ប្រាសាទអង្គរវត្ត

 


បន្ថែម​ពីលើ​ការ​យល់​ដឹង​ពី «​ប្រាសាទអង្គរវត្ត » ត្រឹមតែ​ជា «​អច្ឆរិយវត្ថុ​»​នោះ សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន តាម​រយៈ​ការ​អត្ថាធិប្បាយ​លំអិត ក្បោះក្បាយ​ពី​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​នេះ ដោយ​យោង​តាម​ឯកសារ «​ការ​យល់​ដឹង​ពី​ប្រទេស​កម្ពុជា​» នា​ឆ្នាំ​១៩៨៨ ។

ប្រាសាទអង្គរវត្ត​ជា​និមិត្តរូប​ដ៏​រុងរឿង​នៃ​ព្រលឹង​ជាតិ​របស់​ប្រជាជន​កម្ពុជា​យើង ។ ទង់ជាតិ​នៅ​ក្នុង​របប​មុន​ៗ ក៏​ដូច​ទង់ជាតិ​នៃ​របប​យើង​បច្ចុប្បន្ន​សុទ្ធតែ​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​​ទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជា​អច្ឆរិយវត្ថុ​ដ៏​កម្រ​មួយ​របស់​មនុស្សជាតិ ព្រោះ​ជា​ស្នាដៃ​កំពូល​មួយ​ខាង​ស្ថាបត្យកម្ម​របស់​មនុស្ស ។ ជនបរទេស​ខ្លះ​គេ​មិន​ស្គាល់​ទេ​ឈ្មោះ​កម្ពុជា តែបើ​និយាយ​ប្រាប់​គេ​ថា អង្គរ​ទើប​គេ​ស្គាល់ ។ ដូច្នេះ​ការ​ឈ្វេងយល់​ដឹង​ពី​ប្រាសាទអង្គរវត្ត គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​យើង​ជា​ម្ចាស់​ទឹកដី​អង្គរ​នេះ ។ តាំងពី​របប មុន​ៗ​មករ​ហូត​ដល់​បច្ចុប្បន្ន​នេះ សៀវភៅ​ឯកសារ អត្ថបទ​ជា​ភាសាបរទេស​ជា​ច្រើន​បាន​សរសេរ​អំពី​ប្រាសាទអង្គរវត្ត​នេះ តែ​ផ្ទុយ​ទៅ​វិញ​យើង​កម្រ​ឃើញ​នូវ​ឯកសារ​ឬ​សៀវភៅសរសេរ​ពី​ប្រាសាទ​នេះ​ជា​ភាសាជាតិ​យើង​ណាស់ ។ ក្នុង​ន័យ​នេះ​ហើយ​ដែល​យើង​នឹង​លើក​ឡើង​នៅ​ខាងក្រោម​អំពី​លក្ខណៈ​ខ្លះ​នៃ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ ។

«​អង្គរ​» គឺជា​ពាក្យ​ដែល​គេ​សំដៅ​ហៅ​ឈ្មោះ អតីត​រាជធានី​ខ្មែរ​យើង ដែល​ចាប់​កសាង​ឡើង​ដំបូង​ដោយ​ព្រះបាទ​យ​សោ​វរ្ម័ន (​គ្រឹ​ស្ត​សករាជ ៨៨៩-៩០០) ។ ទីក្រុង​អង្គរ (​ឬ​យ​សោ​ធរ​បុ​រ​) ដែល​កសាង​ឡើង​ជំនាន់​នោះ គឺ​មាន​កំពែង​ដី​ព័ទ្ធ​ជុំវិញ (​សព្វថ្ងៃ​នៅ​សល់​ស្នាម​ខ្លះ​នៅ​ទិស​ខាងត្បូង និង​ខាងលិច​) ហើយ​ដែល​មាន​ភ្នំ​បាខែង (​កម្ពស់​ប្រហែល​​៦០​ម៉ែត្រ​) នៅ​ចំ​កណ្តាល (​ក្នុង​សិលាចារឹក​ហៅ​ថា ភ្នំ​កណ្តាល​) សម្រាប់​តម្កល់​លិង្គ​យ​សោ​ធ​រេ​ស្វរ (​គ្រឹ​ស្ត​សករាជ​៨៩៣) ។ អង្គរ​នេះ​ជា​ពាក្យ​ក្លា​យមក​ពី​ពាក្យ​សំស្ក្រឹត ដែល​មាន​ន័យ​ថា ៖ អង្គរ = ស្តេច + នគរ = ទីក្រុង (​ក្រោយមក​ពាក្យ​នគរ​នេះ យើង​ប្រើ​ស្មើនឹង​ពាក្យ​ប្រទេស​) គឺ​ទីក្រុង​ដែល​ស្តេច​គង់នៅ (​រាជធានី​) ។ ស្តេច​សោយរាជ្យ ក្រោយ​ៗ​មក​បាន​សង់​ប្រាសាទ ឬ​ព្រះ​បរមរាជវាំង នៅ​ម្តុំ ជិត​ៗ​នេះ ហើយ​គេ​ហៅ​ម្តុំ​នេះ​ថា ជា​តំបន់​អង្គរ ។ ប៉ុន្តែ​បើ​គេ​និយាយ​ថា សម័យ​អង្គរ​វិញ គឺ​គេ​មិន​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន​មក​ទេ តែ​គេ​ចាប់​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ (​គ្រឹ​ស្ត​សករាជ ៨០២-៨៥០) មក​វិញ​ទេ​។ រីឯ​ចុងបញ្ចប់​នៃ​សម័យ​អង្គរ មាន​ប្រវត្តិវិទូ​ខ្លះ គេ​កំណត់​យក​ត្រឹម​រជ្ជកាល​ព្រះបាទ​ជ័យ​វ​ម៌ា​ទិ​បរមេ​ស្វរ (១៣២៧-​?​) ព្រោះ​ជា​ស្តេច​ចុង​ក្រោយ​ដែល​នៅ​កាន់​ព្រហ្មញ្ញសាសនា ហើយ​នៅមាន​​កសាង​​ប្រាសាទ ឬ​សិលាចារឹក ។ ប្រវត្តិវិទូ​ខ្លះ​ទៀត កំណត់​យក​ចុងបញ្ចប់​នៃ​សម័យ​អង្គរ​នេះ​នៅ​រជ្ជកាល​ព្រះបាទ​បរម​រាជា​ពញា​យា​៉​ត (១៣៩៣-១៤៦៣) ពិសេស​គឺ​គេ​កំណត់​យក​គ្រឹ​ស្ត​សករាជ​១៤៣១ ដែល​ជា​ឆ្នាំ​ដែល​ស្តេច​អង្គ​នេះ​សម្រេច​ចាកចោល​រាជធានី​អង្គរ ទៅ​តាំង​រាជធានី​នៅ​ទួល​បា​សាន រួច​ទៅ​តាំងនៅ​ក្រុងភ្នំពេញ​វិញ ។

ដូច្នេះ​ការ​កំណត់​សម័យ​អង្គរ​នេះ គេ​បាន​ឯកភាព​គ្នា​យក​កាលបរិច្ឆេទ​ខាង​ដើម​ដូច​គ្នា តែ​ខាង​ចុង​សម័យនេះ​ខ្លះ​យក​ពាក់កណ្តាល​សតវត្ស​ទី​១៤ ខ្លះ​ឱ្យ​យក​ដល់​គ្រឹ​ស្ត​សករាជ​១៤៣១ (​សតវត្ស​ទី​១៥) ។

ចំពោះ​ប្រាសាទ​នៅ​តំបន់​អង្គរ​នេះ ប្រាសាទដែល​ល្បីល្បាញ​ជាងគេ គឺ​ប្រាសាទអង្គរវត្ត(​ពាក្យ​សាមញ្ញ​គេ​ហៅ​ថា អង្គរតូច​) និង​អង្គរធំ(​ក្នុង​បរិវេណ​នៃ​អង្គរធំ​នេះ នៅ​មាន​ប្រាសាទ​ជាច្រើន​ទៀត​) ។ តែ​នៅ​ក្នុង​អត្ថបទ​នេះ យើង​លើកតែ​ប្រាសាទអង្គរវត្ត​មក​បង្ហាញ​ជូន​ប៉ុណ្ណោះ ។

ហេតុ​អ្វី​បានជា​មាន​ពាក្យ​«​វត្ត​»​នៅ​ពីក្រោយ​ពាក្យ​«​អង្គរ​ទៀត​» ? តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា ក្រោយ​ការ​បោះបង់​រាជធានី​អង្គរ​នេះ​មក ព្រះរាជា​សោយរាជ្យ ក្រោយ​ៗ​មក​ទៀត បាន​កសាង​វត្ត​អារាម​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​(​នៅ​សតវត្ស​ទី​១៦ មាន​វត្ត​ពីរ​បាន​កសាង​ឡើង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​) ។ នៅ​សតវត្ស​ទី​១៧​និង​១៨ ស្តេច មន្ត្រី ប្រជាជន​បាន​កសាង​ព្រះពុទ្ធ​បដិមា​ពី​ឈើ ពី​ថ្ម យក​ទៅ​តម្កល់​នៅ​ប្រាសាទ​នេះ រហូត​ទាល់តែ​មានឈ្មោះ​ត្រង់​កន្លែង​តម្កល់​ព្រះពុទ្ធ​បដិមា​ក្នុង​ប្រាសាទ​នេះ​ថា «​ព្រះ​ពាន់​» ទៀត​ផង ។ ហេតុ​ដូច្នេះ​ហើយ​បានជា​មាន​ពាក្យ «​វត្ត​» មក​ភ្ជាប់ពាក្យ «​អង្គរ​» ពី​ខាងក្រោយ​ទៅ​ជា «​អង្គរវត្ត​» រហូត​មក​ដល់​សព្វថ្ងៃ ។

ប្រាសាទអង្គរវត្ត​មាន​ទី​តាំងនៅ​ភាគ​ខាងត្បូង​នៃ​តំបន់​អង្គរ ។ ប្រាសាទ​នេះ​បាន​ត្រូវ​សាង​ឡើង​នៅ​ក្នុង​អំឡុង​ពាក់កណ្តាល​ទី​១ នៃ​គ្រឹ​ស្ត​សតវត្ស​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (១១១៣-១១៥០) នៅ​លើ​ផ្ទៃដី​ជិត​២០០​ហិ​កតា (​គិត​ទាំង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​នេះ​ផង​) ។

ជនជាតិ​អឺរ៉ុប​ដែល​បាន​មក​ឃើញ​ប្រាសាទ​នេះ​មុនគេ គឺ​ពួក​ព័រ​ទុ​យ​ហ្គា​ល់ ។ ពួក​នេះ​ថែម​ទាំង​បាន​កត់​ត្រាទុក​ក្នុង​វា​សិ​ក​ប្រវត្តិ​ពី​ព្រឹត្តិការណ៍ ដែល​ទាក់ទង​ដល់​ប្រាសាទ​នេះ​ទៀត​ផង ។ ដូច​ជា​ឌី​យើ​​ហ្គោ ដូ គូ​តូ គាត់​បាន​កត់​ត្រាទុក​ពី​ការ​រក​ឃើញ​ប្រាសាទ​នេះ និង​ប្រាសាទ​នៅ​តំបន់​អង្គរ​នា​ឆ្នាំ​១៥៥០​ឬ​១៥៥១ ដោយ​ព្រះបាទ​អង្គ​ច័ន្ទ​ទី​១ (១៥១៦-១៥៦៦) នៅ​ពេល​ដែល​ព្រះ​អង្គ​ធ្វើ​ដំណើរ​កម្សាន្ត​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ ។ លោក​ហ្សូ​អាវ ដូ​ស សង់​តូ​ស បាន​កត់​ត្រាទុក​ពី​ការ​ធ្វើ​ផ្លូវ​ទៅ​កាន់​អង្គរ​ដោយ​បញ្ជា​របស់​ព្រះបាទ​ស​ត្ថា​រ​ទី​១ (១៥៧៦-១៥៩៤) ហើយ​ស្តេច​អង្គ​នេះ​បាន​មក​គង់នៅ​អង្គរ​នេះ​មួយ​រយៈពេល ។ ក្រោយមក​ពួក​ផ្សាយ​សាសនា​ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្បា​៉​ញ​ជា​ច្រើន​ទៀត​បាន​ធ្វើ​ដំណើរ​មក​កាន់​អង្គរ​នេះ ហើយ​បាន​កត់ត្រា​ទុក​ដោយ​ពិពណ៌នា​អំពី​ទីក្រុង​អង្គរ និង​ប្រាសាទអង្គរវត្ត​នេះ​ទៀត​ផង ។

