ការរាក់ទាក់ភ្ញៀវ


ចន   សួស្ដី!

បូណា   ជម្រាបសួរ ចន។

ចន   តើបងសុខសប្បាយទេ?

បូណា  ខ្ញុំសុខសប្បាយទេ។ អរគុណ។ សូមស្វាគមន៍ដែលបានមក

          ទីក្រុងភ្នំពេញ និងមកលេងផ្ទះរបស់ខ្ញុំ។

ចន   ខ្ញុំពិតជារំភើបណាស់ ដែលបានបងលេងស្រុកខ្មែរ។

បូណា   ខ្ញុំក៏រីករាយដែរ ដែលបានជួបបង។ តើបងចូលចិត្ត

           ប្រទេសកម្ពុជាទេ?

ចន   បាទ ខ្ញុំចូលចិត្តប្រទេសខ្មែរណាស់ ពិសេសចូលចិត្តទេសភាព

        វាលស្រែ ចូលចិត្តម្ហូបនៅតាមជនបទ និងចូលចិត្តដើរកម្សាន្ត

        តាមប្រាសាទបុរាណ។

បូណា   សូមអញ្ជើញចូលលេងក្នុងផ្ទះសិន។

ចន   អរគុណច្រើន។ ផ្ទះបងស្អាត ទូលាយ រៀបចំបានល្អ។

បូណា   អរគុណ ដែលបងចូលចិត្តការរៀបចំផ្ទះរបស់ខ្ញុំ តែប្រពន្ធខ្ញុំ

           ជាអ្នកធ្វើទាំងអស់ហ្នឹង។

ចន   ភរិយាបងពូកែរៀបចំផ្ទះសម្បែងណាស់។ ថ្ងៃណាមួយខ្ញុំនឹង

        អញ្ជើញបង និងបងស្រី ទៅលេងប្រទេសខ្ញុំម្ដង។

បូណា   បាទអរគុណ សង្ឃឹមថានឹងបានទៅលេងប្រទេសបងម្ដង

            នៅថ្ងៃណាមួយ។ អញ្ជើញពិសារទឹកដូង។ ដូងនេះខ្ញុំបេះ

            នៅហ្នឹងទេ។

ចន   ទឹកដូងនេះផ្អែម ហើយមានក្លិនក្រអូបទៀត ខ្ញុំមិនដែលបាន

        ញ៉ាំទេពីមុនមក។

បូណា   នេះជាពូជដូងក្រអូប។

ចន   ពិសេសមែនទែន។ បើមាននៅប្រទេសខ្ញុំ ខ្ញុំនឹងទិញរាល់ថ្ងៃ។

បូណា    ខ្ញុំមានពីរបីទៀតសម្រាប់បងយកទៅញ៉ាំនៅសណ្ឋាគារ។

ចន   អរគុណដែលបងមានសណ្ដានចិត្តល្អ។

បូណា   មិនអីទេ។ ផ្ទះខ្ញុំមានដូងក្រអូបច្រើនណាស់ បងអាចមក

            ញ៉ាំពេលណាក៏បាន។

ចន   បាទ អរគុណ ថ្ងៃក្រោយខ្ញុំនឹងមកលេងទៀត។ ជម្រាបលា។

បូណា    ជម្រាបលា។





រឿង ចៅឌី


មានកុមារម្នាក់ឈោះឌី ដែលមានផ្ទះរស់នៅឆ្ងាយពីសាលារៀន។   ជារៀងរាល់ថ្ងៃ   ពេលដែលត្រូវទៅរៀននៀសាលា ឌី បានវេចបាយទៅជាមួយសំរាប់ហូបពេលថ្ងៃត្រង់។ ពេលចេញពីរៀន សិស្សដែលនៅឆ្ងាយពីសាលាទាំងអស់តែងតែយកបាយមកហូបជួបជុំគ្នា នៅក្រោមម្លប់ឈើក្បែរថ្នាក់រៀន។

ថ្ងៃមួយនៅពេលដែលសិស្សទាំងអស់រៀបបាយ ដើម្បីហូបជុំគ្នា ចៅឌីបានឃើញក្មេងម្នាក់ ទឹកមុខស្ងួត៖អង្គុយឆ្ងាយពីគេ។  ចៅឌីដើរទៅជិត ហើយសួរថា៖

នែសៅ!  ម៉េចក៏ឯងមិនទៅហូបបាយជុំជាមួយគេ

ទេ! (សៅឆ្លើយ)។

ម្តេចក៏ឯងឆ្លើយថាទេ ដូច្នេះ? (ឌីសួរបញ្ជាក់)។

សៅក៏តបមកវិញ៖

គ្នាមិនឃ្លានទេ!

