រឿងមាយើង


បទកាកគតិ

១.    អញខ្ញុំក្រួញក្រាប សិរសាស្រប៉ាប លុតលើកហត្ថា ទសង្គុលី អភិវន្ទា នៃព្រះពុទ្ធជា ឥសូរភពត្រី។ ព្រះអង្គឧត្ដម លើសលើឥន្ទព្រហ្ម មូលមកភក្ដី ប្រកបប្រការ សម្ភាររឹទ្ធី បរិបូណ៌បារមី ពិសេសថ្កើងថ្កាន។ បង្គំព្រះធម៌ ពិសេសមានអាថ៌ ជ្រៅពន់ប្រមាណ ស្មោះស្មើភេត្រា ថ្លៃថ្លាមែនមាន បវរទិព្វញ្ញាណ ផ្ទឹមផ្ទុកសព្វសត្វ។ បង្គំព្រះប្រសើរ ឧត្តុង្គឧត្ដមពេកក្ដាន់ អាចនាំសត្វឆ្លង រំលងវាលវដ្ដ ដល់ឋានអម័ត បូរីនាយណាយ។ ទើបខ្ញុំបង្គំទិព្វទេព ឧត្ដម សោឡសសួគ៌ា សូមសុខសួស្ដី សិរីទីឃា យុយឺតសុខសា ប្បាយបរិបូណ៌បុណ្យ។

២.   ស្រេចខ្ញុំនឹងថ្លែង ដំណើរដំណែង ដំណាលពីមុន មានក្សត្រមួយថ្លៃ ប្រពៃលើសលន់ គ្រប់គ្រងមហាជន ក្រុងពារណសី។ ព្រះនាមព្រះបាទ ព្រហ្មទត្តនរនាថ លើសលើលោកិយ ប្រកបជាយា អាឃិអគ្គមហេសី កបកល្យាណី រូបរត្នសោភា។ ព្រះស្នំសាវជៃ ពិសេសច្រើនក្រៃ សម្រាប់ក្សត្រគាល់សព្វថ្ងៃ ក្រាស់ក្រៃគណនា ប្រដូចតារា កររៀបរៀងរាយ។ មន្ត្រីយោធា ស្រមណ៍ព្រាហ្មណ៍គណា ចារ្យចេះប្រាជ្ញប្រាយ សម្រាប់មហាក្សត្រ ព្រហ្មទត្តរឹទ្ធីសាយ ពលពាលទាំងឡាយ  អនេកសំខេយ្យា។

៣.     ស្ដេចសោយរាជ្យស្កល់  ឥតកោលាហល រដ្ឋរាស្ត្រប្រជា ទ្រង់ទសពិធរាជ អង់អាចអាសា អាសូរករុណា ចិញ្ចឹមរៀបរង។ ក្សត្រក្សាន្តសោយរាជ្យ ថ្កើងព្រះអំណាច ឥតបីផ្ទឹមផង ស្ដេចផ្ចាញ់សត្រូវ អាស្រូវយង់ឃ្នង ពុំអាចប្រឡង សុខសល់លើសលន់។ កាលនោះមានមា- ណពនៅភារា ក្សត្រថ្លៃមានបុណ្យ ជាអ្នកទុគ៌ត ក្សិណខ្សត់ទ្រព្យធន តែប្ដីប្រពន្ធ និត្យនៅសព្វថ្ងៃ  ភរិយានោះណា មានរូបសោភា សក្ដិសមល្មមល្មៃ តែចិត្តនោះមិញ កំណាញ់ពេកក្រៃ ព្រៀងលានទីឯទៃ គេពុំចូលចិត្ត។ មានកាលមួយថ្ងៃ ចៅមាណពនៃ ទៅរកជញ្ជាត់ នឹងភរិយាប្រាណ ដោយដានកម្សត់ ពិបាកពេកក្ដាត់ ទុគ៌តក្រក្រៃ។ កញ្ជើសោតធ្លុះ ដាចដាច់រលុះ ដោយមុំនោះនៃ រីឯភរិយា ឥតអធ្យាស្រ័យ ពុំគន់រំពៃ ថែទាំឡើយហោង។

៤.     ប្ដីតែងជញ្ជាត់ ដាក់ទៅជ្រុះបាត់ តាមមុំនោះផង ឥតសព្វឥតសារ ឥតការជាម្ដង ហេតុឥតចិត្តចង រំពងនាំពា។  ជញ្ជាត់រៀងទៅ កួចដល់សំពៅ ធារធំមហិមា រីនាយសំពៅ និត្យនៅភរិយា មើលពីភេត្រា យល់កញ្ជើធ្លុះ។ នាងនាយភេត្រា ស្រដីទៅថា នាងជញ្ជាត់នោះ ម្ដេចមុំគិតធ្វើ កញ្ជើនាងធ្លុះ យកអីចុកចុះ សោះវាលិចបាន។ ក្សិណនាយសំពៅ ក្រោធក្រៃថាទៅ នឹងភរិយាប្រាណ បើចេះដូច្នោះ មឹងចុះទៅថ្កាន កាន់កញ្ជើបាន ជាប្រពន្ធវា។ អញនឹងប្ដូរយក ប្រពន្ធវាមក នៅលើភេត្រា  ជាប្រពន្ធអញ វឹងវិញហោងណា  ត្បិតចៅជាងវា បង្គាប់ធួនថែ។ នាងស្ដាប់ប្ដីថា នឹងដូរភរិយា ឯងឲ្យទៅគេ ដោយពាក្យពុំស្រួល ពុំគួរបើជេរ ខ្លួនគ្មានទោសទេ ម្ដេចចងទោសា។ ទើបនាងឆ្លើយទៅ  កាន់នាយសំពៅ  ជាប្ដីអាត្មា ពាក្យខ្ញុំទ្រគោះ លើសលស់ត្រង់ណា ក៏ដល់អ្នកជា ប្ដីពុំចូលចិត្ត។

៥.     និងយកខ្ញុំទៅ ដូរមាណពនៅ  កាន់ឈ្នាងជញ្ជាត់ បើអ្នកដូរនៅ  ខ្ញុំទៅនឹងគាត់ ខ្ញុំសោតគ្មានមាត់ ប្រកែកថាអ្វី។ ទើបនាយសំពៅ ស្រេចស្រែកហៅទៅ  បុរសនោះខ្មី  ថាចៅហ៊ានដូរ ប្រពន្ធឬអ្វី មកអាយស្រដី ឱ្យជាក់នឹងគ្នា។ មាណពជញ្ជាត់ ឮនាយនោះគាត់ ស្ដីដូរភរិយា ខ្លាចខ្លួនពុំហ៊ាន ទៅថ្កានភេត្រា នាយនោះរែងជា ហៅខ្ជាន់ៗទៅ។ ទើបមាណពនោះ ទន្ទបចូលស្មោះ ឡើងលើសំពៅ ទាំងប្ដីប្រពន្ធ អង្គុយនិត្យនៅ  ទៀបនាយសំពៅ ស្រដីទៀតថា។ ចៅអើយកុំយូរ មកយើងនឹងប្ដូរ  ប្រពន្ធផងគ្នា អញទៅចៅណា ចៅឱ្យភរិយា ចៅមកអញហោង។ មាណពកម្សត់ ស្ដាប់យល់ទាស់បទ ពុំហ៊ានសាសង នាយនោះរែងរួន ផ្ទួនៗច្រើនដង ថាហើយថាផង ជាច្រើនភាសា 

៦.     ទើបមាណពនោះ ថាតាមចំពោះ ចិត្តអ្នកហោងណា៎ ខ្ញុំជាអ្នកហោច ត្រមោចកំព្រា ឥតបើនឹងថា ទាស់ទែងសេចក្ដី។ នាយសំពៅស្ដាប់ អស់អាថ៌សារសព្ទ ត្រេកអរបេតី ក្សេមក្សាន្តកន្លង ដណ្ដើមឃ្មាតខ្មី ថាហៃប្អូនស្រី ឯណោះសោតហោង។ ថានាងប្អូនស្និទ្ស្នេហ៍ស្នាលចូលចិត្ត ព្រមមូលនឹងបង ឬមួយពុំមូល ពុំចូលចិត្តបង ចូរចៅសាសង ឥឡូវនេះណា៎។ ឯមេបញ្ជី ធ្លុះអរលលើ ចង់នាយនាវា សើចហើយញញឹម មើលចុងនេត្រា  ឱនហើយទើបថា គូពីព្រេងហោង។ ឯនាងភរិយា ចៅនាយភេត្រា ស្ដែងស្ដាប់សាសង ប្ដីប្ដូរផ្ដែផ្ដាច់ ពាក្យពេចន៍ជាម្ដង នាងចរចុះផង ពីលើភេត្រា។ តែស្បៃនៅក នាងដើរចុះមក កាន់ប្ដីកំព្រា ទ្រព្យធនពុំយក ដិតមកអាត្មា នាងឈោងប្រវា កញ្ជើកាន់ទៅ។ បោចបានសំរាម មកចុកជិតភ្លាម ពិតពុំឱ្យសៅ នាងកាន់តាមប្ដី ជញ្ជក់តាមស្មៅ បានស្រេចទើបទៅ ឋានប្ដីនោះណា។ លុះដល់លំនៅ នាងដណ្ដឹងទៅ  កាន់ប្ដីនាងថា អ្នកអើយអស់ផ្ទះ រៀងខាងនេះណា៎ ជាញាតិការ សន្តានផៅពណ៌។