នៅ​ដើម​សតវត្ស​ទី​១៨ ជនជាតិ​ជប៉ុន​ម្នាក់​បាន​មក​ដល់​កម្ពុជា ហើយ​បាន​គូរ​ប្លង់​ប្រាសាទអង្គរវត្ត​នៅ​គ្រឹ​ស្ត​សករាជ​១៧១៥ ។ ក្រោយមក​សង្ឃ​កាតូលិក​បារាំង​ឈ្មោះ សឺ វ្រឺ​ស ដែល​បាន​មក​ដល់​កម្ពុជា​ទស្សនា​ប្រាសាទអង្គរវត្ត​នេះ​បាន​សរសេរ​អត្ថបទ​មួយ​នា​ឆ្នាំ​១៧៦៨ ដោយ​លើក​អំពី​ភាព​រុងរឿង ល្បីល្បាញ​នៃ​ប្រាសាទអង្គរវត្ត ។ ប៉ុន្តែ​នៅ​អឺរ៉ុប​គេ​នៅ​តែ​ពុំ​សូវ​ស្គាល់​អង្គរ​ទេ ទោះបីជា​មានការ​កត់ត្រា​របស់​អ្នក​ផ្សាយ​សាសនា​ជា​ច្រើន និង​ជា​បន្តបន្ទាប់​យា​៉​ង​នេះ​ក្តី ព្រោះ​ការ​កត់ត្រា​ទាំងនោះ​ពុំ​បាន​ផ្សព្វផ្សាយ​ទូលាយ​ទេ ហើយ​ស្ថិត​នៅ​តែ​ក្នុង​ទី​តម្កល់​ឯកសារ​ប៉ុណ្ណោះ ។ ទាល់តែ​មក​ដល់​ឆ្នាំ​១៨៥៨ លោក​ប៊ូ​យ៉ឺ​វ៉ូ បាន​ចេញផ្សាយ​នូវ​បទ​ពិពណ៌នា​ពី​អង្គរ តែ​គាត់​គ្រាន់តែ​ឱ្យ​គេ​ដឹង​ពី​អត្ថិភាព​នៃ​រាជធានី​ដែល​គេ​បោះបង់​ចោល​ប៉ុណ្ណោះ ដោយ​គាត់​មិន​បាន​លើក​ពី​សោភ័ណ​ភាព​នៃ​ប្រាសាទ​ទាំងឡាយ​នៅ​អង្គរ​នេះ​ឡើយ ។

នៅ​អឺរ៉ុប​ក៏​ដូច​ជា​សាកលលោក​ទាំងមូល គេ​ចាប់​ស្គាល់​ជា​ទូទៅ និង​ច្បាស់លាស់​អំពី​ប្រាសាទអង្គរវត្ត​នេះ​ពី​ឆ្នាំ​១៨៦៣​មក គឺ​បន្ទាប់​ពី​ធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ បាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ មក​រា ១៨៦១ ហើយ​គាត់​បាន​ចុះ​ផ្សាយ​ពី​ប្រាសាទ​នេះ​ក្នុង​ទស្សនាវដ្តី តួ ឌុ​យ ម៉ុង នា​ឆ្នាំ​១៨៦៣​មក ។ ការ​សិក្សា​ពី​ប្រាសាទអង្គរវត្ត​ក៏​ចាប់ផ្តើម​ពី​ពេល​នោះ​មក ។ នៅ​ឆ្នាំ​១៨៩៨ បារាំង​បាន​បង្កើត​ក្រុម​បេសកកម្ម​អចិន្ត្រៃយ៍​មួយ​នៅ​ឥណ្ឌូចិន ដែល​ក្រោយមក​បាន​ក្លាយទៅជា​វិជ្ជា​ស្ថាន​ស្រាវជ្រាវ​ពី​ចុង​បូព៌​៌ា​របស់​បារាំង ហើយ​បាន​សិក្សា​ស្រាវជ្រាវ​យ៉ា​ង​ទូលំទូលាយ​អំពី​អតីត​រាជាណាចក្រ និង​អតីត​រាជធានី​ខ្មែរ​នេះ​។

នៅ​ឆ្នាំ​១៩០៨ គឺ​មួយ​ឆ្នាំ​ក្រោយ​ដែល​សៀម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​មក​ខ្មែរ​វិញ​នោះ ក្រសួង​អភិរក្ស​អង្គរ​ក៏​បាន​បង្កើត​ឡើង ហើយ​ការ​ចាប់ផ្តើម​រៀបចំ​ជួសជុល​សម្អាត​ប្រាសាទអង្គរវត្ត​ឡើង​វិញ​ក៏​ចាប់​ដំណើរការ និង​ថែរក្សា​តាំងពី​នោះ​រហូត​មក ។ ចាប់ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៩ ការ​ថែរក្សា​ប្រាសាទ​អង្គរ​នេះ​ក៏​ត្រូវ​កាត់​ផ្តាច់​ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ។ បច្ចុប្បន្ន​ដោយ​មាន​ជំនួយ​របស់​ប្រទេស​ឥណ្ឌា​ជា​មិត្ត ការ​រៀបចំ​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ​ក៏​បាន​ដំណើរការ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

លក្ខណៈ​ខ្លះ​នៃ​ស្ថាបត្យកម្ម​ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត បាន​សាង​ឡើង​ពី​ខាងលិច បច្ចុប្បន្ន​ស្ទឹង​សៀមរាប ហើយ​សាង​នៅ​លើ​ដីខ្សាច់​ដែល​មាន​ស្រទាប់​កម្រាស់​ពី​៤​ទៅ​៥​ម៉ែត្រ​។ នៅ​ពី​ខាងក្រោម​ស្រទាប់​ខ្សាច់​នេះ គេ​សង្កេត​ឃើញ​មាន​ស្រទាប់​ដីឥដ្ឋ ចាប់ពី​ស្រទាប់​ដីឥដ្ឋ​ទៅ​គឺជា​ស្រទាប់ដី​លី​ម៉ូ​នី​ត ។

បើ​ធ្វើ​ដំណើរ​ពី​វាល​អាកាសយាន​សៀមរាប​នៅ​ទិស​ខាងកើត តាម​ផ្លូវ​ក្រាល​កៅស៊ូ ទេសចរ​ដែល​មិន​ធ្លាប់​ស្គាល់​ទីក្រុង​អង្គរ នឹង​មានការ​ភ្ញាក់​ប្លែក​ក្នុង​ចិត្ត ដោយ​ឃើញ​មាន​កំពូល​ស្រួច​ចំនួន​៣​លេចធ្លោ​ចេញ​ផុត​ពី​ដើមឈើ ធំ​ៗ​ទាំងឡាយ​។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់​ចម្ងាយ​ជាង​៥​គីឡូម៉ែត្រ​ពី​ចំណត​អាកាសយាន គេ​នឹង​ទៅ​ដល់ទី​វាល​ស្ថិត​នៅ​ពីមុខ​ប្រាសាទអង្គរវត្ត ។ ដើម្បី​នឹង​មើល​ប្រាសាទ ទេសចរ​ត្រូវ​ឡើងជណ្តើរ​ធំ​មួយ​អំពី​ថ្ម សំដៅ​ទៅ​ទិស​ខាងកើត​ដដែល ។ នៅ​ចុង​ខាងលើ​ជណ្តើរ​នេះ មាន​ទីលាន​តូច​មួយ​អំពី​ថ្ម ហើយ​ដែល​មាន​រូប​តោ​ជា​ច្រើន​ងាកក្បាល​ចូល​ក្នុង​រក​អ្នកដំណើរ ។ នៅ​សងខាង​ទីលាន​នេះ នៅ​ផ្នែក​ខាងក្រោម​ស្ថិត​នៅ​លើ​ផ្ទៃដី​រាបស្មើ គេ​ឃើញ​មាន​ខឿន​អំពី​ថ្មភក់​កម្ពស់​ប្រហែល ០,៧០​ម៉ែត្រ និង​មាន​ទទឹង​ប្រហែល ០,៥០​ម៉ែត្រ លាតសន្ធឹង​យ៉ាង​វែង​ទៅ​ទិស​ខាងជើង និង​ខាងត្បូង កើត​បាន​ជាមួយ​ក្រប​ព័ទ្ធ​ជុំវិញ​គូ​ទឹក ដែល​ស្ថិត​នៅ​ជា​បរិវេណ​ខាងក្រៅ​នៃ​ផ្ទៃ​ប្រាសាទអង្គរវត្ត ។ គូ​ទឹក​នេះ​មាន​ទទឹង​ប្រវែង​២២០​ម៉ែត្រ ហើយ​មាន​បរិវេណ​ខាងក្រៅ​ប្រវែង​៥.៦០០​ម៉ែត្រ គឺ​មាន​ទំហំ​ប្រវែង ១.៣០០​ម៉ែត្រ គុណ​១.៤០០​ម៉ែត្រ ។

បន្ទាប់​ពី​ទីលាន​នេះ ទេសចរ​ត្រូវ​ដើរ​ឆ្លង​តាម​ផ្លូវ​មួយ​អំពី​ថ្ម ដែល​សាង​ឡើង​កាត់​ទទឹង​គូ​ទឹក ។ ផ្លូវ​នេះ​មាន​ទទឹង​ប្រវែង​១២​ម៉ែត្រ ហើយ​អម​សងខាង​ដោយ​បង្កាន់ដៃ​អំពី​ថ្ម ដែល​ធ្វើ​ពី​តួ​នាគ​យ៉ាង​វែង​ទ្រ​ដោយ​សសរ ។ ផ្លូវ​នេះ​មាន​ប្រវែង​ស្មើគ្នា​នឹង​ទទឹង​គូ​ទឹក ។ លុះ​ដើរ​ផុត​ផ្លូវ​នេះ​ហើយ គេ​ត្រូវ​ចុះ​ជណ្តើរ រួច​ដើរ​កាត់​ផ្ទៃដី​រាបស្មើ​មួយ​មាន​ទទឹង​ប្រវែង​៣០​ម៉ែត្រ មុន​នឹង​ទៅ​ដល់​គោ​បុ​រៈ​យា​៉​ង​ធំ​មួយ​មាន​សណ្ឋាន​ជា​រោងថែវ ។ រោង​វែង​នេះ​មាន​បណ្តោយ​ប្រវែង​២៣៥​ម៉ែត្រ ហើយ​មាន​ទទឹង​ដែល​ជា​ច្រក​ខាងក្នុង​ប្រវែង​២,២០​ម៉ែត្រ ប្រកបដោយ​ទ្វារ​ចេញចូល​៥​កន្លែង នៅ​ត្រង់់​ផ្នែក​កណ្តាល​មាន​ផ្ទៃដី​ខ្ពស់​ពី​ដី​រាបស្មើ ហើយ​មាន​ជណ្តើរ​សម្រាប់​ឡើង​ចុះ​នៅ​ត្រង់​ទ្វារ នីមួយ​ៗ ។ ជណ្តើរ​ទាំងនេះ​មាន​កាំ​ចំនួន​៤ ឬ​៥ ។ ទ្វារ​ពីរ​កន្លែង​ទៀត​ស្ថិត​នៅ​ត្រង់​ចុង​ទាំង​សងខាង​នៃ​រោងថែវ ហើយ​មាន​ផ្ទៃ​ខាងក្រោម​រាបស្មើ​នឹង​ផែនដី​។ នៅ​ពី​ខាងលើ​ទ្វារ​កណ្តាល​ទាំង​៣ គេ​ឃើញ​មាន​កំពូល​៣​ខ្ពស់​ឡើង​លើ ផ្នែក​ខាងលើ​បំផុត​មាន​លំនាំ​បែប​ស្រួច ដូច​ជា​ផ្កាឈូក​ក្រពុំ​ដែល​គេ​កាច់​ត្របក​ចំពាក់​កណ្តាល​ពត់​ឱ្យ​មាន​រាង​ង​ស្របគ្នា ។ កំពូល​ដែល​ស្ថិត​នៅ​ចំ​ពីលើ​ទ្វារ​មួយ​នៅ​កណ្តាល​គេ​មាន​សភាព​ធំ ហើយ​ខ្ពស់​ជាង​កំពូល​ពីរ​សងខាង​ជា​ច្រើន​។ ត​ភ្ជាប់​ពី​រោងថែវ​នេះ ទៅ​ទិស​ខាងជើង និង​ត្បូង គេ​ឃើញ​មាន​កំពែង​ពី​ថ្មបាយ​ក្រៀម កម្ពស់​ប្រហែល​៣​ម៉ែត្រ ស្ថិត​នៅ​ព័ទ្ធ​ជុំវិញ​ជា​បរិវេណ​ផ្ទៃដី​ធំ​នៃ​ប្រាសាទ ដែល​មាន​រាង​បួន​ជ្រុង​ទ្រវែង ទទឹង​ប្រវែង​៨០០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១០២៥​ម៉ែត្រ ។ គេ​បាន​ធ្វើ​គោ​បុ​រៈ​៣​កន្លែង​ទៀត នៅ​តាម​កំពែង​នេះ​គឺ​នៅ​ចំពាក់​កណ្តាល​ជ្រុង នីមួយ​ៗ នៃ​ទិស​ខាងកើត​ខាងជើង និង​ខាងត្បូង ។

គោ​បុ​រៈទាំង​នេះ​ធ្វើ​ពី​ថ្មភក់​ទាំងអស់ ហើយ​មាន​កំពូល​ខ្ពស់​បន្តិច តែ​មិនមែន​ខ្ពស់​ជា​តួ​ប្រាសាទ​ដូច​គោ​បុ​រៈ​ធំ​នៅ​ទិស​ខាងលិច​ទេ ។

