ឆ្កែព្រៃ និងក្រុមឆ្កែស្រុក
នេះគឺជារឿងឆ្កែព្រៃដែលជាសត្វបោកប្រាស់
ហើយជាសត្វភ្លើផង។ ចំពោះសត្វនេះ សត្វដទៃទៀតបាននិយាយដោយពិតថា ការឈ្លាសវាងវៃរបស់វា
មានទំហំស្មើនឹងដំណើរភ្លើល្ងើរបស់វាដែរ។
ថ្ងៃមួយ
ឆ្កែព្រៃនេះកំពុងតែត្រាច់ចរតាមជ្រលងរាបចន្លោះភ្នំពីរស្រាប់តែឆ្កែស្រុកពីរធំៗ
ដែលបោលរកដេញខាំខ្លួនវាយូរហើយនោះ បានលោតពីក្រោយមហាសិលាពីរផ្ទាំងមក។ ឆ្កែព្រៃយើង
ក៏ដាក់មេផាយយ៉ាងលឿនឆ្ពោះទៅរកព្រៃ។ ប៉ុន្តែឆ្កែស្រុកទៅជាស្មានថា
វាបោលទៅរកទីវាលចម្ការវិញ។ កាលដែលឆ្កែព្រៃបោលជុំវិញព្រៃស៊ុម-ទ្រុម លោកតផ្លោះរំលងថ្ម
រំលងព្រែកឥតទឹក បង្ហុយធូលីទ្រលោមឡើងពីក្រោយនោះ វាស្មានថាមុខជាបានរួចពីកណ្ដាប់ដៃឆ្កែស្រុកហើយដោយបានឮសូរសំឡេងព្រុសយ៉ុះ!
យ៉ុះ! នៃឆ្កែស្រុកយ៉ាងខ្សោយពីចម្ងាយមក។ វាដង្ហក់
រួចមៀងមើលជុំវិញខ្លួនរកជម្រកដ៏ល្អសម្រាប់សម្រាក។ ប៉ុន្តែ
កាលដែលវាកំពុងតែសម្រេចចិត្តដូច្នេះ ស្រាប់តែលេចឆ្កែស្រុកពីទៀត
មិនដឹងជាមកពីកន្លែងណា ស្ទុះដេញវាព្រមគ្នាតែម្ដង។ ពេលនោះ
ឆ្កែព្រៃក៏ត្រូវឆ្កែស្រុកថ្មីទាំងពីរនោះ បំផាយឲ្យត្រឡប់ទៅកន្លែងដើមរបស់ខ្លួនវិញ។
ពួកឆ្កែស្រុកចេះតែប្រដេញវាមុខក្រោយៗ ឆ្លងកាត់វាលខ្សាច់
ដរាបដល់វាហេវអស់កម្លាំងយ៉ាងខ្លាំង រកបោលឲ្យឆ្ងាយតទៅទៀតមិនបាន។
ឆ្កែស្រុកពីរនៅខាងក្រោយ កាន់តែជិតមកៗ ហើយនៅខាងមុខឯណោះ មានឆ្កែស្រុកពីរទៀតនោះ
កំពុងតែរង់ចាំខ្លួន ម្ល៉ោះហើយវាដឹងថា ត្រូវតែធ្វើការឲ្យរហ័សរហួនទើបរួចខ្លួន។ នៅលើចំហៀងភ្នំ
ឆ្កែព្រៃបានឃើញសភាពខ្មៅងងឹតរាងមូលមួយកន្លែង នាំឲ្យវាមានសេចក្ដីក្លាហានឡើងវិញ។
វាស្មានថា សភាពខ្មៅនោះកាន់តែខិតមកជិតខ្លួនហើយ គឺជាគុហាមួយ។ ហើយឥឡូវវាមើលទៅឃើញឆ្កែស្រុក
ដែលនៅខាងមុខទាំងពីរនោះហើយថែមទាំងឮសូរសន្ទុះឆ្កែស្រុកខាងក្រោយថែមទៀតផង។