ឌីក៏សួរបញ្ជាក់ម្តងទៀត 

ឯងឈឺទេដឹង?

សៅឆ្លើតថា៖

ទេ! គ្នាឥតឈឺទេ!

ឌីក៏សួរបន្តែមទៀតដោយឆ្ងល់៖

ចុះឯណាបាយ និងម្ហូប?

សៅនៅស្ងៀមអោនមុខចុះ     ស្រក់ទឹកភ្នែកតក់ៗ។ ចៅឌីឃើញដូចនោះ ក៏យល់ដឹងថា    ចៅសៅប្រាកដជាគ្មានអ្វីហូបនឹងគេទេ     ទើបបានជាមិនហ៊ានទៅចូលហូបជុំជាមួយគេ ហើយបានជាអង្គុយធ្វើមុខស្ងួត។     ឌីអាណិតសៅខ្លាំងណាស់  ហើយក៏ចាប់ដៃសៅដឹកដើរទៅឆ្ងាយពីគេ    ហើយអោយអង្គុយនៅទីកំបាំងមួយ។ ឌីយកបាយ និងម្ហូបរបស់ខ្លួនចែករំលែកអោយសៅពាក់កណ្ដាល។     សៅមើលមុខឌីដោយអំណរគុណ។ អ្នកទាំងពីរនាំគ្នាហូបបាយដោយរីករាយ។ 



Khmer Consonants

 

                           


                          


                           


                            


                            


                            


            


រឿងព្រះចន្ទ

 

មានដំណាលថា ព្រះអាទិត្យ ព្រះពាយ ព្រះភិរុណ និងព្រះចន្ទ ជាបងប្អូនបង្កើតនឹងគ្នា។ ថ្ងៃមួយ បងប្អូនទាំងបួននាក់ បានរៀបចំធ្វើពិធីជប់លៀងមួយ ដែលមានម្ហូបចំណីពោរពាស។ ព្រះអាទិត្យ ព្រះពាយ ព្រះភិរុណ ស៊ីនំចំណីឆ្អែតបរិបូរ ពុំបានគិតគូរយកទៅផ្ញើម្ដាយទេ មានតែព្រះចន្ទដែលជាកូនពៅ បានយកបង្អែមទៅផ្ញើម្ដាយ។

អ្នកម្ដាយក៏ពោលទៅកូនៗដែលល្មោភស៊ីថា៖ 

កូនឯងទាំងបីនាក់ គួរតែមើល និងធ្វើគំរូតាមព្រះចន្ទ មិនត្រូវឆ្អែតភ្លេចខ្លួនតែម្នាក់ឯង ត្រូវចេះដឹងគុណដល់អ្នកមានគុណ និងត្រូវចេះយល់ដល់ការអត់ឃ្លានរបស់អ្នកដ៏ទៃផង ដូចនេះ អំណេះតទៅ កូនឯងទាំងបីនាក់នឹងត្រូវមិនសូវមានគេស្រឡាញ់រាប់ងានទេ។ ថាហើយអ្នកម្ដាយក៏បែរមកអោបពរព្រះចន្ទ និងពោលថា៖

ចាប់ពីពេលនេះតទៅ ទោះនៅកន្លែងណាក៏ដោយ នៅពេលដែលមានរូបកូន គឺត្រូវគេស្វាគមន៍ អបអររីករាយជាមួយកូនជានិច្ច។

ចាប់តាំងពីពេលនោះមក កាលណាមានថ្ងៃបើកខ្លាំង មានខ្យល់ខ្លាំង មានភ្លៀងខ្លាំង តែងតែមានមនុស្សត្អូញត្អែររហូត។ តែគេនាំគ្នារីករាយទាំងសាកលលោកនឹងរស្មីដ៏ស្រទន់របស់ប្រះចន្ទទៅវិញ៕



រឿងកូនឆ្មាឆ្មើងឆ្មៃ

 

មានមេឆ្មាសំបុរបីមួយ កើតបានកូនចំនួនប្រាំមួយ។ ក្នុងចំណោមកូនឆ្មាទាំងប្រាំមួយនោះ មានកូនឆ្មាប្រាំសុទ្ធតែសំបុរខ្មៅ ដែលកាត់ទៅរកបារបស់វា ដោយ ឡែកតែកូនឆ្មាមួយពៅគេប៉ុណ្ណោះ ដែលមានសំបុរបីកាត់ទៅរកមេរបស់វា។ មេឆ្មាស្រឡាញ់កូនឆ្មាសំបុរបីជាងគេ។ ចំណែកឯកុមារតូចៗដែលជាកូនម្ចាស់ផ្ទះ ក៏នាំគ្នាស្រឡាញ់កូនឆ្មាសំបុរបីដែរ ហើយថែមទាំង បី ព ដើរលេងជារៀងរាល់ថ្ងៃទៀត ផង។