៧.     ឬជាព្រៀងលាន ត្បិតខ្ញុំពុំមាន ដឹងញាតិនិមល បើអ្នកឯណា ជាញាតិបវរ ព្រៀងលានស្មោះស អ្នកប្រាប់ខ្ញុំរ៉ា។ ប្ដីឆ្លើយវឹងទៅ នាងអើយញាតិផៅ បងគ្មានទេណា៎ សឹងតែព្រៀងលាន នៅឋានទៀបគ្នា សព្វថ្ងៃកំព្រា គ្មានបងប្អូនឡើយ។ នាងឮប្ដីថា ឥតញាតិវង្សា កំព្រាហើយ ហេតុនាងសប្បុរស យកគេជាត្រើយ នាងពុំគិតឡើយ កម្សត់អាត្មា។ នាងយកត្រីនោះ ឱ្យប្ដីនាងស្មោះ ជូនចែកគ្រប់គ្នា តិចៗគ្រប់មុខ អ្នកស្រុកនៅនា ព្រៀងលានស្គាល់គ្នា ខេត្តខាងលំនៅ។ ប្ដីសោតទៅស្មោះ ដោយប្រពន្ធនោះ បង្គាប់ប្រដៅ កាលនោះព្រៀងលាន ខាងឋានលំនៅ សឹងគិតថាចៅ នេះដែលឯណា។ សប្បុរសដូច្នេះ ផ្អើលអ្វីម្ដងនេះ ជូនយើងគ្រប់គ្នា សព្វដងកំណាញ់ កន្ទ្រឹសឫស្យា ឥឡូវម្ដេចជា សប្បុរសពេកក្រៃ។

៨.     អ្នកផងគិតហើយ ពិតពុំលងឡើយ មានកាលមួយថ្ងៃ គេដើរទៅលេង និងមាណពនៃ យល់នាងប្រពៃ មានរូបសោភា។ ទើបគេគិតឆ្នៃ ថាចៅនេះនៃ គាត់បានភរិយា ទៀតទើបសប្បុរស ពុំដូចសព្វគ្រា នាងនេះលក្ខណា មាយាទហ្មត់ហ្មង។  មានកាលមួយថ្ងៃ មាណពទៅព្រៃ រកកាប់ឧសចង បាច់បានរែកមក ដូចកាលសព្វដង រីឈើនោះផង ពុំឈើខ្ជីខ្ជា។ សឹងឈើប្រពៃ មែនមានតម្លៃ ក្លាំពាក់ក្រិស្នា នាងយល់ឧសប្ដី បានពីព្រឹក្សា សឹងឈើជាៗ មានៗតម្លៃ។ នាងគិតឯងថា ប្ដីអញនេះណា បានឈើប្រពៃ ពុំស្គាល់ជាឈើ នោះមានតម្លៃ យកមកសព្វថ្ងៃ ដុតដូច្នេះណា។

៩.     សមហើយនេះមាន ក្រាស់ក្រៃនាឋាន  អាយឯងទើបជា ឱអស់អ្នកផង ពុំស្គាល់ក្រស្នា ក្លាំពាក់យកជា ឧសឥតគិតឡើយ។ ទើបនាងនារី ដណ្ដឹងទៅប្ដី  ថាហៃអ្នកអើយ ឧសនាព្រៃអាយ អស់តែម្ល៉េះហើយ ឬមួយនៅឡើយ អ្នកប្រាប់ខ្ញុំរ៉ា។ ប្ដីឆ្លើយវឹងទៅ មានច្រើនក្ដាត់នៅ នាព្រៃព្រឹក្សា យកបានជារយ រទេះក្ដីណា  ពុំអស់ក្ដីណា ពុំអស់ប្អូនភ្ងា នាងនឹងគិតថ្វី ។ នាងឮច្នោះណា  អរឥតគណនា សំណេះនឹងប្ដី ច្នោះអ្នកទៅរក យកមកទៀតខ្មី ឱ្យអស់អំពី ព្រៃនោះណាហោង។  នឹងជួលរទេះ ញាតិជិតនៅនេះ ដឹកទុកជាម្ដង ប្ដីថានាងនឹង យកឧសថ្វីផង  បើអស់សឹមបង រកមកទៀតណា។ ទើបនាងឆ្លាស់ឆ្លើយ ថាអ្នកប្ដីអើយ ឈើនេះឈើជា សឹងមានតម្លៃ ក្លាំពាក់ក្រិស្នា អស់អ្នកភេត្រា គេទិញយកទៅ។

១០.   ឈើនេះខ្ញុំស្គាល់ ជាក់ឥតពិភាល់ អស់អ្នកសំពៅ គេទិញមិនលែង ខ្ញុំឯងឃើញនៅ  ខ្ញុំឯងឃើញនៅ គេទិញនាំទៅ  ស្រុកចិននាយណា៎។ បើយើងបានហើយ យើងគិតអ្វីឡើយ លក់តែក្រិស្នា ក្លាំពាក់ប្រពៃ យកថ្លៃមកណា៎ ទិញព្រែកាសាយ៍ សំពត់ជាតី។  តាមតែចិត្តជ្រើស ចិត្តនឹងស្រាល់រើស យកប្រាក់មាសក្ដី ដោយចិត្តស្រឡាញ់ ចង់ទិញអ្វីៗ អ្នកទៅវឹងខ្មី តាមពាក្យខ្ញុំថា។ ប្ដីឮច្នោះនៃ អរឯងពេកក្រៃ ក្រទីក្រទា បានអម្រែកសង្រែក រែកទៅម្នីម្នា ដឹងកាំបិតព្រា ចូលទៅក្នុងព្រៃ។ កាត់គរទុកស្រេច ចង់ចោលជាបាច់ រែកមកពីថ្ងៃ ហើយប្រាប់ភរិយា ប្អូនអើយឧសថ្លៃ កាត់គរនៅព្រៃ ច្រើនក្រៃក្ដាត់ណា៎។

១១.   រែកមកនេះហោង តាមកម្លាំងបង ទើបនាងភរិយា រកជួលរទេះ ដឹកនាំក្រិស្នា ក្លាំពាក់ជាៗ ពីព្រៃនោះនៃ។ គរទុកនាស្ថាន  នោះហើយទើបមាន ពាណិជ្ជទីទៃ មកទិញក្រិស្នា  ក្លាំពាក់ប្រពៃ នាងថ្លឹងកាត់ថ្លៃ ឥតល្អៀងឡើយណា៎។ ហេតុនាងនារី  ដឹងអស់អំពី  កាលនាងនៅជា ប្រពន្ធនៃចៅ  នាយភារភេត្រា ឥតឈ្មួញណាៗ បញ្ឆោតបានឡើយ។ លុះឈ្មួញទិញបាន  ពីនាងកល្យាណ គេយកទៅហើយ នាងរៀបទុកទ្រព្យ ផ្គូផ្គាប់ជាត្រើយ ពិតពុំលង់ឡើយ រណ្ដាប់គ្រឹះស្ថាន។ ចាយចាត់រៀបរក៍ លោះខ្ញុំកំដរ ប្រកបធនធាន អ្នកផងចេញចូល នាងសោតថ្កើងថ្កាន សម្បត្តិមូលមាន អនេកទ្រព្យា។

១២.   ប្ដីនាងនេះនៃ បានស្គាល់ចៅទៃ ស្គាល់ព្រះស្គាល់ពញា អ្នកផងរាប់អាន ត្បិតបានទ្រព្យា កបនូវលក្ខណា នាងនោះប្រពៃ។ ទើបនាងនារី ស្រដីនឹងប្ដី ថាអ្នកសព្វថ្ងៃ ខ្ញុំចង់ឱ្យអ្នក រៀនរត់ឲ្យវៃ ឲ្យរួសឆាប់ក្រៃ ដូចចិត្តចិន្ដា។ ប្ដីសោតឆ្លាស់ឆ្លើយ ថាហៃនាងអើយ បងឥតបើថា តាមចិត្តប្អូនហោង អញបងបានជា ម្ល៉េះត្បិតនរណា មិនត្បិតប្អូនស្រី។

១៣.  លុះថ្ងៃមួយណា នាងរៀបក្រយា សំណុំវេចខ្មី ទឹកមួយបំពង់ នាងផ្ចង់ឱ្យប្ដី ពុនរែករត់ខ្មី សព្វៗវេលា។ ដើមឡើយរត់ហត់ ដង្ហើមផុតៗ ស្ទើរដាច់ខ្យល់ណា រត់វិលមកវិញ ប្រាប់ប្រពន្ធថា វាហត់ក្ដាត់ណា ដូចនឹងស្លាប់ហោង។ លុះដល់ពីថ្ងៃ ទើបរត់ទៀតរៃ  ដោយចិត្តបំណង នឹងចង់ឱ្យបាន ដូចក្ដីប៉ុនប៉ង ប្រាថ្នានោះហោង ចិត្តចង់សង្វាត។ រត់ទៀតដល់ទី ដើមកាលរត់ខ្មី ដោយចិត្តខ្មីឃ្មាត ត្បិតប្រពន្ធថា ចង់ចាំពុំឃ្លាត ខែងខំសង្វាត ដូចក្ដីប្រាថ្នា។  លុះប្ដីនាងរត់  រត់រួចពុំហត់ ដោយចិត្តសោះសា ឯនាងនារី យល់ប្ដីអាត្មា បរិបូណ៌ហើយណា ទើបនាងឆាប់ក្រៃ។ ទៅថ្កានមន្ត្រី ឱ្យគេថ្វាយប្ដី ជាខ្ញុំក្សត្រថ្លៃ មន្ត្រីនាំថ្វាយ ដូចចិត្តនាងវៃ បម្រើសព្វថ្ងៃ ជាខ្ញុំរាជា។