វាបានបោលគេចភ្លែតយ៉ាងរហ័ស ហើយស្ទុះបោលសំដៅជើងភ្នំ ឲ្យផុតពីកណ្ដាប់ដៃពួកឆ្កែស្រុក,
ប៉ុន្តែពួកនេះ បោលដេញយ៉ាងលឿនអស្ចារ្យ
ហើយកាន់តែខិតចូលទៅជិតឆ្កែព្រៃបន្តិចម្ដងៗ ជិតដរាបដល់ឆ្កែព្រៃឮពួកគេពិភាក្សាគ្នាថា
តើឲ្យនរណាមួយចូលចាប់ខ្លួនវា។ ឥឡូវវាបោលចូលទៅជិតគុហានោះ
តែវាភ័យដោយគិតថា បើវាចូលទៅក្នុងគុហា
គុហានោះល្មមឲ្យពួកឆ្កែស្រុកចូលដេញតាមបានមិនខាន។ ប៉ុន្តែ ឥឡូវឆ្កែស្រុកបានបោលមកជិតប្រកិតនឹងកន្ទុយរបស់វា
ម្ល៉ោះហើយ ដោយការលោតដូចហោះ វាក៏បានជាន់ចុះទៅក្នុងមាត់គុហា
ផុតពីកណ្ដាប់ដៃឆ្កែស្រុកភ្លាម។ ឆ្កែព្រៃ
ជាសត្វមានភ័ព្វ ដោយមាត់គុហានោះតូចមិនល្មមឲ្យពួកឆ្កែស្រុកចូលតាមបានឡើយ ហើយវាបោលយ៉ាងឆ្ងាយពីមាត់គុហា
ដែលអាចទៅឆ្ងាយបាន។ ខាងក្រៅគុហា
ពួកឆ្កែស្រុករត់ច្រាស់ច្រាល់ កោះនាយកោះអាយ ជញ្ជ្រំជើងជុំវិញមាត់គុហា មួយសន្ទុះក្រោយមកទើបបាត់សូរ។ នេះជាសេចក្ដីតក់ស្លុតមួយដ៏អាក្រក់បំផុត
ដែលឆ្កែព្រៃស្រាប់តែបានជួបប្រទះដោយស្រួលៗ។
ប៉ុន្តែគ្រាដែលបានជួបនិរទុក្ខខាងក្នុងគុហាហើយ វាក៏មានសេចក្ដីក្លាហានឡើងវិញ។
វាបែកគំនិតផ្ដើមគិតថា តួខ្លួនវាជាមិត្តម្នាក់របស់វា ដែលអាចរើខ្លួនរួចស្រឡះពីពួកឆ្កែស្រុក
ហើយកាលដែលអវយវៈដ៏ល្ហិតល្ហៃរបស់វា បានសម្រាកស្រួលហើយ ចំណង់ខាងអួតសរសើរខ្លួនក៏កើតឡើងដល់វា
ប៉ុន្តែគ្មាននរណាមួយក្នុងគុហានិយាយជាមួយវាសោះ ម្ល៉ោះហើយ
វាចាប់ផ្ដើមព្រោកប្រាជ្ញជាមួយនឹងអវយវៈផ្សេងៗរបស់វា ដែលមានអវយវៈខ្លះ
បានប្រណាំងជាមួយពួកឆ្កែស្រុកនោះថា៖
ជើងតើជើងឯងបានធ្វើការអ្វីខ្លះ? (វានិយាយដោយចោលភ្នែកមើលទៅជើងទាំងបួនរបស់វា)។
ជើងឆ្លើយដោយមាត់របស់វាថា៖ ពួកយើងបាននាំខ្លួនអ្នកឯងឲ្យឃ្លាតឆ្ងាយមកកាន់ទីនេះយើងបង្ហុយធូលីឲ្យហុយទ្រលោមឡើង
ដើម្បីធ្វើឲ្យខ្វាក់ភ្នែកឆ្កែស្រុកចង្រៃ យើងលោកផ្លោះថ្ម ផ្លោះព្រៃស៊ុមទ្រុម ហើយនាំខ្លួនអ្នកឯងមកដល់គុហានេះ! អើល្អ!