ពេល​ចេញពី​គោ​បុ​រៈ​នៅ​ទិស​ខាងលិច​ដោយ​ចុះ​ជណ្តើរ ៤​ទៅ​៥​កាំ​តាម​ទ្វារ​ស្ថិត​នៅ​កណ្តាល​គេ​មក ទេសចរ​ត្រូវ​ដើរ​តាម​ផ្លូវ​មួយ​ក្រាល​ថ្ម សំដៅ​ទៅ​ទិស​ខាងកើត​ដែល​ពេល​នេះ​គេ​អាច​មើលឃើញ​កំពូល​ប្រាសាទ ខ្ពស់​ៗ ចំនួន​ម្តងនេះ​៥​ពុំ​មែន​៣ ដូច​កាល​ឃើញ​ពី​ដំបូង​នោះ​ទេ ។ ផ្លូវ​នេះ​មាន​បង្កាន់ដៃ​រចនា​ជា​តួខ្លួន​នាគ ទ្រ​ដោយ​សសរ ហើយ​ស្ថិត​ខ្ពស់​ពី​ផ្ទៃរាប​ស្មើ ប្រវែង​១​ម៉ែត្រ និង​មាន​បណ្តោយ​ប្រវែង​៣៥០​ម៉ែត្រ ឯ​ទទឹង​មាន​ប្រវែង​៩,៤០​ម៉ែត្រ តែ​ចន្លោះ​ដែល​អាច​ដើរ​បាន​មាន​ប្រវែង​៨​ម៉ែត្រ​ប៉ុណ្ណោះ ។ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ គេ​ឃើញ​មាន​ជណ្តើរ​សម្រាប់​ចុះ​ទៅ​ផ្ទៃដី​រាបស្មើ​ខាងក្រោម ។ ជណ្តើរ​នៅ​ទទឹង​គ្នា​ពីរ​នៅ​ខាងឆ្វេង និង​ខាងស្តាំ​ផ្លូវ ទាំងអស់​មាន​៦​កន្លែង​។ ជណ្តើរ នីមួយ​ៗ​សុទ្ធតែ​មាន​រូប​នាគ​ក្បាល​ប្រាំពីរ​នៅ​អម​សងខាង​ផ្លូវ​ចុះ​ចំនួន ពីរ​ៗ ។ ពេល​ដើរ​បាន​ចម្ងាយ​ប្រវែង​ពាក់​កណ្តាលផ្លូវ​នេះ គេ​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​ពីរ​បែរមុខ​ឈម​រកគ្នា​តាម​បណ្តោយ​ទ្រូង​ថ្នល់ ស្ថិត​នៅ ម្ខាង​មួយ​ៗ​ដាច់​តែឯង នៅ​ខាងឆ្វេង និង​ខាងស្តាំ​ផ្លូវ ។ គេ​និយម​សម្គាល់​ប្រាសាទតូច​ទាំង​ពីរ​នេះ​ថា​ជា​បណ្ណាល័យ ។

ដើរ​បាន​បន្តិច​ទៅ​ទៀត គេ​ឃើញ​មាន​ស្រះ​តូច​ៗ​ពីរ​នៅ​អម​សងខាង​ផ្លូវ ស្រះ​ខាងត្បូង​រីង​គោក​អស់​ច្រើន​ទៅ​ហើយ ឯ​ស្រះ​ខាងជើង​នៅ​មានទឹក​នៅឡើយ ហើយ​គេ​អាច​ឃើញ​កាំជណ្តើរ​ដែល​ចុះ​ទៅ​កាន់​ផ្ទៃ​ទឹក ។

លុះ​ដើរ​ផុត​ផ្លូវ​ក្រាល​ថ្ម​ប្រវែង​៣៤០​ម៉ែត្រ​នេះ​ទៅ ទេសចរ​នឹង​ទៅ​ដល់ទី​លាន​ដី​ដែល​ជា​ទម្រ​តួ​ប្រាសាទអង្គរវត្ត ។ ទីលាន​នេះ​មាន​ផ្ទៃដី​ស្មើគ្នា​នឹង​ផ្លូវ​ក្រាល​ថ្ម គឺ​បាន​សេចក្តី​ថា ផ្ទៃដី​ជា​ទម្រ​ប្រាសាទអង្គរវត្ត​មាន​កម្ពស់​លើស​ពី​ផ្ទៃដី​រាបស្មើ​ធម្មតា​ប្រវែង​មួយ​ម៉ែត្រ ។ គេ​សង្កេត​ឃើញ​មាន​រូប​ខ្លួន​នាគ​ទ្រ​ដោយ​សសរ​ជា​បង្កាន់ដៃ​ព័ទ្ធ​ជុំវិញ​បរិវេណ​ទីនោះ​ដែល​មាន​រាង​បួន​ជ្រុង​ទ្រវែង ប្រវែង​បណ្តោយ​៣៥០​ម៉ែត្រ និង​ប្រវែង​ទទឹង​២៣០​ម៉ែត្រ ។ ដើម្បី​ចុះ​មក​កាន់​ផ្ទៃដី​រាបស្មើ​ធម្មតា​វិញ គេ​ឃើញ​មាន​ជណ្តើរ​ទាំងអស់​ចំនួន​១១ គឺ​ពី​ទិស​ខាងលិច បី​ៗ​នៅ​ទិស​ខាងកើត ខាងជើង និង​ខាងត្បូង ។

ពេល​មក​ដល់​ចុង​បំផុត​នៃ​ផ្លូវ​ក្រាល​ថ្ម ហើយ​ដើម្បី​នឹង​ចូល​ទៅ​កាន់​តួ​ប្រាសាទ គេ​ត្រូវ​ឡើងជណ្តើរ​ធំ​មួយ​ដែល​នាំ​ទៅ​កាន់​ទីលាន​មួយ​ធំ​ខ្ពស់​អំពី​ថ្ម ហើយ​ដែល​បែក​ជា​ពីរ​ថ្នាក់​កើត​បានជា​សណ្ឋាន​ទ្រង់ទ្រាយ​កាកបាទ​មួយ​ធំ ។ គេ​និយម​ហៅ​ទីលាន​នេះ​ថា ព្រះ​លាន​កិត្តិយស ព្រោះ​ជា​វេទិកា​មួយ​សម្រាប់​ព្រះមហាក្សត្រ​គង់​ប្រថាប់​មើល​ក្បួន​ហែ ឬ​មើល​របាំ ផ្សេង​ៗ ។ គួរ​បញ្ជាក់​ថា នៅ​ពេល​ដែល​គេ​ជាន់​កាំ​ទី​ពីរ​នៃ​ជណ្តើរ​ឡើង​ទៅ​កាន់​ព្រះ​លាន​កិត្តិយស​នេះ ផ្ទៃ​ខាងលើ​ទីលាន​មាន​កម្ពស់​ហួស​ក្បាលមនុស្ស​ធម្មតា ហើយ​គេ​ពុំ​អាច​មើល​កំពូល​ប្រាង្គ​ប្រាសាទអង្គរវត្ត​ឃើញ​ទេ ព្រោះ​បាំង​នឹង​ផ្ទៃ​ខាងលើ​ព្រះ​លាន ។

ជាន់​ទី​១ ៖ កាលបើ​ដើរ​ឆ្លង​ចុះ​ពី​ទីលាន​នេះ​ទៅ គេ​ត្រូវ​ឡើងជណ្តើរ​ចូល​ទៅ​កាន់​ជាន់​ទី​១ នៃ​តួ​ប្រាសាទអង្គរវត្ត ដែល​មាន​រាង​បួន​ជ្រុង​ទ្រវែង ហើយ​មាន​ទទឹង​ប្រវែង​១៨៧​ម៉ែត្រ​និង​បណ្តោយ​ខាងលិច ខាងកើត​ប្រវែង​២១៥​ម៉ែត្រ​។ ក្រៅពី​ជណ្តើរ​កណ្តាល​ស្ថិត​នៅ​ចំ​មុខ «​ព្រះ​លាន​កិត្តិយស​» គេ​សង្កេត​ឃើញ​ជណ្តើរ ផ្សេង​ៗ​ទៀត​ចំនួន​១៥ ហើយ​ស្ថិត​នៅ​គ្រប់​ជ្រុង​ទាំង​៤​នៃ​ជាន់​ទី​១​នេះ គឺ​ពី​ខាងលិច​មាន​ជណ្តើរ​ទាំងអស់​៥ ពី​ខាងកើត​មាន​៥​នៅ​ជ្រុង​ខាងជើង ខាងត្បូង​មាន​ជណ្តើរ បី​ៗ ។ ជណ្តើរ​ទាំងនេះ នាំ​ទេសចរ​ទៅ​កាន់​ប្រាង្គ មួយ​ៗ​ដែល​ស្ថិត​នៅ​តាម​របៀង​ជាន់​ទី​១ គឺ​គេ​ឃើញ​មាន​ប្រាង្គ​មួយ​គ្រប់​មុម​នៃ​ជ្រុង​ទាំង​៤ នៅ​ជ្រុង​ខាងលិច និង​ខាងកើត មាន​ប្រាង្គ បី​ៗ ស្ថិត​នៅ​ត្រង់​ផ្នែក​កណ្តាល ហើយ​នៅ​ជ្រុង​ខាងត្បូង និង​ខាងជើង​មាន​ប្រាង្គ មួយ​ៗ រួម​ទាំងអស់​នៅ​ជាន់​ទី​១​នេះ មាន​ប្រាង្គ​ចំនួន​១២​។ ប្រាង្គ​ទាំងនេះ​ត​ភ្ជាប់​គ្នា​ទាំងអស់​ដោយ​រោងថែវ​មាន​ដំបូល​ត្រួត​ពីលើ​គ្នា​ជា​ពីរ​ថ្នាក់ ហើយ​នៅ​ចំ​ពីលើ​ប្រាង្គ នីមួយ​ៗ គេ​ធ្វើ​ដំបូល​របៀប​គ្នា ប្លែក​ត្រង់​ដំបូល​រោងថែវ ដែល​គេ​ធ្វើ​ឱ្យ​ត្រួត​គ្នា​ជា​៣​ថ្នាក់​តែ​ប៉ុណ្ណោះ ។

នៅ​ចុង​ជណ្តើរ នីមួយ​ៗ​ដែល​នាំ​ទៅ​កាន់​ប្រាង្គ​ទាំង​១២​មាន​ទ្វារ​ចូល​នៅ​ក្នុង​ប្រាង្គ ហើយ​នៅ​ពីលើ​ទ្វារ​ទាំងនេះ គេ​ឃើញ​មាន​ហោជាង​មាន​លំនាំ​ដូច​ជា​រាង​ត្រីកោណសមបាត ។ ពេល​ឡើង​ទៅ​កាន់​ជាន់​ទី​១​នេះ​តាម​ជណ្តើរ​ដែល​ស្ថិត​នៅ​កណ្តាល​គេ​នៃ​ជ្រុង​ខាងលិច ទេសចរ​ត្រូវ​ដើរទៅ​ខាងត្បូង តាម​ច្រក​រោងថែវ​ដែល​មាន​ទទឹង​ប្រវែង​២,៤៥​ម៉ែត្រ ។ រោងថែវ​នេះ​ស្ថិត​នៅ​លើ​ខឿន​កម្ពស់​៣,៩៥​ម៉ែត្រ​ពី​ផ្ទៃដី​ទម្រ​តួ​ប្រាសាទ ហើយ​មាន​ជញ្ជាំង​តែ​ម្ខាង​នៅ​ផ្នែក​ខាងក្នុង​ដែល​បែរ​ទៅ​រក​ភាគ​កណ្តាល​នៃ​តួ​ប្រាសាទ ឯ​ផ្នែក​ខាងក្រៅ​នៃ​រោងថែវ គេ​មិន​ធ្វើ​ជញ្ជាំង​ទេ គេ​ឃើញ​មាន​តែ​សសរ​បួន​ជ្រុង​ទ្រវែង​ជា​ច្រើន​តម្រៀប​គ្នា​ជា​ពីរ​ជួរ​សម្រាប់​ទ្រ​ដំបូល​ប៉ុណ្ណោះ​។ នៅ​លើ​ជញ្ជាំង​ខាងក្នុង​រោងថែវ គេ​ឃើញ​មាន​ក្បាច់ចម្លាក់​ជា​ផ្ទាំង​រឿង ផ្សេង​ៗ​ជា​ច្រើន គឺ​នៅ​ជញ្ជាំង​ខាងលិច​ភាគ​ខាងត្បូង មាន​ចម្លាក់​និយាយ​ពី​ចម្បាំង​រវាង​ពួក​ប​ណ្ឌ​វ​និង​កៅរ​វៈ​ក្នុង​រឿង​មហាភារតៈ មាន​ប្រវែង​ទាំងអស់​៤៩​ម៉ែត្រ ហើយ​ចែក​ជា​បួន​សង្កាត់ ។ នៅ​ជញ្ជាំង​ខាងត្បូង​ភាគ​ខាងលិច ជា​ផ្ទាំង​រឿង​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ក្នុង​សម័យ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ មាន​ប្រវែង​ទាំងអស់​៩០​ម៉ែត្រ ។ នៅ​ជញ្ជាំង​ខាងត្បូង​ភាគ​ខាងកើត មាន​ចម្លាក់​រឿង​និយាយ​ពី​ស្ថាន​នរក និង​ស្ថានសួគ៌​ប្រវែង​៦៦​ម៉ែត្រ ។ នៅ​ជញ្ជាំង​ខាងកើត​ភាគ​ខាងត្បូង មាន​ក្បាច់​រឿង​និយាយ​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ​មាន​ប្រវែង​ជិត​៥០​ម៉ែត្រ ។ ជញ្ជាំង​ខាងកើត​ភាគ​ខាងជើង មាន​ផ្ទាំង​រឿង​និយាយ​ពី​ជ័យជម្នះ​របស់​ព្រះ​វិស្ណុ​លើ​ពួក​អសុ​រៈ និង​មាន​ចំណារ​ថ្ម​យា​៉​ង​ធំ​ដែល​ចារ​នៅ​គ្រឹ​ស្ត​សករាជ​១៧០១ ដោយ​បណ្ឌិត​ជ្យៃ​ន​ន្ន​។ នៅ​ជញ្ជាំង​ខាងជើង​ភាគ​ខាងកើត ជា​ផ្ទាំង​រឿង​និយាយ​ពី​ជ័យជម្នះ​របស់​ព្រះ​គ្រឹ​ស្នៈ លើ​អសុ​រៈ​ឈ្មោះ ពានៈ ។ នៅ​ជញ្ជាំង​ខាងជើង​ភាគ​ខាងលិច ជា​ក្បាច់​រឿង​និយាយ​ពី​ចម្បាំង​រវាង​ពួក​អសុ​រៈ និង​ពួក​ទេវៈ ។ នៅ​ជញ្ជាំង​ខាងលិច​ភាគ​ខាងជើង​មាន​ក្បាច់​រឿង​និយាយ​ពី​ចម្បាំង​ក្នុង​រឿង​រាមាយណៈ ។ នៅ​នឹង​ជញ្ជាំង​ពី​ខាងក្នុង​នៃ​ប្រាង្គ​ពីរ​ស្ថិត​នៅ​មុម​ជ្រុង ត្រង់​ទិសនិរតី និង​ពាយព្យ គេ​សង្កេត​ឃើញ​មាន​ចម្លាក់​ជា​ផ្ទាំង​រឿង​ដែរ ហើយ​មាន​ចំនួន​ច្រើន​ផ្ទាំង​ពី​ខាងលើ​រហូត​មក​ដល់​ខាងក្រោម ។ មុន​នឹង​បញ្ចប់​ការ​អធិប្បាយ​ពី​ជាន់​ទី​១​នេះ យើង​គួរ​បញ្ជាក់​ថា នៅ​ត្រង់​ប្រាង្គ​មួយ​ស្ថិត​នៅ​កណ្តាល​គេ​នៃ​ប្រាង្គ​ទាំង​បី​នៃ​ជ្រុង​រោងថែវ​នៅ​ទិស​ខាងកើត គេ​ពុំ​ឃើញ​មាន​ជណ្តើរ​សម្រាប់​ឡើង​ទៅ​កាន់​ថែវ ដូច​ប្រាង្គ​ដទៃ​ទៀត គេ​ឃើញ​មាន​ជណ្តើរ មាន​តែ​ទ្វារ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​នាំ​ឱ្យ​គេ​ស្មាន​បាន​ថា ជាទី​កន្លែង​ដែល​គេ​សម្រាប់​ឡើង​ជិះ​លើ​ខ្នង​ដំរី​កាលពី​សម័យ​ដើម ។