បទភុជង្គលីលា

១៤.   នឹងថ្លែងសម្ដែងចរចា ឯមហាក្សត្រា ព្រហ្មទត្តធិបតីសម័យមួយថ្ងៃចក្រី ឱ្យប្រាប់សេនីយ៍  សេនាពលផង។  ត្បិតក្សត្រព្រហ្មទត្តជាច្បង មានព្រះបំណង  ប្រពាតព្រឹក្សា។  ឱ្យរៀបប្រុងប្រៀបបណ្ណា  ការកបយសា ធិរាជស្ដេចស្ដែង។ ភ្នាក់ងារខ្មាន់ការតាក់តែង រៀបគ្រប់ដំណែង  ដំណើរក្សត្រា។ ឯចៅនោះនៅគ្រឹហា  ប្រាយប្រាប់ភរិយា   នាងអើយឥឡូវ។ ព្រះបាទនរនាថឥតគូ  ស្ដេចតែងពលព្យូហ៍   ប្រពាតព្រឹក្សា។ ចូរចៅប្អូនពៅពុំងារ ប្រដាប់ប្រដា ឱ្យបងឆាប់ថ្វាត់។ នឹងទៅហែចៅចក្រវត្តិ ព្រះបាទព្រហ្មទត្ត ឥសូរសិរសា។ នាងស្ដាប់សាសព្ទប្ដីថា នាងរៀបក្រយា ឲ្យប្ដីស្នេហ៍ស្នាល។ អង្គសោតល្អត្រកាល អប់ផ្កាត្រកាល ប្រហើរឈ្ងុយឈ្ងប់។  អាហារត្រកាលសាយសព្វ រណ្ដាប់គ្រាន់គ្រប់ ឱ្យប្ដីស្នេហា។  

១៥.   រុំជាសំណុំហើយណា ផ្ចង់ជាក្រយា ស្ងោយមហាក្សត្រថ្លៃ។ នាងដឹងដំណឹងនោះវៃ ថាក្សត្រទៅព្រៃ នឹងព្រាត់គ្នាគ្នី។ នឹងឃ្លាតអាមាត្យមន្ត្រី មានប៉ុន្តែប្ដី នាងនឹងពុនទៅ។ ឯមហាក្សត្រចមចៅ ព្រឹកព្រាងច្រាលឆ្អៅ ប្រដាប់ព្រះអង្គ។ ទ្រង់គ្រឿងរុងរឿងបញ្ចង់ ព្រះពស្ត្រទិព្វទ្រង់ ប៉ាក់ឆ្វាក់មាលា។ ទ្រង់ស្រេចសម្ដេចរាជា ស្ដែងស្ដេចយាត្រាឡើងលើអស្សតរ  ចេញទៅដល់ក្រៅនគរ ព្រះអង្គបើកបរ រដ្ឋរាជអស្សពាហ៍។  ក្លំក្លស់ខ្ពង់ខ្ពស់សោភា ឆត្ររួចជួរចា មរមាសរៀបរយ។ អភិរម្យត្រសុំត្រសាយ ត្រសែតរំភាយ រំភើយសាក់សែង។  សេនាយោថាខះខែង ករកាន់លំពែង ហែៗច្រូងច្រាង។ ដាវខែលក្រាស់ក្រែលសងខាង សេនាកាន់កាង ទួនទាំងចាមរី។ មហាក្សត្រព្រហ្មទត្តចក្រី ឯកឯងពិសី ពាលពេញតលា។ ដល់ក្នុងកំឡុងព្រឹក្សា ស្ដេចអស្សពាហ៍ លឿនលន់កន្លង។ សេនាយោធាពលផង ខែងខំក្ដាត់ហោង ពុំទាន់ក្សត្រា។ ដិតដោយតាមក្រោយ អស្សពាហ៍ ប៉ុន្តែចៅមាណពនោះឯងហោង។ ត្បិតគាត់រត់ស្ទាត់កន្លង ទាន់ក្សត្រច្បាស់ច្បង ចមចក្ររាជា។ 

បទកាកគតិ

១៦. ព្រះបាទក្សត្រថ្លៃ ដល់ដើមព្រះជ្រៃ បញ្ឈប់អស្សពាហ៍ ព្រាត់មុខមន្ត្រី សេនីយ៍សេនា យល់តែចៅមា ណពនោះឯងហោង។ ទើបក្សត្រចមចៅ ឈប់រង់យូរទៅ ពុំយល់មនុស្សផង ស្ដេចឃ្លានក្រយា ស្ងោយមហាក្សត្រហោង ត្រមោចកន្លង តែនឹងមាណពវា។ ទើបព្រះព្រហ្មទត្ត ធិរាជចមក្សត្រ លើសលើលោកា សន្មតនាមនៃ មាណពនោះណា ឱ្យហៅចៅម យើងយសពណ្ណរាយ។ ស្ដេចសព្វហទ័យ ក្រសាលនៅនៃ កំឡុងព្រៃនាយ ស្ដេចលីលាលេង ព្រឹក្សាពណ្ណរាយ សាន្តសុខសប្បាយ ទតព្រៃព្រឹក្សា។ ស្ដេចត្រាច់ក្នុងព្រៃ ឥតអ្នកណានៃ នឹងទាន់ក្សត្រា សឹងរកក្សត្រថ្លៃ សព្វព្រៃព្រឹក្សា ខ្លាចខ្លួនក្ដាត់ណា រកមិនឃើញឡើយ។ រីឯព្រះបាទ ព្រហ្មទត្តនរនាថ លីលាឡើងហើយ បន្ទូលនឹងមា យើងថាចៅអើ ថ្ងៃពន់ពេកហើយ អង្គអញឃ្លានបាយ។

១៧.  ទន្ទឹងអស់គ្នា មន្ត្រីយោធា ចតុរង្គទាំងឡាយ សឹងតែពុំយល់ រេហ៍ពលព្រាត់ព្រាយ បែកផ្លូវខ្ចាត់ខ្ចាយ អស់ពុំយល់ណា។ មាយើងទូលទៅ បពិត្រចមចៅ លើសលើលោកា បាយអញខ្ញុំមាន គឺមោះខ្ជីខ្ជា ពុំគួរក្សត្រា ធិរាជសោយសល់។ ស្ដេចស្ដាប់ហើយណា ថាយកមករ៉ា កុំគិតសល់វល់ ទោះល្អមិនល្អ ខ្មៅសតាមកល អញឃ្លានណាស់សល់ អត់ឯណាបាន។ ទឹកតើញាំងចៅ បានសំចៃនៅ ឬមួយពុំបាន មាយើងទូលទៅ បពិត្រក្សត្រក្សាន្ត រីទឹកសោតមាន គឺមោះតែថា។ ដាក់នឹងបំពង់ ពុំគួរព្រះអង្គ ស្ដេចសោយឡើយណា ស្ដេចស្ដាប់ថាទៅ យើងចៅកុំថា ច្នោះចៅម្នីម្នា យកមកឆាប់ៗ ក្សិណចៅមាយើង ម្នីម្នាដោះឡើង ទៅយកប្រដាប់ ដាក់ទឹកបំពង់ សំណុំបាយស្រាប់ ស្រេចស្រាយផ្គូ ផ្គាប់ថ្វាយមហាក្សត្រា។ ស្ដេចសោយអាហារ មាយើងត្រកាល មានរសពិសា បាយបរិសុទ្ធស  អង្ករនោះណា ដូចព្រះក្រយា ស្ដេចសោយប្រក្រតី

១៨.   អាហារពិសា គាប់ព្រះឱស្ឋមហា ក្សត្រក្សាន្តចក្រី បន្ទូលសរសើរ ថានេះមែនស្រី ប្រដាប់ចំណី ពិសេសពិសា ។ ប្រពន្ធមាយើង ចេះរៀបថ្កល់ថ្កើង  មុខចៅមែនណា ចៅអើយអាហារ ត្រកាលពិសា សឹងជាតិឱជា រសត្រកាលក្រៃ។ ជួនលើគម្លាន ឯណាមកមាន អាហារក្នុងព្រៃ និងថាត្បិតឃ្លាន កូវពិសាក្រៃ មិនច្នោះឡើយនៃ ចំណីនេះជា។ មាយើងបង្គំ មហាក្សត្រឧត្ដម ឥសូរសិរសា លុះស្ដេចសោយសល់ ស្កល់មហាក្សត្រា ស្ដេចសោយគង្គា បំពង់នោះនៃ។ ទឹកសោតពិសា អប់អស់ក្លិនផ្កា ពិដោរប្រពៃ ស្ដេចថាទឹកចៅ រសពិសាក្រៃ ឱនាងគាប់ចៃ ចេះរៀបឱ្យប្ដី។ មាយើងនោះណា បង្គំក្សត្រា លើកដែលមកឆី ឆីរួចស្កប់ស្កល់ បរិបូណ៌អស់ក្ដី ទើបព្រះចក្រី បន្ទូលទៅថា។