ល្អ! ជើងឯងធ្វើការល្អណាស! ចុះត្រចៀក? ត្រចៀកឯងបាន ធ្វើអ្វីដែរ? យើងស្ដាប់ឆ្វេងស្ដាំ ស្ដាប់ឲ្យដឹងចម្ងាយដែលឆ្កែស្រុកបោល ដេញពីក្រោយ
ដើម្បីឲ្យសញ្ញាដល់ជើងដែលត្រូវបង្កើនល្បឿនប៉ុន្មានៗ ទើបផុតពីអន្តរាយ។ អើ! អស្ចារ្យមែន!។ ចុះភ្នែកឯងធ្វើការអ្វីដែរ?
យើងបង្ហាញផ្លូវឲ្យដឹងកន្លែងថ្មព្រៃស៊ុមទ្រុម ជ្រលងដងអូរ, យើងគយគន់ទៅឆ្ងាយ ដើម្បីរកកន្លែងនិរទុក្ខឲ្យអ្នក ហើយយើងឃើញគុហានេះ! អើ!ខ្ញង់មែន! ឆ្កែព្រៃនិយាយសួរខ្លួនឯង
ឆ្លើយខ្លួនឯង យ៉ាងនេះហើយក៏សើចសប្បាយចិត្តយ៉ាងអស្ចារ្យ ដោយបន្លឺសំដីថា៖ ចុះភ័ព្វអ្វីអញក៏មានមិត្តភ័ក្តល្អៗ ដូចជាភ្នែក ត្រចៀកយ៉ាងហ្នឹងហ្ន៎! ឆ្កែព្រៃ
ដែលមានជ័យជំនះដោយសារអវយវៈខ្លួន បានធ្វើការគ្រប់បែបឥតទំនេរក្នុងជីវិតដូច្នេះហើយ
ក៏ងើបក្បាលបែរទៅក្រោយ ប៉ងនឹងទះខ្នងខ្លួន (បែបឥស្សរជនគាប់ចិត្តចំពោះអ្នកតូចណាមួយហើយ
ទះខ្នងអ្នកនោះតិចៗ)។ ស្រាប់តែឃើញកន្ទុយខ្លួនឯង ក៏លាន់មាត់ថា៖
អូ៎កន្ទុយ! អញរកកលតែនឹងភ្លេចឯងទៅហើយ! មក! ប្រាប់អញមើល៍
តើឯងបានធ្វើអ្វីខ្លះប្រឆាំងនឹងឆ្កែស្រុក ក្នុងជ័យជំនះរបស់យើងនេះ? កន្ទុយ ក៏និយាយប្រាប់ដោយសំឡេងឆ្កែព្រៃខ្លួនឯងថា៖ អ្នកឯងមិនសូវជាគិតដល់ខ្ញុំប៉ុន្មានទេ!
