រឿងចោរ​លួច​គោ



   មានបុរសម្នាក់ទិញគោមួយដឹកមកដល់ផ្ទះខ្លួន ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ ហើយទៅដេកក្រោមម្លប់ឈើ កំពុងតែដេកលក់ស្រួល មានបុរសមនុស្សម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ មើលទៅឃើញគេកំពុងដឹកគោនោះទៅ បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា “វ៉ើយចៅដឹកគោអញទៅណា?”។ ម្នាក់នោះមិនស្ដី។ បុរសម្ចាស់គោរត់ទៅចាប់ខ្សែគោអំពីដៃចោរ។ ចោរថា “យីអើ! អញចង់អស់សំណើចនឹងចៅនេះពេកណាស់  គោអញដឹកពីផ្ទះអញមកម្ដេចក៏ចៅឯងមកចោទថាអញលួចគោ ចៅ?”។
    អ្នកទាំងពីរដណ្ដើមគោគ្នាទៅវិញទៅមករៀងៗខ្លួន បន្ទាប់មកទើបចៅទាំងពីរនោះដឹកគោទៅប្ដឹងចៅក្រម។ ចៅក្រមកាត់សេចក្ដីឲ្យចៅទាំងពីរនាក់នោះពុំបាន ក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលតាមដំណើរនោះ។ ឯចៅម្ចាស់គោក្រាបបង្គំទូលថា “គោនេះខ្ញុំព្រះបាទអម្ចាស់ទើបនឹងទិញពីគេមកដល់ផ្ទះ ចងឲ្យស៊ីស្មៅ ខ្ញុំព្រះបាទអម្ចាស់ដេកលក់ ស្រាប់តែចៅនេះមកលួចដឹកគោខ្ញុំព្រះបាទខ្ញុំព្រះបាទអម្ចាស់យកទៅ លុះខ្ញុំព្រះបាទក្រោកពីដំណេកទៅតាមយកគោពីចៅនេះៗពុំព្រមឲ្យ ចេះដណ្ដើមគោពីខ្ញុំព្រះបាទអម្ចាស់”។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “គោនេះចៅឲ្យស៊ីអ្វី?”។ ចៅម្ចាស់គោក្រាបទូលថា “ឲ្យស៊ីស្មៅ”។ ចោរឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់ ដឹកគោមកអំពីផ្ទះ ខ្ញុំព្រះបាទអម្ចាស់ ស្រាប់តែចៅនេះ ដើរមកពីណា មកដណ្ដើមគោខ្ញុំកណ្ដាលផ្លូវ”។ ព្រះមហាក្សត្រទ្រង់សួរថា “គោនេះចៅឯងឲ្យស៊ីអ្វី?”។ ចោរឆ្លើយថា “ឲ្យស៊ីសណ្ដែក”។ ព្រះមហាក្សត្រឲ្យអាមាត្យយកស្លឹកប្រយង្គបង្អកគោ ហើយគោនោះវារើចេញមក ឃើញតែស្មៅ ពុំឃើញស្លឹកសណ្ដែកដល់មួយទងនៅក្នុងពោះគោនោះឡើយ។ ព្រះអង្គមានព្រះបន្ទូលថា “អានេះលួចគោមែនហើយ” ទើបព្រះអង្គកាត់ឲ្យចៅម្ចាស់គោនោះឈ្នះ។ ព្រះអង្គកាត់ដូច្នេះ ហៅសុគតិគមនំហោង៕

No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...