១. តាខ្ញុំឈ្មោះតាម៉ៅ គាត់មករស់នៅអាមេរិកតាំងពីឆ្នាំ១៩៩០ មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ថា
កាលលោកតាមករស់នៅប្រទេសអាមេរិកដំបូង តាមិនចេះភាសាអង់គ្លេសទេ សូម្បីភាសាខ្មែរ លោកតាចេះនិយាយ
តែមិនចេះ អាន និងសរសេរឡើយ។ នេះជាមូលហេតុមួយ ដែលនាំអោយខ្ញុំខំរៀនភាសាខ្មែរនៅវិទ្យាល័យឡូវែល។
២. លោកតាមកពីតំបន់ជនជននៃប្រទេសកម្ពុជា នៅឯភូមិកំណើតរបស់តា មិនមានសាលារៀនទេ។ ម៉ែប្រាប់ទៀតថា មួយថ្ងៃៗលោកតារវល់តែនឹងស្រែចម្ការ មើលថែគោក្របី រកនេះរកនោះដើម្បីបានផលយកមកចិញ្ចឹមកូនចៅ។ ជីវិតរបស់តានឿយណាស់ សូម្បីមករស់នៅសហរដ្ឋអាមេរិកហើយក្ដី លោកតាធ្វើការងារមិនឈប់។ កាលមកដល់អាមេរិកប៉ុន្មានឆ្នាំដំបូង លោកតាខ្ញុំនឹកស្រុកកំណើតគាត់
នឹកកូនៗរបស់គាត់ ដែលបែកបាក់គ្នាមិនដឹងរស់ ឬស្លាប់ លោកតាតែងតែសញ្ជឹងគិតដល់អតីតកាលរបស់គាត់រហូត។ ទោះបីការមកដល់អាមេ រិកពីដំបូងៗលំបាកខ្លាំងយ៉ាងណា លោកតាជំនះប្រឹងធ្វើការងារដើម្បីចិញ្ចឹមកូនៗរបស់គាត់ដោយមិនរអ៊ូរទាំឡើយ។ កូនៗរបស់លោកតាមានម្ដាយរបស់ខ្ញុំ និងមីងបុប្ផា ត្រូវជាប្អូនរបស់ម្ដាយខ្ញុំ។
៣. ការលំបាកដែលលោកតាជួបកាលមកដល់សហរដ្ឋអាមេរិកដំបូងគឺ លោក តាមិនចេះភាសាអង់គ្លេស មិនចេះបើកបររថយន្ដ មិនចេះសរសេរសែកបង់ថ្លៃទឹកភ្លើង មិនចេះមើលផែនទី មិនចេះមើលអាកាសធាតុ មិនចេះប្រើទូរស័ព្ទ មិនយល់ដឹងពីរបៀបប្រើប្រាស់លុយកាក់តាមប្រពន្ធ័ធនាគារ គឺតាមិនយល់ពីវប្បធម៌ ឬរបៀប របរស់នៅបែបអាមេរិកាំងឡើយ។ តែមានតែម្យ៉ាងប៉ុណ្ណោះ គឺតាខំធ្វើការដើម្បីបានប្រាក់ យកមកផ្គត់ផ្គង់ក្រុមគ្រួសារ។
៤. តាតែងតែប្រាប់ម៉ែ និងមីងរបស់ខ្ញុំអោយខំរៀន ម៉ែរបស់ខ្ញុំស្ដាប់បង្គាប់ ធ្វើតាមលោកតាណាស់ តែមីងបុប្ផាក្បាលរឹងមិនធ្វើតាមទេ មីងចូលចិត្តដើរលេងច្រើន ចូលចិត្តទៅមើលកុន មានពួកម៉ាកនាំទៅនេះទៅនោះ ធ្វើអោយតាខឹងសឹងរាល់ថ្ងៃ។ មីងបុប្ផាជាក្មេងក្បាលរឹង ជួនកាលគាត់តបទៅលោកតាដោយសម្ដីធំៗថា៖ "ពុក! ខ្ញុំធំហើយ ពុកកុំខ្វល់នឹងជីវិតរបស់ខ្ញុំបានទេ។ ខ្ញុំមានពួកម៉ាកជាសិទ្ធិរបស់ខ្ញុំ ខ្ញុំចង់ទៅណាក៏បាន ខ្ញុំមិនទៅរៀនក៏បាន ព្រោះនេះជាជម្រើសក្នុងជីវិតរបស់ខ្ញុំ។" សម្ដីរបស់មីងបុប្ផា រិតតែនាំអោយលោកតាខឹងកាន់តែខ្លាំង ដែលមីងមិនស្ដាប់បង្គាប់តា ហើយតមាត់ដាក់ចាស់ទុំ ដែលផ្ទុយពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។ កាលនោះលោកតាអស់សង្ឃឹមនឹងមីងបុប្ផាខ្លាំងណាស់ លោកតាថា ដំណើរជីវិតរបស់មីងទៅមិនបានឆ្ងាយទេ ព្រោះ មីងជាក្មេងក្បាលរឹង និងមិនមានក្ដីស្រម៉ៃ មិនចង់មានចង់មាន គិតបានត្រឹមតែឆ្អែតមួយក្រពះដូចសត្វ។ ឯម៉ែវិញ ម៉ែគោរពកោតក្រែង ស្ដាប់បង្គាប់លោកតាណាស់ ព្រោះម៉ែមិនចង់អោយលោកតាព្រួយ កើតទុក្ខព្រោះតែកូន។
៥. សព្វថ្ងៃនេះ ម៉ែខ្ញុំមានការងារល្អធ្វើ ម៉ែធ្វើការនៅមន្ទីពេទ្យ បានប្រាក់ខែច្រើនគួរសម ឯមីងបុប្ផាវិញគាត់មិនមានមុខរបរច្បាស់លាស់ឡើយ។ ទោះយ៉ាង ណា លោកតានៅតែស្រឡាញ់ នៅតែមិនបោះបង់មីងទេ លោកតានៅតែអោបក្រសោបចៅៗរបស់លោកតាទាំងអស់។ លោកតានៅជួយអប់រំ ប្រៀនប្រដៅចៅរបស់លោកតាគ្រប់ៗគ្នា លោកតាតែងតែប្រាប់អោយពួកយើងខំរៀនសូត្រ កុំអោយពិបាកវេទនាដូចតា។
៦. ខ្ញុំរៀនភាសាខ្មែរនៅវិទ្យាល័យឡូវែល ខ្ញុំខំរៀន ខ្ញុំស្រឡាញ់ភាសាខ្មែរ ពេលណាខ្ញុំមិនចេះ ខ្ញុំមិនយល់ ខ្ញុំតែងសួរលោកតា ពឹងលោកតាអោយជួយពន្យល់ ជួយអាន លោកតាសប្បាយចិត្ត ពេលឃើញខ្ញុំខំរៀនភាសាខ្មែរ តាប្រាប់ខ្ញុំថា៖ ត្រូវខំរៀនភាសាខ្មែរយើងណា ចៅ តាសប្បាយចិត្ត ពេលឃើញចៅរៀនភាសាខ្មែរ។ ខ្ញុំក៏សប្បាយចិត្តដែរ ពេលឃើញលោកតាញញឹម។ ស្នាមញញឹមរបស់តា ធ្វើអោយមុខរបស់គាត់ជ្រួញកាន់តែខ្លាំង ស្នាមជ្រួញលើមុខលោកតានាំអោយខ្ញុំកាន់តែស្រឡាញ់ តា ស្រឡាញ់ងចងចាំពាក្យណែនាំរបស់តាទ្វេឡើង។ ឆ្នាំនេះលោកតាចាស់ច្រើន កម្លាំងក៏ខ្សោយដែរ លោកតាប្រាប់ម៉ែថា លោកតាចង់ទៅវត្តនៅថ្ងៃស្អែក អោយម៉ែ ជួយរៀបចំធ្វើចង្ហាន់ប្រគេនព្រះសង្ឃ។