កូនឆ្មាសំបុរបីបានមេស្រឡាញ់ បបោលអង្អែល លិទថើបថ្នាក់ថ្នម និងបានកូនម្ចាស់ផ្ទះនាំលេង ក៏កើតចរិតឆ្មើងឆ្មៃ។ វាមិនរវល់លេងជាមួយបងៗរបស់វាទេ បេលដេកវាបែរមុខចេញពីគេ វាធ្វើដូចជាខ្ពើមរអើមបងៗរបស់វា ដែលមានសំបុរខ្មៅទាំងនោះជាខ្លាំង។

ថ្ងៃមួយវាដើរលេងតែម្នាក់ឯង ចេញទៅសួនមុខផ្ទះ វាក្រលេកឃើញមេមាន់បណ្ដើរកូនមួយហ្វូង វាឈរបង្ហាញរាង រួចក៏សួរទៅមេមាន់ថា៖ មីងឯងស្រឡាញ់ខ្ញុំទេ? ខ្ញុំជាកូនឆ្មាសំបុរបីណា៎។

មេមាន់ធ្វើគ្រុកៗហៅកូន រួចដេញកូនឆ្មាសំបុរបី។ អាកូនឆ្មាចំកួត ថយចេញអោយឆ្ងាយភ្លាមទៅ!

កូនឆ្មាសំបុរបីភិតភ័យ ក៏រត់ចេញទៅ។ វាដើរទៅដល់ក្បែររបងផ្ទះ វាឃើញកូនជ្រូកមួយកំពុងឈ្មួសដី វាសួរ៖ អេ! ឯងជាអ្នកណា?

កូនជ្រូកក៏តបវិញថា៖ ខ្ញុំជាកូនជ្រូក។ ចុះឯងជាអ្នកណាដែរ?

ខ្ញុំកូនឆ្មាសំបុរបី ដែលល្បីថាមានរូបស្អាតលើសគេនោះណា៎។ ហេតុអ្វីបានជាឯងមិនស្គាល់ខ្ញុំ?

អូ! ឯងល្បីថាមានរូបស្អាតលើសគេឬ? តែបើតាមខ្ញុំមើលទៅឯង គ្មានប្លែកអីពីកូនឆ្មាដទៃសោះ។

ថាម៉េច! ឯងមើលមិនឃើញថាខ្ញុំស្អាតជាងគេទេឬ

ទេ! គ្មានប្លែកពីគេសោះ។

កូនឆ្មាខឹងនឹងកូនជ្រូក ហើយដែលកូនជ្រូកថា៖ គេនិយាថា ឯងជាកូនជ្រូកកំជិល គគ្រិច ហើយល្ងង់ ចំជាត្រូវមែន ព្រោះឯងមិនស្គាល់អ្វីដែលស្អាត អ្វីដែលអាក្រក់។

កូនឆ្មានឹកអន់ចិត្តនឹងកូនជ្រូកណាស់ ស្ដីបន្ដុះបង្អាប់កូនជ្រូក ហើយវាក៏រត់វឹងទៅក្រៅកក្រៅរបងផ្ទះ។

គ្រាន់តែចេញផុតពីរបងផ្ទះបន្តិច ស្រាប់តែវាជួបនឹងឆ្កែធំមួយ។ ឆ្កែឃើញកូនឆ្មាសំបុរបី ក៏គ្រហឹម រួចស្ទុះទៅប្រុងខាំក្រញី។ កូនឆ្មាភិតភ័យជាខ្លាំង វារត់ឡើងដើមឈើមួយនៅក្បែរនោះ។ ឆ្កែលោតតាមពីក្រោយ ធ្វើអោយកូនឆ្មាភ៧យស្ទើរតែបាត់ពក្រលឹង វាខំតោងឡើងកាន់តែខ្ពស់ទៅៗ។ ឆ្កែខឹងយ៉ាងខ្លាំងដោយដេញតាមកូនឆ្មាមិនទាន់ វាក៏សំកុកនៅក្រោមដើមឈើនោះយ៉ាងួយូរ ហើយក៏ដើរចេញទៅ។ ឆ្មាឃើញឆ្កែដើរចេញក៏រកចុះមកក្រោម តែវាចុះពុំរួច។

យប់ងងឹតទៅហើយ កូនឆ្មាឃ្លានផង រងាផង វាស្រែកយំខ្លាំងៗរកមេបាអោយជួយ។ មេឆ្មាឮសំឡេងកូន ក៏ស្រែកតបអោយកូនចុះ។ ម្ចាស់ផ្ទះឃើញដូច្នេះ ក៏ឡើងទៅយកកូនឆ្មាប្រគល់អោយមេវា។ 