១៩.   ចៅមាយើងអើយ អញហូបបាយហើយ មិនចេះអត់ស្លា ចៅឱ្យថង់ចៅ មកឯអាយរ៉ា អញនឹងស៊ីស្លា ឥឡូវនេះនៃ។ ចៅមាយើងថ្វាយ ក្សត្រថ្លៃពណ្ណរាយ ដោយព្រះហឫទ័យ ស្ដេចសោយស្លាចៅ មាយើងនោះនៃ មានសព្វគ្រប់ក្រៃ ឥតខ្វះឡើយណា។ ទាំងទេពទារូ ក្រវាញក្លាំពូ ស្លាខ្ចីសោតណា ក្រមួនមាត់ផ្ចង់ ព្រះអង្គសោយស្លា ហើយទើបត្រាស់ថា ស្លាចៅនេះនៃ។ សព្វគ្រប់មានមិញ ដូចកលស្លាអញ តែងឆីសព្វថ្ងៃ ភព្វអញឯងហើយ ចៅអើយគាប់ចៃ អញបានអាស្រ័យ ចៅសព្វគ្រប់ហោង។ បើអញបានដល់ ទីឋានមណ្ឌល ឯនាយហើយហោង អញឱ្យយសចៅ ជាធំកន្លង ចៅកម្សត់ផង អញអាសូរចៅ។ បន្ទូលម្ល៉ោះហើយ ក្សត្រាត្រាណត្រើយ ព្រះផ្ទំលើភ្លៅ មាយើងហើយថា ចៅអើយនែចៅ ស្ដាប់អញនិងនៅ និយាយមួយហោង។

២០.   ស្ដាប់ណាចៅអាយ ដំណើរនិយាយ ព្រេងព្រឹទ្ធកន្លង អញនៅថ្លាថ្លែង សំដែងទំនង និទានមួយហោង ពីព្រេងអតីតា។ ពុំទាន់និយាយ ដំណើរអភិប្រាយ សណ្ដាប់ដល់មា  យើងស្ដេចផ្ទំលក់ សាន្តសុខមហិមា ក្រោមដើមនៃមហា និគ្រោធនោះនៃ។ រីកាលនោះណា មែនមានទេវតា រក្សាព្រះជ្រៃ ឮព្រះព្រហ្មទត្ត មហាក្សត្រជៀស្ឋជ័យ ស្ដេចបន្ទូលវៃ នឹងមាយើងថា។ ស្ដេចនឹងនិយាយ ទេពតាទាំងឡាយ បបួលគ្នីគ្នា មកមីរលើជ្រៃ ស្ដាប់សព្ទក្សត្រា យល់ស្ដេចនិន្ទ្រា ពុំបន្ទូលទៅ។ ទេពតាខឹងក្ដាន់ នឹងព្រះព្រហ្មទត្ត ធិរាជចមចៅ ថាក្សត្រនេះណា មុសាក្រៃក្រៅ ពោលពាក្យអាសៅ ពុំកាន់ពាក្យសត្យ។ ច្នោះយើងអត់ថ្វី ស្ដេចពោលអប្រិយ កាច់មែកជ្រៃថ្វាត់ ទម្លាក់លើ សង្កត់មហាក្សត្រ ឲ្យស្ដេចបង់បាត់ ព្រះជន្មជីវី។

២១.   ថាបើពុំទាន់ នៅនេះក្រៃខាន ស្ដេចទៅបុរី យើងកាច់ខ្លោងទ្វារ សង្កត់ចក្រី ព្រហ្មទត្តតិរ្ថិយ ឱ្យក្ស័យជន្មា។ ថាបើបានទៅ លុះស្ដេចចូលទៅ ដល់លើក្រឡា បន្ទំរម្យរ័តន៍ តែស្ងាត់និទ្រា យើងប្រែក្រឡា ជាពស់ទៅខាំ។ ស្អប់ស្ដេចកុហក ថាហើយដេកលក់ ឱ្យតែយើងចាំ មាយើងងងុយ អង្គុយតែចាំ ពាក្យង៉ាំៗ ង៉ាៗនោះណា។ មាយើងដាស់ស្ដេច ឆាប់មួយរំពេច ទើបទូលទៅថា បពិត្រស្ដេចឡើង ជវនអស្សា ឆាប់ៗម្នីម្នា ឥឡូវនេះនៃ។ ត្បិតមានទេវតា និត្យនៅរក្សា លើដើមព្រះជ្រៃ ខឹងថាស្ដេចនឹង និយាយហើយនៃ ផ្ទំលក់វឹងវៃ ស្ងៀមស្ងាត់ភាសា។ ខ្ញុំចាំស្ដេចផ្ទំ រលីវទៅខ្ញុំ ឮពាក្យទេពតា ស្តេចស្ដាប់មាយើង ស្ទុះឡើងអស្សពាហ៍ បំផាយម្នីម្នា មាយើងដោយដិត។

២២.  ក្សិណមែកព្រះជ្រៃ ធ្លាក់ផុតក្សត្រថ្លៃ ព្រះបាទព្រហ្មទត្ត ស្ដេចទៅរំលង ពីភ័យមរណថ្វាត់ ទើបមាយើងគិត ទូលទៅទៀតថា។ បពិត្រព្រះភូ ធររាជឥសូរ នេះមួយគ្រា មួយទៀតខ្ញុំឮ ពាក្យអស់ទេពតា ថាដល់សីមា ព្រះអង្គនាយនោះ។ នឹងកាចខ្លោងទ្វារ សង្កត់ភូបាល វឹងវិញទៀតស្មោះ ថាបើកន្លង រំលងពីនោះ លុះព្រះអង្គឆ្ពោះ ចូលក្នុងបន្ទំ។ និងប្រែកាឡា ជាពស់មហិមា ខាំក្សត្រាឧត្ដម ទេពតាជំនុំ ដូច្នោះនេះខ្ញុំ ឮជាក់ជាម្ដង។

បទពំនោល

២៣.  មហាក្សត្រព្រហ្មទត្តច្បាស់ច្បង ស្ដេចស្ដាប់ទំនង ទំនូលនៃចៅមាយើង  ទើបមហាក្សត្រថ្កល់ថ្លើង ថាច្នោះមាយើង ប្រយ័ត្ននូវខ្លោងទ្វារនោះ។ ចៅកាន់រំពាត់វាត់គោះ ចៀសជួយតឿនស្មោះ ឱ្យរួចពីភ័យទ្វារធំ។ ស្ដេចមានហឫទ័យបារម្បរសេះខែងខំ លុះទៀបនៃខ្លោងទ្វារនោះ។ ក្សត្រថ្កើងមាយើងវាត់គោះ សេះសោតលោតផ្លោះ ច្រៀវច្រួចគ្រលួចមហិមា។ បាក់ខ្លោងទ្វាររាជសីមា ផុតមហាក្សត្រា ក៏រួចរំលងពីភ័យ។ លុះដល់មណ្ឌលទិព្វថ្លៃ ចៅមាយើងវៃ ក្រាបលាទៅថ្កានគ្រឹះឋាន។ ព្រះបាទព្រហ្មទត្តទ្រង់មាន បន្ទូលផ្ដាំថ្កាន ថាចូលចៅទៅហោងណា។ ហើយចៅវិលវិញយាត្រា មកឆាប់ម្នីម្នា ចៅចាំដូចចៅឮហោង។ មាយើងក្រួញក្រាបទូលស្នង បពិត្រនេះម្ដង កុំព្រួយព្រះរាជហឫទ័យ។ បានទៅនៅវិលវឹងវៃ ចាំក្សត្រជៀស្ឋជ័យ ដ៏ជាមកុដសិរសា។

២៤.   ទូលស្រេចមាយើងម្នីម្នា មកផ្ទះអាត្មា ប្រាយប្រាប់ភរិយាអស់ក្ដី។ ដំណាលប្រាប់កាលចក្រី ព្រាត់មុខមន្ត្រី ទៅផ្ទំក្រោមដើមព្រឹក្សា។ ប្រាប់ពីស្ដេចសោយក្រយា សរសើរនាងថា ភរិយាបានចេះស្ងួនគ្រង។ ប្រាប់អស់ដំណើរទំនង នាងត្រេកអរផង ត្បិតបានដូចចិត្តចិន្ដា។ មាយើងនោះនិងភរិយា ហូបបាយហើយណា ក៏កាន់ដាវឡើងទៅចាំ។ អង្គុយជិតនៅគយឃ្លាំ ក្នុងចុងរោងរាំ ព្រះបាទសម្ដេចព្រហ្មទត្ត។ មន្ត្រីក្រាស់ក្រៃច្រើនក្ដាន់ ប្រុងប្រាណប្រយ័ត្ន ដ៏ពេញនៅរាជរោងរម្យ។ លុះដល់អធ្រាត្រដាស់ទំ ដេកស្ងាត់ជ្រងំ ពុំភ្ញាក់ដល់ម្នាក់ឡើយណា។ កាលនោះឯងឯទេវតា ប្រាណប្រែកាឡា ជាតិជាពស់វារទៅហោង។

២៥.   ទំហំពស់ធំកន្លង ប៉ុនដើមត្នោតផង ក៏លើកពពារគួរខ្លាច។ មានភ្នែកនោះធំត្រដាច ចង្កូមសស្ងាច នឹងខាំព្រះមហាក្សត្រា។ មាយើងដោះឡើងម្នីម្នា លើកខាន់មុតថ្លា ក៏វាត់ត្រូវសិរសាសល់។ ឈាមពស់ខ្ចាត់ខ្ចាយទៅដល់ ទេពីនិមលក៏ពេញនាព្រះថនា។ ទើបហៅមាយើងគិតថា ពស់នេះមរណា អសារសោះសូន្យជីវី។  ឈាមដូចដល់ព្រះទេពី វររ័តន៍ក្សត្រី ច្នេះតើនឹងធ្វើម្ដេចបាន។ ជ្រះឈាមពីនាងកល្យាណ នឹងដាស់ក្សត្រក្សាន្ត យល់ក្ដីពុំគួរក្ដាត់ណា។ នឹងយកដៃជូតឱរ៉ា សោតសឹងពុំជា កើតក្ដីពុំគួរពេកក្រៃ។ ទើបយកខ្មោចពស់នោះវៃ ដាក់នៅក្រោមឰ ក្រឡាបន្ទំរម្យរ័តន៍។

