ម៉ែខ្ញុំ My mom

 

១. ខ្ញុំឈ្មោះ វិសាល អាយុ១៧ឆ្នាំ ខ្ញុំរៀនថ្នាក់ទី១១ នៅវិទ្យាល័យទីក្រុងឡូវែល នៃរដ្ឋម៉ាសាឈូសិត។  ខ្ញុំមានបងប្អូន៤នាក់ ខ្ញុំជាកូនទី២។ បងស្រីខ្ញុំឈ្មោះផល្លា បងផល្លាអាយុ១៩ឆ្នាំ គាត់ទៅរៀននៅសាកលវិទ្យាល័យហើយ។ 


២. ប្អូនប្រុសខ្ញុំឈ្មោះបូណា​អាយុ១៥ឆ្នាំ និងប្អូនស្រីពៅឈ្មោះស្រីស្រស់ អាយុ១២ឆ្នាំ។ ម៉ែខ្ញុំឈ្មោះភាព គាត់ជាកម្មករនៅរោងចក្រផលិតគ្រឿងពេទ្យ។ ម៉ែធ្វើការពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៣រសៀល​ ជួនកាលគាត់ធ្វើការរហូតដល់ម៉ោង៦យប់ និងធ្វើការថែមម៉ោងនៅថ្ងៃសៅរ៍ទៀត។ 


៣. ពេលចេញពីរោងចក្រ ម៉ែប្រញាប់ដាំស្ល ទុកអោយកូនៗ ជួនកាលម៉ែទិញម្ហូបស្រាប់​ ព្រោះមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើម្ហូប ដោយសារម៉ែអស់កម្លាំង ឬប្រញាប់ទៅបោកសម្លៀកបំពាក់​។


 ៤. រាល់ថ្ងៃ ខ្ញុំឃើញម៉ែហត់នឿយណាស់ ជួនកាលម៉ែខឹងនឹងកូនៗ ដែលមិនចេះជួយការងារ មិនចេះជួយបោសផ្ទះ មិនសម្អាតកន្លែងដេក មិនលាងចាន ហើយលេងហ្កេមច្រើនពេក។


៥. ស្ទើរតែរាល់ពេល ម៉ែតែងតែដាស់តឿន អោយឆាប់ចូលគេង ម៉ែប្រាប់អោយធ្វើកិច្ចការដែលគ្រូដាក់អោយ ម៉ែហៅញ៉ាំបាយ ប្រាប់អោយឆាប់មុជទឹក ដុសធ្មេញអោយស្អាតមុនចូលគេង និងរៀបចំបន្ទប់គេងជាដើម។ ម៉ែប្រាប់កូនអោយធ្វើ តែកូនៗខ្ជិល គិតតែពីលេងហ្កេម ដោយមិនអើពើ មិនខ្វល់ពីសម្ដីម៉ែ មិនយល់ពីការហត់នឿយរបស់ម៉ែឡើយ។ 

 

៦. ខ្ញុំឃើញម៉ែនឿយហត់ ពេលខ្លះខ្ញុំជួយម៉ែ។ ពេលខ្ញុំជួយម៉ែ ខ្ញុំឃើញម៉ែរីករាយសប្បាយចិត្ត ខ្ញុំឃើញម៉ែញញឹម។ ពីថ្ងៃនេះទៅ ខ្ញុំនឹងជួយធ្វើកិច្ចការម៉ែ ដើម្បីអោយម៉ែបានសម្រាកពីការនឿយហត់ខ្លះ។


៧. បន្ទាប់ពីបានជួយកិច្ចការផ្ទះមក  ខ្ញុំ និងម្ដាយរបស់ខ្ញុំមានភាពស្និទ្ធស្នាលនឹងគ្នាជាងមុន ហើយមានតែម៉ែទេ ដែលយល់ពីខ្ញុំច្បាស់ជាងគេ។

 

