១. មានសត្វរៃមួយ ហើរច្រៀងលេងពេញមួយរដូវប្រាំង
គ្មានគិតខ្វល់ខ្វាយរកស្បៀងអាហារទុកសំរាប់ខ្លួនឡើយ។
ឯហ្វូងស្រមោចជាសត្វឧស្សាហ៍ព្យាយាម នាំគ្នាពាំជញ្ជូនស្បៀងទុក គិតក្រែងខ្វះខាតទៅថ្ងៃមុខ។
រដូវភ្លៀងធ្លាក់ជោកជាំមកដល់ រៃអត់អាហារ កើតក្តីស្រេកយ្លាន
រួចក៏ហើរទៅខ្ចីស្បៀងស្រមោចដោយពោលថា៖ មិត្តអើយ! ខ្ញុំឃ្លានណាស់ ពុំមានអ្វីបរិភោគទេ
ព្រោះភ្លៀងធ្លាក់ខ្លាំងណាស់ នឹងចេញរកអាហារពុំបាន។ ដូច្នេះ
សូមមិត្តមេត្តាចែកស្បៀងអោយខ្ញុំខ្ចីសិន ទំរាំរដូវប្រាំងខ្ញុំសងមិត្តវិញ។
ស្រមោចលឺហើយ ក៏សួរវិញថា៖
២. អើរៃ! កាលពីរដូលប្រាំង ឯងរវល់ធ្វើអ្វី បានជាមិនខំរកស្បៀងទុក? រៃក៏ឆ្លើយមកវិញថា៖
មិត្តអើយ! ខ្ញុំរវល់ហើរស្រែកច្រៀងលេងយ៉ាងសប្បាយតាមព្រៃព្រឹក្សា។ ស្រមោចឮហើយតបថា
ឥលូវច្រៀងលេងទៀតទៅកុំឈប់! ព្រោះការច្រៀងនាំអោយរៃឯងឆ្អែត! អញ្ជើញច្រៀងទៀតទៅណាមិត្ត!
ពួកយើងនឹងចាំស្ដាប់! ស្រមោចពោលហើយ ច្រានរៃចេញពីផ្ទះទាញទ្វារបិទគ្រឹប។
រៃនៅតែទទូចអង្វរស្រមោចទៀតថា៖
៣. ឪ មិត្តអើយ! ខ្ញុំអត់បាយស្ទើរដាច់ពោះស្លាប់ មានកំលាំងឯណា
ស្រែកច្រៀងទៀត! អាណិតចែកស្បៀងអោយខ្ញុំខ្ចីបន្តិចមក! ស្រមោចឆ្លើយពីក្នុងផ្ទះមកថា៖
ស្បៀងយើងមានខ្លះដែរ តែយើងទុកល្មមតែកូនចៅយើងៗពុំមានស្បៀងឯណាច្រើន ចែករំលែកអោយរៃឯងទេ? រៃទាល់ប្រាជ្ញ អស់សង្ឃឹម ក៏ហើរទៅកាន់លំនៅវិញដោយក្តីទុក្ខសោក។
វាត្រដររស់ដោយក្តីអត់ឃ្លាន វេទនាបំផុតពេញមួយរដូវវស្សា៕
សំណួរ
១. តើរឿងរៃ និងស្រមោចនេះ ចង់អប់រំអំពីអ្វី?
២. ឃ្លាថា ខ្ញុំអត់បាយស្ទើរដាច់ពោះស្លាប់ មានអត្ថន័យយ៉ាង ណា?
៣. តើប្អូនចង់រស់បែបជាសត្វរៃ ឬបែបជាសត្វស្រមោច? សូមពន្យល់។
No comments:
Post a Comment