៧. ម៉ែប្រាប់ថា ថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតលោកតាគម្រប់អាយុ ៨០ឆ្នាំ យើងនឹងទៅវត្តជាមួយលោកតា ម៉ែរៀបចំធ្វើម្ហូប ពិសេសម្ហូបដែលលោកតាចូលចិត្ត មានដូចជា សម្លម្ជូរគ្រឿងសាច់គោ ពោះគោទឹកប្រហុក ផ្អកចៀន ត្រីកប់ និងស្ងោរម្រះ ឯខ្ញុំវិញ ខ្ញុំសម្ងំសរសេរពាក្យជូនពរជាភាសាខ្មែរជូនលោកតា។ ខ្ញុំចង់ឃើញលោកតាញញឹម ចង់ឃើញលោកតាអស់ទុក្ខព្រួយ ពេលលោកតាបានអានសំបុត្ររបស់ខ្ញុំ។ ខ្ញុំគោរពស្រឡាញ់លោកតារបស់ខ្ញុំណាស់។ ខាងក្រោមនេះជាសំបុត្ររបស់ខ្ញុំជូនលោកតាក្នុងថ្ងៃខួបកំណើតរបស់គាត់។
៨. លិខិតជូនពរលោកតា! លោកតាជាទីគោរពរបស់ចៅ តាំងពីកើតរហូតដឹងក្ដី ចៅឃើញលោកតាច្រើនជាងគេ ចៅនៅជាមួយលោក តាច្រើនជាងគេ ចៅទទួលបានការស្រឡាញ់ពីលោក តាយ៉ាងច្រើន ដែលមិនអាចគណនាបាន។ ចៅដឹងថា ការមករស់នៅសហរដ្ឋអាមេរិក នេះ លោកតាខិតខំពុះពារធ្វើកាងារដើម្បីបានប្រាក់កាសចិញ្ជឹម កូនៗរបស់លោកតា ដែលមានមីង និងម៉ែរបស់ខ្ញុំ ហើយរហូតដល់ពេលនេះ លោកតានៅជម្នះធ្វើការងារម្ដងម្កាល ដើម្បីបានប្រាក់កាសធ្វើបុណ្យទាន និងជួយដល់ចៅៗរបស់តា។ លោកតាជាគម្រូដ៏ល្អសម្រាប់ចៅ។ ចៅស្រឡាញ់លោកតាណាស់។
៩. ចៅនៅចាំបានថា បន្ទាប់ពីចេញពីធ្វើការ លោកតានៅជួយមើលចៅ បញ្ចុកបាយទឹក នាំចៅលេង នាំចៅទៅសាលា យកចៅទៅពេទ្យជំនួសម៉ែ។ ពេលចៅឃ្លានចង់ញ៉ាំអ្វី លោកតាក៏ទិញអោយចៅភ្លាម ពេលចៅចង់បានរបស់លេង លោកតាក៏លៃលកទិញអោយដោយមិនត្អូញត្អែរថាថ្លៃ ឬថាអត់មានលុយទិញរបស់នោះ។ រហូតដល់ចៅធំដឹងក្ដីដូចសព្វថ្ងៃ ចៅនៅតែទទួលនូវពាក្យទូន្មាន ណែនាំអោយដើរតាមផ្លូវល្អពីលោកតា។ លោកតាជាអ្នកមានគុណដ៏ថ្លៃថ្លានៅក្នុងគ្រួសារ។ ចៅគោរពស្រឡាញ់លោកតាជាទីបំផុត។ សូមលោកតាទទួលនូវក្ដីគោរពពីចៅ៕
សំណួរ
១. ចូរសរសេរអំពីជីតារបស់ប្អូន តើជីតារបស់ប្អូនធ្វើអ្វីខ្លះ
រាល់ថ្ងៃ?
២. សូមរៀបរាប់ពីជីវប្រវត្តិជីតារបស់ប្អូន។
៣. ក្នុងអត្ថបទនេះ តើអ្វីជាគុណសម្បត្តិរបស់ជីតា?
៤. តើពាក្យថាញញឹមមានអត្ថន័យដូចម្ដេចចំពោះប្អូន?
សូមពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ផង។
៥. តើប្អូនដែលបារម្ភពីសុខទុក្ខរបស់ជីតាប្អូនទេ? សូមពន្យល់។
៦. សូមសរសេរពាក្យជូនពរជីតារបស់ប្អូនសម្រាប់ថ្ងៃខួបកំណើត
របស់គាត់។
No comments:
Post a Comment