ទៅមើលភាពយន្ត

 

បុស្បា       សួស្ដីតារា។

តារា          បាទសួស្ដី។ រៀបចំខ្លួនទៅណាហ្នឹង។

បុស្បា       ចាស៎ ខ្ញុំមករកតារាឯងហ្នឹងណា៎។

តារា          មករកខ្ញុំ មានការអីដែរ?

បុស្បា       មាន។ ចង់បបួលតារាទៅមើលកុន។

តារា          ទៅមើលកុន! តែខ្ញុំមានណាត់ ខ្ញុំត្រូវទៅជួប

បូណាបន្ដិចទៀតនេះឯង។

បុស្បា       មានការសំខាន់អី? អាចលុបការណាត់ជាមួយ

បូណាបានទេ?

តារា          មិនសំខាន់ណាស់ណាទេ តែខ្ញុំក៏មិនចង់លុបការ

ណាត់ជួបជាមួយបូណាដែរ។ 

បុស្បា       អីចឹងចាំជួបបូណាហើយ ចាំទៅមើលកុនជាមួយគ្នា

បានទេ?

តារា          បាទ បាន។ ចាំខ្ញុំនាំបូណាទៅជាមួយដែរ

បើគាត់ទំនេរ។

បុស្បា       ខានជួបបូណាយូរដែរ។

តារា          ហើយបុស្បាចង់ទៅមើលកុននៅរោងកុនណា?

បុស្បា       ខ្ញុំចង់ទៅមើលនៅរោងកុនសុរិយា។

តារា         ចង់ទៅនៅម៉ោងប៉ុន្មានដែរ?

បុស្បា       គេនឹងចាក់បញ្ចាំងរឿងថ្មីនៅម៉ោង៧ល្ងាចនេះឯង។

តារា          ខ្ញុំគិតថា ចង់ទូរស័ព្ទទៅបូណា ណាត់គាត់ទៅជួប

នៅរោងកុនតែម្ដងទៅល្អជាង។

បុស្បា       ជាគំនិត។ ទូរស័ព្ទទៅគាត់ភ្លាមទៅចឹង។

តារា          អូ៎ បូណាព្រមហើយ គាត់នឹងទៅជួបយើងនៅឯ

រោងកុនតែម្ដង។

បុស្បា       តោះយើង ទៅរកអីញ៉ាំនៅម្ដុំរោងកុនសិនទៅចឹង។

តារា         ជួបគ្នាពេលណាក៏និយាយពីញ៉ាំដែរ។

ខ្ញុំឃ្លានហើយ។

បុស្បា       ដឹងថាតារាឯងឃ្លានទើបឆាប់បបួលហ្នឹងណា៎។

តារា          នែ៎ បុស្បា ដឹងថាកុនយប់ហ្នឹងមានចំណងជើង

អីដែរ?

បុស្បា       ខ្ញុំមិនចាំចំណងជើងទេ តែដឹងថារឿងហ្នឹង

និយាយពីសម័យខ្មែរក្រហម ដែលមានតួ

អាមេរិកាំងចូលរួមសម្ដែងដែរ។

តារា          ម៉េចក៏បុស្បាចង់មើលរឿងហ្នឹង?

