រឿងកូនឆ្មាឆ្មើងឆ្មៃ

 

មានមេឆ្មាសំបុរបីមួយ កើតបានកូនចំនួនប្រាំមួយ។ ក្នុងចំណោមកូនឆ្មាទាំងប្រាំមួយនោះ មានកូនឆ្មាប្រាំសុទ្ធតែសំបុរខ្មៅ ដែលកាត់ទៅរកបារបស់វា ដោយ ឡែកតែកូនឆ្មាមួយពៅគេប៉ុណ្ណោះ ដែលមានសំបុរបីកាត់ទៅរកមេរបស់វា។ មេឆ្មាស្រឡាញ់កូនឆ្មាសំបុរបីជាងគេ។ ចំណែកឯកុមារតូចៗដែលជាកូនម្ចាស់ផ្ទះ ក៏នាំគ្នាស្រឡាញ់កូនឆ្មាសំបុរបីដែរ ហើយថែមទាំង បី ព ដើរលេងជារៀងរាល់ថ្ងៃទៀត ផង។

កូនឆ្មាសំបុរបីបានមេស្រឡាញ់ បបោលអង្អែល លិទថើបថ្នាក់ថ្នម និងបានកូនម្ចាស់ផ្ទះនាំលេង ក៏កើតចរិតឆ្មើងឆ្មៃ។ វាមិនរវល់លេងជាមួយបងៗរបស់វាទេ បេលដេកវាបែរមុខចេញពីគេ វាធ្វើដូចជាខ្ពើមរអើមបងៗរបស់វា ដែលមានសំបុរខ្មៅទាំងនោះជាខ្លាំង។

ថ្ងៃមួយវាដើរលេងតែម្នាក់ឯង ចេញទៅសួនមុខផ្ទះ វាក្រលេកឃើញមេមាន់បណ្ដើរកូនមួយហ្វូង វាឈរបង្ហាញរាង រួចក៏សួរទៅមេមាន់ថា៖ មីងឯងស្រឡាញ់ខ្ញុំទេ? ខ្ញុំជាកូនឆ្មាសំបុរបីណា៎។

មេមាន់ធ្វើគ្រុកៗហៅកូន រួចដេញកូនឆ្មាសំបុរបី។ អាកូនឆ្មាចំកួត ថយចេញអោយឆ្ងាយភ្លាមទៅ!

កូនឆ្មាសំបុរបីភិតភ័យ ក៏រត់ចេញទៅ។ វាដើរទៅដល់ក្បែររបងផ្ទះ វាឃើញកូនជ្រូកមួយកំពុងឈ្មួសដី វាសួរ៖ អេ! ឯងជាអ្នកណា?

កូនជ្រូកក៏តបវិញថា៖ ខ្ញុំជាកូនជ្រូក។ ចុះឯងជាអ្នកណាដែរ?

ខ្ញុំកូនឆ្មាសំបុរបី ដែលល្បីថាមានរូបស្អាតលើសគេនោះណា៎។ ហេតុអ្វីបានជាឯងមិនស្គាល់ខ្ញុំ?

អូ! ឯងល្បីថាមានរូបស្អាតលើសគេឬ? តែបើតាមខ្ញុំមើលទៅឯង គ្មានប្លែកអីពីកូនឆ្មាដទៃសោះ។

ថាម៉េច! ឯងមើលមិនឃើញថាខ្ញុំស្អាតជាងគេទេឬ

ទេ! គ្មានប្លែកពីគេសោះ។

កូនឆ្មាខឹងនឹងកូនជ្រូក ហើយដែលកូនជ្រូកថា៖ គេនិយាថា ឯងជាកូនជ្រូកកំជិល គគ្រិច ហើយល្ងង់ ចំជាត្រូវមែន ព្រោះឯងមិនស្គាល់អ្វីដែលស្អាត អ្វីដែលអាក្រក់។

កូនឆ្មានឹកអន់ចិត្តនឹងកូនជ្រូកណាស់ ស្ដីបន្ដុះបង្អាប់កូនជ្រូក ហើយវាក៏រត់វឹងទៅក្រៅកក្រៅរបងផ្ទះ។

គ្រាន់តែចេញផុតពីរបងផ្ទះបន្តិច ស្រាប់តែវាជួបនឹងឆ្កែធំមួយ។ ឆ្កែឃើញកូនឆ្មាសំបុរបី ក៏គ្រហឹម រួចស្ទុះទៅប្រុងខាំក្រញី។ កូនឆ្មាភិតភ័យជាខ្លាំង វារត់ឡើងដើមឈើមួយនៅក្បែរនោះ។ ឆ្កែលោតតាមពីក្រោយ ធ្វើអោយកូនឆ្មាភ៧យស្ទើរតែបាត់ពក្រលឹង វាខំតោងឡើងកាន់តែខ្ពស់ទៅៗ។ ឆ្កែខឹងយ៉ាងខ្លាំងដោយដេញតាមកូនឆ្មាមិនទាន់ វាក៏សំកុកនៅក្រោមដើមឈើនោះយ៉ាងួយូរ ហើយក៏ដើរចេញទៅ។ ឆ្មាឃើញឆ្កែដើរចេញក៏រកចុះមកក្រោម តែវាចុះពុំរួច។

យប់ងងឹតទៅហើយ កូនឆ្មាឃ្លានផង រងាផង វាស្រែកយំខ្លាំងៗរកមេបាអោយជួយ។ មេឆ្មាឮសំឡេងកូន ក៏ស្រែកតបអោយកូនចុះ។ ម្ចាស់ផ្ទះឃើញដូច្នេះ ក៏ឡើងទៅយកកូនឆ្មាប្រគល់អោយមេវា។ 

តាំង​ពីថ្ងៃនោះមក កូនឆ្មាសំបុរបី លែងដើរទៅឆ្ងាយពីបងប្អូន វានៅលេងប្រលែងនឹងបងប្អូនវាដោយសប្បាយ ហើយវាលែងមានអំណួតដូចមុនទៀតហើយ៕



No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...