៨. ពេលខ្ញុំមានបញ្ហាអ្វី ពេលខ្ញុំឈឺថ្កាត់ មិត្តរបស់ខ្ញុំជាអ្នកណា? ខ្ញុំចង់រៀនអ្វី? ខ្ញុំចង់ធ្វើការអ្វី? ខ្ញុំចង់ទៅណាខ្ញុំតែងតែនិយាយប្រាប់ម៉ែ ពិភាក្សានឹងម៉ែ គួរធ្វើ ឬមិនធ្វើ គួរទៅ ឬមិនទៅ ម៉ែតែងតែផ្ដល់យោបល់យ៉ាងល្អដល់ខ្ញុំ។ ម៉ែស្រឡាញ់ខ្ញុំដូចកែវភ្នែករបស់គាត់អីចឹង។ ឯចំណង់ចំណូលចិត្តខ្ញុំវិញ មិនចាំបាច់និយាយក៏ម៉ែដឹងដែរ គឺគាត់ដឹងថាខ្ញុំចូលចិត្តញ៉ាំសម្លរកកូរ ចូលចិត្តញ៉ាំគុយទាវ ចូលចិត្តសម្លៀកបំពាក់ពណ៌បៃតង...។ល។


៩. ខ្ញុំស្និទ្ធស្នាលនឹងម៉ែដូចជាមិត្តភ័ក្រ ម៉ែជួយផ្ដល់យោបល់គ្រប់យ៉ាង ម៉ែផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត ម៉ែជួយបង្ហាញផ្លូវ ម៉ែជួយកែតម្រូវ ពេលណាខ្ញុំមានកំហុស។ មានតែម៉ែទេ ដែលស្រឡាញ់យើងខ្លាំង ម៉ែធ្វើអ្វីៗដើម្បីកូន។ ពេលកូន ឈឺ ម៉ែឆ្លៀតទូរស័ព្ទពីកន្លែងធ្វើការសួរនាំ ប្រាប់អោយលេបថ្នាំអោយបានទៀងពេល អោយញ៉ាំបាយ អោយញ៉ាំទឹកអោយច្រើន។ ពេលកូនទៅផ្ទះយឺត ម៉ែទូរស័ព្ទសួរនាំភ្លាម។ ម៉ែបារម្ភពីកូនរបស់ម៉ែណាស់។


១០. ពេលខ្លះ កូនមកពីសាលាហត់នឿយ ម៉ែអោយកូនសម្រាកសិន។ ម៉ែថា សុខភាពសំខាន់ជាងអ្វីទាំងអស់។ ម៉ែជាអ្នកជួយតម្រង់ទិស ព្រោះចង់អោយកូនមានអនាគតល្អ ម៉ែជាអ្នកផ្ដល់នូវមតិល្អៗ ទាក់ទងនឹងជីវិត។ នៅពីក្រោយស្នាមញញឹមរបស់កូនតែងតែមានម៉ែជានិច្ច។ 


១១. ម៉ែមិនសូវមានទ្រព្យធន តែម៉ែមិនក្រចិត្ត ម៉ែមិនបានរៀនសូត្រជ្រៅជ្រះ តែម៉ែចង់អោយកូនចេះដឹង ម៉ែអាណិតកូន ម៉ែស្រឡាញ់កូនជាងជីវិតរបស់ម៉ែទៀត។ កូនមានសំណាងដែលមានម៉ែជាម៉ែរបស់កូន៕


សំណួរ

១. ចូរសរសេរអំពីម្ដាយរបស់ប្អូន តើអ្នកម្ដាយបានធ្វើអ្វីខ្លះរៀងរាល់ថ្ងៃ?

២. តើប្អូនបានជួយកិច្ចការម្ដាយរបស់ប្អូនទេរាល់ថ្ងៃ? បើជួយ តើប្អូនធ្វើអ្វីខ្លះ សូមរៀបរាប់។

៣. ក្នុងអត្ថបទនេះ តើអ្វីជាគុណសម្បត្តិរបស់ម្ដាយ?

៤. តើពាក្យថាញញឹមមានអត្តន័យដូចម្ដេចចំពោះប្អូន? សូមពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ផង។

៥. តើប្អូនដែលបារម្ភពីសុខទុក្ខរបស់ម្ដាយប្អូនទេ? សូមពន្យល់។




No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...