ព្រះ​ពាន់ ៖ កាលបើ​ដើរ​មើល​ចម្លាក់​រឿង​តាម​ជញ្ជាំង​ជុំវិញ​រោងថែវ​ជាន់​ទី​១ ដោយ​ដើរ​ប្រទក្សិណ​បត់​ឆ្វេង​រហូត​រួច​ហើយ ទេសចរ​នឹង​បាន​ទៅ​ដល់​កន្លែង​ដើម​ត្រង់​ទី​ពាក់​កណ្តាល​ជ្រុង​ថែវ​ជាន់​ទី​១​នៅ​ទិស​ខាងលិច ។ ដើម្បី​នឹង​ចូល​ទៅ​កាន់​ជាន់​ទី​២ គេ​ត្រូវ​ដើរ​ឆ្លង​រោងថែវ​មួយ​បែប​ទៀត ស្ថិត​នៅ​ចន្លោះ​ជាន់​ទី​១ និង​ទី​២ ។ រោងថែវ​នេះ​មាន​៣​ជួ​រត​ភ្ជាប់​រោង​ជាន់​ទី​១ ទៅ​រោងថែវ​ជាន់​ទី​២ ហើយ​មាន​រោងថែវ​មួយ​ជួរ​ទៀត​កាត់​ទទឹង​រោងថែវ​ទាំង​៣​ជួរ​នេះ​ចំពាក់​កណ្តាល ប្រទាក់​គ្នា​ខ្វាត់ខ្វែង​កើត​បានជា​ក្រឡា​ឈើត្រង់ ។ កន្លែង​ដែល​រោងថែវ​ប្រទាក់​គ្នា​នេះ​មានឈ្មោះ​ថា «​ព្រះ​ពាន់​» ។ នៅ​ចន្លោះ​ទាំង​បួន​ដែល​កើត​មាន​ពី​ការ​ប្រទាក់​នៃ​រោងថែវ គេ​ឃើញ​មាន​ស្រះ តូច​ៗ​បួន តែ​គ្មាន​ដក់​ទឹក​ទេ ។ គេ​ស្គាល់​បាន​ថា​ជា​ស្រះ ដោយសារ​ការ​និយាយ​ត​ៗ​គ្នា​មក​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​ការ​នេះ អ្នកប្រាជ្ញ​ជា​ច្រើន​ខាង​វិជ្ជា​បូព៌​៌ា​ប្រទេស ក៏​ពុំ​បាន​ស្រប​យោបល់​ថា​ជា​ស្រះ​ដែរ ព្រោះ​គេ​មិន​ដែល​ឃើញ​មាន​ស្រះ​នៅ​ក្នុង​តួ​ប្រាសាទខ្មែរ​ទេ ។ រោងថែវ​ទាំង​៣​ជួរ និង​រោងថែវ​កាត់​ទទឹង​មួយទៀត​នេះ មាន​ប្រវែង នីមួយ​ៗ៣,៤៥​ម៉ែត្រ ។ រោងថែវ​ពីរ​កណ្តាល​ដែល​កាត់​កែង​គ្នា​មាន​ទទឹង​ប្រវែង​៣,១៤​ម៉ែត្រ ឯ​ស​រោងថែវ ដែល​ភ្ជាប់​ជាន់​ទី​១​ទៅ​ជាន់​ទី​២​មាន​ប្រវែង​ទទឹង​២៩០​ម៉ែត្រ ។

ជាន់​ទី​២ ៖ ដើម្បី​ឡើង​កាន់​ជាន់​ទី​២ គេ​ត្រូវ​ឡើងជណ្តើរ​កណ្តាល​នៃ​ថែវ​ទាក់​គ្នា​ដែល​បាន​ពោល​រួច​មក​ហើយ ។ ជណ្តើរ​នេះ​មាន​កាំ​ចំនួន​ពី​១៧​ទៅ​១៨ ។ ក្រៅពី​ជណ្តើរ​នេះ​មាន​ជណ្តើរ​ផ្សេង​ទៀត​ចំនួន​ទាំងអស់​១៤ គឺ​ជណ្តើរ​៥​ពី​ខាងលិច ហើយនឹង​ជណ្តើរ បី​ៗ​នៅ​ជ្រុង​ខាងកើត ខាងត្បូង និង​ខាងជើង ។ គួរ​បញ្ជាក់​ថា ជាន់​ទី​២​នេះ​មាន​រាង​បួន​ជ្រុង​ទ្រវែង ខាងកើត ប្រវែង​ទទឹង​ជើង​-​ត្បូង​មាន​១០០​ម៉ែត្រ និង​បណ្តោយ​លិច​-​កើត​ប្រវែង​១១៥​ម៉ែត្រ ។ ដូច​ជា​នៅ​ជាន់​ទី​១​ដែរ ជណ្តើ​រទាំង​១៤​ខាងលើ​នាំ​ទេសចរ​ទៅ​កាន់​ប្រាង្គ​ចំនួន​១០ ដែល​ស្ថិត​នៅ​ជាន់​ទី​២​នេះ​។ ប្រាង្គ​ទាំងនេះ​ត​ភ្ជាប់​គ្នា​ដោយ​រោងថែវ ដែល​គ្រប​ពីលើ​ដោយ​ដំបូល​តែ​មួយ​ជាន់ ។ ប្រាង្គ​បួន​ដែល​ស្ថិត​នៅ​ចំ​មុម​ជ្រុង​ទាំង​៤ មាន​កំពូល​ជា​ត្របក​ផ្កាឈូក​ក្រពុំ តែ​សព្វ​ថ្ងៃនេះ​ចុង​កំពូល​ទាំង​បួន​នេះ​បាក់​កំបុត​អស់​ខ្លះទៅ​ហើយ ។ ចំណែកឯ​ប្រាង្គ​៦​ដទៃ​ទៀត គេ​គ្មាន​ធ្វើ​កំពូល​ស្រួច​ពីលើ​ទេ មាន​តែ​ដំបូល​ដែល​មើលទៅ​ហាក់ដូចជា​ត្រួត​ពីលើ​គ្នា​ជា​ពីរ​ជាន់​តែ​ប៉ុណ្ណោះ ។ រោងថែវ​នៅ​ជាន់​ទី​២​នេះ​មាន​ទទឹង​ប្រវែង​២,៤៥​ម៉ែត្រ ដូច​រោងថែវ​នៅ​ជាន់​ទី​១​ដែរ ។ ម្តងនេះ​ផ្នែក​ខាងក្រៅ​រោងថែវ ដែល​បែរមុខ​មក​ខាងក្រៅ​ជា​ជញ្ជាំង​បិទ​ជិត ឯ​ផ្នែក​មួយទៀត​ដែល​បែរមុខ​ឈម​រក​ទីធ្លា​នៃ​ជាន់​ទី​២​នេះ គេ​ធ្វើ​ជា​បង្អួច​មាន​ចម្រឹង​ជា​ជើងទៀន​មាន​រាង​មូល​ទ្រវែង​ដាក់​នៅ​ជិត​គ្នា ។ នៅ​ជ្រុង​ខាងជើង​នៃ​រោងថែវ​ជាន់​ទី​២​នេះ នៅ​ខាងលិច​ប្រាង្គ​នៅ​តាម​ជ្រុង គេ​ឃើញ​មាន​បន្ទប់​តូច​មួយ​ដែល​គេ​ហៅ​សព្វថ្ងៃ​ថា «​ប្រាសាទគក់ទ្រូង​» ព្រោះ​ពេល​ណា​គេ​គក់​ដើមទ្រូង​នៅ​កន្លែង​នោះ​ទៅ គេ​នឹង​ឮ​សំឡេង​ខ្ទ័រ​ឡើង​កើតមក​ពី​ការ​គក់​ទ្រូង​នេះ ។

គួរ​ធ្វើការ​កត់​សម្គាល់ថា ចំពោះ​ជាន់​ទី​២​នេះ​ជ្រុង​ខាងលិច​មាន​ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​ពី​ជ្រុង​ខាង​នៃ​ជាន់​ទី​១ ឯ​ជ្រុង ផ្សេង​ៗ​នៃ​ទិស​ទាំង​៣​ទៀត​មាន​ចម្ងាយ​ពី​ជ្រុង​ជាន់​ទី​១​ប្រវែង​៣៥​ម៉ែត្រ​ដែរ ។ ជាន់​ទី​២​នេះ​មាន​កម្ពស់​លើស​ពី​លាន​ជាន់​ទី​១​ប្រវែង​ប្រមាណ​៧​ម៉ែត្រ ។

លុះ​ចេញពី​ទ្វារ​កណ្តាល​រោងថែវ​ជាន់​ទី​២ នៅ​លើ​ទីលាន​ជាន់​ទី​២​នេះ និង​នៅ​ខាងជើង និង​ខាងត្បូង​ផ្លូវ​ដើរទៅ​កាន់​ជណ្តើរ​ធំ​កណ្តាល​ពី​ខាងលិច​សម្រាប់​ឡើង​ទៅ​កាន់​ជាន់​ទី​៣ គេ​ឃើញ​មាន​ប្រាសាទ តូច​ៗ​ពីរ​ដែល​សព្វ​ថ្ងៃនេះ​បាក់បែក​អស់ហើយ ។ ផ្លូវ​ដើរទៅ​កាន់​ជណ្តើរ​សម្រាប់​ឡើង​ទៅ​ជាន់​ទី​៣​នេះ ជា​ស្ពានថ្ម​មួយ​មាន​ជើង ហើយ​មាន​ផ្ទៃ​ខ្ពស់​ពី​ផ្ទៃ​ទីធ្លា​នៃ​ជាន់​ទី​២ ។