តាំង​ពីថ្ងៃនោះមក កូនឆ្មាសំបុរបី លែងដើរទៅឆ្ងាយពីបងប្អូន វានៅលេងប្រលែងនឹងបងប្អូនវាដោយសប្បាយ ហើយវាលែងមានអំណួតដូចមុនទៀតហើយ៕



ម៉ែខ្ញុំ My mom

 

១. ខ្ញុំឈ្មោះ វិសាល អាយុ១៧ឆ្នាំ ខ្ញុំរៀនថ្នាក់ទី១១ នៅវិទ្យាល័យទីក្រុងឡូវែល នៃរដ្ឋម៉ាសាឈូសិត។  ខ្ញុំមានបងប្អូន៤នាក់ ខ្ញុំជាកូនទី២។ បងស្រីខ្ញុំឈ្មោះផល្លា បងផល្លាអាយុ១៩ឆ្នាំ គាត់ទៅរៀននៅសាកលវិទ្យាល័យហើយ។ 


២. ប្អូនប្រុសខ្ញុំឈ្មោះបូណា​អាយុ១៥ឆ្នាំ និងប្អូនស្រីពៅឈ្មោះស្រីស្រស់ អាយុ១២ឆ្នាំ។ ម៉ែខ្ញុំឈ្មោះភាព គាត់ជាកម្មករនៅរោងចក្រផលិតគ្រឿងពេទ្យ។ ម៉ែធ្វើការពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៣រសៀល​ ជួនកាលគាត់ធ្វើការរហូតដល់ម៉ោង៦យប់ និងធ្វើការថែមម៉ោងនៅថ្ងៃសៅរ៍ទៀត។ 


៣. ពេលចេញពីរោងចក្រ ម៉ែប្រញាប់ដាំស្ល ទុកអោយកូនៗ ជួនកាលម៉ែទិញម្ហូបស្រាប់​ ព្រោះមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើម្ហូប ដោយសារម៉ែអស់កម្លាំង ឬប្រញាប់ទៅបោកសម្លៀកបំពាក់​។


 ៤. រាល់ថ្ងៃ ខ្ញុំឃើញម៉ែហត់នឿយណាស់ ជួនកាលម៉ែខឹងនឹងកូនៗ ដែលមិនចេះជួយការងារ មិនចេះជួយបោសផ្ទះ មិនសម្អាតកន្លែងដេក មិនលាងចាន ហើយលេងហ្កេមច្រើនពេក។


៥. ស្ទើរតែរាល់ពេល ម៉ែតែងតែដាស់តឿន អោយឆាប់ចូលគេង ម៉ែប្រាប់អោយធ្វើកិច្ចការដែលគ្រូដាក់អោយ ម៉ែហៅញ៉ាំបាយ ប្រាប់អោយឆាប់មុជទឹក ដុសធ្មេញអោយស្អាតមុនចូលគេង និងរៀបចំបន្ទប់គេងជាដើម។ ម៉ែប្រាប់កូនអោយធ្វើ តែកូនៗខ្ជិល គិតតែពីលេងហ្កេម ដោយមិនអើពើ មិនខ្វល់ពីសម្ដីម៉ែ មិនយល់ពីការហត់នឿយរបស់ម៉ែឡើយ។ 

 

៦. ខ្ញុំឃើញម៉ែនឿយហត់ ពេលខ្លះខ្ញុំជួយម៉ែ។ ពេលខ្ញុំជួយម៉ែ ខ្ញុំឃើញម៉ែរីករាយសប្បាយចិត្ត ខ្ញុំឃើញម៉ែញញឹម។ ពីថ្ងៃនេះទៅ ខ្ញុំនឹងជួយធ្វើកិច្ចការម៉ែ ដើម្បីអោយម៉ែបានសម្រាកពីការនឿយហត់ខ្លះ។


៧. បន្ទាប់ពីបានជួយកិច្ចការផ្ទះមក  ខ្ញុំ និងម្ដាយរបស់ខ្ញុំមានភាពស្និទ្ធស្នាលនឹងគ្នាជាងមុន ហើយមានតែម៉ែទេ ដែលយល់ពីខ្ញុំច្បាស់ជាងគេ។

 