២៦.   ស្រេចហើយទើបកាត់ហារមាត់ លិទ្ធឈាមដែលដិត នៅនាព្រះស្គន់ក្សត្រី។ នាងនាថភ្ញាក់ឥន្ទ្រីយ៍ ទើបដាស់ភូមី ដ៏ជាគម្ដែងក្រឡា។ នាងខ្សឹបប្រាយប្រាប់ថា មាយើងយកជីវ្ហា មកលិទ្ធនូវដោះខ្ញុំហោង។ ស្ដេចស្ដាប់ក្រោធក្រៃកន្លង ត្រាស់ប្រើពលផង  ថាម្នាលពេជ្ឈឃាតម្នីម្នា។ ចូរឆាប់ចាប់ចងយកវា កំណាចមហិមា  នេះនាំយកទៅសម្លាប់។ ក្សិណនោះពេជ្ឈឃាដចូលចាប់ ចងមាយើងខ្ជាប់ ក៏នាំយកទៅម្នីម្នា។ ហេតុស្ដេចឥតពិចារណា ពុំគិតគុណមា យើងយកតែពាក្យទេវី។ ពេជ្ឈឃាដនាំទាំងរាត្រី ទៅបូព៌ទិសទី  ក៏ថានឹងអ្នកនាយទ្វារ ។ ឱ្យបើកត្បិតព្រះភូបាល មានព្រះឱង្ការ ឱ្យនាំអ្នកទោសទៅកាប់។

២៧.  ក្សិណនោះនាយទ្វារស្ដែងស្ដាប់ យល់ខុសនិងច្បាប់ សម្លាប់អ្នកទោសទាំងយប់។  ថាទោសនេះម្ដេចអ្នកឈប់ ប្រាយប្រាប់សព្វគ្រាប់ ដំណើរដំណាលសេចក្ដី។ នាំអ្នកទោសទាំងរាត្រី ពុំត្រូវច្បាប់ពី បុរាណគន្លងឡើយណា។ ពេជ្ឈឃាដឆ្លាស់ឆ្លើយវឹងថា អញដឹងឯណា ជាទោសធ្ងន់ស្រាលអ្វីៗ។ ស្ដេចប្រើអញទាំងរាត្រី ចៅមករកក្ដី លើព្រះបម្រើម្ដេចបាន។ អំណាចអ្វីៗឯងមាន ក៏អញនឹងហ៊ាន នាំគេមកសម្លាប់លេង។ អម្បាលចៅយើងឯង ម្ដេចពុំកោតក្រែង ក៏ទាស់ព្រះរាជអាជ្ញា។ នាយទ្វារសោតឆ្លើយវឹងថា បើព្រះអាជ្ញា លុះត្រូវនឹងច្បាប់ទើបបាន។ បើខុសនឹងច្បាប់បុរាណ យើងឃាត់ខាំងខាន បានត្បិតយើងជានាយទ្វារ។ បើយើងក្រាបទូលនាកាល នោះព្រះភូបាលនឹងធ្វើម្ដេចៗ តាមកល។

បទកាកគតិ

២៨.   នាយទ្វារនោះណា បង្ខានអាជ្ញា ឈរឈប់រចល់ ទើបនាំនិទាន មែនមានមនុស្សសល់ ប្រាយប្រាប់អស់កល នឹងពេជ្ឈឃាដហោង។ ចៅអើយនិយាយ កាលពីព្រេងនាយ ទុកជាទំនង មុនមានស្រីម្នាក់ មានកូនមួយហោង ចិញ្ចឹមស្ការផង ស្រឡាញ់រក្សា។ ស្រីនោះទៅផ្សារ ទុកនៅតែស្ការ និងកូននោះណា ផ្ដេកក្នុងអង្រឹង ទើបចរយាត្រា ក្រោយនោះពស់អា- សិរពិសយង់ឃ្នង។ ក្សិណពស់លលាំ វារមកចឹកខាំ កូននោះមរណហោង ស្ការយល់ពស់ពិស ទ្រុស្តទ្រឹស្ដិកន្លង ស្ការប្រខាំផង នឹងពស់នោះណា។ កាលនោះពស់ ពាលប្រខាំនឹងស្ការ ស្ការខាំមរណា ម្ចាស់មកពីផ្សារក្សិណស្ការនោះវា រត់ដោយមាគ៌ា ទៅទទួលហោង។ រីស្រីម្ចាស់ស្ការ យល់ឈាមរន្ទាល នៅខ្លួននោះផង  ប្រមាណគិតថា ស្ការកាចកន្លង ខាំកូនជាម្ដង មិនឈាមអ្វីឡើយ។

២៩.   ខឹងឆុលឆៀបឆាប់ វាយស្ការសម្លាប់ បោះបង់សៀតហើយ ចូលទៅមើលកូន ឃើញសូន្យឥត ត្រើយ ពិតពុំទេឡើយ យល់ពស់មរណា។ ទើបគិតឯងយល់ ថាពស់កាចសល់ ខឹងខាំបុត្រភ្ងា ស្ការការបុត្រនោះ ប្រខាំសោះសា យល់ស្នាមជាក់ជា បន្ទាល់ទៀងពិត។ ទើបគិតស្ដាយស្ការ ស្ដាយកូនសង្សារ សោះសូន្យជីវិត សោកឯងផ្សាឯង ស្ដាយអស់ពីចិត្ត អញខ្លាចមហាក្សត្រ នឹងស្ដាយច្នោះហោង។ ហេតុនេះអញពុំ បើកបើខឹងខំ ខុសច្បាប់កន្លង ចៅទៅទ្វារទៀត រីអញនេះម្ដង មិនបើកឡើយហោង និយាយសោតមាន។

៣០.  ពេជ្ឈឃាដស្ដាប់ហើយ ខំពុំបានឡើយ ទើបនាំទៅថ្កាន នាយទ្វារទក្សិណ ឱ្យបើកត្បិតមាន ព្រះបន្ទូលថ្កាន ប្រើយើងនេះណា៎។ នាំមនុស្សទៅកាប់ ចៅបើកឆាប់ៗ ដូចព្រះអាជ្ញា នាយទ្វារទក្សិណ នោះសោតឆ្លើយថា លោកដែលឯណា នាំទាំងរាត្រី។ ពេជ្ឈឃាដឆ្លើយថា ព្រះអើយអញណា ប្រកែកថាអ្វី បើកទៅឆាប់ៗ នឹងកាប់ម្នាម្នី នៅទាស់សេចក្ដី លើព្រះអាជ្ញា។ យើងនេះមិនព្រាង កុំចៅអួតអាង ឃាត់ខាំងរាំងរា បើចៅមិនជឿ ទៅទូលក្សត្រា យើងពុំមុសា វាទវៀចឡើយហោង។ នាយទ្វារឆ្លើយថា ជឿជាក្សត្រា ប្រើជាក់មែនហោង នាំទៅសម្លាប់ តែច្បាប់សព្វដង សម្លាប់មនុស្សផង សឹងនាំទៅថ្ងៃ។ នេះនាំទាំងយប់ យើងនឹងឱ្យឈប់ លុះស្រាងឧទយ បើចៅនឹងខំ យើងពុំបើកវៃ ច្បាប់យើងទីទៃ ចេះចាំស្ទាត់នៅ។

៣១.  ហើយមាននិយាយ អំពីព្រេងនាយ អញនឹងប្រាប់ចៅ ចៅស្ដាប់អញថ្លែង សំដែងសំដៅ ដោយនិទានទៅ ដំណើរអតីតា។ មុនមានសេដ្ឋី មានទ្រព្យប្រាំបី កោដិឃ្លាំងសោះសា ចិញ្ចឹមឆ្កែចាំ ឆ្កែប្រាំរយណា សឹងឆ្កែជាៗ បានដូចនូវចិត្ត។ ទោះមនុស្សជាចោរ ឃើញតែស្រមោល បណ្ដេញដោយដិត ព្រូសព្រមនឹងខាំ ប្រចាំគ្នាស្ទាត់ រក្សាសម្បត្តិ នៃមហាសេដ្ឋី។ សេដ្ឋីនេះណា៎ សឹងឱ្យរក្សា ឆ្កែជាប្រក្រតី មានខ្ញុំដណ្ដាំបាយឱ្យឆ្កែឆី សព្វទិនរាត្រី ពុំសោះឡើយណា។