ជាន់​ទី​៣ ៖ ជាន់​ទី​៣​មាន​រាង​ជា​បួន​ជ្រុង​ស្មើ​ប្រវែង ១​ជ្រុង​ៗ​មាន​៦០​ម៉ែត្រ ។ គេ​ឃើញ​មាន​ជណ្តើរ​សម្រាប់​ឡើង​ទៅ​កាន់​ជាន់​បំផុត​នេះ​ចំនួន​១២ គឺ​មាន​ជណ្តើរ បី​ៗ​នៅ​តាម​ជ្រុង នីមួយ​ៗ​។ ជណ្តើរ​ទាំងនោះ​មាន​សភាព ចោត​ៗ​ណាស់ ហើយ​មាន​ជ​ម្រេ​ល​ដល់​ទៅ​៧០​អង្សា លើកលែងតែ​ជណ្តើរ​នៅ​កណ្តាល​នៃ​ជ្រុង​ខាងលិច ដែល​មាន​សភាព​ពុំ​សូវ​ចោត​ខ្លាំង ព្រោះ​មាន​ជ​ម្រេ​ល​ត្រឹម​៥០​អង្សា ។ ក្រោយ​នេះ​មាន​កាំ​ទាំងអស់​ចំនួន​៣៥ ឯ​ជណ្តើរ​១១​ផ្សេង​ទៀត មាន​កាំ​ចំនួន​តែ​៣២​ទៅ​៣៣​ប៉ុណ្ណោះ ។ ជណ្តើ​រទាំង​១២​នេះ​នាំ​អ្នក​ទស្សនា​ឱ្យទៅ​ដល់​ប្រាង្គ​ចំនួន​៥ ស្ថិត​នៅ​លើ​ខឿន​ដែល​មាន​កម្ពស់​១៣​ម៉ែត្រ ពី​ទីលាន​នៃ​ជាន់​ទី​២ ។ ប្រាង្គ​ចំនួន​បួន ស្ថិត​នៅ​ត្រង់​មុមកែង​នៃ​ជ្រុង​ទាំង​៤ ហើយ​ត​ភ្ជាប់​គ្នា​ពី​មួយ​ដោយ​រោងថែវ មាន​ដំបូល​មួយ​ជាន់ ។ ប្រាង្គ​ទាំងនេះ​មាន​កំពូល​ស្រួច រៀវ​ស្តួច​ទៅ​លើ ហាក់ដូចជា​ផ្កាឈូក​ក្រពុំ​ទើប​លេច​ចេញពី​ទង ហើយ​ដែល​គេ​កាច់​បត់​ស្រទាប់ ជា​ថ្នាក់​ៗ ។ កំពូល នីមួយ​ៗ​មាន​៥​ថ្នាក់​បន្ត​បន្តើត​លើ​គ្នា ហើយ​បើ​គេ​គិត​រួម​ទាំង​បី​ជាន់​នៃ​ផ្នែក​ខាងលើ​បំផុត​ផង កំពូល មួយ​ៗ​ត្រូវ​មាន​៨​ថ្នាក់ តែបើ​តាម​ទស្សនៈ​សាសនា​គេ​រាប់​តែ​៧​ជាន់​ទេ ។ កំពូល​មួយទៀត​ជា​កំពូល​ធំ ហើយ​ខ្ពស់​ជាងគេ មាន​រាងរៅ​លំនាំ​ដូច​ជា​កំពូល​ទាំង​បួន​ខាងលើ​នេះ​ដែរ គឺ​គ្រាន់តែ​ធំ​ជាង​ប៉ុណ្ណោះ ជា​កំពូល​ទី​៥ ដែល​ស្ថិត​នៅ​លើ​ប្រាង្គ​មួយ​នៅ​ចំណុច​ស៊ី​ម៉េ​ទ្រី​នៃ​ប្រាង្គ​ទាំង​៤​ទៀត ។ កំពូល​កណ្តាល​នេះ​មាន​កម្ពស់​ពី​ខឿន​ជាន់​ទី​៣​ប្រវែង​៤២​ម៉ែត្រ ហើយ​មាន​កម្ពស់​ពី​ផ្ទៃរាប​ស្មើ​ធម្មតា​ប្រវែង​៦៥ម៉ែត្រ​។ ប្រាង្គ​នៅ​កណ្តាល​គេ​នេះ ត​ភ្ជាប់​ទៅ​ប្រាង្គ​បួន​ដទៃ​ទៀត​ដោយ​រោងថែវ​ដែល​កាត់​កែង​គ្នា​នឹង​រោងថែវ​នៃ​ប្រាង្គ​នៅ​មុម​ទាំង​បួន ។ រោងថែវ​ដែល​ចេញពី​ប្រាង្គ​កណ្តាល​នេះ​មាន​ទទឹង​ប្រវែង​២,៤០​ម៉ែត្រ មាន​ដំបូល​ពីរ​ថ្នាក់ ហើយ​ផ្នែក​ទាំង​សងខាង​គ្មាន​ជញ្ជាំង​ទេ មាន​តែ​សសរ​បួន​ជ្រុង​ទ្រវែង​ប៉ុណ្ណោះ ។ ចំណែកឯ​រោងថែវ​នៃ​ជ្រុង​ទាំង​បួន​របស់​ជាន់​ទី​៣​នេះ មាន​ផ្នែក​ដែល​បែរមុខ​ចេញ​ទៅ​ខាងក្រៅ​ជា​ជញ្ជាំង​ប្រកបដោយ​បង្អួច​ដែល​មាន​ជើងទៀន មូល​ៗ​ជា​ចម្រឹង​ដាក់​ជិត​ប្រកិត​គ្នា ឯ​ផ្នែក​ម្ខាង​ទៀត​ដែល​ឈមមុខ​ចូល​ក្នុង​ទៅ​រក​ទីធ្លា​ជាន់​ទី​៣ ពុំ​មាន​ជញ្ជាំង​ទេ មាន​សសរ​រាង​បួន​ជ្រុង​ទ្រវែង​ទ្រ​ដំបូល​ផ្នែក​ខាងក្នុង ដែល​មាន​សំយាប​ជា​ពីរ​ថ្នាក់ ។ រោងថែវ​នេះ​មាន​ទទឹង​ប្រវែង​តែ​២​ម៉ែត្រ​ទេ ។ រោងថែវ​តាម​ជ្រុង​ទាំង​បួន និង​ថែវ​ចេញពី​ប្រាង្គ​កណ្តាល​បាន​កាត់​កែង​គ្នា ហើយ​បង្កើត​បានជា​អាង​ទឹកតូច​ៗ​ចំនួន​៤ តែ​ចំពោះ​រឿង​នេះ​លោក​ហង់​រី មា​៉​សាល់ បាន​ពោល​សន្និដ្ឋាន​ពុំ​មែន​ជា​អាង​ទឹក​ទេ ព្រោះ​មាន​ជណ្តើរ​សម្រាប់​ចុះ​ទៅ​ដល់ទី​នោះ ហើយ​គេ​អាច​ដើរ​កាត់​បានជា​ធម្មតា ។

កាលបើ​ទស្សនា​ប្រាសាទ គេ​អាច​ចុះ​តាម​ជណ្តើរ​កណ្តាល​នៃ​ជ្រុង​ខាងត្បូង ដែល​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ គេ​បាន​ធ្វើ​ជណ្តើរ​មួយ​ថ្មី​ទៀត​អំពី​ស៊ីម៉ង់ត៍ ហើយ​ស្ថិត​នៅ​ជាមួយ​គ្នា​នឹង​ជណ្តើរ​ពី​បុរាណ ។ ក្រោយមក​ជណ្តើរ​ថ្មី​នេះ​មាន​បង្កាន់ដៃ​អំពី​ដែក ហើយ​អាច​សម្រួលការ​ឡើង​ចុះ​ចំពោះ​អ្នកខ្លះ ដែល​មាន​ស្មារតី​ទន់ខ្សោយ​ដែល​តែងតែ​ភ័យ​ព្រួយ​នឹង​ការ​វិលមុខ​ខ្លាច​ធ្លាក់​មក​ដី ។

តទៅ​ទៀត​នេះ គឺជា​តារាង​រៀបរាប់​សង្ខេប​អំពី​ចំនួន និង​លេខ​ដែល​មាននៅ​ក្នុង​ការ​អធិប្បាយ​ខាងលើ ដើម្បី​ជា​ជំនួយ​ដល់​ការ​ស្រួល​ចាំ ។

អំពី​ទំហំ ៖
-​ខឿន​ព័ទ្ធ​ជុំវិញ​គូ​ទឹក​ខាងក្រៅ ៖ ១៣០​ម៉ែត្រ​គុណ​១៥០០​ម៉ែត្រ (​គ្រប់​ឯកសារ​) ។
-​កំពែង​ព័ទ្ធ​ជុំវិញ​បរិវេណ​ផ្ទៃដី​ប្រាសាទ ៖
-​លោក​ហង់​រី ប៉ា​រម៉ង់​ជេ ៖ ៨០០​ម៉ែត្រ​គុណ​១០២៥​ម៉ែត្រ ។
-​លោក​ហង់​រី ម៉ា​សាល់ ៖ ៨១៥​ម៉ែត្រ​គុណ​១​គីឡូម៉ែត្រ​បន្តិច ។
-​លោកតា​ប៉ា​ង ខាត់ ៖ ៨១៥​ម៉ែត្រ​គុណ​១០០០​ម៉ែត្រ ។
-​លោកម៉ា​រ បូ ៖ ៨០០​ម៉ែត្រ​គុណ​១០៦៥​ម៉ែត្រ ។

ទីលាន​ដី​ទម្រ តួ​ប្រាសាទ ៖
-​លោក​ប៊ែរណា គ្រោ​លី​យេ ៖ ២៣០​ម៉ែត្រគុណ​៣៥០​ម៉ែត្រ ។

ជាន់​ទី​១ ៖
-​លោក​ហង់​រី ប៉ារម៉ង់​ជេ ៖ ១៨៧​ម៉ែត្រ​គុណ​២១៥​ម៉ែត្រ ។
-​លោក​ហង់​រី ម៉ា​សាល់ ៖ ១៨០​ម៉ែត្រ​គុណ​២០០​ម៉ែត្រ ។
-​លោកម៉ារ​បូ ៖ ១៨៧​ម៉ែត្រ​គុណ​២១៥​ម៉ែត្រ ។
-​លោក​បៀ​សែត ៖ ១៨០​ម៉ែត្រ​គុណ​…​។
-​លោក​ប៊ែ​រណា គ្រោ​លី​យេ ៖ ១៨៧​ម៉ែត្រ​គុណ​២១៥​ម៉ែត្រ ។

ជាន់​ទី​២ ៖
-​លោក​ហង់​រី ប៉ា​រម៉ង់​ជេ ៖ ១០០​ម៉ែត្រ​គុណ​១១៥​ម៉ែត្រ ។
-​លោក​ហង់​រី ម៉ា​សាល់ ៖ ១០០​ម៉ែត្រ​គុណ​១១៥​ម៉ែត្រ ។
-​លោកម៉ារ​បូ ៖ ១០០​ម៉ែត្រ​គុណ​១១៥​ម៉ែត្រ ។

ជាន់​ទី​៣ ៖
-៦០​ម៉ែត្រ​គុណ​៦០​ម៉ែត្រ (​គ្រប់​ឯកសារ​)​។

អំពី​ប្រវែង
ទទឹង​គូ​ទឹក​ខាងក្រៅ ៖
-​លោក​ប៉ាម៉​ង់​ជេ ៖ ១៩០​ម៉ែត្រ ។
-​លោកម៉ា​សាល់ ៖ ២០០​ម៉ែត្រ ។
-​លោកតា​ប៉ាង ខាត់ ៖ ២០០​ម៉ែត្រ ។
-​លោកម៉ារ បូ ៖ ២២០​ម៉ែត្រ ។

ទីលាន​ដី​ពី​មាត់​គូ​ទឹក​ខាងក្នុង​មក​កំពែង​ថ្មបាយក្រៀម​ពី​ទិស​ខាងលិច ៖
-​លោកម៉ារ​បូ ៖ ៣០​ម៉ែត្រ ។

បណ្តោយ​គោ​បុ​រៈ​ធំ​ខាងលិច ៖
-​លោក​គ្រោ​លី​យ៉េ ៖ ២៣៥​ម៉ែត្រ ។
-​លោក​ម៉ារ​បូ ៖ ២៣៥​ម៉ែត្រ ។

បណ្តោយ​ផ្លូវ​ក្រាល​ថ្ម ៖
-​លោកម៉ាសាល់ ៖ ៣៥០​ម៉ែត្រ ។
-​លោកម៉ា​រ​បូ ៖ ៣៥០​ម៉ែត្រ ។
-​ទទឹង​ទីធ្លា​ចន្លោះ​


ដកស្រង់ពីកោះសន្តិភាព


 

រៀនអានព្យញ្ជនៈ ឡ


រៀនអាន
ឡា   ឡិ    ឡី     ឡឹ    ឡឺ
ឡុ    ឡូ    ឡួ     ឡើ   ឡឿ
ឡៀ  ឡេ   ឡែ    ឡៃ   ឡោ
ឡៅ  ឡុំ    ឡំ     ឡាំ   ឡះ
ឡុះ   ឡេះ  ឡោះ

Translate words below
រៀនពាក្យ
ឡក  ឡាន ឡាប  ឡាវ

ឡាំង     ឡូឡា      ឡើង
ឡើងចាង   ឡើយ  ឡេវ 
ឡេវអាវ    ឡែបខាយ



រៀនអានព្យញ្ជនៈ ហ


រៀនអាន
ហា    ហិ     ហី     ហឹ    ហឺ
ហុ     ហូ     ហួ     ហើ   ហឿ
ហៀ   ហេ   ហែ    ហៃ   ហោ
ហៅ   ហុំ     ហំ    ហាំ   ហះ
ហុះ    ហះ   ហោះ

Translate words below
រៀនពាក្យ
ហា    ហាម    ហាល       

ហាសិប   ហិត   ហិន
ហឹរ    ហឺត  ហុច   ហុត
ហូត   ហូប  ហូរ   ហូប
ហួច  ហួល  ហួស  ហើប
ហើម    ហើយ     ហៀរ
ហែក    ហោច    ហោរា
ហៅ     ហោះ




រៀនអានព្យញ្ជនៈ ស

រៀនអាន
សា    សិ    សី    សឹ    សឺ
សុ     សូ    សួ    សើ   សឿ
សៀ   សេ   សែ   សៃ   សោ
សៅ   សុំ     សំ    សាំ   សះ
សុះ   សេះ  សោះ

Translate words below
រៀនពាក្យ
សក   សករាជ    សកល
សង   សតិ  សព  សម
សមរ    សមាជ     សរ
សរសេរ  សរសៃ  សាសនា
សរីរៈ  សរុប  សសេះ
សាហាវ    សាក  សាកល
សាគូ  សាធុ សាប សាមសិប
សាយ សារ  សារី  សារុង
សាលា    សាវា   សាសនា
សាំ   សិត   សិរី   សិលា
សីមា  សីល  សីហៈ       
សីហា សឹក  សុខ សុខដុម
សុញ  សុបិន សុភាសិត
សុំ    សូក  សូន  សួស្ដី
សើច    សឿង    សៀម
សៀវភៅ     សេក  សេន
សេនា សេះ  សែង សោ
សោក   សោកា   សោយ
សោះ  សៅកែ  សំងំ  សោះ
សំដី   សំដែង    សំណ
សំណាក     សំណាង
សំណាប     សំណូក    
សំណើម     សំណែន
សំពៅ   សំនៀង    សំបូរ
សំបោរ   សំពង   សំពាយ
សំពៅ    សំពះ   សំយាប 
សំអាង   សះ   សុះ   សេះ



