ការសន្ទនាអំពីចូលឆ្នាំខ្មែរ

 

Read the dialogue between Bona and Navi. Identify and list:

a/ Plans they make for Khmer New Year.

b/ Traditions mentioned in the conversation.

c/ Vocabulary related to the temple and ceremonies.


ការសន្ទនារវាងបូណា និងណាវី អំពីការទៅវត្ត ដើម្បីប្រាព្វពិធីបុណ្យចូលឆ្នាំខ្មែរ

បូណា៖ ណាវី តើប្អូនបានត្រៀមខ្លួនសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ

ហើយឬនៅ?

ណាវី៖ ចាស! ខ្ញុំបានត្រៀមរួចរាល់ហើយ។

បូណា៖ តើប្អូនមានគម្រោងទៅវត្តនៅថ្ងៃណាដែរ?

ណាវី៖ ខ្ញុំមានបំណងទៅវត្តទាំងបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំ។

បូណា៖ ខ្ញុំក៏មានបំណងចង់ទោវត្តទាំងបីថ្ងៃដែរ។

ណាវី៖ ក្រុមគ្រួសាររបស់ខ្ញុំ តែងតែនាំគ្នាទៅវត្តនៅពេលព្រឹក។

បូណា៖ ក្រុមគ្រួសាររបស់ខ្ញុំក៏មានទម្លាប់ទៅវត្តពេលព្រឹកដែរ

ព្រោះវាមិនសូវក្ដៅ។

ណាវី៖ ម៉ែរបស់ខ្ញុំតែងតែរៀបចំម្ហូបអាហារជាច្រើនមុខយកទៅវត្ត។

បូណា៖ តើអ្នកមីងនឹងរៀបចំធ្វើម្ហូបអ្វីខ្លះ?

ណាវី៖ មានមាន់អាំង ត្រីអាំង ខសាច់គោ ឬធ្វើនំបញ្ចុក និងមាន

បង្អែមខ្លះៗដែរ។

បូណា៖ ម្ហូបទាំងនោះពិតជាគួរឱ្យឆ្ងាញ់ណាស់។

ណាវី៖ ចុះខាងបងវិញ តើបងនឹងយកម្ហូបអ្វីទៅវត្ត?

បូណា៖ ខ្ញុំនឹងយកផ្លែឈើ ភេសជ្ជៈ និងនំអន្សម នំគម នំចេកបុក និង

មានសម្លការីនំបញ្ចុក ជួនក៏មានទឹកគ្រឿង ដើម្បីប្រគេនព្រសង្ឃ។

ណាវី៖ បងពូកែរៀបចំណាស់ន៎។

បូណា៖ ម៉ែរបស់បងជាអ្នកគិតគូរទាំងអស់ហ្នឹង។ សូម្បីសម្លៀក

បំពាក់ក៏ម៉ែចាត់ចែងអោយខ្ញុំដែរ។ ចុះខាងប្អូនវិញ?

ណាវី៖ ខ្ញុំមានហូល ផាមួង អាវប៉ាក់ ដែលជាស្លៀកសម្លៀកបំពាក់

ប្រពៃណីខ្មែរ។

បូណា៖ ស្រីៗមានសម្លៀកបំពាក់សមរម្យជាងខាងបុរស។

ណាវី៖ តើបងនឹងទៅដល់វត្តនៅម៉ោងប៉ុន្មាន?

បូណា៖ ខ្ញុំទៅដល់វត្តប្រហែលម៉ោងប្រាំមួយកន្លះព្រឹក ដើម្បីទៅអោយ

ទាន់ចង្ហាន់ព្រះសង្ឃ។

ណាវី៖ ល្អណាស់ យើងនឹងជួបគ្នានៅទីនោះ។

បូណា៖ ពេលទៅដល់ យើងអាចជួយរៀបចំម្ហូបអាហារ និងប្រគេន

ចង្ហាន់ជាមួយគ្នា។

ណាវី៖ បន្ទាប់មក យើងនឹងចូលរួមស្តាប់ព្រះសង្ឃសូត្រធម៌ទេសនា។

បូណា៖ ខ្ញុំចូលចិត្តស្តាប់ព្រះធម៌ ព្រោះវាជួយអោយមានអារម្មណ៍

ស្ងប់សុខ។

ណាវី៖ ពេលខ្លះខ្ញុំក៏គិតអីចឹងដែរ។

បូណា៖ បន្ទាប់ពីនោះ យើងអាចចូលរួមពិធី ពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ

ដើម្បីសុំសេចក្តីសុខចម្រើន។

ណាវី៖ ពិធីទាំងនោះមានអត្ថន័យណាស់នៅក្នុងវប្បធម៌ខ្មែរយើង។

បូណា៖ តើប្អូនចូលចិត្តលេងល្បែងប្រជាប្រិយណាមួយជាពិសេស?

ណាវី៖ ខ្ញុំចូលចិត្តលេងបោះអង្គុញជាងគេ។ ចុះបងវិញ?

បូណា៖ ខ្ញុំវិញចូលចិត្តលេងចោលឈូង។

ណាវី៖ មិត្តភក្តិយើងជាច្រើនក៏នឹងចូលរួមលេងផងដែរ។

បូណា៖ ពិធីទាំងនោះនឹងធ្វើឱ្យបរិយាកាសកាន់តែរីករាយ។

ណាវី៖ យើងគួរតែថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍។

បូណា៖ ប្រសើរណាស់។

ណាវី៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពេលវេលាដ៏មានតម្លៃសម្រាប់

ការជួបជុំគ្រួសារ។

បូណា៖ ពិតណាស់ ហើយក៏ជាឱកាសដ៏សំខាន់ក្នុងការថែរក្សា

ប្រពៃណីជាតិ។

ណាវី៖ ខ្ញុំពិតមានសេចក្តីរំភើបយ៉ាងខ្លាំង ចំពោះពិធីបុណ្យនេះ។

បូណា៖ ខ្ញុំក៏ដូចគ្នា។ ចាំជួបគ្នានៅវត្ត។

ណាវី៖ ចាស! ចាំជួបគ្នា និងសូមជូនពរឆ្នាំថ្មីប្រកបដោយសិរីសួស្តី

ក្នុងជីវិត។

បូណា៖ ជូនពរប្អូនអោយជួបតែនឹងសំណាងល្អ។


No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...