៨. ពេលខ្ញុំមានបញ្ហាអ្វី ពេលខ្ញុំឈឺថ្កាត់ មិត្តរបស់ខ្ញុំជាអ្នកណា? ខ្ញុំចង់រៀនអ្វី? ខ្ញុំចង់ធ្វើការអ្វី? ខ្ញុំចង់ទៅណាខ្ញុំតែងតែនិយាយប្រាប់ម៉ែ ពិភាក្សានឹងម៉ែ គួរធ្វើ ឬមិនធ្វើ គួរទៅ ឬមិនទៅ ម៉ែតែងតែផ្ដល់យោបល់យ៉ាងល្អដល់ខ្ញុំ។ ម៉ែស្រឡាញ់ខ្ញុំដូចកែវភ្នែករបស់គាត់អីចឹង។ ឯចំណង់ចំណូលចិត្តខ្ញុំវិញ មិនចាំបាច់និយាយក៏ម៉ែដឹងដែរ គឺគាត់ដឹងថាខ្ញុំចូលចិត្តញ៉ាំសម្លរកកូរ ចូលចិត្តញ៉ាំគុយទាវ ចូលចិត្តសម្លៀកបំពាក់ពណ៌បៃតង...។ល។


៩. ខ្ញុំស្និទ្ធស្នាលនឹងម៉ែដូចជាមិត្តភ័ក្រ ម៉ែជួយផ្ដល់យោបល់គ្រប់យ៉ាង ម៉ែផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត ម៉ែជួយបង្ហាញផ្លូវ ម៉ែជួយកែតម្រូវ ពេលណាខ្ញុំមានកំហុស។ មានតែម៉ែទេ ដែលស្រឡាញ់យើងខ្លាំង ម៉ែធ្វើអ្វីៗដើម្បីកូន។ ពេលកូន ឈឺ ម៉ែឆ្លៀតទូរស័ព្ទពីកន្លែងធ្វើការសួរនាំ ប្រាប់អោយលេបថ្នាំអោយបានទៀងពេល អោយញ៉ាំបាយ អោយញ៉ាំទឹកអោយច្រើន។ ពេលកូនទៅផ្ទះយឺត ម៉ែទូរស័ព្ទសួរនាំភ្លាម។ ម៉ែបារម្ភពីកូនរបស់ម៉ែណាស់។


១០. ពេលខ្លះ កូនមកពីសាលាហត់នឿយ ម៉ែអោយកូនសម្រាកសិន។ ម៉ែថា សុខភាពសំខាន់ជាងអ្វីទាំងអស់។ ម៉ែជាអ្នកជួយតម្រង់ទិស ព្រោះចង់អោយកូនមានអនាគតល្អ ម៉ែជាអ្នកផ្ដល់នូវមតិល្អៗ ទាក់ទងនឹងជីវិត។ នៅពីក្រោយស្នាមញញឹមរបស់កូនតែងតែមានម៉ែជានិច្ច។ 


១១. ម៉ែមិនសូវមានទ្រព្យធន តែម៉ែមិនក្រចិត្ត ម៉ែមិនបានរៀនសូត្រជ្រៅជ្រះ តែម៉ែចង់អោយកូនចេះដឹង ម៉ែអាណិតកូន ម៉ែស្រឡាញ់កូនជាងជីវិតរបស់ម៉ែទៀត។ កូនមានសំណាងដែលមានម៉ែជាម៉ែរបស់កូន៕


សំណួរ

១. ចូរសរសេរអំពីម្ដាយរបស់ប្អូន តើអ្នកម្ដាយបានធ្វើអ្វីខ្លះរៀងរាល់ថ្ងៃ?

២. តើប្អូនបានជួយកិច្ចការម្ដាយរបស់ប្អូនទេរាល់ថ្ងៃ? បើជួយ តើប្អូនធ្វើអ្វីខ្លះ សូមរៀបរាប់។

៣. ក្នុងអត្ថបទនេះ តើអ្វីជាគុណសម្បត្តិរបស់ម្ដាយ?

៤. តើពាក្យថាញញឹមមានអត្តន័យដូចម្ដេចចំពោះប្អូន? សូមពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ផង។

៥. តើប្អូនដែលបារម្ភពីសុខទុក្ខរបស់ម្ដាយប្អូនទេ? សូមពន្យល់។




ក្របីស្រុក និងក្របីព្រៃ

 

    កាលពីព្រេងនាយមានក្របីពីរក្បាល​​  មួយជាក្របីស្រុក​​​  មួយទៀតជាក្របីព្រៃ។  ថ្វីត្បិតសត្វទាំងពីរមានឈ្មោះខុសគ្នាក៏ដោយ  តែវាស្រលាញ់គ្នាណាស់  វាតែងតែដើររកស៊ីជាមួយគ្នាជានិច្ច។  ទន្សាយឃើញដូចនេះក៏រកឧបាយកលបំបែក។  ថ្ងៃមួយវាដើរមករកក្របីទាំងពីរ  និយាយថា៖  