៣២.  មានកាលមួយថ្ងៃ ចោរប្រាំរយរៃ គប់គិតនឹងគ្នា វាជីកឧម្មង្គឡើង លូចទ្រព្យមហា សេដ្ឋីនោះណា  អស់ពីឃ្លាំងហោង។ ឆ្កែប្រាំរយយល់ គ្រជូរដេញដល់ ព្រមព្រូសខឹងខ្លាំង ដេញក្នុងឧម្មង្គ ក្នុងឋានកំបាំង ខាំចោរស្លាប់ទាំង ប្រាំរយអស់វៃ។ លុះព្រឹកសេដ្ឋី យល់ទ្រព្យបាត់ពី មណ្ឌលឃ្លាំងជ័យ ប្រាំមួយកោដិគត់ អស់ឥតសង្ស័យ សេដ្ឋីក្រោធក្រៃ ថាអះអសារ។ ចិញ្ចឹមឆ្កែថ្វី ឱ្យបាយវាឆី វាដេកឥតការ ចោរលួចទ្រព្យអស់ ឆ្កែពេញទាំងវាល ឥតសព្ទឥតសារ នឹងទុកថ្វីវា។ សេដ្ឋីឱ្យចាប់ ឆ្កែទៅសម្លាប់ ឥតសំណល់ណា លង់លុះខ្មោចចោរ ធុំក្លិនដល់មហា សេដ្ឋីនោះណា៎ ដ៏ជាម្ចាស់ទ្រព្យ។ សេដ្ឋីថាយើ អស់ក្មេងនេះតើ យកឆ្កែទៅកាប់ ត្រង់ឋានឯណា វាស្អុយស្ទើរស្លាប់ ទៅយកឆាប់ៗ  អូសចេញឱ្យឆ្ងាយ។

៣៣.  ខ្ញុំមហាសេដ្ឋី ប្ដឹងប្រាប់វឹងខ្មី ថាឆ្កែទាំងឡាយ យើងខ្ញុំសម្លាប់ កណ្ដាលព្រៃឆ្ងាយ មិនធុំដល់អាយ នេះឡើយម្ចាស់ថ្លៃ ។ ទើបមហាសេដ្ឋី ថាដូច្នោះខ្មោចអ្វី ធុំស្អុយពេកក្រៃ អារកហិតមើល ប្លែកក្រៃវិស័យខ្ញុំនោះវៃ ៗ ហិតរកហោងណា។ ដល់មាត់រណ្ដៅ នោះធំស្អុយក្រៅ វិស័យសោះសា  ខ្ញុំនោះវិលមក ប្រាប់សេដ្ឋីថា រណ្ដៅមួយណា ធុំស្អុយពេកសល់។ ទើបសេដ្ឋីថា បើដូច្នោះអស់គ្នា ទៅជីកឱ្យយល់ ក្សិណខ្ញុំសេដ្ឋី កាន់ចបរចល់ ជីកទៅយង់យល់ ខ្មោចចោរមរណា។ របួសទៀតទេ សឹងចង្កូមឆ្កែ នោះគ្រប់អស់គ្នា ទ្រព្យក្នុងឧម្មង្គ សឹងគង់នៅជា អស់ខ្ញុំនោះវា មកប្រាប់សេដ្ឋី។ សេដ្ឋីគន់គិត  តែក្នុងគំនិត ដឹងដើមសេចក្ដី ថាអេះអញធ្លោយ ឯងឱ្យសម្លាប់ ឆ្កែនោះពុំគាប់ ខុសទៅហោងណា។

៣៤.  ចៅអើយមហាក្សត្រ ព្រះបាទព្រហ្មទត្ត លើសលើលោកា អញថានឹងធ្លោយ ស្ដាយក្រោយដូចមហា សេដ្ឋីនេះណា មិនលែងឡើយហោង។ អញពុំបើកចៅ ចៅនាំយកទៅ ទ្វារឯទៀតផង ទ្វារអញមានច្បាប់ ចេះស្រាប់កន្លង អញពុំបើកហោង កុំបង្ខំអញ។ ពេជ្ឈឃាដនោះស្ដាប់ អស់អាថ៌សារសព្ទ នោះទើបនាំចេញ ទៅទ្វារបស្ចិម កាលគ្រានោះវិញ អ្នកទ្វានោះមិញ ពុំបើកឡើយហោង។ ពេជ្ឈឃាដថាបើ ចៅពុំបើកតើ មានច្បាប់ទំនង ដំណើរនេះម្ដេច ចូរចៅសាសង ប្រាយប្រាប់អញហោង អស់អាថ៌សារសព្ទ។

៣៥.  ទើបអ្នកទ្វារថា លោកដែលឯណា នាំមនុស្សទៅកាប់ ទាំងយប់រាត្រី ខុសពីក្បួនច្បាប់ ចៅអើយចូរស្ដាប់ និយាយអញមាន។ មុនមានមហាក្សត្រ សោយរាជ្យសម្បត្តិ សម្បូរធនធាន ចិញ្ចឹមសេកសត្វ សេករតន៍កល្យាណ ហើយទៅហិមពាន្ត រកភស្តុចំណី។ សេកមានសម្បុរ នោះល្អនិមល កបបញ្ចិន្ទ្រិយ កាលនោះស្ដេចយល់ សម្បុរបក្សី សេកសួគ៌សោភា ល្អល្អះប្រពៃ។ ស្ដេចអរកន្លង បន្ទូលទៅផង សេកសួគ៌នោះវៃ សេកអើយសម្បុរ អ្នកយល់ល្អក្រៃ ហេតុម្ដេចចូរលៃ លកប្រាប់អញរ៉ា។ សេកសោតទៀតទូល បពិត្រឥសូរ ជាមកុដសិរសា សម្បុរខ្ញុំល្អ ត្បិតខ្ញុំភោក្ដា ផ្លែស្វាយនៅនា ព្រៃព្រះហិមពាន្ត។

៣៦.  រីស្វាយនេះណា បើចាស់ជរា អាក្រក់ប៉ុន្មាន បានបរិភោក្ដា ផលានោះក្សាន្តក្សិណ នោះប្រែប្រាណ កំលោះវឹងវៃ ។ ស្ដេចស្ដាប់សាសត្យ សេកសួគ៌ទូលថ្វាត់ បន្ទូលថាហៃ សេកអើយបើច្នោះ អ្នកទៅឆាប់វៃ ពាំនាំពីព្រៃ ផ្ញើយើងនឹងឆី។ សេកសោតទទួល ព្រះបន្ទូលស្រួល ស្រុះស្រេចអស់ក្ដី ហើយហើរផ្លេកផ្លោះ ទៅស្មោះឃ្មាតខ្មី រកភស្តុចំណី ចំណង់ភោក្ដា។ លុះនឹងវិលថ្កាន ទើបសេកពាំបាន មួយនោះណា មកផ្ញើមហាក្សត្រ ស្ដេចអរក្ដាត់ណា ទទួលផល្លា ពីបក្សីសត្វ។ ស្ដេចគិតថាស្វាយ នេះតិចអម្បាយ បានពីរបីម៉ាត់ បើអញនឹងឆី ឱ្យល្អខ្លួនថ្វាត់ តែអញឯងក្សត្រ នូវបុត្រភរិយា។

៣៧.  និងញាតិទាំងឡាយ បើច្នោះយកស្វាយ នេះទៅដាំនា  ឋានមួយបើដល់ បានផលព្រឹក្សា សឹមយើងនាំគ្នា ឆីឱ្យហោង។ នឹងមានរូបរ័តន៍ ប្រពៃល្អក្ដាត់ ពេកពន់កន្លង ទើបស្ដេចបណ្ដុះ ស្វាយនោះជាម្ដង ដុះដូចស្ដេចប៉ង បំណងប្រាថ្នា។ ស្ដេចឱ្យទៅដាំ មានអ្នកផងចាំ ពិភ័ក្ដិរក្សា លុះស្វាយនោះធំ បានផលផ្លែផ្កា ហេតុដាំនោះណា លើរន្ធនាគនៃ ។ ពិសនាគសព្វសាយ ជ្រួតជ្រាបផ្លែស្វាយ ពិសពស់វិស័យ លុះស្វាយនោះធំ ទើបក្សត្រជៀស្ឋជ័យ ឱ្យបេះច្រើនក្រៃ យកមកហោងណា។ ស្ដេចឱ្យអមាត្យ ជំនិតព្រះបាទ ឆីមុនក្សត្រា អមាត្យនោះឆី ពុលពិសមរណា នៅព្រះភក្ត្រមហា ក្សត្រក្សាន្តនោះវៃ។ ស្ដេចយល់អមាត្យ ពុលពិសសល់ខ្នាត ទ្រង់ព្រះក្រោធក្រៃ ពុំពិចារណា ឡើយមហាក្សត្រថ្លៃ ថាសេកចង្រៃ នឹងសម្លាប់អញ។

៣៨.  ភ័ព្វអញនេះម្ដង អញឱ្យឆីលង មើលមុនមែនមិញ បើអញឆីឯង ឥតក្រែងសមអញ អស់ជីវិតវិញ  មិនលែងឡើយណា។ ស្ដេចខ្ញាល់ឆុរឆាប់ វាយសេកសម្លាប់ ឥតពិចារណា ដំណពីនោះ ស្វាយនោះផ្លែផ្កា ឥតនរណា នឹងហ៊ានបេះឆី។ លុះចំណរទៅ នាគនោះនិត្យនៅ ពុំបានថយពី លំនៅនោះចេញ ពិសពេញធរណី ប្រែជាសាបខ្មី ពុំពុលឡើយណា។ អង្វែងទៅណាស់ តាចាស់ដូនចាស់ ពិបាករក្សា ដំរីមហាក្សត្រ មកគិតគ្នាថា យើងនេះជរា ចាស់ណាស់ទៅហើយ។ ទន្ទឹងតែស្លាប់ វាមិនឆាប់ស្លាប់ ដូចចិត្តសោះឡើយ បើច្នោះយើងរស់ ជាមនុស្សថ្វីអើយ ពិបាកឥតត្រើយ មកយើងទៅឆី។ ស្វាយដែលស្តេតដាំ ឱ្យស្លាប់ទៅចាំ រស់រូបធ្វើអ្វី ពិបាកអាត្មា រក្សាដំរី គាត់គិតព្រមប្ដី ប្រពន្ធហើយទៅ។

