០០ដើមផងដែរ។
ប៉ុន្តែក្នុងពេលដែលត្រឡប់មកពីស្រុកជ្វា ឬម៉ាឡាយូ វិញនោះ សំពៅរបស់ព្រះស្ដេចកន
បានប៉ះខ្យល់ព្យុះដ៏ធំបោកបក់ទៅជាប់នៅខេត្តពាមមួយ
និងមួយទៀតជាប់នៅខេត្តកំពត។ មេទ័ពខេត្តទាំងពីរឃើញដូច្នោះ ក៏ចាប់
ហើយនាំកាំភ្លើងទាំងអស់ដឹកយកទៅថ្វាយព្រះអង្គច័ន្ទរាជា
ជាស្ដេចត្រើយខាងលិចទាំងអស់។
១៨. លោកសាស្ត្រាចារ្យ
វង់ សុធារ៉ា និងណុប សុខា នៃសាកលវិទ្យាល័យភ្នំពេញ សរសេរថា ទីតាំងភូមិសាស្ត្រដែលគូបដិបក្ខទាំងពីរគ្រប់គ្រង
អាចជាកត្តាចម្បងមួយក្នុងការកំណត់ជ័យជម្នះនៃសង្គ្រាមរវាងព្រះច័ន្ទរាជា
និងនាយកន។ លោកថា ព្រះអង្គច័ន្ទ កាន់កាប់តំបន់ខាងលិចតាមមាត់បឹងទន្លេសាប ដែលមានសក្ដានុពលសេដ្ឋកិច្ចជាងនាយកន ដែលគ្រប់គ្រងនៅភាគខាងកើត។
បន្ថែមលើនេះ លោកថា ព្រះអង្គច័ន្ទ ទ្រង់យកព្រះទ័យទុកដាក់ក្នុងកិច្ចការជំនួញជាមួយបរទេស ឯស្ដេចកន វិញ មិនយកចិត្តទុកដាក់នឹងកិច្ចការជំនួញទេ។
ជាងនេះទៅទៀត ដើម្បីទាក់ទាញទឹកចិត្តប្រជារាស្ត្រ ស្ដេចកន បានបន្ធូរបន្ថយមិនយកពន្ធ ដែលអាចធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច
រួចដែលនាំឲ្យចាញ់សង្គ្រាមតែម្តង។
១៩. នៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលនេះ ព្រះស្រីជេដ្ឋាព្រះស្ដេចកន
ត្រូវទ័ពព្រះអង្គច័ន្ទ ព័ទ្ធជាប់ក្នុងបន្ទាយអស់រយៈពេលបីខែ។
ព្រះអង្គត្រូវរងរបួសជាទម្ងន់ ហើយត្រូវចាប់ខ្លួនបាន
និងនៅទីអវសានស្ដេចកន ដែលជាអតីតក្មេងវត្តនៃក្រុមពលព្រះ
ហើយវាយដណ្ដើមយករាជ្យពីព្រះបាទសុគន្ធបទ នេះ
ត្រូវបានទ័ពរបស់ព្រះច័ន្ទរាជា កាត់ព្រះសិរសា
រួចយកទៅដោតនៅមុខបន្ទាយស្រឡប់ពិជ័យ ដើម្បីជាបម្រាមដល់មនុស្សទូទៅកុំអោយធ្វើតម្រាប់តាម។
២០. ព្រះស្រីជេដ្ឋាធិរាជព្រះស្ដេចកន
ជាស្ដេចជ្រែករាជ្យនេះ ទ្រង់បានឡើងសោយរាជ្យពីឆ្នាំ១៥០៨ ឬឆ្នាំ១៥១២
នៃគ.ស នៅទួលបាសាន ហើយទ្រង់សោយទិវង្គតដោយគេកាត់ព្រះសិរសា នៅឆ្នាំ១៥២៥
នៅបន្ទាយស្រឡប់ពិជ័យព្រៃនគរ៕
ប្រភព៖
RFA
After reading this article you need to:
1. Translate all red words into
English.
2. Explain all red words in Khmer
3. Summarize this article.
4. Write a page of reflection in Khmer.
No comments:
Post a Comment