នែ!  បងក្របីទាំងពីរ!  ចូរបងកុំរស់នៅជាមួយគ្នាប្រយ័ត្នមនុស្សឃើញ  ចាប់បងទាំងពីរយកទៅប្រើប្រាស់មិនខាន។ ក្របីព្រៃភ័យ  ខ្លាចមានគ្រោះថ្នាក់ដូចពាក្យទន្សយក៏សុំរ័បកពីក្របីស្រុក  ទៅរកស៊ីទីទៃ។  ក្នុងការបែកគ្នានេះ  សត្វទាំងពីរតែងនឹកអាល័យ ដល់គ្នាជានិច្ច។  លុះឃា្លតយូរៗទៅ  ក្របីទាំងពីរក៏ភេ្លចគ្នាឈឹង។  ទន្សាយដឹងថាមិត្តទាំងពីរ  ភ្លេចគ្នាហើយ  ក៏ដើររកក្របីព្រៃ  ហើយនិយាយប្រាប់ក្របីព្រៃថា៖

នែ​!​  បងក្របីព្រៃ!  ខ្ញុំជួបក្របីមួយ  អួតថាខ្លាំងពូកែណាស់  ចងរកគូរជល់ល្បងបឬទ្ធិគ្នា។  តើបងហ៊ានជល់ជាមួយគេទេក្របីព្រៃខឹងតូង  ឆ្លើយថា៖

យើ​ !  ក្រោមមេឃលើដី  មានក្របីណាខ្លាំងប្រហែលខ្ញុំ។  ឥឡូវមានក្របីព្រហើន អួតថាគ្រាន់បើ!  ចូរបងទន្សាយហៅវាមកល្បងឫទ្ធិនឹងខ្ញុំមើល!  ទន្សាយបានដៃក៏រត់វឹង  ទៅប្រាប់ក្របីស្រុក៖

អឺ បងក្រពីស្រក!  ក្របីព្រៃខឹងនឹងបងខ្លាំងណាស់  តេអោយខ្ញុំហៅបងទៅជួបប្រលងឬទ្ធិគ្នា។  ក្របីស្រុកអោយទន្សាយជិះលើខ្នង  ជូនទៅជួបក្របីព្រៃ។  ដល់ភ្លាមក្របីព្រៃស្ទុះភ្លែតវ័ធក្របីស្រកយ៉ាងសាហាវ។

ក្របីទាំងពីរប្រយុទ្ធគ្នាអស់ពេលយ៉ាងយូរ  មិនឈ្នុះ  មិនចាញ់  ក៏បែកគ្នា  មួយទៅស្រុក  មួយនៅព្រៃលែងជួបគ្នារហូត៕



ហង្ស និងអណ្តើក

      កាលមួយនោះ  មានហង្សពីរ   និងអណ្តើកមួយបាន​យកគ្នាជាមិត្ត។  ថ្ងៃមួយនៅគិម្ហន្តរដូវ  ស្រាប់តែត្រពាំងដែលអណ្តើកនោះពឹងពាក់អាស្រ័យ  ក៏រីងស្ងួតហួតអស់ទៅ។

​​​      ហង្សទាំងពីរពិគ្រោះគ្នាថា  ឥឡូវនេះទឹកត្រពាំងគោកខះអស់ហើយ  បងអណ្តើកមិនអាចនឹងស្ថិតនៅទីនេះបានទៀតឡើយ ហើយមុខជាធ្លាក់ខ្លួនទៅក្នុងសេចក្តីលំបាកវេទនាជាពុំខាន។  ពិភាក្សាគ្នាដូចនោះហើយ  ហង្សទាំងពីរក៏នាំគ្នាហើរចេញពីព្រឹក្សា​​  ទៅជួបនឹងអណ្តើក​  ហើយមានវាចាទៅកាន់អណ្តើកថា៖

ឥឡូវនេះទឹកត្រពាំង  រីងស្ងួតអស់ហើយ   ឯងពុំអាចនឹងរកអាហារនៅទីនេះបានទៀតឡើយ  ហេតុនេះចូរសំលាញ់ខាំដំបងអោយខ្ជាប់  យើងទាំងពីរនឹងពាំចុងដំបងទាំងសងខាង  ហើយហើរយោងនាំឯងទៅរកកន្លែងណាដែលមានទឹកច្រើន។  ប៉ុន្តែនៅវេលាដែលអ្នកខាំដំបង  ចូរអ្នកប្រយ័ត្នកុំនិយាយថាអ្វីអោយសោះ។

ថាដូច្នោះហើយ  ហង្សក៏ពាំដំបងនឹងចំពុះ  ហើយហើរកាត់ស្រុកនានា។   មានកុមារជាច្រើន ឃើញអណ្តើកនៅលើអាកាសវេហាស៍  ក៏នាំគ្នាស្រែកហ៊ោថា៖