៣៩.  បេះបានមកឆី ក្សិណនោះឯប្ដី ប្រែសក់ជាខ្មៅ សម្បុរជាក្លោះ ឥតខ្ចោះហ្មងសៅ ក្រឡេកមើលទៅ ប្រពន្ធនោះណា។ ប្រែជាក្រមុំ សម្បុរគួរសម ដោះដូចបទុមា ប្ដីថានាងល្អ នាងមកពីណា ប្រពន្ធឆ្លើយថា យើងប្លែកអញហើយ។ ប្ដីឮភរិយា ចាំតែពាក្យថា មុខមិនស្គាល់ឡើយ ទើបឆ្លើយទៅថា ឱលាភអញអើយ ពាក្យប្រហែលហើយ រូបរាងទីទៃ។ ប្រពន្ធឆ្លើយថា ព្រះអើយអញណា ខ្លាវង្វេងព្រៃ  ក្រពើវង្វេង បឹងឯងសព្វថ្ងៃ នរណាឡើយ  នៃ អញឯងដូនចាស់។ ចៅឯងសក់ស ខ្នងកោងមិនល្អ ឥឡូវប្រែផ្លាស់ ជាសក់ខ្មៅញាប់ ចំណាប់ធំណាស់ មុនមិញសោត ចាស់ ឥឡូវកំលោះ។ ប្ដីថាយីអើ ឱ្យស្លាប់មិញតើ មកឆីស្វាយនោះ ម្ដេចអញនឹងមេ ប្រែខ្វែងជាក្លោះ មេអើយបើច្នោះ ជាភ័ព្វយើងឯង។

៤០.   ដូនតាប្រែប្រាណ ស្រេចវិលវឹងថ្កាន លំនៅឥតក្រែង រក្សាដំរី ដូចពីមុនព្រេង ដោយជាអញឯង ពិតពុំឃ្លាតឃ្លា។ កាលនោះស្ដេចយល់ កំលោះនិមលរូប  រាងសោភា ស្ដេចត្រាស់ដណ្ដឹង ថាមនុស្សពីណា មកនៅរក្សា ដំរីអញហោង។ ទើបតាកំលោះ ទូលទៅតាមស្មោះ បពិត្រច្បាស់ច្បង ខ្ញុំគឺតាចាស់ នៅនោះឯងហោង ត្បិតឆីស្វាយផង ប្រែប្រាណច្នេះណា៎។  ស្ដេចស្ដាប់ថាយើ ស្វាយពុលមិញតើ ម្ដេចប្រែជា ច្នេះចូរអ្នកផង ទៅបេះម្នីម្នា យកមកឆាប់រ៉ា អញនឹងឱ្យឆី អាមាត្យក្រាបលា ទៅបេះម្នីម្នា យកមកឆាប់រ៉ា អញនឹងឱ្យឆី។  អាមាត្យក្រាបលា ទៅបេះផល្លា មកថ្វាយភូមី ទើបស្ដេចឱ្យអា មាត្រមុខមន្ត្រី ឆីមុនចក្រី ចង់ដឹងអក្ខរា។

៤១.   អាមាត្យមួយឆី ល្អអស់ឥន្ទ្រិយ ប្រពៃសោភា ស្ដេចយល់ច្នោះវៃ ព្រះទ័យសង្កា ត្រាស់ប្រើឱ្យមហា មាត្យមួយឆីទៀត។ រែងល្អនិមល សួរសមសម្បុរ ឡើងដូចរមៀត ស្ដេចត្រាស់ឱ្យអា មាត្រមួយឆីទៀត ទើបស្ដេចបានបៀត ទ្រង់នឹងព្រះហស្ត។  ឯងឱ្យបុត្រី បុត្រាមហេសី ទ្រង់សោយទាំងអស់ សឹង មានព្រះអង្គ នោះប្រែប្រាណផ្លាស់ ចាកចោលឯចាស់ ក្រឡះបានជាពាល។ ស្ដេចយល់ច្នោះហើយ ទើបក្សត្រត្រាណត្រើយ សោយផលអាហារ ល្អអស់ព្រះអង្គ រុងរឿងត្រកាល សម្ដេចភូបាល ប្លែកនឹងសព្វគ្រា។ ទើបក្សត្រជៀស្ឋជ័យ គិតក្នុងព្រះទ័យ អង្គឺក្ដីណា ហេតុអ្វីស្វាយពុល បានប្រែជាៗ ស្ដេចត្រាស់ឱ្យអា មាត្យមើលអស់ក្ដី។

៤២.   អាមាត្យទៅមើល រណ្ដៅនោះឃើញ នាគនៅអំពី មុនមានដូច្នោះ ទើបទូលចក្រី ស្ដេចមានព្រះពិ ចារណាយង់យល់។  ជាពស់នាគា ជ្រួតជ្រាបព្រឹក្សា  ពិសពស់អស់កល ពីមុននាគមិញ ពិសពេញសព្វសល់  អញឯងដាលដល់ សម្លាប់សេកសត្វ។  ស្ដេចសែននឹកស្ដាយ សេកសួគ៌ពណ្ណរាយ អសារបង់បាត់ នែចៅពេជ្ឈឃាដ ព្រះបាទព្រហ្មទត្ត អញខ្លាចមហាក្សត្រ នឹកស្ដាយក្រោយក្រៃ។ ហេតុច្នោះឯងអញ ពុំបើកចៅចេញ ទៅទាំងយប់វៃ  បើទោសខ្លាំងសល់ ចៅចាំដល់ថ្ងៃ  ច្បាប់មានក្សត្រថ្លៃ នឹងខ្ញាល់ពុំបាន។

៤៣.  ពេជ្ឈឃាដស្ដាប់ស្ដែង នាយទ្វារសំដែង ដំណាលនិទាន   ទើបទៅឯទ្វារ ឧត្តរទីឋាន ពេជ្ឈឃាដហៅហាន ស្រែកប្រាប់ទៅថា វ៉ឺយអស់នាយទ្វារ រក្សាសព្វកាល បើកអញម្នីម្នា ត្រាស់ប្រើអញនាំ អ្នកទោសនេះណា ទៅកាប់សោះសា ចៅបើកអញឆាប់។ នាយទ្វារឆ្លើយទៅ ថាចៅវ៉ើយចៅ មិនដែលមានច្បាប់ នាំអ្នកទោសទៅ ទាំងយប់សម្លាប់ អញយល់ពុំគាប់ ខុសព្រះមាត្រា ពេជ្ឈឃាដខឹងខំ ថាម្ដេចក៏ពុំ បើកព្រះអាជ្ញា ឃាត់អញអើភាន ឯងមានច្បាប់ណា ឱ្យឯងរាំងរា លើព្រះបម្រើ។ នាយទ្វារឆ្លើយទៅ ថាពេជ្ឈឃាដចៅ ងារអញឯងបើ អញឃាត់ម្ល៉េះខុស ច្បាប់ដូច្នោះតើ ចៅខឹងខំប្រើ ឱ្យបើកទៅបាន។

៤៤.   អញជានាយទ្វារ ពីមេពីបា រឿងពីបុរាណ មិនដែលឮថា ដូច្នោះនឹងមាន បើទោសប៉ុន្មាន ក្សត្រមានបុណ្យថ្កើង។ ប្រើនាំទៅផ្គង ចៅនៅនេះហាង ទម្រាំព្រឹកឡើង សឹមនាំចេញថ្វាត់ យើងឃាត់តាមរឿង បើឆ្គងទោសយើង សឹងមានគ្រប់គ្នា។ យល់តែស្ដេចប្រើ យើងបើកហើយតើ មិនខុសមាត្រា ដំណនឹងឃ្លៀង លំអៀងច្បាប់ប្រាកដកើតអនាទរ ផ្ទៃក្រោមក្រៃ។ ស្រដីរាជការ ដោយមុខភ្នាក់ងារ កាន់ខ្ជាប់ទីទៃ យល់តែអំណាច ល្មមខ្លាចៗក្រៃ បើពុំល្មមនៃ ទាស់សិនដោយច្បាប់។ មុខមន្ត្រីធំ បើបានជំនុំ ព្រមប្រើសម្លាប់ ឮតែក្សត្រា ពុះពារប្រើកាប់ ក្រោធក្រៃឆុរ ឆាប់ នឹងព្រះអំណាច  ចៅអើយច្បាប់មាន ក្សត្រពីបុរាណ បរមរឿងរាជ បើពុំទ្រង់ធម៌ សម្មាឯងអាច អាងព្រះអំណាច ខុសច្បាប់ហើយណា៎។ មុខមន្ត្រីធំ អ្នកប្រាជ្ញាជំនុំ គិតព្រមគ្នីគ្នា បណ្ដេញស្ដេចបង់ ពីក្នុងនគរា ត្បិតស្ដេចពុះពារ បំពាក់បំពាន។ បើរាស្ត្រមន្ត្រី ពុំដោយច្បាប់ពី បរមបុរាណ ល្មមលក់ល្មមព្នៃ ល្មមឱ្យក្ស័យបាន ចៅខំប៉ុន្មាន អញពុំបើកឡើយ។