បុស្បា       ខ្ញុំឮយាយ តា ប៉ា ម៉ាក់ និយាយពីរបបខ្មែរក្រហម

ដែលពួកគាត់ធ្លាប់ឆ្លងកាត់ ខ្ញុំធ្លាប់ទៅទស្សនា

គុកទួលស្លែង ធ្លាបមើលរឿងវាលពិឃាត តែនៅ

តែចង់មើល រឿងដែលនិយាយពីសម័យខ្មៅងងឹត

ហ្នឹងទៀត។

តារា         ខ្ញុំធ្លាប់មើលរឿងវាលពិឃាតដែរ អាណិត

ជាតិសាសន៍យើងណាស់ ពិសេសអ្នកដែលបាន

ឆ្លងកាត់សម័យហ្នឹង ពួកគាត់វេទនាណាស់។

បុស្បា       រឿងវ៉ាវពីសម័យខ្មែរក្រហម មានផលិត

ជាភាពយន្តមិនច្រើនទេ។ 

តារា         តែអ្នកទទួលរងគ្រោះដោយសារសម័យកាលហ្នឹង

មានច្រើន ពួកគាត់នៅមានជីវិតដល់សព្វថ្ងៃ។

បុស្បា       ខ្ញុំនាំម៉ាក់ទៅមើលកុនហ្នឹងដែរ តែម៉ាក់មិនទៅ។

គាត់ថា គាត់ឆ្លងកាត់ឆ្អែតឆ្អន់ហើយ មិនចង់ឃើញ

ទៀតទេ។

តារា         ម៉ាក់ខ្ញុំក៏អីចឹងដែរ ម្ដងៗ ពេលគាត់និយាយពីជំនាន់

ប៉ុលពត គាត់មានទឹកមុខស្រងូតស្រងាត់ណាស់។

បុស្បា       បើកាលនៅពីក្មេងវិញ ពេលញ៉ាំបាយកំពប់បន្តិចបន្តួច

ម៉ាក់តែងតែប្រៀបទៅនឹងសម័យប៉ុលពតជានិច្ច

គាត់ថា កាលនៅសម័យនោះ ពេលខ្លះមិនមានបាយ

ញ៉ាំសូម្បីមួយគ្រាប់អង្ករ។

តារា         ដូចតែគ្នាទេ ម៉ាក់ខ្ញុំក៏និយាយអីចឹងដែរ។

បុស្បា       នែ! យើងចូលញ៉ាំទឹកអំពៅ ប្រហិតចៀនទីនេះ

រង់ចាំបូណាសិនទៅអី។

តារា          ញ៉ាំក៏បាន តែខ្ញុំមិនចង់ញ៉ាំទឹកអំពៅទេ។

បុស្បា       អីចឹងតារាឯងចង់ញ៉ាំអីវិញ?

តារា          ចង់ញ៉ាំដូងក្រឡុកវិញ ខានញ៉ាំយូរដែរហើយ។

បុស្បា       ខ្ញុំចង់ញ៉ាំដូងក្រឡុកដែរ។

តារា          ម៉េចក៏ប្ដូរចិត្តទៅហើយ?

បុស្បា       ខ្ញុំមិនដែលសាកដូងក្រឡុកផង ធ្លាប់ញ៉ាំតែទឹកដូង។

តារា          ដូងក្រឡុកឆ្ងាញ់ដែរតើ សង្ស័យតែញាមទេ។

បុស្បា       ប៉ិនបង្អាប់គេណាស់តារាឯងហ្នឹង។

តារា         ថាលេងទេតើ។ តោះ ចូលទៅ។

បុស្បា       ខ្ញុំចង់យកទៅញ៉ាំនៅរោងកុនវិញ ទីនេះមនុស្ស

អ៊ូអរណាស់។

តារា          អីចឹងចាំខ្ញុំអោយអ្នកលក់ច្រកអោយក៏បាន។

បុស្បា       អរគុណតារាណាស់។

តារា          គុណស្រ័យអី។ អើ បូណាទូរស័ព្ទមក ថាគាត់មានធុរៈ

មិនបានទៅមើលកុនជាមួយយើងទេ ផ្ដាំសុំទោស

បុស្បាឯងផង។

បុស្បា       មិនបានជួបបូណាទៀតហើយខ្ញុំ។

តារា          គង់តែបានជួបគ្នាទេ។

បុស្បា       យើងដល់រោងកុនហើយ តោះទៅទិញសំបុត្រ។

តារា         បុស្បានៅទីនេះហើយ ចាំខ្ញុំទៅទិញ។

បុស្បា       មនុស្សម្នាអ៊ូអរដល់ហើយ។

តារា          កុនបញ្ចាំងរឿងថ្មីអីចឹងហើយ។

បុស្បា       ខ្ញុំធ្លាប់អានកាសែតប៉ះ គេសម្ភាសន៍អ្នកនិពន្ធហ្នឹងតើ។

តារា          អ្នកនិពន្ធឈ្មោះអីដែរបុស្បា?

បុស្បា       នោះឈ្មោះរបស់គាត់ គឺអ្នកស្រី អ៊ុង លួង

តារា         គាត់ជាខ្មែរអាមេរិកាំងតើ។

បុស្បា       ត្រូវហើយ រឿងរបស់គាត់ អានជក់ចិត្តណាស់។

តារា         មានតួអែនជីលីណាជូលីសម្ដែងទៀតផង។

បុស្បា       ក្រដល់ម៉ោងដល់ហើយ។

តារា         ចាំបន្តិចទៅ ជិតដល់ហើយ។


No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...