លោកអើយ  មើលនុះន៍  ហង្សពីរហោះយោងអណ្តើកមួយនៅចំពុះ។

ដោយក្មេងទាំងនោះស្រែកពោលដូចនេះជាច្រើនដង  អណ្តើកនឹកខឹងទ្រាំពុំបាន  ក៏និយាយទៅកាន់ក្មេងថា៖

​​​“អ្នកឯងសុទ្ធតែល្ងង់ខ្លៅ” ។

ទើបតែនឹងថាដូចនេះ  អណ្តើកក៏របូតមាត់ពីដំបងធ្លាក់ចុះមកដី  បានក្តីមរណកាលទៅហោង៕



ក្អែក​គោកត្រាប់តាមក្អែកទឹក

 

      មានក្អែកគោកមួយ  អាស្រ័យនៅតាមដងព្រៃ។  ថ្ងៃមួយក្អែកគោកចេញទៅស្វែងរកចំណី  តាមបឹងឆ្ងាយពីលំនៅខ្លួន។  ក្អែកគោកមានការស្រេកឃ្លានខ្លាំងណាស់  វាហើរបណ្តើរ  ភ្នែករំពៃរកអាហារបណ្តើរ  តែពុំប្រទះសោះ។  វាក៏បន្ទាប់ខ្លួន  ទំលើមែកឈើ  ក្បែរមាត់បឹង។  វាឃើញវ៉ូងក្អែកទឹកនិងស្មោយ  ហែលដេញគ្នាលេង  មុជចាប់ត្រីស៊ីយ៉ាងសប្បាយ។

    ឃើញដូចនេះក្អែកគោកក៏គិតថា៖ក្អែកទឹកជាជាតិបក្សី  ពូជក្អែកដូចអញដែរ  ហេតុអ្វីក៏គេចេះហែលទឹកមុជចាប់ត្រីបានចុះអញ?​  គួរអោយខ្មាស់គេណាស់!​  បើដូច្នេះគួរតែអញចុះមុជចាប់ត្រីសាកល្បងមើល  កុំអោយពួកក្អែកទឹកមើលងាយអញបាន!”។

គិតស្រេច  ក្អែកគោកក៏សម្លបស្លាប  ចុះមុជទឹកចាប់ត្រី  ធ្វើត្រាប់តាមក្អែកទឹក។  បានបន្តិច  ក្អែកគោកក៏មុជទឹកទៅប៉ះសារាយ។  សារាយព័ទ្ធជាប់ស្រោបកាយរុំជុំជិត។  វាខំរើបំរះចុះឡើង  តែពុំរួច  ក៏ឈ្លក់ទឹកស្លាប់កណ្តាលបឹងក្នុងគ្រានោះទៅ៕



ចង្កឹះប្រាំពីរដើម

  

កាលពីព្រេងនាយមានគ្រួសារមួយ មានបងប្អូនប្រុសប្រាំពីរនាក់។ គេទាំងប្រាំពីរនាក់នោះស្រឡាញ់គ្នាណាស់ តាំងតែពីវ័យកុមារ។ បងចេះជួយប្អូនៗ ឯប្អូនៗវិញក៏គោរពបង គេមិនដែលឈ្លោះប្រកែកទាស់ទែងគ្នាឡើយ។  ប្រជាជនក្នុងភូមិ នរណាក៏ពេញចិត្តសរសើរ និងចង់បាន ដូចបងប្អូនប្រាំពីរនាក់នោះ ដែរ គេស្រលាញ់គ្នាណាស់ គ្មាននរណាម្នាក់អាចបំបែកបំបាក់បានឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាក៏បានកន្លងទៅ បងប្អូនទាំងប្រាំពីរនាក់ក៏ចំរើនវ័យធំពេញរូបពេញរាង មានប្រពន្ធ ហើយមានកូនពូនជាចៅរៀងៗខ្លួន។ គេនាំគ្នាសង់ផ្ទះម្នាក់មួយៗ ហើយរស់នៅតាមផ្ទះរបស់គេរៀងៗខ្លួន។ ជាការធម្មតា ការរស់នៅតងតែមានការប៉ះទង្គិចគ្នាបន្តិចបន្តួច រវាងគ្រួសារនិមួយៗ របស់បងប្អូនទាំងប្រាំពីរនាក់។

ដើមដំបូង ប្រពន្ធ និងកូន រវាងបងប្អូនទាំងប្រាំពីរនាក់ចាប់ផ្តើមឈ្លោះគ្នា បន្ទាប់មកទៀតជំលោះក៏កើតមានរវាងបងប្អូនប្រុសទាំង ប្រាំពីរនាក់តែម្តង ពេលទៅលេងនឹងជីតាម្តងៗ ចៅៗគិតតពីនាំគ្នា ទូលពិតពី រឿងទាស់ រឿងខុស រឿងប្រមាថមើលងាយ។ 