រឿងតាដុងយាយជ័យ



មានសេចក្ដីដំណាលថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គ មហេសីដែលទ្រង់គត៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបាន ជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍។ លុះព្រះរាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាស់អស់អាណាប្រជានុរាស្ដ្រក៏ ទ្រង់កាយដីកប់ពងនោះចោលក្នុងព្រៃ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះ ដោយនឹកស្ដាយព្រះរាជបុត្រដែល ទ្រង់សង្ឃឹមក្នុងព្រះរាជហឬទ័យថា បើប្រសូត្រមួយជាកូនមនុស្សនឹងបានសោយរាជ្យតំណរព្រះរាជវង្សតទៅព្រោះព្រះ អង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញចំលែកអស្ចារ្យដូច្នោះ ព្រះរាជាក៏នាំព្រះអគ្គមហេសី យាងចូលក្នុងព្រះមហានគរវិញ។ ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ វិង ជាព្រានរបស់ព្រះរាជា។ ថ្ងៃមួយព្រានវិង បានចេញទៅបរបាញ់សត្វនៅក្នុង ព្រៃបានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុះកកាយដី ឃើញពងនោះ ព្រានវិង ក៏រើសមកទុកនៅផ្ទះរបស់ខ្លួន។ ពងនោះធំចំលែកណាស់ ព្រានវិងបានថែរក្សាទុកភ្ញាស់មើល។ លុះគ្រប់ថ្ងៃខែ ព្រះរាជ បុត្រប្រសូតចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស។ ព្រានវិង ឃើញចំលែកអស្ចារ្យ ក៏ចិញ្ចឹមកូននោះ ត្រាតែធំ បានដាក់ឈ្មោះថា “ប្រមាញ់ វិងស៊ុង”។ ចៅប្រមាញ់ វិងស៊ុង លុះចំរើនវ័យឡើង មានរូបឆោមលោមពណ៌ល្អ ឆើតឆាយ លើសលុបបុរសទាំងពួង ចៅប្រមាញ់ វិងស៊ុងបានហាត់ថ្នឹកខាងដើរបរបាញ់សត្វជាមួយព្រានវិង ជាឪពុក អ្នកស្រុកភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង ជាកូនព្រានវិងគ្រប់គ្នា។ ស្លេះរឿងព្រានវិង និទានពីតាដុង យាយជ័យ។ តាយាយនេះគាត់មានកូនស្រីក្រមុំមួយឈ្មោះនាង “ត្រចើលដោះក្រាល” មានរូបឆោមលោមពណ៌ល្អស្រស់លើសនារី ទាំងពួងសាច់ស បបូរមាត់ដឹតស្លា ភ្នែកទាំងគូរភ្លឺដូចនិល ចិញ្ចើមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមព្រឿងៗ ដោះ ទាំងគូរឡើងក្បំណែនក្ដន់ ក្រហមរលោងហាក់ដូចជាបូស ឱ្យមុខឡើងក្រហមច្រាល ដំណើរទន់ភ្លន់សមឬកពារ ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា។ តាដុងយាយជ័យបានសង់ផ្ទះនៅជាមួយនិងកូន លើដីទួលមួយមានទឹកព័ទ្ធជុំវិញ ការពារកុំឱ្យបុរសចេញចូលដល់ទីលំនៅគាត់បាន។ ទួលដែលតាដុងយាយជ័យសង់ផ្ទះនោះនៅមានជាដំណែលមកដល់ សព្វថ្ងៃ ស្ថិតនៅមុខក្លោងទ្វារចូលវត្ដទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ៥ ចំងាយពីផ្លូវជាតិប្រមាណ៥០ម៉ែត្រ នៅក្នុង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល។ តាដុងយាយជ័យមានប្អូនស្រីម្នាក់ឈ្មោះនាងទែន នៅភូមិស្រែរនោង តាយាយបាននាំនាងត្រចើលដោះក្រាល ទៅលេងផ្ទះនាងទែនជាញឹកញាប់។ ពេលដែលនាងទៅលេងផ្ទះម្ដាយមីង នាង តែងដើរកាត់ភូមិ កាន់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះរាល់ពេលនាងដើរ បានទៅជាកន្លែងមានឈ្មោះថា ភូមិឃុំញ៉ែងញ៉ង ដល់សព្វថ្ងៃ។ លុះនាងដើរមក ដល់កន្លែងអណ្ដូងទឹក មនុស្សដែលមកដងទឹកជាមួយនាងតែងពោលសរសើរសាច់នាងថា សស្គុស ទើបមានជាប់ពាក្យ សរសើររាល់ពេលវេលា ដែលនាងមកដងទឹកជាប់ពាក្យហៅមកដល់សព្វថ្ងៃថា “ភូមិគូស” ឯឃុំញ៉ែងញ៉ងនិងឃុំគូសនេះ នៅជិតជាប់គ្នាក្នុងស្រុកត្រាំកក់ ខេត្ដតាកែវ។ ពេលនោះនាងនៅលេងនិងផ្ទះម្ដាយមីងពីរបីថ្ងៃ តាដុងយាយជ័យ ក៏មកយកនាងវិលទៅកាន់លំនៅវិញ។ តាដុង យាយជ័យ និងនាងត្រចើលដោះក្រាល ដែលមកកាន់ផ្ទះនាងទែននោះមាន លោះខែតិចណាស់ ថ្ងៃមួយតានិងយាយ បាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្ដាលផ្លូវបានជួប និងព្រានវិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ។ ដោយព្រានវិង និងតាដុងយាយជ័យនោះបានស្គាល់ គ្នាច្បាស់ពីមុនមកផង អ្នកទាំងនោះក៏ មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក ។ ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើឃើញ គ្នាហើយ ចេះតែគយគន់គ្នាទៅវិញទៅមក។ ដោយការគយគន់រកគ្នានោះ សេចក្ដីស្នេហាក៏ចាប់ដុះដាលឡើង ពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឬកពារទៅវិញទៅមកលុះត្រាតែ ដឹងចិត្ដគ្នា។ ឯតាដុងយាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុង មានរូបល្អក៏នឹកក្នុងចិត្ដថា បើបានធ្វើជា គូស្វាមី ភរិយាកូនអញ សក្ដិសមគ្នាណាស។ តានិងយាយក៏សួរទៅព្រានវិងថា “អ្នកកំលោះនោះត្រូវជាអ្វីនិងលោក?” ព្រានវិងឆ្លើយប្រាប់ថា “កូន”។ ដោយពេញចិត្ដនិងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង តានិងយាយក៏ទុកឱកាសឱ្យគូ ស្នេហាទាំងពីរនាក់នោះ និយាយឆ្លើយឆ្លងគ្នាតាមចិត្ដ។ លុះចប់ការសន្ទនានិងគ្នាហើយ អ្នកដំណើរទាំងពីរក៏លាបែក ចាកគ្នាចេញទៅ ដោយញំយកទាំងសេចក្ដីស្នេហាជាប់រៀងខ្លួនទៅផង។ ចៅប្រមាញ់វិញស៊ុង បានដឹងដំណើររឿងត្រចើលដោះក្រាល មកលេងផ្ទះនាងទែនជាញឹកញាប់ក៏ចេះតែដើរកាត់ស្វែងរកជួបនិងនាងនៅផ្ទះនាងទែនជានិច្ចមកដែរ។ ឯព្រានវិង និងមេបាខាងនាង ក៏ពេញចិត្ដនិងគូរស្នេហ៍ទាំងពីរនោះ ចាំតែពេលចូលស្ដីដណ្ដឹង និងរៀបការផ្សំផ្គុំឱ្យប៉ុណ្ណោះ។ លុះនៅយូរទៅសេចក្ដីស្នេហា ក៏រីកដុះធំឡើងតែរាល់ថ្ងៃ តែដោយហេតុតាដុងយាយជ័យពុំបានជូននាងមក លេងផ្ទះ នាងទែនជាញឹកញាប់ដូចកាលមុន ព្រោះគាត់មានការរវល់ច្រើន នាងក៏លបលួចមកផ្ទះនាងទែនតែម្នាក់ឯង។ ថ្លែងពីព្រះរាជាដែលគង់សំចត នៅព្រះពន្លាលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍ មានសេនា៤នាក់ដង្ហែព្រះអង្គ ទៅផង លុះចូលទៅដល់ក្នុងព្រៃជ្រៅស្រាប់តែប្រទះនាងត្រចើលដោះក្រាល ដើរត្រាច់តែម្នាក់ឯង។ ត្រង់ព្រៃដែល ស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា “ព្រៃប្រទះនាង” ដែលសព្វថ្ងៃគេហៅក្លាយមកថា “ប្រទះឡាង” ទៅវិញ។ ព្រះអង្គបានទតឃើញនាងមានរូបឆោមលោមពណ៌ល្អដូចទេពធីតា ក៏ទ្រង់លោតចុះពីលើខ្នងសេះ យាងសំដៅទៅរក រូបនាង ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា។ នាងត្រចើលដោះក្រាល ក៏មានសេចក្ដីភិតភ័យ នាងមិនមានឆ្លើយ អ្វីទៅព្រះរាជទេ នាងបែរជារត់ត្រលប់មកក្រោយវិញ។ ពេលនោះព្រះរាជា និងសេនា៤នាក់ក៏រត់ដេញតាមនាង។ ដោយកំលាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយឃើញព្រះរាជាដេញ ក៏ខិតជិតណាស់មកផង នាងបានឃើញ ដំបូកមួយនៅក្នុងព្រៃពីខាងមុខ នាងក៏លើកដៃបួងសួង “ថាបើខ្លួននាងពិតជាគូរនិងចៅប្រមាញ់វិងស៊ុង សូមឱ្យនាងចូល ទៅពួនលាក់ខ្លួននៅដំបូកនោះឱ្យបាត់” បួងសួងហើយ នាងក៏រត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ។ ព្រះរាជានិងសេនា ៤នាក់ ក៏រត់ទងមើលពីចំងាយមក ឃើញនាងចូលទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងមិនឃើញ បានជាមានពាក្យហៅទីនោះថា “ដំបូងមានលក្ខណ៍។ កន្លែងនោះក្រោយមក អ្នកស្រុកបានសាងវត្ដ ហៅវត្ដដំបូកមាន លក្ខណ៍នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នោះគេហៅថា “ត្រពោក មានលក្ខណ៍។ ពេលនោះព្រះរាជាទ្រង់ឆ្ងល់ និងដំណើរនាងដែលរត់បាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះនិងសេនា ។ សេនាទាំងបួននាក់តបវិញថា “ស្ដ្រីដែល មានរូបល្អអំបាញ់មិញនេះ បានរត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរនិង លាក់ខ្លួនបាត់យ៉ាងដូច្នេះ ដោយព្រះអង្គដេញចាប់បង្ខំនាង ប្រហែលជាមានទេវតាជួយយកអាសារនាងជាមិនខាន” ។ ហើយសេនាទូលថែមទៀតថា “បើព្រះអង្គសព្វព្រះរាជហឬទ័យនិងរូបនាង សូមព្រះអង្គយាងចូលទៅស្ដីដណ្ដឹង ដល់ ឪពុកម្ដាយនាងតាម ប្រពៃណីវិញ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចុះធ្វើម្ដេចនិងបានស្គាល់ទីកន្លែងឪពុកនាង?” សេនាក្រាបបង្គំទូលថា “បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាងថ្វាយព្រះអង្គ និងបានសំរេចតាម ព្រះរាជបំណងមិនខាន”។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង៤នាក់សព្វគ្រប់ហើយ ទ្រង់ យាងត្រលប់ចូលព្រះពន្លាវិញ។ ចាប់តាំងពីថ្ងៃនោះមក សេនា៤នាក់ក៏ព្យាយាមស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាង ត្រចើលដោះក្រាល រកអស់ពេលជាយូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា ទូលតាមការស្រាវជ្រាវរក មិនឃើញនោះ។ ព្រះរាជាក៏ប្រជុំអស់ពួលសេនា ទ្រង់មានព្រះរាជបញ្ជាថា “ឱ្យរៀបធ្វើពិធីប្រណាំងទូកងឱ្យអ្នកស្រុក មើលក្រែងបានប្រទះនាង ហើយពួកយើងដើរតាមមើលឱ្យស្គាល់ទីលំនៅរបស់នាង។ សេនាទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងផ្សាយដំណឹង ដល់អ្នកស្រុកភូមិជនបទជិតឆ្ងាយ ឱ្យមកមើលប្រណាំងទូក។ លុះដល់ថ្ងៃប្រណាំងទូក អ្នកស្រុកក៏ផ្អើលឈូរឆរមីដេរដាស ដើរពពាក់ពពូនគ្នាទៅមើលដោយសេចក្ដីរីករាយ ។ ចំណែកនាងត្រចើលដោះក្រាល កាលស្ដេចដេញចាប់នាង នាងពុំស្គាល់ជាស្ដេចទេ លុះស្ដេចយាងចេញផុតទៅ នាងឃើញស្ងាត់ក៏រត់ចេញពីដំបូកនោះ ត្រលប់ទៅផ្ទះនាងវិញ។ នាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនាង នៅហេតុដែលកើតមានដល់រូបនាងតាមត្រង់ ហើយ ថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាងដ៏លើសលប់ទៅលើចៅប្រមាញ់ វិងស៊ុង។ ឪពុកម្ដាយបានដឹងចិត្ដកូនសព្វគ្រប់អស់ ហើយក៏មានចិត្ដអាណិតកូន ដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក។ ពេលដែលអ្នកស្រុកផ្អើលឈូរឆរទៅ មើលប្រណាំងទូក តាដុងយាយជ័យក៏នាំនាងត្រចើលដោះក្រាលទៅមើលនិងគេដែរ។ លុះដើរទៅដល់កន្លែងប្រណាំងទូក អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសំរស់របស់នាងត្រចើលដោះក្រាល ហើយគេសរសើរគ្រប់គ្នា ។ សេចក្ដីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ ក៏លេចឮទៅដល់សេនា របស់ព្រះរាជាដែលកំពុងដើរត្រាច់រកមើល នាង។ សេនាទាំងបួននាក់បានដើរមកឃើញផ្ទាល់ច្បាស់ហើយ ក៏ប្រជុំគ្នាចាំមើលដំណើរនាងត្រលប់ទៅផ្ទះវិញ។ លុះពិធី ប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រលប់ទៅទីលំនៅរៀងខ្លួន ។ សេនា៤នាក់លួចធ្វើដំណើរតាមក្រោយតាដុងយាយ ជ័យ លុះបានស្គាល់ទីលំនៅនាង និងឪពុកម្ដាយនាងហើយ ក៏ត្រលប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត។ ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយ និងសេនា៤នាក់។ តាដុងយាយជ័យបានឃើញព្រះរាជាទ្រង់ស្ដេច យាងមកដល់ផ្ទះខ្លួនក៏រៀបទីកន្លែងទទួលព្រះអង្គ។ ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនិងតាដុងយាយជ័យ សូម យកដណ្ដឹងយកនាងត្រចើលដោះក្រាល ជាអគ្គមហេសី ហើយព្រះអង្គបញ្ជាក់ថា សូមឱ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ ព្រះអង្គហ៊ានទទួលទាំងអស់។ ពេលនោះតាដុងយាយជ័យបានស្គាល់ទឹកចិត្ដកូនច្បាស់ តែមិនទាន់ហ៊ាន សំរេចចិត្ដថា ថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្ដកូនសិន។ លុះសួរទៅនាងត្រចើលដោះក្រាល នាងប្រកែកចំពោះ ឪពុកម្ដាយនាងថា “នាងមិនទទួលយកស្ដេចទេនាងស៊ូស្លាប់ជាមួយចៅប្រមាញ់វិងស៊ុង ជាគូរបណ្ដូលចិត្ដនាងហើយ”។ តាដុងយាយជ័យ ឮកូនប្រកែកតឹងរ៉ឹងដូច្នេះក៏ពិគ្រោះគ្នា ពីរនាក់ប្ដីប្រពន្ធថា “បើយើងមិនថ្វាយនាងទៅស្ដេច យើងមុខ ជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើកនាងថ្វាយស្ដេច យើងអាណិតចិត្ដកូនយើងដែលគ្នាស្រលាញ់ទៅ លើចៅប្រមាញ់វិងស៊ុង ជាទីពេញចិត្ដយើងដែរទៅហើយ បើដូច្នោះយើងបង្គាប់ព្រះរាជាឱ្យធ្ងន់ កុំឱ្យព្រះអង្គទទួលរួច ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គច្បាស់ជា ចាត់ការធ្វើមិនទាន់ដែរ”។ លុះគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយ តាយាយក៏មកទូលព្រះរាជាថា “មិនហ៊ានបង្គាប់ ព្រះអង្គទេក្រែងព្រះអង្គមិនហ៊ានទទួល”។ ព្រះរាជាមានព្រះបន្ទូលថា “ព្រះអង្គហ៊ានទទួលទាំងអស់ ឱ្យតែលើកនាងថ្វាយព្រះអង្គចុះ”។ តាយាយក៏បង្គាប់ព្រះរាជាថា “សូមព្រះអង្គលើក ផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឱ្យបានស្រេចតែមួយរាត្រី បើមិនហើយទូលព្រះបង្គំមិនលើកនាងថ្វាយទេ”។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ឃើញថា ការនោះមានបន្ទុកធ្ងន់ណាស់ តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឬទ័យ លើរូបនាងត្រចើលដោះក្រាលលើសលុបផង ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុង យាយជ័យ។ លុះព្រះអង្គថយទៅវិញទ្រង់ប្រាប់ពលរេហ៍មកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា “ចូរសេនារេហ៍ពល ទាំងអស់ លើកផ្លូវថ្នល់មួយចាប់ពីព្រះពន្លារហូតដល់ផ្ទះឪដុងម៉ែជ័យ ធ្វើតែមួយយប់ឱ្យហើយស្រេច”។ ពាក្យដែលហៅ ថាឪដុង ម៉ែជ័យ តែក្រោយមកគេហៅក្លាយជា “ឪដុងមានជ័យ”។ គ្រានោះសេនាពលរេហ៍លើកផ្លូវថ្នល់ក្នុងមួយរាត្រី នោះមិនហើយសោះ លុះដល់ភ្លឺស្វាងឡើង ផ្លូវថ្នល់នោះនៅដាច់មិនជាប់គ្នា បានជាមានពាក្យហៅថា “ភូមិថ្នល់ដាច់” នៅក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំងសព្វថ្ងៃនេះ។ តាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច តាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ ដោយមានបំណងថា បើព្រះអង្គលើកផ្លូវថ្នល់ក្នុងមួយយប់ហើយមែន នឹងនាំនាងត្រចើលដោះក្រាលទៅតែម្ដង។ លុះឃើញផ្លូវថ្នល់នោះ ស្ដេចលើកមិនទាន់ហើយ តានិងយាយត្រេកអរ ណាស់ក៏ចូលចតទូក ត្រង់កន្លែងផ្លូវថ្នល់ដាច់នោះ តាដុង និង យាយជ័យឡើងទៅមើលផ្លូវថ្នល់។ គាត់កំពុងពិនិត្យមើល ផ្លូវថ្នល់នោះ សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា តាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរ ព្រះរាជាស្ដេច យាងមកទតមើល។ តាដុងយាយជ័យ ឮដំណឹងថាស្ដេចយាង មកហើយក៏បបួលគ្នារត់ចុះទូកកុំឱ្យស្ដេចឃើញមុខ។ ពេលនោះយាយជ័យប្រពន្ធតាដុង ភ័យញីញ័ររត់ចុះទៅទូកមិនកើត ក៏វាចុះតាមច្រាំជង្ហុកទទួលនិងសេនាស្ដេចមក ដល់ក៏ស្រែកឃាត់ថា “យាយកុំវាចុះទូកអីស្ដេចយាងមកដល់ឥឡូវហើយ”។ យាយជ័យមិនស្ដាប់សោះ ចេះតែវាចុះទូក ដល់ទូកហើយក៏ច្រានទូកចេញទៅ។ កន្លែងដែលយាយជ័យវានោះ ពីដើមគេហៅថា កំពង់យាយវារ តែសព្វថ្ងៃគេហៅ ថា កំពង់ជវារស្ថិតក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។ លុះស្ដេចមកដល់ទតឃើញទូកតាដុង យាយជ័យ ចេញពីកំពង់ឆ្ងាយ ហើយព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា ឪដុង ម៉ែជ័យ មុខជាខឹងព្រះអង្គលើកផ្លូវថ្នល់ មិនហើយហើយ បានជាមិនចាំជួបព្រះអង្គ ព្រះរាជាក៏ចាត់សេនា៤នាក់ទៅ តាមក៏តាមទៅជួបនិងតាដុងយាយជ័យ ដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសំដៅមកផ្ទះ ហើយសេនា ទាំងនោះនិយាយអង្វរតាដុងយាយជ័យ តាង ព្រះនាមព្រះមហាក្សត្រថា “ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពី របស់ព្រះអង្គ។ គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចជានាងទេពធិតា ក៏លុតជង្គង់សំពះប្រណម្យ ទៅសេនាទាំង៤នាក់វិញថា “នាងខ្ញុំសូមក្រាបថ្វាយបង្គំ ទូលព្រះរាជាថា “នាងខ្ញុំមិនសុខចិត្ដទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេ ព្រោះរូបនាងខ្ញុំជារាស្ដ្រ បើព្រះអង្គនៅតែបង្ខំ យកនាងខ្ញុំ នាងខ្ញុំនឹងសំលាប់ខ្លួនជាមិនខាន”។ ខណៈនោះតាដុងយាយជ័យ បាននិយាយទៅកាន់សេនាទាំង៤នាក់ថា “សូមលោកទូលព្រះរាជាផង កុំឱ្យព្រះអង្គបង្ខំពេកចាំខ្ញុំលួងលោមចិត្ដកូនស្រីឱ្យបានស្រួលសិន”។ សេនា៤នាក់ក៏លា ថយត្រលប់ទៅវិញ។ ចំណែកតានិង យាយក៏នាំនាងចូលក្នុងផ្ទះ។ ពេលរាត្រីនោះតាដុងយាយជ័យ នាំនាងត្រចើល ដោះក្រាល រត់បណ្ដោះទៅទុកនៅផ្ទះនាងទែន នៅភូមិស្រែរនោង ហើយតាដុងយាយជ័យនិយាយប្រាប់នាងទែនជាប្អូន តាមរឿងសព្វគ្រប់ និង ប្រាប់ឱ្យហៅព្រានវិង ឱ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុង មករើសពេលការឱ្យហើយទៅ។ តាយាយផ្ដាំនាងទែន សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ចាំទូលដោះសារនិងស្ដេច។ ត្រង់កន្លែងសេនា៤នាក់មកអង្វរ តាដុងយាយជ័យ សុំនាងត្រចើលដោះក្រាល ធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងបានសំពះប្រណម្យទៅសេនាវិញថា នាងមិនសុខចិត្ដទៅទេនោះ គេហៅថាទេពធិតាប្រណម្យ ដែលឥឡូវមានវត្ដមួយឋិតនៅកន្លែងនោះឈ្មោះថា “វត្ដទេពប្រណម្យ” គឺពីដើមគេហៅថា “វត្ដទេពធីតាប្រណម្យ” តែក្រោយមកទៅជាវត្ដទេពប្រណម្យ នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល សព្វថ្ងៃនេះ។ គ្រានោះព្រះរាជា លុះទ្រង់សណ្ដាប់សេនាទាំង៤នាក់ថា ចាំឪដុងម៉ែជ័យអង្វរ លួងលោមចិត្ដកូនឱ្យបានស្រួលសិន ដូច្នោះតាំងពីថ្ងៃនោះមក ព្រះអង្គទ្រង់ចាត់ឱ្យសេនាមកស្ដាប់ដំណឹងនៅផ្ទះ ឪដុងម៉ែ ជ័យជារាល់ថ្ងៃ។ ឯតាដុង យាយជ័យចេះតែដោះសារ “ចិត្ដនាងពុំទាន់ស្រួលនៅឡើយទេ”។ ចំណែកនាងទែនកាល បើបានទទួលចងចាំតាមសំដីបងសព្វគ្រប់ហើយ ក៏ចាត់ហៅព្រានវិង និងចៅប្រមាញ់វិងស៊ុង ឱ្យចូលមកស្ដីដណ្ដឹងនាង ត្រចើលដោះក្រាល រួចឱ្យអាចារ្យមើលវេលាការបានហើយ ក៏ឱ្យដំណឹងទៅបងឱ្យមករៀបការកូន។ តាដុងយាយជ័យ មិនទាន់បានមកដល់ភ្លាមទេ ព្រោះនៅជាប់ដោះសារនិងស្ដេច លុះដល់ថ្ងៃចូលរោងតានិងយាយក៏លួចលបធ្វើដំណើរ តាមផ្លូវក្នុងព្រៃ មានសេចក្ដីព្រួយជានិច្ច ក្រែងស្ដេចមកតាម។ ការគិតរបស់តានិងយាយច្រើនពេករហូតធ្វើឱ្យគាត់ ទាំងពីរនាក់វង្វេងផ្លូវអស់មួយថ្ងៃ រកផ្លូវទៅផ្ទះនាងទែនមិនឃើញ។ ទទួលពេលនោះតានិងយាយបានជួបនិងក្មេង គង្វាលក្របីម្នាក់ តាយាយស្រែកសួរថា “អើអាវ៉ា ! ផ្លូវណាទៅវាំងពន្លូស ផ្លូវណាទៅគុស ទៅស្រែរនោង?។ ក្មេង គង្វាក្របីគិតថា បើអញចង្អុរបង្ហាញប្រាប់ផ្លូវតែម្ដងទៅ វាគ្មានប្រយោជន៍ អ្វីមកដល់អញសោះ បើដូច្នេះអញប្រាប់ឱ្យ តានិងយាយនេះ បន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឱ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង។ ក្មេងគង្វាលក្របីគិតដូច្នេះហើយ ក៏ឆ្លើយតបទៅតានិងយាយថា “បើតានិងយាយចង់រកផ្លូវឱ្យឃើញដូចបំណង សូម ឡើងទៅបន់អ្នកតាខ្នងភ្នំទៅ រួចត្រូវមានសំណែនមកថ្វាយ ហើយក៏មានទាំងក្មេងប្រគំភ្លេងបទខ្ទោរខ្នងភ្នំ របងមាស បន្ទាយប្រាសាទទឹកទប់ ជ្រង់ជ្រងសំងាត់ដោះក្រាល កន្ទែនទ្រាំងផងទើបតានិងយាយរកផ្លូវឃើញ”។ តាដុងយាយ ជ័យឮពាក្យក្មេងកង្វាលក្របីបង្គាប់ឱ្យធ្វើដូច្នេះក៏ជឿធ្វើតាម ហើយតានិងយាយ ក៏ឡើងទៅបន់អ្នកតា លើខ្នងភ្នំលុះចុះ មកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅផ្ទះនាងទែន។ កាលទៅដល់ជិតរបងផ្ទះ នាងទែនក្រឡេកឃើញ បងស្ទុះមកទទួល តាដុងយាយជ័យក៏និយាយប្រាប់ពីហេតុវង្វេងផ្លូវហើយបានបន់អ្នកតា ទើបរកផ្លូវឃើញ។ ពេលនោះលោកអាចារ្យបាន ឮថាតាដុងយាយជ័យជាមេបាខាងស្រី ចូលមកក្នុងមង្គលការដែលជិតបង្ហើយ មានជាប់បំណន់ដូច្នោះ ក៏ឃាត់ផ្អាក ដំណើរតាយាយឱ្យឈរនៅក្រៅរបងសិន មិនឱ្យជាប់បំណន់ចូលមកក្នុងមង្គលការនោះឡើយ។ លោកអាចារ្យប្រាប់ មេបាទាំងសងខាងថា “ឱ្យរៀបសំណែនមានទាំងភ្លេង យកទៅប្រគំលា បំណន់អ្នកតាឱ្យហើយសិនទើបអាចចូលមកក្នុង មង្គលការនេះបាន។ នាងទែនបានចាត់ចែងរៀបចំសំណែន មានបង្អែមចង្អាប ព្រមទាំងភ្លេងយកទៅប្រគំបទខ្ទោរខ្នងភ្នំ របស់មាសបន្ទាយប្រាសាទ ទឹក ទប់ ជ្រង់ ជ្រង សំងាត់ដោះក្រាល កន្ទែន ព្រមទាំងភ្លេង៩បទនេះ ក៏បានចូលមក នៅក្នុងទំលាប់ ភ្លេងការចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ លុះធ្វើកិច្ចលាបំណន់រួចហើយ តាដុងយាយជ័យ ក៏ចូលមករួមក្នុងមង្គលការនោះ អាចារ្យបានឱ្យនាំកូនប្រុសស្រីយកមកផ្ទឹមឱ្យពរជ័យ ។ ថ្លែងពីព្រះរាជាដែលគង់នៅ ព្រះពន្លាបន្ទាយលង្វែក លុះទ្រង់ជ្រាបហេតុថា តាដុងយាយជ័យលួចពង្រាត់ នាងត្រចើលដោះក្រាលយកទៅរៀបការ នៅឯផ្ទះនាងទែន នៅស្រែរនោងនោះហើយ ព្រះអង្គក៏យាងជាមួយសេនា សំដៅទៅផ្ទះនាងទែន លុះស្ដេចដល់ហើយ ព្រះអង្គទតឃើញនាងត្រចើលដោះក្រាល និងចៅប្រមាញ់វិងស៊ុង កំពុងតែក្រោបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា ដោយទ្រង់ទតឃើញគូរស្វាមីភរិយាទាំងពីរអ្នកនោះ មានរូបសម្ផស្ស ល្អសក្ដិសមគ្នា ទ្រង់ក៏បណ្ដោយឱ្យគេធ្វើកិច្ចផ្ទឹម នោះឱ្យហើយស្រេច រួចព្រះអង្គត្រាស់បង្គាប់ឱ្យសេនាទាំងសងខាង ព្រមទាំងសាមីខ្លួនទាំងពីរនាក់មកជួបជុំចំពោះមុខ ព្រះភក្ដ្រព្រះអង្គ។ អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យ ញាប់ញ័ររន្ធត់គ្រប់គ្នា ព្រះរាជាក៏ត្រាស់សួរទៅចៅប្រមាញ់វិង ស៊ុងថា“អ្នកឯងជាកូនអ្នកណា? បានជាហ៊ានរៀបការ និងនាងត្រចើលដោះក្រាលជាគូដណ្ដឹងរបស់យើង?។ ពេលនោះ ចៅប្រមាញ់វិងស៊ុង ក៏ក្រាបទូលតបវិញថា “ទូលព្រះបង្គំជាកូនព្រានវិង ” ហើយចង្អុរទៅព្រានវិងជាឪពុករបស់ខ្លួន ព្រះរាជាទតឃើញព្រានវិង ជាព្រានរបស់ព្រះអង្គក៏ទ្រង់សួរទៅថា “ព្រានឯងមានកូនប្រុសពីកាលណាមក? បានជា យើងមិនដែលឃើញ?”។ ព្រានវិងឱនសិរសា ក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំង បានរៀបរាប់ទូលព្រះរាជាថា “កូនប្រុសនេះមិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេ គឺជាកូនចិញ្ចិម ព្រោះកាលថ្ងៃមួយនោះ ទូលបង្គំទៅបរបាញ់ សត្វក្នុងព្រៃបានប្រទះស៊ុតមួយធំ ចំលែកលើសសត្វទាំងអស់លើកទី១ ដែលមានកាយដីកប់ថ្មីៗ ទូលព្រះបង្គំឃើញ ហើយក៏រើសយកមកទុកមើល លុះគ្រប់ថ្ងៃខែ ស៊ុតញាស់ឡើងស្រាប់តែចេញមកជាកូនមនុស្សតែម្ដង គឺចំពោះរូបកូន ចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំបានឱ្យឈ្មោះថា “ចៅប្រមាញវិងស៊ុង។ ព្រានវិងក្រាបទូលហើយ ក៏ចង្អុរទៅចៅ ប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះព្រះភក្ដ្រព្រះអង្គ ។ ចៅប្រមាញ់វិញស៊ុង ក៏ភ្ញាក់ខ្លួនពេល នោះថាខ្លួនកើតពីពង។ ខណៈនោះព្រះរាជាក៏ស្ទុះទៅឱក្រសោប ចៅប្រមាញ់វិងស៊ុង ទ្រង់ហៅថា “ឱកូនសំលាញ់ឪពុក! ពុកនេះហើយជាឪពុករបស់កូន”។ ព្រះអង្គថ្លែងរៀបរាប់តាំងពីកាលព្រះអង្គនាំអគ្គមហេសីយាងទៅក្រសាលព្រៃ ហើយប្រសូតព្រះរាជបុត្រទៅជាស៊ុត ក៏កាយដីកប់ក្នុងព្រៃទៅ។ ទ្រង់រៀបរាប់សព្វគ្រប់ហើយ ព្រះរាជាក៏ទ្រង់ចាត់ចែង ឱ្យដង្ហែព្រះរាជបុត្រ ព្រមទាំងព្រះនាងត្រចើលដោះក្រាលចូលទៅក្នុងព្រះនគរ ធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់ វិងស៊ុង និងនាងត្រចើលដោះក្រាល ឱ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដី ដំណរពីព្រះអង្គក្នុងពេលនោះទៅ ហើយ ព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា តាដុងម៉ែជ័យជាប់រហូតមក ។ ទីក្រុងឧដុង្គមានជ័យ មានព្រះមហាក្សត្រ គង់នៅអស់ថេរវេលាជាង ២សតវត្ស គឺ២៤៣ឆ្នាំ។ បណ្ដារជ្ជកាលទាំងនោះ ចំពោះរជ្ជកាលព្រះបាទអង្គរជ័យ (ហៅព្រះសត្ថា) ដែលទ្រង់សោយរាជ្យនៅព.ស ២២៧៣-២២៧៩ គ.ស ១៧៣០ - ១៧៣៦ ស្ដេចចាកចេញពីក្រុង ឧដុង្គមានជ័យ ទៅគង់នៅទីក្រុងលង្វែកជាទីក្រុងចាស់ដែលធ្លាប់មានមកហើយ ។ មុនពេលព្រះបាទអង្គរជ័យស្ដេច គង់នៅបន្ទាយលង្វែកនោះ ទីក្រុងឧត្ដុង្គទំនេរ ពុំមានព្រះមហាក្សត្រគង់ប្រមាណ២០ឆ្នាំ ក្រោយពី២០ឆ្នាំនោះមក ទើបមានព្រះមហាក្សត្រគង់នៅឡើងវិញ៕



