បុស្បា នៅសួនផ្កាត្រជាក់ស្រួលដល់ហើយ។
តារា ខ្ញុំចូលចិត្តមកទីនេះពេលទំនេរពីការងារ។
បុស្បា មកទីនេះមើលផ្កាមែន?
តារា ហ្នឹងហើយ
មកស្រូបក្លិនផ្កា។
បុស្បា តារាចូលចិត្តផ្កាអ្វីដែរ?
តារា ខ្ញុំចូលចិត្តផ្កាម្លិះ និងផ្ការំដួល។
បុស្បា មានដាំផ្កាម្លិះ និងរំដួលនៅផ្ទះទេ?
តារា បាទ មាន ខ្ញុំដាំម្លិះនៅមុខផ្ទះ ឯរំដួលនៅខាងក្រោយផ្ទះ
តែរំដួលមិនទានមានផ្កាទេ មានតែម្លិះប៉ុណ្ណោះ។
បុស្បា ផ្ទះខ្ញុំមានម្លិះដែរ ខ្ញុំដាំផ្កាច្រើន។
តារា មានច្រើនដូចនៅសួននេះដែរ?
បុស្បា មិនច្រើនដូចសួនហ្នឹងទេ។ ផ្កានៅសួននេះ មានផ្កាខ្លះ
ខ្ញុំមិនស្គាល់ទេ។
តារាស្គាល់ផ្កាអីខ្លះ ជួយប្រាប់ខ្ញុំផង។
តារា នេះគេហៅថាផ្កានួនស្រី មួយនេះគឺផ្កាមាលតី មួយនេះ
ផ្កាសិរមាន់បុស្បាស្គាល់ហើយ ឯខាងនេះគឺផ្កាណាគ្រី។
បុស្បា ហើយចុះមួយនោះវិញ?
តារា ហ្នឹងគេហៅផ្កាក្ដាងងា ផ្កានេះក្រអូបឈ្ងុយដូចចេកទុំអីចឹង។
នៅសួននេះគេមិនដាំក្រវាន់ទេ តែមានរំដួល។ ក្រវាន់
និងរំដួលផ្កាដូចគ្នា ក្លិនដូចគ្នា។
បុស្បា ផ្ទះខ្ញុំមានផ្ការំយោល ចំប៉ី ចម្ប៉ា ស្បៃរឿង ដកគាំ
សារិកាកែវ ផ្កាក្រដាស
បើផ្កាម៉ោងដប់សំបូរជាងគេ។
តារា ចុះមានដាំផ្កាយិតថូទេ?
បុស្បា មិនមានទេ។
តារា នេះគឺផ្កាយិតថូហើយ ឯខាងនោះគឺផ្កាទូហូ។
បុស្បា ចុះខាងនោះវិញ?
តារា អូរដើមធំនោះ គេហៅសាលព្រឹក្ស។ សាលព្រឹក្សហ្នឹង
គេច្រើដាំនៅតាមវត្តអារាម។
បុស្បា អរគុណណាស់តារា ដែលបានណែនាំអោយស្គាល់ផ្កា
មួយចំនួន។ ពេលទំនេរ ខ្ញុំរកទិញពូជផ្កាទាំងនេះយក
ទៅដាំនៅផ្ទះមិនខាន។
តារា មិនអីទេ បើត្រូវការអោយខ្ញុំជួយ ប្រាប់មកចុះ។