ជីតាយល់ថា បើបណ្តែតបណ្តោយ អោយរឿងរាំវជំលោះបន្តិចបន្តួចនះ នៅតែមានដូចនេះតទៅទៀត ជំលោះនេះនឹងកាន់តែធំ អាចអោយកូនប្រុសគាត់ ទាំងប្រាំពីរនាក់ ក្លាយជាសត្រូវនឹងគ្នាជាពុំខាន។ ថ្ងៃមួយជីតា បានហៅកូនទាំងអស់អោយមកជុំគ្នា ហើយនិយាយ៖ 

ថ្ងៃស្អែកកូនទាំងអស់មកជួបពុក ហើយម្នាក់ៗត្រូវយកចង្កឹះមួយដើម មកជាមួយផង កុំភ្លេចអោយសោះណា៎! 

ពេលត្រលប់ទៅផ្ទះវិញ ម្នាក់ៗឆ្ងល់ណាស់ថា ហេតុអ្វីក៏ពុកអោយយកចង្កឹះធ្វើអ្វី

លុះស្អែកឡើងកូនទាំងប្រាំពីរ បានមកដល់ផ្ទះរបស់ឪពុកគេតាមកាល កំនត់។ ពេលជួបជុំគ្នាអស់ហើយ ឪពុកក៏ប្រមូលយកចង្កឹះទាំងប្រាំពីរដើមចងជាបាច់។ រួចគាត់ហុចទៅកូនប្រសគាត់វិញ ហើយនិយាយថា៖ 

មើល! តើកូនណាអាចកាច់បំបាក់ចង្កេះនេះបាន កូនប្រុសទាំងប្រាំពីរ ទទួលយកបាច់ចង្កឹះមកកាច់ម្នាក់ម្ដងៗ។ តែគ្មានកូនណាម្នាក់អាចកាច់បាក់សោះ។ ឃើញដូចនោះឪពុកស្រាយបាច់ចង្កេះចេញវិញ រួចហុចទៅអោយកូនម្នាក់មួយដើម ហើយពោលទៅរកកូនថា៖ 

ឥលូវ កូនសាកកាច់ចង្កេះនេះម្ដងមើល! 

កូនម្នាក់ៗកាច់ចង្កឹះខ្លួនបាក់យ៉ាងងាយ។ ឆ្លៀតឱកាសពេលនោះ ឪពុកក៏ បានអប់រំប្រៀនប្រដៅ ដល់កូនៗគាត់ថា។ 

កូនប្រុស ចង្កឹះទាំងប្រាំពីរដើមនេះ គឺជាតំណាងអោយរូបកូនទាំង ប្រាំពីរនាក់នេះហើយ ពេលណាកូនរួបរួមសាមគ្គីគ្នា ដូចជាចង្កឹះមួយបាច់នេះ កូនអាចរស់នៅបានសុខសាន្ត ខ្លាំងហើយរឹងមាំទៀតផង។ គ្មាននរណាអាច មើលងាយកូន និងយកឈ្នះលើកូនបានទេ។ ប៉ុន្តែផ្ទុយទៅវិញ បើកូនពុំចេះ យោគយល់គ្នា ពុំអធ្យាស្រ័យគ្នា ដូចសព្វថ្ងៃនេះរវល់តែទាស់គ្នា មើលងាយគ្ន នោះរូបកូនមិនខុសពីចង្កឹះមួយដើម ដែលគេអាចកាច់បំបាក់បានយ៉ាងងាយបំផុត នោះឡើយ។ កូនត្រូវយល់ថា សាមគ្គីភាពជាកំលាំង និងជាសុភមង្គលណាំកូន!

គេទាំងអស់គ្នាក៏ចាប់ផ្តើមភ្ញាក់ខ្លួនឡើងវិញ ហើយចាប់តាំងពីពេលនោះមក កូនប្រុសទាំងប្រាំពីរនាក់ ចាប់ផ្តើមរស់នៅក្នុងសាមគ្គីភាព និងការយោគយល់គ្នជានិច្ច។ ភាពរីករាយសុខដុម និងសុភមង្គល កើតមានឡើងវិញ រវាងបងប្អូន ប្រុសទាំងប្រាំពីរនាក់ ប្រជាជនទាំងអស់ក្នុងភូមិ ក៏ស្រលាញ់រាប់អាន ហើយ កោតក្រែងកំលាំងសាមគ្គីភាពនេះណាស់៕



ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...