រឿងដង្កូវនិងក្អែក



      មាន​និទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ​ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ។ ក្អែក​ថា “ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ី“ ក៏​ហើរ​ទៅ​ជិត​ដង្កូវ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា “ខ្លួន​អា​ក្អែក​នេះ​ ចិត្ត​ឃោរ​ឃៅ​ នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ“។ ដង្កូវ​សួរ​ក្អែក​ថា “មក​រក​អ្វី?“ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា “អញ​មក​ស៊ី​ដង្កូវ​ឯង“។ ដង្កូវ​ថា “លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន បើ​រក​ប្រស្នា​អញ​មិន​ឃើញ​ ស៊ី​អញ​មិន​បាន​ទេ“។ ក្អែក​សួរ​ថា “ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ“។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ៖
១. ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត?
២​​. ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត?
៣. ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត?
៤. ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​បំផុត?
       កាល​បើ​ក្អែក​ បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង​បួន​បទ​នេះ​ហើយ​ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត​ ក៏​ស្រែក​ហ៊ោ​កញ្រ្ជៀវ​លេង​ ដោយ​គិត​ថា “ប្រស្នា​ដង្កូវ​ទាំង​បួន​បទ​នេះ​ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ​ នឹង​បាន​ស៊ី​ដង្កូវ​នេះ​មិន​ខាន“ ទើប​ក្អែក​ឆ្លើយ​ដោះ​ស្រាយ​ប្រស្នា​ដូច​មាន​ត​ទៅ​នេះ៖
១. ដែល​គេ​ហៅ​ថា​ផ្ងែម​នោះ​ គឺ​មាន​ស្ករ​ និង​ឃ្មុំ​ ផ្អែម​ជាង​អ្វី​ទាំង​ពួង។
២. ដែល​គេ​ហៅ​ថា​ជូរ​ចត់​នោះ​ គឺ​មាន​ម្ជូរ​ក្រូច​ឆ្មារ អម្ពិល ម្ជូរ​សណ្ដាន់ ម្ជូរ​ក្រសាំង និង​ទឹក​ខ្មេះ។
៣. ដែល​គេ​ហៅ​ថា​ស្អុយ​ជាង​គេ​នោះ​ គឺ​អាចម៍​ និង​គម្រង់​ខ្មោច​សត្វ​ទាំង​ពួង។
៤. ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​នោះ​ គឺ​ផ្កា​រំដួល​ ផ្កា​ម្លិះ​ និង​ទឹក​អប់ជាដើម។
ក្អែក​បាន​ដោះ​ស្រាយ​ប្រស្នា​ទាំង​៤​បទ​នេះ​ ប្រាប់​ទៅ​ដង្កូវ។ ដង្កូវ​ថា ˝ក្អែក​ ដោះ​ប្រស្នា​នេះ​ មិន​ត្រូវ​ទេ˝។ ក្អែក​ក៏​ដាក់​មុខ​ស្រងូត​ និយាយ​ទៅ​ដង្កូវ​វិញ​ថា ˝បើ​ដង្កូវ​ឯង​ថា​ខុស​ សុំ​ឲ្យ​ដង្កូវ​ប្រាប់​ប្រស្នា​នេះ​មក​អញ​ឲ្យ​បាន​ដឹង​ផង˝។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា ˝ប្រាប់​បាន​ តែ​ក្អែក​ឯង​កុំ​ស៊ី​អញ​​ទើប​អញ​ប្រាប់˝។ ក្អែក​ថា ˝ឲ្យ​តែ​ប្រាប់​ចុះ​ អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ˝។ លុះ​បាន​ខ​សន្យា​ព្រម​ព្រៀង​គ្នា​យ៉ាង​ហ្នឹង​ហើយ ដង្កូវ​ក៏​ដោះ​ស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ ដូច​មាន​ពាក្យ​ត​ទៅ​នេះ៖
១. ដែល​គេ​ហៅ​ថា​ ផ្អែម​នោះ​ មិន​មែន​ផ្អែម​ស្ករ​ទឹក​ឃ្មុំ​នោះ​ទេ​ គឺ​ផ្អែម​ពាក្យ​សម្ដី​ ដែល​និយាយ​ទៅ​មក​រក​គ្នា​ ដោយ​ពាក្យ​ពិរោះ​ស្មោះ​ត្រង់​រក​គ្នា, នេះ​ហើយ​ហៅ​ថា​ ផ្អែម​ជា​ទី​បំផុត។
២. ដែល​គេ​ហៅ​ថា​ ជូរ​ចត់​នោះ​ មិន​មែន​ជូរ​ចត់​ អម្ពិល​ សណ្ដាន់​ ក្រូចឆ្មារ​ ទឹក​ខ្មេះ​នោះ​ទេ​ គឺ​ពាក្យ​ផរុសវាចា​ ឃោរឃៅ​ ឥត​គួរ​ ឥត​សម​ ដែល​និយាយ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក នេះ​ហើយ​ហៅ​ថា ជូរ​ចត់​លើស​ជូរ​ចត់​អ្វី​ទាំង​ពួង។
៣. ដែល​គេ​ហៅ​ថា​ ស្អុយ​នោះ​ មិន​មែន​ស្អុយ​អាចម៍​ ឬ​ស្អុយ​គម្រង់នោះ​ទេ​ គឺ​ស្អុយ​កេរ្ត៍​ ស្អុយ​ឈ្មោះ​ ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក , នេះ​ហើយ​ហៅ​ថា ˝ស្អុយ​ច្រាស​ខ្យល់˝។
៤. ដែល​គេ​ហៅ​ថា​ ក្រអូប​នោះ​ គឺ​មិន​មែន​ក្រអូប​ក្លិន​ផ្កា​ ឬ​ទឹក​អប់​នោះ​ទេ​ គឺ​ក្រអូប​កេរ្ត៍​ឈ្មោះ​ ដែល​ប្រតិបត្តិ​ល្អ, នេះ​ហើយ​ហៅ​ថា ˝ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំងពួង˝។
     ក្អែក​បាន​ស្ដាប់​ប្រស្នា​ទាំង​នេះ​ហើយ​ ក៏ព្រមឈប់​ស៊ី​ដង្កូវ​ទៅ៕


Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...