បទព្រហ្មគីតិ

៤៥.   កាលនោះឯមហាក្សត្រ ព្រហ្មទត្តតើនឡើងហើយ ហទ័យសោតពុំស្បើយ គិតទៅដល់មាយើងថា។ មាយើងមានគុណក្រៃ កាលនៅព្រៃមានតែមា យើងឥតនរណា ក្រៅអំពីមាយើងឡើយ។ ឥឡូវនេះអញប្រើ ឱ្យគេធ្វើគុតគាត់ហើយ គេកាប់ឬនៅឡើយ អះអញស្ដាយពេកណាស់ណា។ ស្ដេចត្រាស់ឱ្យអាមាត្យ រត់ខ្មីឃ្មាតរួសម្នីម្នា ទៅតាមយកចៅមា យើងមកវិញកុំពិឃាដ។ កាលនោះអមច្ចា ក្រួញក្រាបលារត់សង្វាត តាមទាន់ពេជ្ឈឃាដ នៅនាទ្វារឧត្តរនោះ។ ទើបនាំមាយើងមក វិលវឹងមកថ្វាយក្សត្រស្មោះ ទើបស្ដេចបន្ទូលឆ្ពោះ ដណ្ដឹងចៅមាយើងថា។ ហៃមាយើងអើយចៅ កាលអញទៅលេងព្រឹក្សា អញយល់មាឯងជា មានគំនិតគំនូរក្រៃ។ ឥឡូវម្ដេចចៅគិត ប្រាណប្រែចិត្តទៅទីទៃ ចូរចៅចែងសម័យ ចរចាមកឥឡូវរ៉ា។ មាយើងទូលពិនិត្យ ថាបពិត្រព្រះរាជា ក្នុងកាលយប់មិញណា ពស់វាមកខាំក្សត្រថ្លៃ។

៤៦.   ខ្ញុំកាប់ពស់អន្តរាយ លោហិតខ្ចាយពី ក្រោមក្រៃ ពេញព្រះថនានៃ វរទេវីពិសេសសល់។ ខ្ញុំពុំហ៊ានប្រមាថ ដាស់ព្រះបាទឱ្យអំពល់ នឹងយកដៃដិតដល់ សោតពុំគួរទើបខ្ញុំខំ។ យកអណ្ដាតលិទ្ធឈាម កូវកើយខ្វាមពិតពុំសម ជ្រាបដល់ព្រះអង្គអម្ចាស់ ឱ្យចងយកទៅកាប់។ ខ្ញុំនឹងទូលក្សត្រក្សាន្ត ទាស់ពុំហ៊ានក្រែងខុសគាប់ អំពល់បើនឹងស្លាប់ តាមវេរាអំពើកម្ម។ តេជះហេតុអំពើ ត្រង់ពុំធ្វើវេរាកម្ម ទើបខានដោយសារឆ្មាំ ទ្វារជំទាស់ពុំឱ្យទៅ។ បើពុំពិចារណា គឺអសារសោះសូន្យសៅ ក្សិណក្ស័យជីវិតនៅ នាធរណីនាយឥតការ។ ស្ដេចស្ដាប់ដណ្ដឹងឆ្ពោះ ថាបើច្នោះខ្មោចពស់ពាល ចៅទុកឯណាកាល ឥឡូវចៅប្រាប់អញហោង។ មាយើងទូលទៅថា ខ្ញុំទុកជាបន្ទាល់ផង ទាំង៣កំណត់ហោង ក្រោមមន្ទីរទិព្វភូបាល។

៤៧.  ទើបស្ដេចឱ្យទៅយក ខ្មោចពស់មកមែនដូចសា សព្ទចៅមាយើងកាល នោះព្រះអង្គជឿជាក់ស្ដែង។ ក្សត្រថ្ងៃខ្ពង់ខ្ពស់ យល់ខ្មោចពស់ទ្រង់ស្ញប់ស្ញែង ព្រឺព្រួចប្រឹងគ្រញែង ព្រះសិរសីបន្ទូលថា។ ភ័ព្វជាមាយើងអើយ កុំអីឡើយលុះមរណា ឱមាយើងមហា គុណអនេកអនន្តក្រៃ។ អ្នកផងសឹងស្ញប់ស្ញែង ព្រឺគ្រញែងទីទៃ យល់គុណមាយើងក្រៃ ក្រាស់ឥតនឹងថ្លាថ្លែង។ ស្ដេចឱ្យស្រេចស្រាយចំណង មាយើងហោងប្រោសលះលែង ទោសទុក្ខបង់រវែង ហើយបន្ទូលដោះសាថា។ ចៅអើយ ហេតុអញខ្លៅ ធ្វើទោសចៅឥតករុណា កុំចៅយកទោសា អញទទួលថាខុសហើយ ទើបស្ដេចគិតគុណក្រៃ ឱ្យយសថ្លៃឥតស្មើឡើយ ដល់មាយើងជាត្រើយ ជាមន្ត្រីធំកន្លង។ នរៈអ្នកសឹងចុះឡើង ចៅមាយើងឥតផ្ទឹមផង ហេតុបានភរិយាគ្រង កបលក្ខណាសួគ៌សល់ស្រី។ 

បទកាកគតិ

៤៨.  និទានមាយើង បានយកថ្កុំថ្កើង សាន្តសំរឹទ្ធី ស្លេះទុកទើបថ្លែង សំដែងស្រដី ដំណាលអំពី អ្នកនាយភេត្រា។ បានមេកញ្ជើ ធ្លុះអរលលើ ទៅជាភរិយា ដោយវាពុំមាន ធនធានទ្រព្យា លុះបានហើយវា ធ្វើឆ្មើងធំក្រៃ។ ស្លៀកខៀនស្លៀកព្រែ ស្អាងខ្លួនបន្ថែ ផ្ចិតផ្ចង់សព្វថ្ងៃ អាងប្ដីមានទ្រព្យ ប្រដាប់ច្រើនក្រៃ ថាខ្លួនវាថ្លៃ ឥតគេផ្ទឹមផង។ វាពុំស្រដី ទ្រព្យធនអ្វីៗ ពុំបានស្ងួនគ្រង ស៊ីចាក់ស៊ីចោល បាចសាចជាម្ដង មានកូនមួយផង នឹងនាយនោះនៃ។ បើកូននោះជុះ មេកញ្ជើធ្លុះ ពុំលាងវិស័យ ដូចអ្នកទាំងគ្រប់ អាងទ្រព្យច្រើនក្រៃ ហែកព្រែថ្លៃៗ ជូតអាចម៍ចោលទៅ។ លង់លុះវែងឆ្ងាយ ក្សិណខ្សត់អន្តរាយ ទ្រព្យទាំងសំពៅ  ប្រែជាអ្នកខ្សត់ ទុគ៌តអាសៅ លក់ទាំងសំពៅ ស៊ីចាយអស់ហោង។

៤៩.   ហេតុស្រីខាតលក្ខណ៍ ពុំចេះទុកដាក់ រក្សាស្ងួនគ្រង ឱ្យអាប់យសប្ដី អប្រិយកន្លង សព្វថ្ងៃនេះហោង សុំទានគេស៊ី។ កម្សោយកម្សត់ អប្រិយកន្លង ហិនហោចទុគ៌ត ដើរដោយប្រឹថពី ស្វែងរកសុំទាន សព្វឋានទិសទី ចិញ្ចឹមជីវី ជីវិតសព្វថ្ងៃ។ សុំទានរៀងទៅ  ដូចដល់លំនៅ ផ្ទះមាយើងវៃ នាងយល់អ្នកខ្សត់ ទុគ៌តក្រក្រៃ ស្មានអ្នកដទៃ ហើយឱ្យទានទៅ។ លុះគន់ជាក់លាក់ នាងស្គាល់ជាអ្នក ចៅនាយសំពៅ ប្ដីដើមនៃនាង ទើបនាងថាទៅ ឱនាយសំពៅ ម្ដេចដើរសុំទាន។ ប្ដូរផ្ដាច់បោះបង់ អញឥតមានស- ង្ស័យអញស្មោះស្មាន នឹងកើតរបស់ ស័ក្ដិយសធនធាន ឥឡូវម្ដេចប្រាណ ប្រែខ្លួនទទេ។ ល្អពេកមុខចៅ ចៅនាយសំពៅ ដើរសុំទានគេ ស្រឡាញ់ប្រពន្ធ ល្អលន់មុខមេ កញ្ជើធ្លុះទេ ល្អពេកប្រាកដ។

៥០.   នេះហេតុលក្ខណ៍ស្រី គេចម្រើនប្ដី បរិបូណ៌បានបទ ស្រីយើងចង្រៃ ពេកក្រៃប្រាកដ នៅនឹងអ្នកខ្សត់ ប្រែជាអ្នកមាន។ មនុស្សខ្សត់ទាំងពីរ ឮហើយរមិល មើលនាងកល្យាណ ស្គាល់ជាក់ហើយខ្មាស អាស្រូវភាសភាន ចៀសចេញទៅឋាន លំនៅអាត្មា។  មាយើងមានយស ឧត្ដមខ្ពង់ខ្ពស់ ត្បិតភរិយាយសយឺនពណ្ណរាយ កេរ្តិ៍ឆ្ងាយសោះសា ប្រាកដប្រុះប្រា កបកេរ្តិ៍វែងឆ្ងាយ។ រីឯសភាព ដំណើរកិរកាព្យ មានពីព្រេងនាយ បរមបុរាណ និទាននិយាយ អស់អាថ៌បរិយាយ ចែងចប់ម្ល៉េះហោង៕


 

 

No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...