មិត្តរបស់ខ្ញុំ
ខ្ញុំមានមិត្តដ៏ជិតស្និទម្នាក់ ឈ្មោះសុផល យើងស្គាល់គ្នាកាលរៀននៅវិទ្យាល័យ។ ខ្ញុំចាំបានថា
សុផលជាសិស្សពូកែភាសាខ្មែរ ជាងគេនៅក្នុងថ្នាក់រៀន
គាត់តែងតែទទួលបានពិន្ទុល្អជានិច្ចរាល់ពេលប្រឡងម្ដងៗ។ សុផលចិត្តល្អណាស់
នៅក្នុងថ្នាក់រៀន ខ្ញុំមិនដែលឮគាត់និយាយ ឬជជែករឿងផ្ដេស ផ្ដាស ទទួលការស្ដីបន្ទោស ឬព្រមានពីលោកគ្រូប្រចាំថ្នាក់ម្ដងណាឡើយ។
គាត់ថែមទាំងមានចិត្តឧស្សាហ៍ព្យាយាម ចេះជួយទុក្ខធុរៈពេលមានមិត្តរួមថ្នាក់ ណាម្នាក់ត្រូវការជំនួយ។
ពេលមួយមុនពេលបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរចាប់ផ្ដើម សុផលទទួលរាប់រងស្ម័គ្រចិត្តជួយការងារលោកគ្រូ
ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំនៅក្នុងវិទ្យាល័យ។ គាត់រៀបចំលម្អឆាក ចាត់ចែងម្ហូបអាហារ
និងឈរទទួលភ្ញៀវជាដើម។ លោកគ្រូតែងតែកត់សម្គាល់ និងកោតសរសើរសុផលមិនដាច់ពីមាត់ ថាជាក្មេងឆ្លាត វាងវៃ រៀនពូកែ ហើយចេះជួយកិច្ចការសាលាទៀតផង។ល។
សុផលធ្លាប់ ប្រាប់ខ្ញុំថា គាត់រវល់មិនមានពេលទំនេរ ក្រៅពីការសិក្សា
គាត់ត្រូវជួយធ្វើការងារផ្ទះ ដូចជាបោស សម្អាត មើលប្អូន ទិញម្ហូប បោកសម្លៀកបំពាក់
ទៅធ្វើការងារជាអ្នកគិតលុយនៅផ្សារ និងធ្វើការងារស្ម័គ្រចិត្តជាអ្នកបកប្រែភាសា បង្រៀនភាសាខ្មែរដល់កុមារតូចៗ នៅសមាគមខ្មែរ ជាដើម។
លោកគ្រូតែងតែលើកសរសើរសុផលនៅក្នុងថ្នាក់
ហើយលោកគ្រូនិយាយដោយចំហរថា ការខិតខំប្រឹងប្រែង ការព្យាយាម តស៊ូរបស់សុផល នឹងនាំសុផលឆ្ពោះទៅរកភាពរុងរឿង ថ្លៃថ្លា
និងជាទីពឹងពាក់របស់អ្នកឯទៀតនាពេលអនាគត។ ខ្ញុំមានមោទនភាពណាស់
ដែលបានរាប់អានសុផលជាមិត្ត៕
No comments:
Post a Comment