នៅសួនសត្វ

 

តារា          បុស្បាស្គាល់ខ្លរខិនទេ?

បុស្បា       ខ្ញុំស្គាល់ខ្លារខិន តែមិនដែលបានឃើញផ្ទាល់ម្ដង

                ណាឡើយ។ ចុះតារាឯងឃើញខ្លារខិននៅឯណា?

តារា          ខ្ញុំមិនដែលឃើញផ្ទាល់ដែរហ្នឹង អីចឹងហើយបាន

                ជាចង់មកមើល ឮថានៅសួនសត្វហ្នឹងមានខ្លារខិន។

បុស្បា       ខ្លារខិនជាសត្វកម្រ នៅលើពិភពលោក មិនដឹងថា

                នៅសួនសត្វប្រទេសយើងមានដែរឬអត់។

តារា          សួនសត្វនៅប្រទេសយើង មានតែនៅភ្នំតាម៉ៅ

                មួយហ្នឹងទេ។ ស្រុកយើងសំបូរសត្វព្រៃ តែសួន

                សត្វមិនមានសត្វកម្រអោយក្មេងៗមើលឡើយ។

បុស្បា       នោះ ខ្ញុំឃើញស្វា ស្អាតណាស់។

តារា          ហ្នឹងមិនមែនស្វាទេ។

បុស្បា       គេហៅថាសត្វអីវិញ?

តារា          គេហៅថាសត្វទោច។ ស្វា និងទោច មើលទៅ

                ស្រដៀងគ្នាណាស់។ បុស្បាឃើញអក្សរគេ

                សរសេរថាសត្វទោចទេ?

បុស្បា        អូ៎ ចាស៎ ខ្ញុំឃើញហើយ។

តារា          នៅខាងនោះមានឈ្លូស ប្រើស ក្ដាន់ ទន្សោង

                និងជ្រូកព្រៃ។

បុស្បា        តោះទៅមើលអីចឹង។

តារា          តោះយើងទៅ។

បុស្បា       ឈ្លូស ប្រើស ស្គមៗដល់ហើយ។

តារា          ជ្រូកព្រៃក៏ស្គមដែរ ម៉េចមិនអោយចំណីវាស៊ី

                អោយបានគ្រប់គ្រាន់។

បុស្បា       ជួនកាលមិនមែនខ្វះចំណីទេ តែសត្វព្រៃទាំងនេះ

                កាលណាចាប់យកមកចិញ្ចឹម វាមិនស៊ាំ វាមិនស៊ី

                ចំណីដែលគេអោយក៏ថាបាន។

តារា          អូ៎ អាចអីចឹងដែរ ចឹងបានជាមើលទៅឃើញតែ

                ស្បែក និងឆ្អឹង។ នោះកូនខ្លាឃ្មុំ ស្អាតណាស់។

                បុស្បាចូលចិត្តវាទេ។

បុស្បា        ចាស ចូលចិត្ត ខ្ញុំថតរូបវាសិន។

តារា           ដូចជាមិនឃើញមេរបស់វា។

បុស្បា        មែនហ្នឹង។ មានតែកូនខ្លាឃ្មុំមួយក្នុងទ្រុង។

តារា           មើលទៅខ្លាឃ្មុំដូចជាមានជម្ងឺ។ ហ៊ឺ! តោះទៅមុខទៀត។

បុស្បា       ចុះពពួកសត្វបក្សីនៅខាងណាវិញ?

តារា          ដើរទៅមុខបន្ដិចទៅគង់តែឃើញទេ។

បុស្បាចូលចិត្តសត្វអីជាងគេ?

បុស្បា       ខ្ញុំចូលចិត្តក្ងោក។ ពេលក្ងោកត្រដាងស្លាប

                មើលទៅស្អាតណាស់។

តារា          ឯខ្ញុំវិញចូលចិត្តសារិការកែវ ពិសេសពេលវាចេះ

                ធ្វើត្រាប់សំឡេងយើង គួរអោយស្រឡាញ់ណាស់។

បុស្បា       សត្វចេកក៏ចេះនិយាយត្រាប់យើងដែរ។ ម៉ាក់ធ្លាប់

                ប្រាបថា កាលពីខ្ញុំនៅតូចៗ លោកតាធ្លាប់ចិញ្ចឹម

                សេក វាចេះនិយាយត្រាប់តាម ធ្វើអោយគ្រប់នៅ

                ក្នុងផ្ទះគ្នាចូលចិត្តវាណាស់។

តារា          នេះ យើងមកដល់កន្លែងចិញ្ចឹមសត្វស្លាបហើយ។

នេះគឺសត្វត្រសេះ ជិតត្រសះគឺមៀម មុខមៀម

គួរអោយខ្លាច។

បុស្បា       មៀមហ្នឹងភ្នែកវាភ្លឺតែពេលយប់មែនអត់?