ដូច្នេះហើយ បានជាកន្ទុយគ្មានចម្លើយថាដូចម្ដេចឡើយ។ វានិយាយទៅរកកន្ទុយទៀតថា៖ ជាទូទៅ អាឯងនេះ គ្រាន់តែជាអវយវៈបន្ថែមមួយ ឥតផលដល់យើង
អាឯងនាំឲ្យយើងថយក្រោយជាងអ្វីៗទៅទៀត ថែមទាំងវិះតែឲ្យគេចាប់ខ្លួនអញបានផងទៀត អាឯងនាំឲ្យពួកឆ្កែស្រុកចាប់ចុងអាឯងកន្ត្រាក់ទៅក្រោយ
ប៉ុន្តែ យើងចាំស្ដាប់ពីគាត់ឯងម្ដង និយាយមក! អាឯងបានធ្វើអ្វីខ្លះ។ ខ្ញុំបានធ្វើអ្វីទៅ? គឺខ្ញុំបានបក់ចុះឡើងយ៉ាងនេះទៅរកពួកឆ្កែស្រុក
ហើយប្រាប់ពួកវាឲ្យមកចាប់អ្នកឯង កាលអ្នកកំពុងតែបោល ខ្ញុំនៅខាងក្រោយអ្នក
បង្ខំពួកឆ្កែស្រុកឲ្យវាបោលកាន់តែជិតមក ទុកណាជាមានធូលីហុយឡើងក៏ដោយ
ពួកវានៅតែអាចឃើញខ្ញុំ ដោយសារចលនាពណ៌សរបស់ខ្ញុំ។ មុខក្រញូវរបស់ឆ្កែព្រៃ
កាន់តែខ្មៅឡើងៗ ហើយស្រែកគំហករអាក់រអួលជាប់ៗ ដោយកំហឹងថា៖ ស្ងៀមទៅ! កុំមាត់! អាឯងនិយាយបែបហ្នឹង តើវាមានន័យយ៉ាងម៉េច? ពេលនោះ វាបែរទៅរកខ្នង រួចតប់កន្ទុយយ៉ាងធ្ងន់មួយដៃ ដោយពាក្យថា៖ អាឯង មិនត្រូវនៅក្នុងគុហានេះ ជាមួយអវយវៈដ៏វិសេសរបស់យើងទៀតទេ! អាឯងនេះ
ជាអ្នកក្បត់! ថាហើយ
ឆ្កែព្រៃក៏រុញកន្ទុយខ្លួនឆ្ពោះទៅទ្វារគុហា! ទៅក្រោយ!
កុំនៅជាមួយអញ! ទៅក្រៅទៅ គ្មានបន្ទប់ឯណាសម្រាប់អាចង្រៃឯងក្នុងទីនេះទេ អាឯងត្រូវតែទៅនៅខាងក្រៅ
ព្រោះអាឯងជាបក្សពួកខាងឆ្កែស្រុក អាឯងជួយគេឲ្យចាប់អញ រួចហើយអាឯងអួតសរសើរពីវា!
ទៅក្រៅទៅ! ឆ្កែព្រៃ បានចង្អុលទៅកន្ទុយខ្លួនដោយដៃម្ខាង
ហើយចង្អុលទៅទ្វារគុហាដែលមានពន្លឺថ្ងៃចាំងចូលមក ដោយដៃម្ខាងទៀត។ ទៅក្រៅទៅ! ពេលនោះ
វាបានរុញកន្ទុយឲ្យចេញទៅខាងក្រៅទ្វារដែលជាលំហអាកាស ។ ពួកឆ្កែស្រុក ដែលចាំស្ដាប់ការនិយាយរបស់ឆ្កែព្រៃខាងក្នុងគុហា
បានលាក់ខ្លួនពួននៅខាងក្រៅ
កាលបានឃើញកន្ទុយឆ្កែព្រៃលេចឆ្កុយចេញមកតាមទ្វារគុហាដូច្នោះ ក៏នាំគ្នាទៅចាប់ទាញឡើង។
ម្ល៉ោះហើយ ឆ្កែព្រៃនោះក៏ត្រូវពួកឆ្កែស្រុកទាំងអស់ កន្ត្រាក់ទាញចេញមកក្រៅគុហា
ពីព្រោះតែកន្ទុយនោះឯង។
ប្រភព៖
ពុទ្ធសាសនបណ្ឌិត្យ
បន្ទាប់ពីអានហើយសូមឆ្លើយសំណួរខាងក្រោម៖
១. តើរឿងនេះនិយាយអំពីអ្វី?
២. តើតួខ្លួនរបស់ឆ្កែព្រៃមានអ្វីខ្លះ?
៣. តើអវៈយវៈនីមួយៗសម្រាប់ធ្វើអ្វី?
៤. តើពាក្យ និរទុក្ខ មានន័យដូចម្ដេច?
No comments:
Post a Comment