តារា         ប្រហែលហើយ ព្រោះសត្វហ្នឹងហើររកចំណី

តែពេលយប់ទេ។ មៀម ទីទុយ ខ្លែងស្រាក គឺជា

បក្សីគួរអោយខ្លាច។

បុស្បា       ប្រទេសយើងអត់មានសត្វឥន្រ្ទីទេអី?

តារា         សត្វមួយចំនួនមានតែឈ្មោះ បាត់ពូជសត្វអស់ព្រោះ

តែសង្រ្គាម និងជំនឿមិនសមហេតុផល។

បុស្បា       ជំនឿយ៉ាងម៉េចបានជានាំអោយបាត់ពូជសត្វតារា?

តារា          ចាស់ជំនាន់មុន ភាគច្រើនគាត់ជឿលើអបីយជំនឿ

គាត់ជឿថាសំឡេងសត្វយំ ដូចជាខ្លែងស្រាក អាចធ្វើ

អោយមានមនុស្សស្លាប់ នាំអោយស្រុកភូមិកើតអាសន្នរោគ

ឬស្រុកទេសកើតសង្រា្គម ដល់ចឹងទៅ គាត់នាំគ្នាសម្លាប់

សត្វទាំងនោះ។ មានសត្វមួយឈ្មោះឪឡ ឥឡូវមិនមានរូប

រាងទេ មានតែឈ្មោះប៉ុណ្ណោះ។

បុស្បា       ខ្ញុំមិនដែលឮនរណានិយាយពីជំនឿទាំងនេះផង។

មួយហ្នឹងក្អែកមែនទេ?

តារា          បាទ ហ្នឹងគឺក្អែកហើយ។ ពេលក្អែកយំ គេមិនថាក្អែក

យំទេ គេថាក្អែកបូល។

បុស្បា       ខ្មៅស្អាតណាស់ ចង់ឭក្អែកបូលដល់ហើយ។

តារា          សួនសត្វស្រុកយើងមិនមានអីច្រើនលើសហ្នឹងទេ

បើនៅបរទេសប្រហែលមានច្រើនជាងហ្នឹង ព្រោះជនជាតិ

គេចូលចិត្តស្រាវជ្រាវរាវរក អភិរក្ស និងអភិវឌ្ឍន៍ទៅមុខ។

បុស្បា       ពេលមានឱកាសចេញទៅបរទេសលើកក្រោយ ខ្ញុំត្រូវឆ្លៀត

ពេលទៅមើលសួនសត្វស្រុកគេម្ដង។

តារា          បុស្បាប្រហែលឮឈ្មោះសត្វខ្ទីង រមាស តោ សត្វទាំងនេះ

                បាត់ស្រមោលពីទឹកដីយើងអស់ តែបើនៅទ្វីបអាហ្រិក

សត្វទាំងនេះ មានរាប់មិនអស់។

បុស្បា        ខ្ញុំធ្លាប់មើលកម្មវិធីឯកសារសត្វ ឃើញថាប្រទេសគេ

មានសត្វច្រើនមែន។ សង្ឃឹមថា ថ្ងៃខាងមុខ ប្រទេសយើង

នឹងមានសត្វច្រើនដូចគេដែរ។

តារា          សួនសត្វយើងមិនមានដំរីទេ។

បុស្បា       មែនហ្នឹង គួរតែមានដំរីអោយភ្ញៀវបានឃើញដែរ។

តារា          តោះ មើលប៉ុណ្ណឹងបានហើយ ខ្ញុំស្រែកទឹកណាស់

ចង់ទៅញ៉ាំទឹកត្នោតផ្អែម។

បុស្បា       ខ្ញុំក៏ស្រេកទឹកដែរ។ តោះយើងទៅ។



No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...